KCB - យ៉ូហាន ៨


យ៉ូហាន ៨

ស្ដ្រីផិតក្បត់ដែលគេចាប់បាន

រីឯ​​ព្រះ​យេស៊ូ ក៏​យាងទៅ​ភ្នំ​ដើម​អូលីវ​ លុះ​ព្រលឹម​ឡើង ព្រះអង្គ​យាង​ចូល​​​ក្នុង​ព្រះ​​វិហារ​ម្តង​ទៀត ហើយ​បណ្តា​ជន​ទាំង​​អស់​​ក៏មកឯព្រះ​អង្គ ដូច្នេះព្រះអង្គ​ក៏​អង្គុយ​ចុះ ហើយ​បង្រៀន​​​ពួកគេ។​ ពេលនោះ ពួក​គ្រូ​វិន័យ​ និង​ពួក​អ្នកខាងគណៈផារិស៊ី នាំ​ស្រ្តី​ម្នាក់​ដែល​​គេ​​ទាន់​​កំពុង​​ផិត​ក្បត់​​មក ពេល​ឲ្យ​នាង​ឈរ​នៅ​​កណ្តាល​ជំនុំ​ហើយ​ ក៏​ទូល​ទៅ​ព្រះអង្គ​ថា​៖ «លោក​គ្រូ ពួកគេ​ចាប់​បាន​ស្រ្តី​ម្នាក់​នេះ នៅ​ពេល​​នាង​កំពុង​ផិតក្បត់​ ហើយ​ ​លោក​ម៉ូសេ​​បាន​បង្គាប់​យើង​នៅក្នុង​គម្ពីរ​​​វិន័យ ឲ្យគប់​ស្ត្រី​បែបនេះ​នឹង​ដុំថ្ម​ ដូច្នេះ តើ​លោក​ថា​យ៉ាងដូចម្ដេច​ដែរ​?»​ ពួក​គេ​និយាយ​ដូច្នេះ​ ដោយ​ល្បងល​ព្រះអង្គ ដើម្បី​ឲ្យបាន​រឿង​ចោទប្រកាន់​ព្រះអង្គ ប៉ុន្ដែ ព្រះ​យេស៊ូ​បាន​អោន​សរសេរ​នៅលើ​ដី​ ដោយ​ម្រាម​ដៃ​ នៅពេល​ពួកគេ​ចេះតែ​ទទូចសួរ​ព្រះអង្គ​ នោះ​ព្រះអង្គ​ក៏​ងើបឡើង ​មាន​បន្ទូល​ទៅ​ពួកគេ​ថា​៖ «នៅក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ណា​គ្មាន​បាប​សោះ ចូរ​ឲ្យអ្នកនោះ​គប់​នាង​នឹង​ដុំថ្ម​មុន​គេ​ចុះ​!»​ បន្ទាប់មក ព្រះអង្គ​ក៏​អោន​សរសេរ​ នៅ​លើ​​ដី​ម្តង​ទៀត។​ ពេល​ពួកគេឮដូច្នេះ ក៏ថយ​ចេញ​​ម្នាក់​ម្តង​ៗ ចាប់​ពី​មនុស្ស​ចាស់​ជាង​គេ​រហូត​​​នៅសល់​តែ​ព្រះយេស៊ូ និង​ស្ត្រី​ម្នាក់​នោះ។​ ១០ព្រះ​​យេស៊ូក៏​ងើបឡើង ហើយ​មានបន្ទូល​ទៅ​នាង​ថា​៖ «នាង​​អើយ! តើ​ពួកគេ​នៅ‍ឯណា​? តើ​គ្មាន​អ្នកណា​ដាក់ទោស​អ្នក​ទេ​ឬ​?» ១១នាង​ទូល​​​​​ថា​៖ «គ្មាន​ទេលោក​ម្ចាស់​!» ព្រះ​យេស៊ូ​ក៏​មានបន្ទូល​ទៅ​នាង​ថា​៖ «ខ្ញុំ​ក៏​មិន​ដាក់ទោស​អ្នក​ដែរ ចូរទៅចុះ ប៉ុន្ដែ​ចាប់ពី​ពេលនេះ​តទៅ ចូរ​កុំ​ប្រព្រឹត្ដ​​បាប​ទៀត»។]

