KCB - យ៉ូហាន ១៤


យ៉ូហាន ១៤

ព្រះយេស៊ូជា​ផ្លូវ​ទៅ​ឯ​ព្រះវរបិតា​

១៤កុំ​ឲ្យចិត្ត​របស់​អ្នករាល់គ្នា​ជ្រួលច្របល់​ឡើយ អ្នករាល់គ្នា​ជឿ​លើ​ព្រះជាម្ចាស់​ហើយ ចូរជឿ​ខ្ញុំដែរ នៅក្នុង​ដំណាក់​ព្រះ​វរបិតា​របស់​ខ្ញុំ​ មាន​លំនៅ​ច្រើន ប៉ុន្ដែ​បើ​គ្មានទេ​ ខ្ញុំ​ក៏​មិន​ប្រាប់​អ្នករាល់គ្នា​ដែរ ដ្បិត​ខ្ញុំ​ទៅដើម្បី​រៀបចំ​កន្លែង​សម្រាប់​អ្នករាល់គ្នា‍។​ដូច្នេះបើ​ខ្ញុំ​ទៅ​រៀបចំ​កន្លែង​សម្រាប់​អ្នករាល់គ្នា នោះ​ខ្ញុំ​នឹង​ត្រលប់​មកវិញ ហើយ​ទទួល​អ្នករាល់គ្នា​ទៅ​ជាមួយ​ខ្ញុំ ដើម្បី​ឲ្យអ្នករាល់គ្នា​បាន​នៅ​កន្លែង​ ដែល​ខ្ញុំ​នៅ​នោះ​ដែរ​ ហើយ​កន្លែង​ដែល​ខ្ញុំ​ទៅអ្នករាល់គ្នា​ក៏​ស្គាល់​ផ្លូវ​នោះ​ដែរ»។​ លោក​ថូម៉ាស​ទូល​ព្រះអង្គ​ថា​៖ «ព្រះ​អ​ម្ចាស់​​អើយ! យើង​មិន​ដឹង​ថា​ព្រះអង្គ​យាង​ទៅ​ណា​ទេ ដូច្នេះ តើ​ធ្វើ​ដូចម្តេច​ឲ្យ​យើង​អាច​ស្គាល់​ផ្លូវ​នោះ​បាន​?»​ ព្រះ​យេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា​៖ «ខ្ញុំ​ជា​ផ្លូវ ជា​សេចក្ដី​ពិត ហើយ​ជា​ជីវិត គ្មាន​អ្នកណា​ទៅ​ឯ​ព្រះ​វរបិតា​បាន​ឡើយ លើកលែងតែ​ទៅ​តាមរយៈ​ខ្ញុំដូច្នេះបើ​អ្នក​រាល់​គ្នា​ស្គាល់​ខ្ញុំ អ្នករាល់គ្នា​ក៏​ស្គាល់​ព្រះ​វរបិតា​របស់​ខ្ញុំ​ដែរ។ ចាប់ពី​ពេលនេះ​តទៅ អ្នករាល់គ្នា​បាន​ស្គាល់ និង​បាន​ឃើញ​ព្រះអង្គ​ហើយ»​។​

