KCB - យ៉ូហាន ១៧


យ៉ូហាន ១៧

សេចក្ដីអធិស្ឋានរបស់ព្រះយេស៊ូ

១៧កាល​ព្រះ​យេស៊ូ​ មានបន្ទូល​អំពី​សេចក្ដី​ទាំងនេះ​រួចហើយ ក៏ងើយព្រះនេត្រ ​​ទៅលើ​មេឃ​ទាំង​មាន​បន្ទូលថា៖ «ឱ ​ព្រះវរ​បិតាអើយ! ពេល​កំណត់​បាន​មកដល់​ហើយ សូម​លើក​តម្កើង​ព្រះរាជ​បុត្រារបស់ព្រះអង្គឡើង​ដើម្បី​​ឲ្យព្រះរាជបុត្រា​បាន​តម្កើង​ព្រះអង្គ​ដែរ ដ្បិតព្រះអង្គបាន​ប្រទាន​សិទ្ធិអំណាច ដល់ព្រះ​រាជបុត្រា​លើ​មនុស្ស​ទាំងអស់ ដើម្បី​ឲ្យព្រះ​រាជបុត្រា​ ប្រទាន​ជីវិត​អស់​កល្ប​ជានិច្ច​ដល់​អស់​អ្នកដែលព្រះ​វរបិតាបាន​ប្រទានដល់​ព្រះ​រាជ​បុត្រា​​​ហើយ​ជីវិត​អស់កល្ប​ជានិច្ចនោះ​ គឺ​ឲ្យ​ពួកគេ​ស្គាល់​ព្រះអង្គ​ ដែល​ជា​ព្រះ​ដ៏​ពិត​តែមួយ និង​​ព្រះ​យេស៊ូ​​គ្រិស្ដ​ដែល​​ព្រះអង្គ​បាន​ចាត់ឲ្យមក ខ្ញុំ​បាន​តម្កើង​ព្រះអង្គ​នៅ​ផែនដី​នេះ ហើយ​ខ្ញុំ​ក៏​បាន​បង្ហើយកិច្ចការដែលព្រះអង្គ​បាន​ប្រគល់​ឲ្យខ្ញុំ​ធ្វើ​ដែរ​ ដូច្នេះ ឱព្រះវរបិតា​អើយ! សូម​តម្កើង​ខ្ញុំ​ជាមួយ​ព្រះអង្គ​ដោយសិរីរុងរឿងដែលខ្ញុំធ្លាប់មានជាមួយ​ព្រះអង្គតាំង​ពី​មុន​​កំណើត​​ពិភព​លោក។​

​ខ្ញុំបាន​បង្ហាញ​​ឲ្យពួក​អ្នកដែល​ព្រះអង្គ​​បាន​ជ្រើស​រើស​​ពី​លោកិយ​ ប្រទាន​ឲ្យខ្ញុំនោះ បាន​ស្គាល់​ព្រះនាម​របស់​ព្រះអង្គហើយ។​ ពួកអ្នក​ទាំង​នោះ​ជា​របស់​ព្រះអង្គ ហើយ​ព្រះ​អង្គ​​បាន​ប្រទាន​ពួកគេ​ឲ្យខ្ញុំ រួច​ពួកគេបាន​​កាន់​តាម​​ព្រះបន្ទូល​របស់​ព្រះអង្គ។​ ឥឡូវនេះ ​ពួកគេ​ដឹង​​ហើយ​ថា អ្វីៗ​ទាំងអស់​ដែល​ព្រះអង្គ​បាន​ប្រទាន​ឲ្យខ្ញុំ គឺ​មក​ពី​ព្រះអង្គ​ ដ្បិត​ព្រះ​បន្ទូល​ដែល​ព្រះអង្គ​បានប្រទាន​ឲ្យ​ខ្ញុំ​នោះ ខ្ញុំ​បាន​ឲ្យពួកគេ ​ហើយ​ពួកគេ​ក៏​ទទួល​យក ទាំង​ដឹង​ច្បាស់​ថា ខ្ញុំ​បាន​មក​ពី​ព្រះអង្គ និង​ជឿ​ថា ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មែន។​

