យ៉ូហាន ១៥
ព្រះយេស៊ូជាដើមទំពាំងបាយជូរដ៏ពិត
១៥ខ្ញុំជាដើមទំពាំងបាយជូរ ដ៏ពិត ហើយព្រះវរបិតារបស់ខ្ញុំ ជាអ្នកថែទាំ ២មែកទាំងឡាយណាដែលនៅជាប់នឹងខ្ញុំ ប៉ុន្ដែមិនបង្កើតផលផ្លែ នោះព្រះអង្គក៏កាត់ចោល រីឯមែកទាំងឡាយណា ដែលបង្កើតផលផ្លែ នោះព្រះអង្គក៏លួសវា ដើម្បីឲ្យបង្កើតផលកាន់តែច្រើនឡើង។ ៣ប៉ុន្ដែ អ្នករាល់គ្នាបានស្អាតរួចហើយ ដោយសារតែពាក្យ ដែលខ្ញុំបានប្រាប់អ្នករាល់គ្នា ៤ដូច្នេះ ចូរនៅជាប់នឹងខ្ញុំចុះ នោះខ្ញុំក៏នៅជាប់នឹងអ្នករាល់គ្នាដែរ ដ្បិតគ្មានមែកណាអាចបង្កើតផលដោយខ្លួនឯងបានទេ លុះត្រាតែនៅជាប់នឹងដើម រីឯអ្នករាល់គ្នាក៏ដូច្នេះដែរ លុះត្រាតែនៅជាប់នឹងខ្ញុំ ៥ព្រោះខ្ញុំជាដើមទំពាំងបាយជូរ ឯអ្នករាល់គ្នាជាមែក អ្នកណានៅជាប់នឹងខ្ញុំ ហើយខ្ញុំនៅជាប់នឹងអ្នកនោះ អ្នកនោះនឹងបង្កើតផលបានច្រើន ព្រោះបើដាច់ចេញពីខ្ញុំ នោះអ្នករាល់គ្នាមិនអាចធ្វើអ្វីបានឡើយ។ ៦ដូច្នេះ បើអ្នកណាមិននៅជាប់នឹងខ្ញុំ អ្នកនោះប្រៀបដូចជាមែក ដែលត្រូវកាត់បោះចោល ហើយក្រៀមស្វិត រួចគេក៏ប្រមូលមែកទាំងនោះបោះទៅក្នុងភ្លើង ហើយឆេះអស់ទៅ ៧ប៉ុន្ដែបើអ្នករាល់គ្នានៅជាប់នឹងខ្ញុំ ហើយពាក្យរបស់ខ្ញុំនៅជាប់នឹងអ្នករាល់គ្នា នោះចូរសូមអ្វីៗតាមប្រាថ្នាចុះ សេចក្ដីនោះនឹងបានសម្រេចដល់អ្នករាល់គ្នា ៨ដ្បិតព្រះវរបិតារបស់ខ្ញុំ បានតម្កើងឡើង ដោយសារតែសេចក្ដីនេះឯង គឺឲ្យអ្នករាល់គ្នាបង្កើតផលបានច្រើន យ៉ាងនោះអ្នករាល់គ្នាជាសិស្សរបស់ខ្ញុំមែន។
ការបង្ហាញសេចក្ដីស្រឡាញ់ដូចជា ព្រះគ្រិស្ដ
៩ព្រះវរបិតា បានស្រឡាញ់ខ្ញុំយ៉ាងណា ខ្ញុំក៏ស្រឡាញ់អ្នករាល់គ្នាយ៉ាងនោះដែរ ដូច្នេះ ចូរនៅជាប់ក្នុងសេចក្ដីស្រឡាញ់របស់ខ្ញុំចុះ ១០បើអ្នករាល់គ្នាកាន់តាមបញ្ញត្តិរបស់ខ្ញុំ នោះអ្នករាល់គ្នានឹងនៅជាប់ក្នុងសេចក្ដីស្រឡាញ់របស់ខ្ញុំ ដូចដែលខ្ញុំបានកាន់តាមបញ្ញត្តិព្រះវរបិតារបស់ខ្ញុំ ហើយនៅជាប់ក្នុងសេចក្ដីស្រឡាញ់របស់ព្រះអង្គដែរ។ ១១ខ្ញុំបានប្រាប់អ្នករាល់គ្នា អំពីសេចក្ដីទាំងនេះ ហើយ ដើម្បីឲ្យអំណររបស់ខ្ញុំមានដល់អ្នករាល់គ្នា ហើយឲ្យអំណររបស់អ្នករាល់គ្នាបានពេញបរិបូរ។
១២នេះជាបញ្ញត្តិរបស់ខ្ញុំ គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ដូចជាខ្ញុំស្រឡាញ់អ្នករាល់គ្នាដែរ ១៣ដ្បិតមនុស្សម្នាក់លះបង់ជីវិតដើម្បីមិត្ដសម្លាញ់របស់ខ្លួន នោះគ្មានសេចក្ដីស្រឡាញ់ណាធំជាងសេចក្ដីស្រឡាញ់នេះទៀតឡើយ។១៤ដូច្នេះ បើអ្នករាល់គ្នាធ្វើតាមសេចក្ដីដែលខ្ញុំបង្គាប់អ្នករាល់គ្នា នោះអ្នករាល់គ្នាជាមិត្ដសម្លាញ់របស់ខ្ញុំ។ ១៥ខ្ញុំមិនហៅអ្នករាល់គ្នាថា បាវបម្រើទៀតទេ ព្រោះបាវបម្រើមិនដឹងថា ចៅហ្វាយរបស់ខ្លួនធ្វើអ្វីឡើយ ផ្ទុយទៅវិញ ខ្ញុំហៅអ្នករាល់គ្នាថា មិត្ដសម្លាញ់ ព្រោះខ្ញុំបានឲ្យអ្នករាល់គ្នាដឹងអំពីអ្វីៗ ដែលខ្ញុំបានឮពីព្រះវរបិតារបស់ខ្ញុំ ១៦ដ្បិតមិនមែនអ្នករាល់គ្នាជ្រើសរើសខ្ញុំទេ គឺខ្ញុំបានជ្រើសរើសអ្នករាល់គ្នា ព្រមទាំងតាំងអ្នករាល់គ្នាឲ្យចេញទៅបង្កើតផល ហើយឲ្យផលរបស់អ្នករាល់គ្នាបាននៅស្ថិតស្ថេរ ដូច្នេះហើយ អ្វីក៏ដោយ ដែលអ្នករាល់គ្នាសុំព្រះវរបិតា ដោយនូវឈ្មោះរបស់ខ្ញុំ នោះព្រះអង្គនឹងប្រទានឲ្យអ្នករាល់គ្នាមិនខាន ១៧ដូច្នេះ នេះជាសេចក្ដី ដែលខ្ញុំបង្គាប់អ្នករាល់គ្នា គឺ ឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក។
លោកិយស្អប់ព្រះយេស៊ូ
១៨បើលោកិយស្អប់អ្នករាល់គ្នា នោះចូរដឹងថា មុនអ្នករាល់គ្នា គេបានស្អប់ខ្ញុំរួចហើយ ១៩បើអ្នករាល់គ្នាជារបស់លោកិយ នោះលោកិយនឹងស្រឡាញ់អ្នករាល់គ្នា ប៉ុន្ដែព្រោះតែខ្ញុំបានជ្រើសរើសអ្នករាល់គ្នាចេញពីលោកិយ នោះអ្នករាល់គ្នា មិនមែនជារបស់លោកិយទៀតទេ ហេតុនេះហើយបានជាលោកិយស្អប់អ្នករាល់គ្នា ២០ប៉ុន្ដែចូរនឹកចាំពីពាក្យ ដែលខ្ញុំបានប្រាប់អ្នករាល់គ្នាថា បាវបម្រើមិនដែលធំជាងចៅហ្វាយរបស់ខ្លួនទេ បើគេបានបៀតបៀនខ្ញុំទៅហើយ នោះគេមុខជាបៀតបៀនអ្នករាល់គ្នាដែរ បើគេកាន់តាមពាក្យរបស់ខ្ញុំ នោះគេមុខជាកាន់តាមពាក្យរបស់អ្នករាល់គ្នាដែរ ២១ប៉ុន្ដែដោយព្រោះឈ្មោះរបស់ខ្ញុំ គេមុខជាធ្វើការទាំងនេះដាក់អ្នករាល់គ្នា ព្រោះគេមិនស្គាល់ព្រះអង្គដែលចាត់ខ្ញុំឲ្យមកទេ។ ២២បើខ្ញុំមិនបានមក ហើយប្រាប់ពួកគេ នោះពួកគេគ្មានបាបទេ ប៉ុន្ដែឥឡូវនេះពួកគេគ្មានសេចក្ដីដោះសា ឲ្យរួចពីបាបរបស់ពួកគេឡើយ ២៣អ្នកណាស្អប់ខ្ញុំ អ្នកនោះក៏ស្អប់ព្រះវរបិតារបស់ខ្ញុំដែរ ២៤បើខ្ញុំមិនបានធ្វើកិច្ចការ ដែលគ្មានអ្នកណាម្នាក់ផ្សេងទៀតធ្លាប់ធ្វើក្នុងចំណោមពួកគេទេ នោះពួកគេគ្មានបាបឡើយ ប៉ុន្ដែឥឡូវនេះ ពួកគេបានឃើញហើយ ហើយពួកគេស្អប់ទាំងខ្ញុំ និងព្រះវរបិតារបស់ខ្ញុំទៀត។ ២៥នេះដើម្បីឲ្យសម្រេចតាមសេចក្តី ដែលបានចែងទុកក្នុងគម្ពីរវិន័យរបស់ពួកគេថា គេបានស្អប់ខ្ញុំដោយគ្មានហេតុផល ២៦ប៉ុន្ដែនៅពេលអ្នកជំនួយមកដល់ ជាអ្នកដែលខ្ញុំនឹងចាត់ពីព្រះវរបិតាឲ្យមកឯអ្នករាល់គ្នា គឺជាព្រះវិញ្ញាណនៃសេចក្ដីពិត ដែលចេញពីព្រះវរបិតាមក ព្រះអង្គនឹងធ្វើបន្ទាល់អំពីខ្ញុំ ២៧ហើយអ្នករាល់គ្នាក៏ធ្វើបន្ទាល់ដែរ ព្រោះអ្នករាល់គ្នាបាននៅជាមួយខ្ញុំតាំងពីដំបូងមក។