KCB - យ៉ូហាន ២០


យ៉ូហាន ២០

ព្រះយេស៊ូរស់​ឡើង​វិញ​

២០នៅ​ព្រលឹម​ស្រាងៗ ក្នុង ថ្ងៃ​ទីមួយ​នៃ​​សប្តាហ៍ នោះ កាលងងឹត​នៅ​ឡើយ នាង​ម៉ារាអ្នក​ក្រុង​ម៉ាក់ដាឡាបាន​ទៅឯ​ផ្នូរ​ នាង​​ក៏​ឃើញ​ថ្ម​នៅ​មាត់​ផ្នូរ ត្រូវ​គេ​យកចេញ​ទៅ​ហើយ​ ពេលនោះ នាង​ក៏​រត់​ទៅ​ឯ​លោក​ស៊ីម៉ូនពេត្រុស និង​សិស្ស​ម្នាក់​ទៀត​ដែល​ព្រះ​យេស៊ូ​ស្រឡាញ់ ហើយ​ប្រាប់​ពួកគេ​ថា​៖ «មាន​គេ​យក​ព្រះ​អម្ចាស់​ ចេញពី​ផ្នូរ​ហើយ យើង​មិន​ដឹង​ថា គេ​ដាក់​ព្រះអង្គ​នៅ​កន្លែងណា​ទេ»។​​ ដូច្នេះ​លោក​​ពេត្រុស និង​សិស្ស​ម្នាក់​នោះក៏​បាន​ចេញ​ទៅ​ឯ​ផ្នូរ​ អ្នក​ទាំង​ពីរ​ក៏​រត់​ទៅ​ជា​មួយ​គ្នា ប៉ុន្ដែ​សិស្ស​ម្នាក់​ទៀត​នោះ បាន​រត់​លឿន​ជាង​លោក​ពេត្រុស ហើយ​បាន​ទៅ​ដល់​ផ្នូរ​មុន។​ ពេល​គាត់​ឱន​ចុះ នោះ​ក៏​ឃើញ​​មានតែ​ក្រណាត់​ទេសឯក​ប៉ុណ្ណោះ ប៉ុន្ដែ​គាត់​មិន​បាន​ចូល​ទៅ​ទេ។​ បន្ទាប់​មក លោក​ស៊ីម៉ូន​ពេត្រុស​ក៏​មក​ដល់​តាម​ក្រោយ​ដែរ គាត់​ចូល​ទៅ​ក្នុង​ផ្នូរ ហើយ​ឃើញ​ក្រណាត់​នៅ​ទីនោះ​ រីឯ​កន្សែង​ដែល​បាន​រុំ​ព្រះសិរ​​របស់​ព្រះអង្គ​ មិន​នៅ​ជាមួយ​ក្រណាត់​ទេសឯក​នោះ​ទេ គឺ​បាន​ឆ្មូល ​ទុក​នៅ​កន្លែង​មួយ​ដោយ​ឡែក។​ បន្ទាប់មក សិស្ស​ម្នាក់​ដែល​មក​ដល់​ផ្នូរ​មុន​បាន​ចូល​ទៅ​ដែរ រួច​គាត់​ក៏​ឃើញ ហើយ​ជឿ​ ប៉ុន្ដែ​ទោះជា​យ៉ាង​ណា​ក្ដី ពួកគេ​មិនទាន់​យល់​នៅឡើយ​ អំពី​បទគម្ពីរ​ដែល​ចែង​ថា ព្រះអង្គ​ត្រូវ​រស់​ពី​ការ​សោយ​ទិវង្គត​​ឡើងវិញ​ ១០ដូច្នេះ សិស្ស​ទាំង​ពីរ​នោះ​​ក៏​ទៅ​ផ្ទះ​របស់​ពួកគេ​វិញ។