ហើយ​ខ្ញុំ​សុំ​សម្រាប់​ពួកគេ មិន​មែន​សម្រាប់​លោកិយ​នេះ​ទេ គឺ​សម្រាប់​អស់​អ្នក​ដែល​​ព្រះអង្គ​បាន​ប្រទាន​ឲ្យ​ខ្ញុំ ព្រោះ​ពួកគេ​ជា​របស់​ព្រះ​អង្គ​ ១០រីឯ​អ្វីៗ​ទាំងអស់​ដែល​ជា​របស់​ខ្ញុំ គឺ​ជា​របស់​ព្រះអង្គ ហើយ​អ្វីៗ​ដែល​ជា​របស់​ព្រះអង្គ ក៏​ជា​របស់​ខ្ញុំដែរ​ ដូច្នេះខ្ញុំ​ត្រូវបាន​តម្កើង​ឡើង​ក្នុង​ចំណោម​ពួកគេ។​​ ១១​ពួកគេ​នៅ​ក្នុង​លោកិយ​នេះ​ រីឯ​​ខ្ញុំ​មិន​នៅ​ក្នុង​លោកិយ​នេះ​ទៀត​ទេ ដ្បិត​ខ្ញុំ​នឹង​ទៅ​ឯ​ព្រះអង្គ។ ឱ ​ព្រះវរបិតាដ៏បរិសុទ្ធ​អើយ! សូមរក្សា​អស់​អ្នក​ ដែល​ព្រះអង្គ​បាន​ប្រ​ទាន​​ឲ្យ​ខ្ញុំ​នៅ​ក្នុង​ព្រះ​នាម​​របស់​ព្រះអង្គ ដើម្បី​ឲ្យពួកគេ​ត្រលប់ជា​តែ​មួយ​ដូច​យើង​ ១២ដ្បិត​ពេល​​ខ្ញុំ​នៅ​ជាមួយ​ពួកគេ ខ្ញុំ​បាន​រក្សា​ពួកគេ​នៅ​ក្នុង​ព្រះនាម​របស់​ព្រះអង្គ ដែល​ព្រះអង្គ​បាន​ប្រ​ទាន​​ឲ្យ​ខ្ញុំ។​ ខ្ញុំ​បាន​រក្សា​ពួកគេ ហើយ​គ្មាន​អ្នក​ណា​​ម្នាក់ក្នុង​ចំណោម​​ពួកគេ​វិនាស​ឡើយ លើក​លែងតែ​ម្នាក់​​ប៉ុណ្ណោះដែល​ត្រូវ​វិនាស​ ដើម្បី​​ឲ្យ​សម្រេច​តាម​បទគម្ពីរ។ ​១៣ឥឡូវនេះ ខ្ញុំ​ត្រូវ​​ទៅ​ឯ​ព្រះអង្គ ហើយ​ខ្ញុំ​ប្រកាស​នៅ​ក្នុង​លោកិយ​នេះអំពី​សេចក្ដី​ទាំងនេះដើម្បី​ឲ្យពួកគេមាន​​អំណរ​របស់​ខ្ញុំ​ ពេញ​​​បរិបូរ​​នៅក្នុង​ពួកគេ។ ១៤ខ្ញុំ​បានឲ្យព្រះបន្ទូលរបស់ព្រះអង្គ​ដល់ពួកគេ ហើយ​លោកិយ​នេះ​បាន​​ស្អប់​ពួកគេ ព្រោះ​​ពួកគេ​មិន​មែន​ជា​របស់​លោកិយនេះ ដូច​ដែល​ខ្ញុំមិន​មែន​ជារបស់លោកិយ​នេះ​ដែរ ១៥ហើយខ្ញុំមិន​សុំ​ព្រះអង្គឲ្យដក​​​យក​ពួកគេ​ចេញពី​លោកិយ​​នេះ​ទេ គឺ​សុំ​ព្រះអង្គរក្សា​ពួកគេ ឲ្យ​រួច​ផុត​ពី​អារក្ស​សាតាំង ១៦ដូច្នេះពួកគេ​មិន​មែន​ជា​របស់​លោកិយនេះ ដូច​ដែល​ខ្ញុំមិន​មែន​ជា​របស់លោកិយ​នេះដែរ​ ​១៧សូម​​ញែក​ពួកគេ​ជា​បរិសុទ្ធ ដោយ​សេចក្ដីពិត​ ដ្បិត​ព្រះបន្ទូលរបស់ព្រះអង្គជា​សេចក្ដីពិត។ ១៨ខ្ញុំចាត់​ពួកគេឲ្យ​ទៅ​ក្នុងលោកិយ​នេះ ​ដូច​ដែល​​​ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ក្នុងលោកិយ​​នេះ​ដែរ។​១៩រីឯ​ខ្ញុំ​វិញ បាន​ញែក​ខ្លួន​ជាបរិសុទ្ធសម្រាប់​ពួកគេ ដើម្បី​ឲ្យពួកគេ​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ​ដោយ​សេចក្ដី​ពិត​ដែរ។

