KCB - យ៉ូហាន ២១


យ៉ូហាន ២១

ព្រះយេស៊ូបង្ហាញ​ខ្លួន​ដល់​សិស្ស​ប្រាំ​ពីរ​នាក់​

២១ក្រោយពីហេតុការណ៍​ ទាំងនេះ ព្រះ​​យេស៊ូ​បាន​បង្ហាញ​ខ្លួន ​ឲ្យពួក​​សិស្សរបស់​ព្រះអង្គ​ ឃើញម្តង​ទៀតនៅ​បឹងទីបេរាស​ គឺ​ព្រះ​អង្គ​បាន​បង្ហាញ ឲ្យ​ឃើញ​បែប​យ៉ាងនេះ​ គឺ​ពេល​លោក​ស៊ីម៉ូន​ពេត្រុស លោក​ថូម៉ាស​ ដែល​ហៅ​ថា​ឌីឌីម លោក​ណា​ថា​ណែល​​ ដែល​​មកពី​ភូមិ​កាណាស្រុក​កាលីឡេ​ កូន​​ប្រុស​របស់លោកសេបេដេ​ និងពួក​សិស្ស​របស់ព្រះអង្គពីរ​នាក់​ទៀត​បាន​នៅ​ជាមួយគ្នា ហើយ​​​នៅពេលនោះ លោក​ស៊ីម៉ូនពេត្រុស​ក៏​ប្រាប់​ពួកគេ​ថា​៖ «ខ្ញុំ​ទៅ​នេសាទត្រី» ពួកគេ​ក៏​ឆ្លើយ​ថា​៖ «យើង​ទៅ​ជាមួយ​ដែរ» ពួកគេ​ក៏​ចុះ​ទូក​ទៅ ប៉ុន្ដែ​នៅ​យប់​នោះ ពួកគេ​ចាប់​មិន​បាន​អ្វី​សោះ។​ ពេល​ព្រឹក​ឡើង ព្រះ​យេស៊ូ​បាន​ឈរ​នៅ​មាត់បឹង ប៉ុន្ដែ​ពួក​សិស្ស​មិន​ស្គាល់​ថា នោះ​ជា​ព្រះយេស៊ូ​ទេ។​ ព្រះអង្គ​មានបន្ទូល​ទៅ​ពួកគេ​ថា​៖ «កូន​អើយ​​! តើ​មាន​បាន​ត្រី​ដែរ​ឬ​ទេ?» ពួកគេ​ទូលឆ្លើយ​ថា​៖ «គ្មាន​ទេ​!»​ ដូច្នេះព្រះអង្គ​ក៏​មានបន្ទូល​ទៅ​ពួកគេ​ថា​៖ «ចូរ​ទម្លាក់​អួន​ទៅ​ខាង​ស្តាំ​ទូក នោះ​ទើប​ចាប់​ត្រី​បាន​!» ដូច្នេះពួកគេ​ក៏​ធ្វើតាម ប៉ុន្ដែ​ទាញមកវិញ​មិន​រួច​ទេ ព្រោះ​ជាប់​ត្រី​ច្រើន​ពេក។​ ពេលនោះ​សិស្ស​ម្នាក់ ​ដែល​ព្រះ​យេស៊ូ​ស្រឡាញ់គាត់​ និយាយ​ទៅ​លោក​ពេត្រុស​ថា​៖ «នោះ​ជា​ព្រះអម្ចាស់​​ទេ​តើ!»​ ពេល​លោក​ស៊ីម៉ូនពេត្រុស​បាន​ឮ​ថាជា​ព្រះអ​ម្ចាស់ គាត់​ក៏​យក​អាវ​ក្រៅ​ដណ្ដប់​ខ្លួនលោត​ចុះ​ទៅ​ក្នុង​បឹង ព្រោះ​គាត់​នៅ​ខ្លួន​ទទេ​ រីឯ​ពួក​សិស្ស​ផ្សេង​ទៀត​បាន​អុំ​ទូក​អូស​អួន​ជាប់​ត្រី​នោះ​មកច្រាំង ដ្បិត​នៅ​មិន​ឆ្ងាយ​ទេ គឺ​ប្រហែល​មួយរយ​ម៉ែត្រ​ប៉ុណ្ណោះ។​ ពេល​ពួកគេ​បាន​ឡើង​​ដល់​ដីគោក ពួកគេ​ក៏​ឃើញ​នំបុ័ង ព្រមទាំង​រងើកភ្លើង​ដែល​មាន​ត្រី​អាំង​​លើ​នោះ។​ ១០ព្រះ​យេស៊ូ​មានបន្ទូល​ទៅ​ពួកគេ​ថា​៖ «ចូរ​យក​ត្រី​ខ្លះ​ដែល​ទើប​នឹង​ចាប់​បាន​នោះ​​មក​!»១១លោក​ស៊ីម៉ូន​ពេត្រុស​ក៏​ឡើង​មក​ ទាញ​អួន​ដែល​មាន​ ត្រី​ធំៗ​ពេញ​ដាក់​លើ​គោក គឺ​មាន​ត្រី​មួយរយ​ហាសិប​​បី​ក្បាល ហើយ​ទោះបី​ច្រើន​យ៉ាងនេះ​ក៏​ដោយ ក៏​អួន​មិន​ធ្លាយ​ដែរ។​ ១២ព្រះ​យេស៊ូ​ មាន​បន្ទូល​ទៅ​ពួកគេ​ថា​៖ «ចូរមក​បរិភោគ​ចុះ»​ ហើយ​គ្មាន​សិស្ស​ណា​ម្នាក់​ហ៊ាន​សួរ​ព្រះអង្គ​ថា​ ​តើ​លោក​ជា​អ្នក​ណា​ទេ​ ព្រោះ​ពួកគេ​ដឹង​ហើយ​ថានោះ​ជាព្រះអម្ចាស់។​ ១៣ព្រះ​យេស៊ូ​ក៏​យាង​ទៅ​​យក​នំប៉័ង និង​ត្រី​ប្រទាន​ឲ្យពួកគេ។​ ១៤នេះ​​ជា​លើក​ទីបី​ហើយដែល​ព្រះ​យេស៊ូ​បាន​បង្ហាញ​ខ្លួន​ឲ្យពួក​សិស្សឃើញ ក្រោយ​ពី​ព្រះអង្គ​រស់​ពីការ​សោយ​ទិវង្គត​ឡើងវិញ។