លោកភីលីពទូលព្រះអង្គថា៖​ «ព្រះ​អម្ចាស់​អើយ សូម​បង្ហាញ​ឲ្យយើង​ឃើញ​ព្រះ​វរ​បិតា​ផង នោះ​​យើង​ស្កប់ចិត្ត​ហើយ»។​ ព្រះ​យេស៊ូ​មានបន្ទូល​ទៅ​គាត់​ថា​៖ «ភីលីព​អើយ! ខ្ញុំ​បាន​នៅ​ជាមួយ​អ្នករាល់គ្នា​យូរ​ហើយ តើ​អ្នក​នៅតែ​មិនទាន់​ស្គាល់​ខ្ញុំ​ទៀត​ឬ​? អ្នក​ណា​ឃើញ​​ខ្ញុំ ក៏​ឃើញ​ព្រះ​វរបិតា​ដែរ ហេតុ​ដូចម្តេច​បានជា​អ្នក​និយាយ​ថា សូម​បង្ហាញ​ឲ្យ​យើង ​ឃើញ​ព្រះវរបិតា​ផង​ដូច្នេះ? ១០តើអ្នកមិន​ជឿ​ថា​ខ្ញុំ​នៅក្នុង​ព្រះ​វរបិតា ហើយ​ព្រះ​វរបិតា​នៅ​ក្នុង​ខ្ញុំ​ទេ​ឬ​ ? ពាក្យ​សំដី​ដែល​ខ្ញុំ​បាន​​​ប្រាប់​អ្នករាល់គ្នា​នោះ មិន​មែន​មក​ពី​ខ្លួន​ខ្ញុំ​ទេ គឺ​ព្រះ​វរបិតាដែល​នៅក្នុង​ខ្ញុំ ព្រះអង្គ​បាន​ធ្វើ​កិច្ចការ​របស់​ព្រះអង្គ។​ ១១ចូរ​ជឿ​ខ្ញុំ​ចុះ​ថា ខ្ញុំ​នៅក្នុង​ព្រះ​វរបិតា ហើយ​ព្រះ​វរបិតា​នៅក្នុង​ខ្ញុំ ប៉ុន្ដែបើ​មិនជឿទេ ចូរ​ជឿ​ ដោយ​ព្រោះតែ​កិច្ចការ​ទាំង​នោះ​ចុះ។

ការ​អធិស្ឋានក្នុងព្រះនាម​ព្រះយេស៊ូ

១២ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ជា​ពិត​ប្រាកដ​ថា អ្នក​ណា​ជឿ​លើ​ខ្ញុំ​ អ្នកនោះ​នឹង​ធ្វើ​កិច្ចការ​ដែល​ខ្ញុំធ្វើ​ដែរ​ ហើយគេ​នឹង​ធ្វើ​កិច្ចការ​ធំ​ជាង​នោះ​ផង​ ព្រោះ​ខ្ញុំនឹង​ទៅ​ឯ​ព្រះវរ​បិតា ​វិញ ១៣ហើយ​អ្នករាល់គ្នា​សុំ​អ្វី​ក៏ដោយ ​ដោយ​នូវ​ឈ្មោះ​របស់​ខ្ញុំ ខ្ញុំ​នឹង​ធ្វើ​ការ​​នោះដើម្បី​ឲ្យព្រះវរបិតា​បាន​តម្កើង​ឡើងតាម​រយៈ​ព្រះរាជ​បុត្រា​ ១៤ដូច្នេះ បើ​អ្នករាល់គ្នា​សុំ​​អ្វី​មួយ​ដោយ​នូវ​ឈ្មោះ​របស់​ខ្ញុំ ខ្ញុំ​នឹង​ធ្វើ​ការ​នោះ។​

