យូដាស
យូដាស
ពាក្យជម្រាបសួរពីលោកយូដាស
១ខ្ញុំយូដាស ជាបាវបម្រើរបស់ព្រះយេស៊ូគ្រិស្ដ ហើយជាបងប្អូនរបស់លោកយ៉ាកុប ជូនចំពោះអស់អ្នកដែលព្រះអង្គបានត្រាស់ហៅ គឺអស់អ្នកដែលព្រះជាម្ចាស់ ដ៏ជាព្រះវរបិតាស្រឡាញ់ ហើយរក្សាទុកសម្រាប់ព្រះយេស៊ូគ្រិស្ដ ២សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីមេត្តាករុណា សេចក្តីសុខសាន្ត និងសេចក្ដីស្រឡាញ់កាន់តែច្រើនឡើងៗ។
គ្រោះថ្នាក់នៃសេចក្ដីបង្រៀនខុសឆ្គង
៣បងប្អូនជាទីស្រឡាញ់អើយ! នៅពេលខ្ញុំខ្នះខ្នែងយ៉ាងខ្លាំង ដើម្បីសរសេរមកឯអ្នករាល់គ្នា អំពីសេចក្ដីសង្គ្រោះដែលយើងបានទទួលរួមគ្នា នោះខ្ញុំយល់ឃើញថា ខ្ញុំត្រូវតែសរសេរដាស់តឿនអ្នករាល់គ្នាឲ្យខំតយុទ្ធដើម្បីជំនឿ ដែលបានប្រគល់មកពួកបរិសុទ្ធមួយដង ជាសម្រេច។ ៤ដ្បិតមានមនុស្សខ្លះបានជ្រៀតចូលមកដោយលួចលាក់ គឺជាពួកដែលត្រូវបានកត់ទុក តាំងពីដើមមកសម្រាប់ការជំនុំជម្រះនេះ ពួកគេជាមនុស្ស មិនគោរពកោតខ្លាចព្រះជាម្ចាស់ គេបានផ្លាស់ប្ដូរព្រះគុណរបស់ព្រះជាម្ចាស់នៃយើង ទៅជាការល្មោភកាម ហើយបដិសេធមិនព្រមទទួលស្គាល់ព្រះយេស៊ូគ្រិស្ដជាចៅហ្វាយ និងជាព្រះអម្ចាស់តែមួយគត់របស់យើងទេ។
៥អ្នករាល់គ្នាបានដឹងសេចក្ដីទាំងនេះរួចហើយ ប៉ុន្ដែខ្ញុំចង់រំឭកអ្នករាល់គ្នាថា ព្រះអម្ចាស់បានសង្គ្រោះប្រជាជនរបស់ព្រះអង្គឲ្យចេញផុតពីទឹកដីស្រុកអេស៊ីព្ទ ក្រោយមកទៀត ព្រះអង្គក៏បំផ្លាញពួកអ្នកដែលមិនជឿ ៦រីឯពួកទេវតាដែលមិនបានរក្សាឋានៈរបស់ខ្លួន ហើយបានបោះបង់ចោលលំនៅរបស់ខ្លួន នោះព្រះអង្គបានឃុំទុកក្នុងទីងងឹត ទាំងជាប់ចំណងអស់កល្បជានិច្ច ទុកសម្រាប់ជំនុំជម្រះនៅថ្ងៃដ៏អស្ចារ្យនោះ ៧ដូចជាក្រុងសូដុម ក្រុងកូម៉ូរ៉ា និងក្រុងផ្សេងទៀតដែលនៅជុំវិញនោះដែរ ដែលបានប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ ហើយដេញតាមចំណង់រួមភេទខុសធម្មតា ដូចជាពួកទេវតាទាំងនោះដែរ ពួកគេត្រលប់ជាគំរូអំពីការទទួលទណ្ឌកម្ម នៅក្នុងភ្លើងអស់កល្បជានិច្ច។
៨ទោះជាយ៉ាងណាក៏ដោយ មនុស្សទាំងនោះក៏ដូច្នោះដែរ ពួកគេរវើរវាយ ហើយធ្វើឲ្យរូបកាយ ទៅជាស្មោកគ្រោក ទាំងបដិសេធអំណាចគ្រប់គ្រង និងជេរប្រមាថដល់ពួកអ្នក ដែលប្រកបដោយសិរីរុងរឿងផង។ ៩រីឯមហាទេវតាមីកែល ពេលគាត់ជជែកដេញដោល និងឈ្លោះប្រកែកជាមួយអារក្សសាតាំង អំពីសពរបស់លោកម៉ូសេ នោះគាត់មិនហ៊ានចោទប្រកាន់វាដោយពាក្យប្រមាថឡើយ គឺគាត់បាននិយាយថា៖ «សូមឲ្យព្រះអម្ចាស់បន្ទោសឯងចុះ»។ ១០រីឯអ្នកទាំងនោះវិញ ពួកគេប្រមាថអ្វីៗ ដែលខ្លួនមិនស្គាល់ ហើយអ្វីៗដែលពួកគេស្គាល់តាមធម្មតាដូចសត្វតិរិច្ឆាន ពួកគេនឹងវិនាស ដោយសារសេចក្ដីទាំងនោះវិញ។ ១១វេទនាដល់អ្នកទាំងនោះហើយពីព្រោះពួកគេបានទៅតាមផ្លូវរបស់កាអ៊ីន និងបានស្ទុះចូល ទៅក្នុងសេចក្ដីវង្វេងរបស់បាឡាម ដើម្បីបានកម្រៃ ហើយបានវិនាសនៅក្នុងការបះបោររបស់កូរេ។