ព្រះយេស៊ូ​ជំរុញ​​លោកពេត្រុស​

១៥ពេលនោះ ក្រោយពេល​ពួកគេ​បរិភោគ​រួច ព្រះ​យេស៊ូ​មានបន្ទូល​ទៅ​លោក​ស៊ីម៉ូន​ពេត្រុស​ថា​៖ «ស៊ីម៉ូន កូន​លោក​យ៉ូហាន​អើយ​! តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ជាង​ពួកអ្នក​ទាំងនេះ​ដែរ​ឬ​ទេ​?»​ គាត់​​​​ទូល​ឆ្លើយ​ថា​៖ «បាទ ព្រះអម្ចាស់​! ព្រះអង្គ​បាន​ដឹង​ហើយ​ថា ខ្ញុំ​ស្រឡាញ់​ព្រះអង្គ»។​ ព្រះ​យេ​ស៊ូ​មានបន្ទូល​ទៅ​គាត់​វិញ​ថា​៖ «ចូរ​ឲ្យ​​​ចំណី​ដល់​កូន​ចៀម​របស់​ខ្ញុំ​ផង​!»​​ ១៦ព្រះអង្គ​មាន​​បន្ទូល​ទៅ​គាត់​​ជា​លើក​ទីពីរ​ទៀត​ថា​៖ «ស៊ីម៉ូន​​កូន​លោក​យ៉ូហាន​អើយ! តើ​​អ្នក​ស្រឡាញ់​ខ្ញុំ​ដែរ​ឬ​ទេ​?» គាត់​ទូល​ឆ្លើយ​ថា​៖ «បាទ ព្រះអម្ចាស់​! ព្រះអង្គ​បាន​ដឹង​ហើយ​​​​ថា ខ្ញុំ​ស្រឡាញ់​ព្រះអង្គ»។​ ព្រះអង្គ​មាន​បន្ទូល​ទៅ​គាត់​វិញ​ថា​៖ «ចូរ​ថែទាំ​ចៀម​របស់​ខ្ញុំ​ផង​!»​​ ១៧ព្រះ​អង្គ​មានបន្ទូល​ទៅ​គាត់ជា​លើក​ទីបី​ថា​៖ «ស៊ីម៉ូន កូន​លោក​យ៉ូហាន​អើយ! តើ​អ្នក​ស្រឡាញ់​​ខ្ញុំ​ដែរ​ឬ​ទេ​?»លោកពេត្រុស​បាន​ព្រួយ​​​ចិត្តព្រោះ​​ព្រះអង្គ​មាន​បន្ទូល​សួរ​គាត់​ដល់​ទៅ​បី​ដង​ថា តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ដែរ​ឬ​ទេ? ដូច្នេះគាត់​​ទូល​ឆ្លើយ​ទៅ​ព្រះអង្គ​ថា​៖ «ព្រះអម្ចាស់​អើយ! ព្រះអង្គ​ដឹង​គ្រប់ការ​ទាំងអស់ គឺ​ព្រះអង្គ​បាន​ដឹង​ហើយ​ថា ខ្ញុំ​ស្រឡាញ់​ព្រះអង្គ»។​ ​ព្រះ​យេស៊ូ​មានបន្ទូល​ទៅ​គាត់​ថា​៖ «ចូរ​ឲ្យចំណី​ដល់​ចៀម​របស់​ខ្ញុំ​ផង​!​ ១៨ខ្ញុំ​ប្រាប់​អ្នក​ជា​ពិត​ប្រាកដ​ថា ពេល​អ្នក​នៅ​ក្មេង អ្នក​ស្លៀកពាក់​ខ្លួន​ឯង ហើយ​ទៅ​ណា​តាម​ចិត្ត ប៉ុន្ដែ​ពេល​អ្នក​ចាស់ អ្នក​នឹង​សន្ធឹង​ដៃ​របស់​អ្នក ហើយ​ម្នាក់​ទៀត​នឹង​ស្លៀកពាក់​ឲ្យ​អ្នក រួច​នាំ​អ្នក​ទៅ​កន្លែង​ដែល​អ្នក​មិន​ចង់​ទៅ»។​ ១៩ព្រះអង្គ​មានបន្ទូល​ដូច្នេះ គឺ​បង្ហាញ​អំពី​របៀប​ ដែល​គាត់​នឹង​ត្រូវ​ស្លាប់​ ដើម្បី​​ថ្វាយ​សិរីរុងរឿង​ដល់​ព្រះជាម្ចាស់។ កាល​ព្រះ​អង្គ​​​មានបន្ទូល​ដូច្នោះ​ហើយ ព្រះអង្គ​ក៏​ប្រាប់​គាត់​ថា‍៖ «ចូរ​មក​តាម​ខ្ញុំ​ចុះ​!»