ម៉ារា​អ្នកក្រុងម៉ាក់​ដាឡា​ជួប​​ព្រះយេស៊ូ

១១រីឯ​​នាង​ម៉ារាវិញ​ បានឈរ​យំ​ខាងក្រៅផ្នូរ ​ពេល​នាង​កំពុង​យំ នាង​ក៏​ឱន​ទៅ​ក្នុង​ផ្នូរ​ ១២ហើយ​ឃើញទេវតាពីរនាក់​ស្លៀកពាក់​ស កំពុង​អង្គុយ​​នៅ​កន្លែង​ដែល​គេ​ផ្តេក​សព​ព្រះ​យេស៊ូ គឺ​ម្នាក់​នៅ​ខាង​ក្បាល និង​ម្នាក់​ទៀត​នៅ​ខាង​ចុង​ជើង។​ ១៣ទេវតា​ទាំងនោះ​បាន​សួរ​នាង​​ថា​៖ ​«នាង​​អើយ ហេតុអ្វី​នាង​យំ​?» នាង​ឆ្លើយ​ប្រាប់​ថា​៖ «ពួកគេ​បាន​យក​ព្រះអម្ចាស់​របស់​ខ្ញុំ ខ្ញុំ​មិន​ដឹង​ថា ​ពួកគេ​ដាក់​ព្រះអង្គ​នៅ​កន្លែង​​ណា​ទេ​!» ១៤ពេល​ប្រាប់​អំពី​សេចក្ដី​ទាំង​នេះ​ហើយ នាង​ក៏​បែរ​ក្រោយ ហើយ​ឃើញ​ព្រះ​យេស៊ូ​កំពុង​ឈរ ប៉ុន្ដែ​នាង​មិន​ស្គាល់​ថា នោះ​​​ជា​ព្រះ​យេស៊ូ​ទេ។​ ១៥ព្រះ​យេស៊ូ​មានបន្ទូល​ទៅ​នាង​ថា​៖ «នាង​អើយ​! ហេតុអ្វី​បានជា​អ្នក​យំ​? តើ​អ្នក​រក​អ្នក​ណា​?» ដោយ​គិត​ថា ​ព្រះអង្គ​ជា​អ្នកថែ​សួន ទើប​នាង​ទូល​ទៅ​ព្រះអង្គ​ថា​៖ «ឱ​ លោក​អើយ​! បើ​លោក​បាន​យក​សព សូម​ប្រាប់​ខ្ញុំ​អំពី​កន្លែង​ដែល​លោក​បាន​ដាក់​សព​ផង ខ្ញុំ​នឹង​ទទួល​យក​វិញ»។​ ១៦ព្រះ​យេស៊ូ​មានបន្ទូល​ទៅ​នាង​ថា​៖ «ម៉ារា​!» នោះ​​នាង​ក៏​បែរ​ទៅ ហើយ​ទូល​ព្រះអង្គជា​ភាសា​ហេព្រើរ​ថា​៖ «រ៉ាបូនី​!» ​(​ដែល​​​ប្រែថា លោកគ្រូ​)​ ១៧ព្រះ​យេស៊ូ​មានបន្ទូល​ទៅ​នាង​ថា​៖ «កុំ​ពាល់​ខ្ញុំ ព្រោះ​ខ្ញុំ​មិនទាន់​ឡើង​ទៅ​ឯ​ព្រះវរបិតា​នៅឡើយ ប៉ុន្ដែ​ចូរ​អ្នក​ទៅ​ឯ​ពួក​បង​ប្អូន​របស់​ខ្ញុំ ហើយ​ប្រាប់​ពួក​គេ​ថា ខ្ញុំ​នឹង​ឡើង​ទៅ​ឯ​ព្រះវរបិតា​របស់​ខ្ញុំ ហើយ​ជា​ព្រះវរបិតា​របស់​អ្នករាល់គ្នា គឺ​ជា​ព្រះ​របស់​ខ្ញុំ ហើយ​ជា​ព្រះ​របស់​អ្នករាល់គ្នា​ដែរ»​១៨ពេល​នោះ​ ​នាង​ម៉ារាអ្នក​ក្រុង​ម៉ាក់ដាឡា​ក៏​នាំ​ដំណឹង​នេះ​ទៅ​ប្រាប់​ពួក​សិស្ស​ថា​៖ «ខ្ញុំ​បាន​ឃើញ​ព្រះអម្ចាស់» ព្រម​ទាំង​សេចក្ដី​ដែល​​ព្រះអង្គ​បាន​មានបន្ទូល​ប្រាប់​នាង​ផង។