ព្រះយេស៊ូសន្យា​អំពីព្រះវិញ្ញាណបរិសុទ្ធ

១៥បើ​អ្នករាល់គ្នាស្រឡាញ់​ខ្ញុំ អ្នករាល់គ្នាមុខ​ជា​កាន់តាម​បញ្ញត្តិ​របស់​ខ្ញុំ​ ១៦ខ្ញុំ​នឹង​សុំ​ព្រះ​វរបិតា ​ឲ្យ​ព្រះអង្គប្រទាន​អ្នកជំនួយ​ម្នាក់​ទៀត​ដល់​អ្នករាល់គ្នា ដើម្បីឲ្យ​​នៅ​ជាមួយ​អ្នករាល់គ្នាអស់កល្ប​ជានិច្ច​ ១៧ហើយ​ នោះជា​ព្រះ​វិញ្ញាណ​​នៃ​សេចក្ដី​ពិត ​ប៉ុន្ដែពិភព​លោក​មិន​អាច​ទទួល​យក​ព្រះ​វិញ្ញាណ​នោះ​បានទេ ​ព្រោះ​មើល​មិន​ឃើញ ហើយមិន​ស្គាល់​ផង​ ប៉ុន្ដែអ្នករាល់គ្នាស្គាល់​ហើយ ដ្បិត​ព្រះ​វិញ្ញាណ​នោះ​បាន​គង់​ជា​មួយ​​អ្នករាល់គ្នា ហើយ​​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់​គ្នា។ ១៨រីឯ​ខ្ញុំ​មិនទុក​ឲ្យអ្នក​រាល់គ្នា​នៅ​កំព្រា​ទេ ខ្ញុំ​នឹង​មក​ឯ​​អ្នករាល់គ្នា​វិញ ​១៩បន្តិច​ទៀត​នេះ មនុស្សលោក​នឹង​លែង​ឃើញខ្ញុំទៀត​ហើយ ប៉ុន្តែ​អ្នករាល់គ្នា​នឹង​ឃើញ​ខ្ញុំ ហើយ​ដោយ​ព្រោះ​ខ្ញុំ​រស់ នោះអ្នករាល់គ្នាក៏​រស់​ដែរ​ ២០រួចនៅ​ថ្ងៃ​នោះ អ្នករាល់គ្នា​នឹង​ដឹង​ថា ខ្ញុំ​នៅ​ក្នុង​ព្រះ​វរបិតា​របស់​ខ្ញុំ អ្នករាល់គ្នា​នៅក្នុង​ខ្ញុំ ហើយ​ខ្ញុំ​ក៏​នៅក្នុង​អ្នករាល់គ្នា​ដែរ។​ ២១ដូច្នេះ​អ្នក​ណា​មាន​​បញ្ញត្តិ​របស់​ខ្ញុំ ហើយ​កាន់​តាម អ្នកនោះ​ហើយ​ជា​អ្នក​ស្រឡាញ់​ខ្ញុំ​ រួចអ្នក​ណា​ដែល​ស្រឡាញ់​ខ្ញុំ ព្រះ​វរបិតា​របស់​ខ្ញុំ​នឹង​ស្រឡាញ់​អ្នកនោះ ហើយ​ខ្ញុំ​ក៏​ស្រឡាញ់​អ្នក​នោះ​ដែរ ព្រម​ទាំង​បង្ហាញ​ខ្លួន​ខ្ញុំ​ឲ្យ អ្នក​នោះ​ស្គាល់​ផង»។​ ២២លោក​យូដាស (​មិន​មែនអ៊ីស្ការីយ៉ុត​) បាន​ទូល​ទៅ​ព្រះអង្គ​ថា​៖ «ព្រះ​អម្ចាស់​អើយ! តើ​​ហេតុអ្វី​បានជា​ព្រះអង្គ​នឹង​បង្ហាញ​ខ្លួន​ឲ្យ​យើង​ស្គាល់ ប៉ុន្ដែមិន​ឲ្យមនុស្ស​លោក​ស្គាល់​ដូច្នេះ​?»​ ២៣ព្រះ​យេស៊ូមាន​បន្ទូលឆ្លើយ​ទៅ​គាត់ថា​៖ «បើអ្នកណា​ស្រឡាញ់​ខ្ញុំ​ អ្នកនោះ​នឹង​កាន់តាម​ពាក្យ​របស់​ខ្ញុំ ហើយ​ព្រះវរបិតា​របស់​ខ្ញុំ​ នឹង​ស្រឡាញ់​អ្នក​នោះ រួច​យើង​​នឹង​មក​ឯ​អ្នក​នោះ ហើយ​តាំង​ទីលំនៅនៅ​ជាមួយ​អ្នកនោះ។ ២៤ឯ​អ្នក​ណា​ដែលមិន​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​មិន​កាន់​តាម​ ពាក្យ​របស់​ខ្ញុំ​ឡើយ ហើយ​ពាក្យ​ដែល​អ្នក​រាល់​គ្នា​ឮ មិន​មែន​ជា​ពាក្យ​របស់ខ្ញុំទេ​ គឺ​ជា​ព្រះបន្ទូលរបស់ព្រះវរបិតា​ ដែល​បាន​ចាត់​ខ្ញុំឲ្យ​មក​ ២៥ដូច្នេះ ខ្ញុំប្រាប់​អ្នករាល់គ្នាអំពីសេចក្ដីទាំង​នេះ​ឲ្យ​ហើយ នៅ​ពេល​ដែល​ខ្ញុំ​នៅ​ជា​មួយ​អ្នករាល់គ្នា​នៅ​ឡើយ​ ២៦រីឯ​អ្នក​ជំនួយ ជា​ព្រះ​វិញ្ញាណ​​បរិសុទ្ធ​ដែល​ព្រះវរបិតា​នឹង​ចាត់​ឲ្យ​មក ​ដោយ​នូវ​ឈ្មោះ​របស់ខ្ញុំ ព្រះអង្គនឹង​បង្រៀន​អ្នក​រាល់​​គ្នា​អំពី​សេចក្ដី​ទាំង​អស់ ហើយ​រំឭក​អ្នក​រាល់​គ្នា​​អំពី​សេចក្ដី​ទាំងអស់​​​ ដែល​​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​​គ្នា។