ព្រះយេស៊ូជា​ពន្លឺ​នៃ​លោកិយ​

១២ព្រះ​យេស៊ូ​មានបន្ទូល​ទៅ​បណ្ដាជន​ជា​ថ្មី​ទៀតថា៖ «ខ្ញុំជាពន្លឺនៃលោកិយ អ្នក​ណា​មក​តាម​ខ្ញុំ អ្នកនោះ​មិន​ដើរ​ក្នុង​សេចក្ដី​ងងឹត​ឡើយ គឺ​មាន​ពន្លឺ​នៃ​ជីវិត​វិញ»​។​ ១៣ពួក​អ្នកខាង​គណៈ​ផារិស៊ី​ ទូល​ទៅ​ព្រះអង្គថា​៖ «អ្នកកំពុង​ធ្វើ​ បន្ទាល់​​អំពី​ខ្លួនឯង​ហើយ សេចក្ដី​បន្ទាល់​របស់​អ្នក​មិន​ពិត​ទេ»។​ ១៤ព្រះ​យេស៊ូ​មានបន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា​៖ «ទោះបី​ខ្ញុំ​កំពុង​ធ្វើបន្ទាល់​អំពី​ខ្លួន​ខ្ញុំ​​ក៏​ដោយ ក៏​សេចក្ដី​បន្ទាល់​របស់​ខ្ញុំ​ជា​ការពិត ព្រោះ​​ខ្ញុំ​ដឹង​ថា ខ្ញុំ​មក​ពី​ណា ហើយ​ទៅ​ណា​ផង ប៉ុន្ដែ​អ្នករាល់គ្នា​វិញ មិន​ដឹង​ថាខ្ញុំ​មក​ពី​ណា ឬ​ទៅ​ណា​ទេ​ ១៥អ្នករាល់គ្នា​វិនិច្ឆ័យ​តាម​បែប​​សាច់ឈាម ឯ​ខ្ញុំ​មិន​វិនិច្ឆ័យ​អ្នកណា​ម្នាក់​ឡើយ​ ១៦ផ្ទុយ​ទៅវិញ ទោះបី​ខ្ញុំ​វិនិច្ឆ័យ​ក៏ដោយ ក៏​ការ​វិនិច្ឆ័យ​របស់​ខ្ញុំ​ពិត​ដែរ ព្រោះ​ខ្ញុំ​មិន​បាន​នៅ​តែ​ម្នាក់ឯង​ទេ គឺ​មាន​ខ្ញុំ និង​ព្រះ​វរបិតា​ដែល​បាន​ចាត់​​ខ្ញុំ​ឲ្យ​មក។​ ១៧សូម្បីតែ​នៅក្នុងគម្ពីរ​វិន័យ​របស់​អ្នករាល់គ្នា​ ក៏​មាន​សេចក្ដី​ចែងទុក​មក​ដែរ​ថា សេចក្ដី​បន្ទាល់​របស់​មនុស្ស​ពីរ​នាក់គឺ​ជា​សេចក្ដី​​​ពិត​ ១៨ដូច្នេះ​ខ្ញុំ​ជា​អ្នក​ធ្វើបន្ទាល់​អំពី​ខ្លួនខ្ញុំ រីឯ​ព្រះវរបិតា​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យមកក៏​ធ្វើបន្ទាល់​អំពី​ខ្ញុំ​ដែរ»​។​ ១៩ពួកគេ​ក៏​ទូល​សួរ​ព្រះអង្គ​ថា​៖ «តើ​ព្រះ​វរបិតា​របស់​អ្នក ​នៅ​ឯណា​?» ព្រះ​យេស៊ូ​ឆ្លើយថា​៖ «អ្នករាល់គ្នា​មិន​ស្គាល់​ខ្ញុំ​ទេ ហើយ​ក៏មិន​ស្គាល់​ព្រះ​វរបិតា​របស់​ខ្ញុំ​ដែរ បើ​អ្នករាល់គ្នា​ស្គាល់​ខ្ញុំ នោះ​អ្នករាល់គ្នា ​ក៏​បាន​ស្គាល់​ព្រះ​វរបិតា​របស់​ខ្ញុំ​ដែរ»។​ ២០ព្រះ​យេស៊ូ​​​មានបន្ទូល​ពាក្យ​ទាំង​នេះ នៅ​ពេល​កំពុង​បង្រៀន​​នៅក្បែរ​ហិប​តង្វាយ​នៅ​ក្នុង​ព្រះ​វិហារ ប៉ុន្ដែ​គ្មាន​អ្នក​ណា​ម្នាក់​ចាប់​ព្រះអង្គ​ទេ ព្រោះ​មិន​ទាន់​ដល់​ពេល​វេលា​របស់​ព្រះអង្គ​នៅឡើយ។

ព្រះយេស៊ូប្រាប់​ពីការ​ចាកចេញ​របស់​ ព្រះអង្គ

២១ព្រះអង្គ​​មាន​បន្ទូល​​ទៅ​​ពួកគេ​​ម្តង​​ទៀត​​ថា​​៖​ «ខ្ញុំ​ត្រូវ​ចាក​ចេញទៅ ​ហើយ អ្នករាល់គ្នា​នឹង​តាម​រក​ខ្ញុំ ប៉ុន្ដែ​អ្នករាល់គ្នា​នឹង​ស្លាប់នៅ​​ក្នុង​បាប​របស់​ខ្លួន។ កន្លែង​ដែល​ខ្ញុំ​ទៅ អ្នករាល់គ្នា​មិន​អាច​ទៅ​បាន​ទេ»​។​ ២២ដូច្នេះពួក​ជនជាតិ​យូដា​ក៏​និយាយ​គ្នា​ថា​៖ «តើ​គាត់​នឹង​សម្លាប់ខ្លួន​ឬ​ បាន​ជា​គាត់​និយាយ​ដូច្នេះ​ថា កន្លែង​ដែល​ខ្ញុំ​ទៅ អ្នក​រាល់​គ្នា​មិន​អាច​ទៅ​បាន​ទេ?» ២៣ព្រះអង្គ​មាន​បន្ទូល​​ទៅ​ពួកគេ​ថា​៖ «អ្នករាល់គ្នា​មក​ពី​ស្ថាន​ក្រោម​ ឯ​ខ្ញុំ​វិញ ខ្ញុំ​មក​ពី​ស្ថាន​លើ អ្នក​រាល់​គ្នា​កើត​ពី​លោកិយ​នេះ ឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​កើត​ពី​លោកិយ​នេះ​ទេ២៤ដូច្នេះហើយខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នករាល់គ្នា​នឹង​ស្លាប់​ក្នុង​បាប​របស់​ខ្លួន ព្រោះ​​បើ​អ្នករាល់គ្នា​មិន​ជឿ​ថា ខ្ញុំ​ជា​ព្រះ ​អ្នករាល់គ្នា​នឹង​ស្លាប់​ក្នុង​បាប​របស់​ខ្លួន»។​​ ២៥ពួកគេ​ក៏​ទូល​សួរ​ព្រះអង្គ​ថា​៖ «តើ​អ្នក​ជា​នរណា​?» ព្រះ​យេស៊ូ​មានបន្ទូល​ទៅ​ពួកគេ​ថា​៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​តាំងពី​ដំបូង​ហើយ​ថា ​ខ្ញុំ​ជា​នរណា២៦ខ្ញុំ​មាន​​សេចក្ដី​ជាច្រើន​ត្រូវនិយាយ ហើយ​ត្រូវ​ដាក់​ទោស​​អ្នករាល់គ្នា ប៉ុន្ដែព្រះជាម្ចាស់​ដែល​បាន​ចាត់​​ខ្ញុំ​ឲ្យ​មក