កំណែ​​ដំណឹង​មិន​ពិត​

២០ពេល​លោក​ពេត្រុស ​ងាក​ក្រោយក៏​ឃើញ​សិស្ស​ម្នាក់ ​ដែល​ព្រះ​យេស៊ូស្រឡាញ់​នោះ​កំពុង​ដើរតាម​ដែរ។ សិស្ស​នោះ​ហើយ​ ដែល​បាន​ផ្អែក​លើ​ព្រះ​ឱរា​​របស់​​ព្រះអង្គ ហើយ​បាន​ទូល​សួរ​ព្រះ​អង្គ​​នៅ​ក្នុង​ពេល​អាហារល្ងាច​ថា ព្រះអម្ចាស់​អើយ​! តើ​អ្នក​ក្បត់​ព្រះអង្គ​ជា​នរណា​?​ ២១ពេល​​​​លោក​ពេត្រុស​ឃើញ​អ្នក​នោះ ក៏​ទូល​សួរ​ព្រះ​យេស៊ូ​ថា​៖ «ព្រះអម្ចាស់​អើយ​! តើ​អ្នក​នោះ​យ៉ាង​ដូចម្តេច​ដែរ​?»​ ២២ព្រះ​យេស៊ូ​មានបន្ទូល​ទៅ​គាត់​​ថា​៖«បើ​​ខ្ញុំ​ចង់​ឲ្យអ្នកនោះ​នៅ​រស់ រហូត​ដល់​ខ្ញុំ​មក​វិញ តើ​ទាក់ទង​អ្វី​នឹង​អ្នក​? ចូរ​អ្នក​មក​តាម​​ខ្ញុំ​ចុះ​!»​​ ២៣ដូច្នេះ ពាក្យ​នោះ​ក៏​លេចឮ​ក្នុង​ចំណោម​ពួក​បងប្អូន​ថា សិស្ស​​នោះ​មិន​ស្លាប់​ទេ ប៉ុន្ដែ​ព្រះ​យេស៊ូ​មិន​បាន​មានបន្ទូល​ថា សិស្ស​នោះ​​មិន​ស្លាប់​ទេ គឺ​គ្រាន់តែ​មានបន្ទូលប៉ុណ្ណោះ​ថា៖ «បើ​ខ្ញុំ​ចង់​​ឲ្យអ្នកនោះ​នៅរស់​​ រហូត​ដល់​ខ្ញុំ​មក​វិញ តើ​ទាក់ទង​អ្វី​នឹង​​អ្នក»

សេចក្ដីបញ្ចប់​

២៤គឺ​សិស្ស​នោះ​ហើយ​ ដែល​បាន​ធ្វើ បន្ទាល់​ពី​សេចក្ដី​​ទាំងនេះ ហើយ​បាន​កត់ត្រា​រឿង​ទាំង​នេះ​ទុក រីឯ​​យើង​ក៏​ដឹង​ថា សេចក្ដី​បន្ទាល់​របស់​គាត់​​ជា​ការពិត‍។​ ២៥មាន​​ការ​ច្រើន​ទៀត ​ដែល​ព្រះ​យេស៊ូ​បាន​ធ្វើ ហើយ​បើ​កត់ត្រា​ឲ្យបាន​​ល្អិតល្អន់ នោះ​ខ្ញុំ​យល់​ឃើញ​ថា ពិភព​លោក​នេះ​គ្មាន​​កន្លែង​ល្មម​សម្រាប់​ទុក​សៀវភៅ​ទាំង​នោះ​​ទេ​៕

យ៉ូហាន ២១