២០​ខ្ញុំ​មិន​សុំ​សម្រាប់​តែ​អ្នក​ទាំង​នេះ​ប៉ុណ្ណោះ​ទេ គឺ​សម្រាប់​អស់​អ្នក​ដែល​បាន​ជឿ​ខ្ញុំ​ ដោយសារ​ពាក្យរបស់​ពួកគេ​ដែរ​ ២១ដើម្បី​ឲ្យទាំង​អស់​​គ្នា​ត្រលប់ជា​តែ​មួយ ឱ​ ព្រះវរបិតា​អើយ! ព្រះអង្គ​នៅ​ក្នុង​ខ្ញុំ ហើយ​ខ្ញុំ​នៅ​ក្នុង​ព្រះអង្គ​ជា​យ៉ាង​​ណា សូម​ឲ្យពួកគេ​នៅក្នុង​យើង​យ៉ាងនោះ​ដែរ​ដើម្បី​​ឲ្យលោកិយ​នេះ​ជឿ​ថា ព្រះអង្គ​បានចាត់​ខ្ញុំ​ឲ្យមក​មែន។​ ២២សិរីរុងរឿង​ដែល​ព្រះអង្គ​បាន​ប្រទាន​ឲ្យខ្ញុំ ខ្ញុំ​បាន​ឲ្យពួកគេ ដើម្បី​ឲ្យពួកគេ​បាន​ត្រលប់ជា​តែ​មួយដូច​យើង​ជា​តែ​មួយដែរ​ ២៣គឺ​ខ្ញុំ​នៅ​ក្នុង​ពួកគេ ហើយ​ព្រះអង្គ​នៅក្នុង​ខ្ញុំដើម្បី​ឲ្យពួកគេបានគ្រប់លក្ខណ៍​ រហូត​ត្រលប់ជា​តែ​មួយ​ ដូច្នេះ​លោកិយ​​នេះ​អាច​ដឹង​ថា ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យមក ហើយ​ព្រះអង្គ​ស្រឡាញ់​ពួកគេ ដូច​ដែល​ព្រះអង្គ​ស្រឡាញ់​ខ្ញុំ​ដែរ។ ២៤ព្រះវរបិតា​អើយ! ខ្ញុំ​ចង់​ឲ្យអស់អ្នក​ដែល​ព្រះអង្គ​បាន​ប្រទាន​​ឲ្យខ្ញុំ​ នៅ​ជាមួយ​ខ្ញុំ​ក្នុង​កន្លែង​ដែល​ខ្ញុំ​នៅ ដើម្បី​ឲ្យពួកគេ​ឃើញ​សិរីរុងរឿង ​ដែល​ព្រះអង្គ​បាន​ប្រទាន​ឲ្យ​​ខ្ញុំ ដ្បិត​ព្រះអង្គ​បាន​ស្រឡាញ់​ខ្ញុំ តាំង​ពី​មុន​កំណើត​លោកិយ។​ ២៥ឱ ​ព្រះវរបិតា​ដ៏​សុចរិត​អើយ! លោកិយ​មិន​ស្គាល់​ព្រះអង្គ​ទេ ប៉ុន្ដែ ​ខ្ញុំ​ស្គាល់​ព្រះអង្គ រីឯ​អ្នក​ទាំងនេះ​ក៏​ដឹង​ថា ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​​ដែរ​ ២៦ដ្បិត​ខ្ញុំ​បាន​ធ្វើ​ឲ្យពួកគេ​ស្គាល់​ព្រះ​នាម​​របស់​ព្រះអង្គ ហើយ​ធ្វើ​ឲ្យពួកគេ​ដឹង​ថា ​សេចក្ដី​ស្រឡាញ់​ដែល​ព្រះអង្គ​បាន​ស្រឡាញ់​ខ្ញុំ ​មាន​នៅក្នុង​ពួកគេ ហើយ​ខ្ញុំ​ក៏​នៅ​ក្នុង​ពួក​គេ​ដែរ»

យ៉ូហាន ១៧