ព្រះអង្គ​ពិតត្រង់ ហើយ​ខ្ញុំ​ប្រាប់​មនុស្ស​លោកអំពីសេចក្ដី ដែល​ខ្ញុំបាន​ឮ​ពី​ព្រះអង្គ»។ ​​២៧ពួកគេ​មិន​យល់​ថា ព្រះអង្គ​កំពុង​មាន​បន្ទូល​​ប្រាប់​ពួកគេ​អំពី​ព្រះវរបិតា​ទេ‍។ ២៨ដូច្នេះព្រះ​យេស៊ូ​មានបន្ទូល​ទៅ​ពួកគេ​ថា​៖ «ពេល​អ្នក​រាល់​គ្នា​លើក​កូន​មនុស្ស​ឡើង នោះ​ទើប​អ្នក​រាល់គ្នា​ដឹង​ថា​ ជា​ខ្ញុំ​នេះ​ហើយ ខ្ញុំ​មិន​ធ្វើ​អ្វី​ដោយ​ខ្លួន​ខ្ញុំ​ទេ គឺ​ខ្ញុំ​និយាយសេចក្ដី​ទាំងនេះ ​តាមតែ​ព្រះ​វរ​បិតា​បាន​បង្រៀន​ខ្ញុំ​។​ ២៩ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក ព្រះអង្គ​គង់​ជាមួយ​ខ្ញុំ ព្រះអង្គ​មិនទុក​ឲ្យខ្ញុំ​នៅម្នាក់ឯង​ឡើយ ដ្បិត​ខ្ញុំ​តែង​ធ្វើ​អ្វីដែល​​​​សព្វ​ព្រះឫទ័យ​ព្រះអង្គ»​

អ្នកដែល​ជា​សិស្ស​របស់ព្រះយេស៊ូ

៣០ពេល​ព្រះអង្គ​កំពុង​មានបន្ទូល​អំពី​សេចក្ដី​ទាំងនេះ មនុស្ស​ជាច្រើន​បាន​ជឿ​លើ​ព្រះអង្គ។​ ៣១ដូច្នេះ ព្រះ​យេស៊ូ​ក៏​មានបន្ទូល​ទៅ​ពួក​ជនជាតិ​យូដា​ ដែល​ជឿលើ​​ព្រះអង្គ​ថា​៖ «បើ​អ្នក​រាល់​គ្នា​នៅ​ជាប់​​ក្នុង​ពាក្យ​របស់​ខ្ញុំ នោះ​អ្នករាល់គ្នា​ជា​សិស្ស​របស់​ខ្ញុំ​ពិត​ប្រាកដ​ ៣២ពេលនោះ អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្ដី​ពិត ហើយ​សេចក្ដី​ពិត​នឹង​ដោះ​អ្នក​រាល់គ្នា​ ឲ្យមាន​សេរីភាព»។​​ ៣៣ពួក​​គេ​ទូល​​ឆ្លើយ​ទៅ​ព្រះអង្គ​ថា​៖ «យើង​ជា​កូនចៅ​របស់លោក​​អ័ប្រាហាំ ហើយ​យើង​មិន​ដែល​​ធ្វើជា​បាវ​បម្រើ​របស់​អ្នកណា​ទេ ម្តេចក៏​អ្នក​និយាយ​ថា អ្នក​រាល់គ្នា​នឹង​មាន​សេរីភាព​ដូច្នេះ​?»