១២មនុស្សទាំងនោះជាស្នាមប្រឡាក់នៅក្នុងពិធីបរិភោគអាហាររួមគ្នា ដោយក្តីស្រឡាញ់របស់អ្នករាល់គ្នា ពួកគេបរិភោគជាមួយអ្នករាល់គ្នា ដោយឥតភ័យខ្លាចឡើយ ពួកគេចិញ្ចឹមតែខ្លួនឯងទេ ពួកគេជាពពកគ្មានទឹក ដែលត្រូវខ្យល់បក់ផាត់ទៅមក ជាដើមឈើនៅរដូវត្រជាក់ដែលគ្មានផ្លែ ងាប់ពីរដង ហើយត្រូវរម្លើងឫស ១៣ពួកគេជារលកសមុទ្រដ៏កំណាច ដែលបែកពពុះចេញជាសេចក្ដីអាម៉ាស់របស់ខ្លួនឯង ជាផ្កាយវង្វេងទិស ដែលមានសេចក្ដីងងឹតសូន្យសុងអស់កល្បជានិច្ច បានបម្រុងទុកសម្រាប់ពួកគេ។
១៤លោកហេណុកដែលជាតំណទីប្រាំពីរបន្ទាប់ពីលោកអ័ដាម គាត់បានថ្លែងទុកអំពីមនុស្សទាំងនោះថា មើល៍ ព្រះអម្ចាស់បានយាងមក ជាមួយពួកបរិសុទ្ធរបស់ព្រះអង្គជាច្រើនអនេក ១៥ដើម្បីជំនុំជម្រះមនុស្សទាំងអស់ ហើយបង្ហាញពួកគេគ្រប់គ្នាឲ្យដឹងកំហុស អំពីការប្រព្រឹត្តិទាំងឡាយរបស់ពួកគេដោយមិនគោរពកោតខ្លាចព្រះជាម្ចាស់ដែលពួកគេបានប្រព្រឹត្ត និងអំពីពាក្យសំដីអសុរោះទាំងឡាយ ដែលមនុស្សបាបមិនគោរពកោតខ្លាចព្រះជាម្ចាស់បាននិយាយទាស់នឹងព្រះអង្គ។ ១៦មនុស្សទាំងនោះជាពួករអ៊ូរទាំ ហើយត្អូញត្អែរ ពួកគេរស់នៅតាមសេចក្ដីប៉ងប្រាថ្នារបស់ខ្លួន ហើយមាត់របស់ពួកគេ និយាយពាក្យអួតអាង ពួកគេតែងតែបញ្ចើចបញ្ចើមនុស្ស ដើម្បីផលប្រយោជន៍។
ការរក្សាភាពស្មោះត្រង់
១៧បងប្អូនជាទីស្រឡាញ់អើយ! ចូរនឹកចាំពីពាក្យ ដែលពួកសាវករបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់នៃយើងបានប្រាប់ជាមុនរួចហើយ។ ១៨ពួកគាត់បានប្រាប់អ្នករាល់គ្នាថា នៅគ្រាចុងក្រោយបំផុតនឹងមានមនុស្សចំអក ពួកគេរស់នៅតាមសេចក្ដីប៉ងប្រាថ្នារបស់ខ្លួនដែលមិនគោរពកោតខ្លាចព្រះជាម្ចាស់។ ១៩អ្នកទាំងនេះ ជាអ្នកធ្វើឲ្យមានការបែកបាក់ ជាមនុស្សខាងសាច់ឈាម ហើយគ្មានព្រះវិញ្ញាណទេ។
២០រីឯអ្នករាល់គ្នាវិញ បងប្អូនជាទីស្រឡាញ់អើយ! ចូរស្អាងខ្លួនឡើងនៅក្នុងជំនឿដ៏បរិសុទ្ធបំផុតរបស់អ្នករាល់គ្នា ទាំងអធិស្ឋានក្នុងព្រះវិញ្ញាណបរិសុទ្ធចុះ ២១ចូររក្សាខ្លួនក្នុងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ចុះ ទាំងទន្ទឹងរង់ចាំសេចក្ដីមេត្តាករុណារបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើង សម្រាប់ជីវិតអស់កល្បជានិច្ច។
២២ចូរមេត្តាដល់អ្នកខ្លះដែលសង្ស័យ ២៣ហើយជួយសង្គ្រោះអ្នកដទៃ ដោយឆក់យកពួកគេចេញពីភ្លើងផង។ ចូរមេត្តាដល់អ្នកខ្លះទៀត ទាំងភ័យខ្លាច ព្រមទាំងស្អប់ខ្ពើម សូម្បីតែអាវដែលស្មោកគ្រោក ដោយសាររូបកាយរបស់គេ។
សេចក្ដីអធិស្ឋាន និងការសរសើរ
២៤សូមឲ្យព្រះអង្គដែលអាចរក្សាអ្នករាល់គ្នាមិនឲ្យជំពប់ដួល និងបានដាក់អ្នករាល់គ្នា ឲ្យនៅពីមុខសិរីរុងរឿងរបស់ព្រះអង្គដោយឥតបន្ទោសបាន និងដោយមានអំណរ ២៥គឺជាព្រះជាម្ចាស់តែមួយ ដែលជាព្រះអង្គសង្គ្រោះរបស់យើង តាមរយៈព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើង បានប្រកបដោយសិរីរុងរឿង ភាពឧត្តុង្គឧត្ដម ព្រះចេស្ដា និងសិទ្ធិអំណាច តាំងពីមុនអស់កល្បជានិច្ច ទាំងនៅពេលឥឡូវនេះ ដរាបអស់កល្បជានិច្ច។ អាម៉ែន៕