ព្រះយេស៊ូបង្ហាញ​ខ្លួន​ដល់​ពួក​សិស្ស​

១៩នៅពេល​ល្ងាច ​ក្នុង​ថ្ងៃ​ទីមួយ​នៃ​​សប្តាហ៍នោះ ពួក​សិស្ស​បាន​នៅ​កន្លែង​មួយ​ដោយ​បាន​បិទ​ទ្វារ ព្រោះ​តែ​ខ្លាចពួក​ជនជាតិ​យូដា។ ពេល​នោះ ព្រះ​​យេស៊ូ​ក៏​យាង​មក​ឈរ​ នៅ​កណ្តាល​​ពួក​សិស្ស ហើយ​មានបន្ទូល​ថា​៖ «សូមឲ្យ​អ្នក​​​រាល់​​​គ្នា​មាន​សេចក្ដី​សុខសាន្ដ​​!»២០ពេល​ព្រះអង្គ​មានបន្ទូលដូច្នោះ​ហើយ ព្រះអង្គ​ក៏​បង្ហាញ​ព្រះហស្ដ​ និង​ចំហៀង​ខ្លួន​របស់​ព្រះអង្គ​ឲ្យពួកគេ​ឃើញ ពេល​នោះ​ពួក​សិស្ស​ក៏​មាន​ចិត្ត​ត្រេកអរ​ ដោយ​បាន​ឃើញ​ព្រះអម្ចាស់។​ ២១ព្រះ​យេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ម្តង​ទៀត​ថា៖ «សូម​​ឲ្យអ្នករាល់គ្នា​ មាន​សេចក្ដី​សុខសាន្ត​! ព្រះវរ​បិតា​​បាន​ចាត់​ខ្ញុំ​ឲ្យមក​ជា​យ៉ាងណា ខ្ញុំ​ក៏​ចាត់​អ្នករាល់​គ្នា ​ឲ្យទៅ​ជាយ៉ាងនោះ​ដែរ»។​ ​២២ពេល​ព្រះ​អង្គ​មានបន្ទូល​ដូច្នេះ​ហើយ ព្រះអង្គ​ក៏​ផ្លុំ​លើ​ពួក​គេ​ទាំង​មាន​បន្ទូល​ថា​៖ «ចូរ​ទទួល​ព្រះ​វិញ្ញាណ​​បរិសុទ្ធ​ចុះ​!២៣បើ​អ្នករាល់គ្នា​លើក​លែង​ទោស​​បាប​ឲ្យអ្នកណា ​នោះ​ពួកគេ​នឹង​ទទួល​បាន​ការ​លើក​លែង​​ទោស ប៉ុន្ដែបើ​អ្នករាល់​គ្នា​មិន​លើកលែង​ទោស​​បាប ​ឲ្យពួកគេ​ទេ នោះ​​ពួក​គេ​​នឹង​នៅ​តែ​​មាន​បាប»