ព្រះយេស៊ូប្រទានសេចក្ដីសុខសាន្ដ​

២៧ខ្ញុំ​ទុក​សេចក្ដី​សុខសាន្ត​ឲ្យអ្នករាល់​គ្នា​ ខ្ញុំ​ឲ្យសេចក្ដី​សុខសាន្ត​របស់​ខ្ញុំ​ដល់​អ្នករាល់​គ្នា គឺ​​​មិន​មែន​ដូច​ជា​មនុស្ស​លោក​ឲ្យ​អ្នក​រាល់​គ្នា​ទេ ដូច្នេះកុំ​ឲ្យចិត្ត​អ្នករាល់​គ្នា​ជ្រួល​ច្របល់ ឬ​​​ភ័យខ្លាច​ឡើយ។​ ២៨អ្នក​រាល់​គ្នា​បាន​ឮ​ខ្ញុំ​ប្រាប់​អ្នក​រាល់​​គ្នា​រួច​ហើយ​ថា ខ្ញុំ​ទៅ ប៉ុន្ដែ​ខ្ញុំ​នឹង​មក​ឯ​អ្នក​រាល់​គ្នា​វិញ បើ​អ្នករាល់គ្នា​ស្រឡាញ់​ខ្ញុំ អ្នក​រាល់​គ្នា​​មុខជា​អរសប្បាយ ដោយ​ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះ​វរ​បិតា ដ្បិតព្រះវរបិតា​វិសេស​ជាង​ខ្ញុំ។ ២៩ដូច្នេះខ្ញុំ​បាន​​ប្រាប់​អ្នករាល់គ្នា​រួច​ហើយ មុន​ការនោះ​កើត​ឡើង ដើម្បី​ពេល​ការនោះ​កើត​ឡើង អ្នករាល់គ្នា​នឹង​​ជឿ​ ៣០ហើយ​ខ្ញុំ​និយាយ​ជាមួយ​ អ្នករាល់គ្នា​មិន​បាន​ច្រើន​ទៀតទេ ដ្បិត​មេ​​ដឹក​នាំ​លោកិយ​​នេះ ​កំពុង​មក​ហើយ គេ​ធ្វើ​អ្វី​ខ្ញុំ​មិន​បាន​ទេ ​៣១ប៉ុន្ដែដើម្បី​ឲ្យ​មនុស្ស​លោក​​​ដឹង​ថា ខ្ញុំ​ស្រឡាញ់​ព្រះវរបិតា ហើយ​ខ្ញុំ​ធ្វើ​តាម​ដូច​ដែល​ព្រះវរបិតា​បាន​បង្គាប់​ខ្ញុំ។ ចូរ​​ក្រោក​ឡើង យើង​ចេញ​ពីទីនេះ​ទៅ។

យ៉ូហាន ១៤