​ ៣៤ព្រះ​យេស៊ូ​ឆ្លើយ​ទៅ​ពួកគេ​ថា​៖ «ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ជា​ពិត​ប្រាកដ​ថា អ្នក​ណា​ដែល​ប្រព្រឹត្តបាប អ្នក​នោះ​​ជា​បាវបម្រើ​របស់​បាប៣៥ហើយ​បាវ​បម្រើ​​មិន​នៅ​ក្នុង​ផ្ទះ​ជាប់​ជានិច្ច​ទេ ឯ​កូន​ប្រុស​នឹង​​​នៅ​ជាប់​អស់កល្ប​ជានិច្ច។​ ៣៦ដូច្នេះបើ​ព្រះ​រាជ​បុត្រា​ដោះ​អ្នករាល់គ្នា​ ឲ្យមាន​សេរីភាព អ្នករាល់គ្នា​មុខជា​មាន​សេរីភាព​ពិត​ប្រាកដ​​ ៣៧ខ្ញុំ​​ដឹង​ហើយ​ថា អ្នករាល់គ្នា​ជា​កូនចៅ​របស់​លោក​អ័ប្រាហាំ ប៉ុន្ដែ​អ្នករាល់គ្នារកសម្លាប់​ខ្ញុំ ព្រោះ​ពាក្យ​សំដី​របស់​ខ្ញុំ​ មិន​នៅ​ក្នុង​ចិត្ត​របស់​អ្នករាល់គ្នា​ទេ។ ៣៨ខ្ញុំ​និយាយ​សេចក្ដីណា​ ដែល​ខ្ញុំ​បាន​ឃើញ​នៅក្នុង​ព្រះ​វត្ដមាន​ព្រះ​វរបិតា ដូច្នេះហើយអ្នក​រាល់គ្នា​ក៏​ធ្វើ​តាម​សេចក្ដី​ ណា​ ដែល​អ្នករាល់គ្នា​បាន​​ឮ​ពី​ឪពុក​អ្នករាល់គ្នា​ដែរ»។​ ៣៩ពួកគេ​ទូល​ឆ្លើយ​ទៅ​ព្រះអង្គ​ថា​៖ «លោក​អ័ប្រាហាំ​ជា​ឪពុក​របស់​យើង» ​ព្រះយេស៊ូ​មានបន្ទូល​ទៅ​ពួកគេ​ថា​៖ «បើ​អ្នករាល់​គ្នា​ជា​កូនចៅ​របស់​លោកអ័ប្រា​ហាំ​មែន អ្នករាល់គ្នា​មុខជា ​ធ្វើ​កិច្ចការ​របស់​លោក​អ័ប្រាហាំ​​ ៤០ប៉ុន្ដែឥឡូវនេះ​ អ្នករាល់គ្នា​រក​សម្លាប់​​ខ្ញុំ ជាអ្នកបាន​ប្រាប់​​អ្នករាល់គ្នា​ អំពី​សេចក្ដី​ពិត​ដែល​បាន​ឮ​ពីព្រះជាម្ចាស់មក លោក​អ័ប្រាហាំ​មិន​បាន​ធ្វើ​ដូច្នេះ​​ទេ​ ៤១ដូច្នេះ​អ្នក​រាល់​គ្នា​កំពុងធ្វើ​អ្វី ដែល​ឪពុករបស់​អ្នករាល់គ្នា​បាន​ធ្វើ» ពួកគេ​ក៏​ទូលទៅ​​ព្រះអង្គ​ថា​៖ «យើង​មិន​បាន​កើតមក​ពី​ការ​សហាយ​ស្មន់​ទេ យើង​មាន​ឪពុក​តែ​មួយ គឺ​ព្រះជាម្ចាស់»៤២ព្រះ​យេស៊ូ​មានបន្ទូល​ទៅ​ពួកគេ​ថា​៖ «បើ​ព្រះជាម្ចាស់​ជា​ឪពុក​របស់​អ្នក​រាល់គ្នា​មែន អ្នករាល់គ្នា​មុខជា​ស្រឡាញ់​ខ្ញុំ​មិន​ខាន ដ្បិត​ខ្ញុំ​នៅទីនោះ ខ្ញុំ​ចេញ​ពី​ព្រះជា​ម្ចាស់​មក ខ្ញុំ​មិន​បាន​មក​ដោយ​ខ្លួនខ្ញុំ​ទេ គឺ​ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។​ ៤៣ហេតុអ្វី​បានជា​អ្នករាល់គ្នា​មិន​យល់​ពាក្យ​សំដី​របស់​ខ្ញុំ​? នេះ​មកពី​អ្នក​រាល់​គ្នា​ មិន​អាច​ស្តាប់​ពាក្យ​របស់​ខ្ញុំ​បាន​ ៤៤ហើយ​អ្នក​រាល់​គ្នា​មាន​ឪពុក​ជាអារក្ស​សាតាំង​ អ្នករាល់គ្នា​ចូលចិត្ត​ធ្វើ​តាម​បំណង​ឪពុក​របស់​ខ្លួន ដ្បិត​វា​ជា​អ្នក​សម្លាប់​មនុស្ស​តាំងពី​ដើម​មក ហើយ​មិន​ឈរ​​នៅ​ក្នុង​សេចក្ដី​ពិត​ទេ ព្រោះ​វា​គ្មាន​សេចក្ដី​ពិត​ក្នុង​ខ្លួន​ឡើយ‍។ ពេលវា​និយាយ​កុហក វា​និយាយ​ចេញពី​ចិត្ដ​របស់​វា ដ្បិតវា​ជាមេ​កុហក ហើយ​ជា​ឪពុក​នៃ​សេចក្ដី​កុហក​ ៤៥ដូច្នេះ​ ដោយ​សារ​តែ​ខ្ញុំ​និយាយ​សេចក្ដី​ពិត អ្នករាល់គ្នា​មិន​ជឿ​ខ្ញុំ​ ៤៦តើ​ក្នុង​ចំណោម​អ្នករាល់គ្នា នរណា​អាច​បង្ហាញ​បាន​ដែរឬ​ទេ​ថា ខ្ញុំ​នេះ​មាន​បាប​? បើ​ខ្ញុំ​និយាយ​សេចក្ដី​ពិត តើហេតុអ្វី​បានជា​អ្នករាល់គ្នា​មិន​ជឿខ្ញុំ​?​ ៤៧អ្នក​ណា​ដែល​កើត​មក​ពី​ព្រះ​ជា​ម្ចាស់ អ្នកនោះ​ស្តាប់​ព្រះ​បន្ទូល​របស់​ព្រះ​ជា​ម្ចាស់ រីឯ​អ្នករាល់គ្នា​មិន​បាន​កើត​មក​ពី​ព្រះ​ជា​ម្ចាស់​​ទេ បានជា​អ្នករាល់​គ្នា​មិន​ស្ដាប់​​ដូច្នេះ»

ព្រះយេស៊ូ និងលោកអ័ប្រាហាំ​

៤៨​​​ពួក​ជនជាតិ​យូដា​ ទូល​ឆ្លើយ​ទៅ​ព្រះអង្គ​ថា៖ «តើ​យើង​និយាយ​មិន​ត្រូវ​ទេ​ឬអី​ថា អ្នក​ជា​ជនជាតិ​សាម៉ារី ហើយ​មាន​អារក្ស​ចូល?»​ ៤៩ព្រះ​​យេស៊ូ​មាន​បន្ទូល​តប​ថា៖ «ខ្ញុំ​គ្មានអារក្ស​​ចូល​​ទេ ផ្ទុយទៅវិញ ខ្ញុំ​គោរព​ព្រះ​វរបិតា​របស់​ខ្ញុំ ប៉ុន្ដែ​អ្នករាល់គ្នា​បែរជា​ប្រមាថ​ខ្ញុំ​ទៅវិញ។​ ៥០ខ្ញុំ​មិន​​ស្វែងរក​សិរី​រុងរឿង​ សម្រាប់​ខ្លួនខ្ញុំ​ទេ មាន​ព្រះ​មួយ​អង្គ​កំពុង​ស្វែងរក​ ហើយ​កំពុង​ជំនុំជម្រះ​ ៥១ដូច្នេះខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ជា​ពិត​ប្រាកដ​ថា បើ​អ្នក​ណា​កាន់​តាម​ពាក្យ​របស់​ខ្ញុំ អ្នកនោះ​នឹង​មិន​ជួប​សេចក្ដី​ស្លាប់​ឡើយ»។​ ៥២ពួក​ជនជាតិ​យូដា​ក៏​ទូល​ទៅ​ព្រះអង្គ​ថា៖ «ឥឡូវនេះ យើង​ដឹង​ថា អ្នក​មាន​អារក្ស ​​ចូល​មែន​ហើយ។ លោក​​អ័ប្រាហាំ និង​ពួក​អ្នកនាំ​ព្រះបន្ទូល បាន​ស្លាប់​ទៅហើយ ប៉ុន្ដែ​​អ្នក​បែរជា​និយាយ​ថា បើអ្នក​ណា​កាន់​តាម​ពាក្យ​​សំដី​របស់​អ្នក អ្នកនោះ​នឹង​មិន​ស្គាល់​សេចក្ដីស្លាប់​ទៀត​ឡើយ។​ ៥៣តើ​អ្នក​ធំ​ជាងលោក​​អ័ប្រាហាំជា​ដូនតា​របស់​យើង និង​ពួក​អ្នក​នាំ​​​ព្រះបន្ទូល ដែល​បាន​ស្លាប់​ទៅហើយ​នោះ​ឬ​? តើ​អ្នក​តាំង​ខ្លួន​ជា​នរណា​?» ៥៤ព្រះ​យេស៊ូ​ឆ្លើយ​ថា៖ «បើ​ខ្ញុំ​តម្កើង​ខ្លួនខ្ញុំ សិរីរុងរឿង​របស់​ខ្ញុំ​ឥត​ប្រយោជន៍​ទេ គឺ​ព្រះវរបិតា​របស់​ខ្ញុំ​ទេដែល​លើក​​តម្កើង​​ខ្ញុំ ព្រះអង្គ​នោះ​ហើយ ​ដែល​អ្នក​រាល់​គ្នា​និយាយ​ថា ជា​ព្រះ​របស់​យើង​ ៥៥ប៉ុន្ដែ​អ្នក​រាល់​គ្នា​​មិន​ស្គាល់​ព្រះអង្គ​ទេ រីឯ​​ខ្ញុំ ខ្ញុំ​ស្គាល់​ព្រះអង្គ បើ​ខ្ញុំ​និយាយ​ថា ខ្ញុំមិនស្គាល់​ព្រះអង្គនោះ​​​ខ្ញុំ​នឹង​ត្រលប់ជា​អ្នក​កុហក​ ដូច​អ្នករាល់គ្នា​ដែរ ប៉ុន្ដែ​ខ្ញុំ​ស្គាល់​ព្រះអង្គ​ពិតមែន ហើយ​កាន់​តាម​ព្រះបន្ទូល ​របស់​ព្រះអង្គ​ទៀត។​​ ៥៦រីឯ​​លោក​អ័ប្រាហាំ​ដែល​ជាដូនតា​របស់​អ្នករាល់គ្នា​ បាន​ត្រេកអរ​ដោយ​ឃើញ​គ្រា​របស់​ខ្ញុំ ឥឡូវនេះគាត់​បាន​ឃើញ​មែន ហើយ​មាន​ចិត្ដរីករាយ​ណាស់»​ ៥៧ពេលនោះ ពួក​ជនជាតិ​យូដា​ទូលទៅ​​ព្រះអង្គ​ថា៖ «អ្នក​មាន​អាយុ​មិន​ដល់​ហាសិប​ឆ្នាំ​ផង តើអ្នកបានឃើញ​លោក​អ័ប្រាហាំ​ហើយ​ឬ?» ៥៨ព្រះ​យេស៊ូ​មានបន្ទូល​ទៅ​ពួកគេ​ថា​៖ «ខ្ញុំ​ប្រាប់​​អ្នករាល់គ្នា​ជា​ពិត​ប្រាកដថា មុនលោក​អ័ប្រាហាំ​កើត​មក នោះ​មាន​ខ្ញុំ​រួចទៅហើយ»​។​ ៥៩ដូច្នេះពួកគេ​ក៏​រើស​ដុំ​ថ្ម​ ដើម្បី​គប់​ព្រះ​យេស៊ូ ប៉ុន្ដែ​ព្រះអង្គ​បាន​បំបាំង​កាយយាង​ចេញ​ពី​ព្រះ​វិហារ។

យ៉ូហាន ៨