ព្រះយេស៊ូបង្ហាញ​ខ្លួន​ដល់​លោកថូម៉ាស​

២៤លោក​ថូម៉ាសជា​ម្នាក់​ក្នុងចំណោម ​សាវក​​​ទាំង​ដប់ពីរ ហើយ​ជា​ម្នាក់​ដែល​គេ​ហៅ​ថា​ឌីឌីម គាត់មិន​បាន​នៅ​ជាមួយ​ពួកគេ​ទេ នៅ​ពេល​​​ព្រះ​យេស៊ូ​​​យាង​មក។ ២៥ដូច្នេះ ពួក​សិស្ស​ផ្សេង​ទៀត​បាន​ប្រាប់​គាត់​ថា​៖ «យើង​បាន​ជួប​ព្រះអម្ចាស់​ហើយ​!» ប៉ុន្ដែគាត់​ឆ្លើយ​ទៅ​ពួកគេ​ថា​៖ «បើ​ខ្ញុំ​មិន​​បាន​ឃើញ​ស្នាម​ដែកគោល​នៅ​នឹង​ព្រះ​ហស្ដ​​របស់​ព្រះអង្គ ហើយ​មិន​បានលូក​ម្រាម​ដៃ​ខ្ញុំ​ ទៅក្នុង​ស្នាម​ដែកគោល​នោះ និង​ទៅក្នុង​ចំហៀង​ខ្លួន​របស់​ព្រះអង្គ​ទេ នោះ​ខ្ញុំ​មិន​ជឿ​ជាដាច់ខាត»។​ ២៦ប្រាំបី​ថ្ងៃ​ក្រោយ​មក ពួក​សិស្ស​របស់​ព្រះអង្គ​បាន​នៅ​ក្នុង​ផ្ទះ​ម្តងទៀត ហើយ​លោក​ថូម៉ាស​ក៏​នៅ​ជាមួយ​ពួកគេ​ដែរ ឯ​ទ្វារ​បិទ​ជិត​នៅឡើយ ព្រះ​យេស៊ូ​ក៏​យាង​មក​ឈរ​នៅ​កណ្តាល​ចំណោម​ពួកគេ​ទាំង​មានបន្ទូល​ថា​៖ «សូមឲ្យ​អ្នក​​រាល់​​​គ្នា​មានសេចក្ដី​សុខសាន្ដ​​!»២៧រួច​ព្រះអង្គ​មានបន្ទូល​ទៅ​លោក​ថូម៉ាស​ថា​៖ «ចូរ​លូក​ម្រាម​ដៃ​របស់​អ្នក​មក​ទីនេះ ហើយ​មើល​ដៃ​ខ្ញុំ​ចុះ​! ចូរ​លូក​ដៃ​របស់​អ្នក​មក​ក្នុង​ចំហៀងខ្លួន​របស់​ខ្ញុំ​ចុះ​! ចូរ​កុំ​ធ្វើជា​អ្នក​គ្មាន​ជំនឿ ប៉ុន្ដែ ចូរ​ធ្វើជា​អ្នក​មាន​ជំនឿ​វិញ​!»២៨ពេលនោះ លោក​ថូម៉ាស​ទូល​ឆ្លើយ​ទៅ​ព្រះអង្គ​ថា​៖ «ឱ ​ព្រះអម្ចាស់​របស់​ខ្ញុំ និង​ជា​ព្រះ​របស់​ខ្ញុំ​អើយ​!» ​២៩ព្រះ​យេស៊ូ​មានបន្ទូល​ទៅ​គាត់​ថា​៖ «តើ​អ្នក​ជឿ​ ដោយ​ព្រោះ​អ្នក​បាន​ឃើញ​ខ្ញុំ​ឬ​? អស់​អ្នក​ដែល​ជឿ​ ដោយ​មិន​បាន​ឃើញ អ្នក​នោះ​មាន​ពរ​ហើយ​!»

គោល​បំណង​របស់ដំណឹង​ល្អ​យ៉ូហាន​

៣០ព្រះ​យេស៊ូ​បាន​ធ្វើ​ទីសំគាល់​​​អស្ចារ្យ​ជា​ច្រើន​ទៀត នៅ​មុខ​ពួកសិស្ស​របស់​ព្រះអង្គ ដែល​មិនបានកត់ត្រា​ទុក​ក្នុង សៀវភៅ​នេះ​ទេ​ ៣១ប៉ុន្ដែ​សេចក្ដី​ទាំង​នេះ​បាន​ចែង​ទុក​មកដើម្បី​ឲ្យអ្នករាល់គ្នា​បាន​ជឿ​ថា ព្រះ​យេស៊ូ​ជា​ព្រះគ្រិស្ដ ជា​​ព្រះរាជបុត្រា​របស់​ព្រះជាម្ចាស់ និង​ដើម្បី​ឲ្យអ្នករាល់គ្នា​មាន​ជីវិត ក្នុង​ព្រះនាម​របស់​ ព្រះអង្គ​ដោយសារ​ជំនឿ​នោះ។

យ៉ូហាន ២០