យ៉ូហាន ១៣
ព្រះយេស៊ូលាងជើងពួកសាវក
១៣នៅមុនថ្ងៃបុណ្យរំលង ព្រះយេស៊ូបានជ្រាបថា ពេលកំណត់ដែលព្រះអង្គត្រូវយាងចេញពីពិភពលោកនេះទៅឯព្រះវរបិតា បានមកដល់ហើយ។ ព្រះអង្គស្រឡាញ់អស់អ្នកដែលនៅជាមួយព្រះអង្គនៅក្នុងពិភពលោកនេះណាស់ ហើយព្រះអង្គក៏ស្រឡាញ់ពួកគេ ដល់ចុងបំផុតដែរ។ ២នៅពេលបរិភោគអាហារពេលយប់នោះ អារក្សសាតាំង បានចូលទៅក្នុងចិត្ដរបស់យូដាសអ៊ីស្ការីយ៉ុត ជាកូនលោកស៊ីម៉ូនរួចជាស្រេច ដើម្បីឲ្យក្បត់ព្រះអង្គ ៣ព្រះយេស៊ូបានដឹងថា ព្រះវរបិតាបានប្រគល់អ្វីៗទាំងអស់ មកក្នុងព្រះហស្ដរបស់ព្រះអង្គហើយ ព្រមទាំងដឹងទៀតថា ព្រះអង្គបានមកពីព្រះជាម្ចាស់ ហើយត្រូវទៅឯព្រះជាម្ចាស់វិញ ៤ដូច្នេះព្រះអង្គក៏ក្រោកចេញពីតុអាហារ ហើយដោះអាវវែងចេញ រួចយកកន្សែងមួយមកក្រវាត់ខ្លួន ៥បន្ទាប់មកព្រះអង្គចាក់ទឹកក្នុងចានក្លាំមួយ រួចចាប់ផ្ដើមលាងជើងរបស់ពួកសិស្ស ហើយយកកន្សែងដែលព្រះអង្គក្រវាត់នោះមកជូតផង។ ៦ពេលព្រះអង្គមកដល់លោកស៊ីម៉ូនពេត្រុស នោះគាត់ទូលទៅព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! តើព្រះអង្គនឹងលាងជើងរបស់ខ្ញុំឬ?» ៧ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «នៅពេលនេះ អ្នកមិនយល់អំពីអ្វីដែលខ្ញុំកំពុងធ្វើទេ ប៉ុន្ដែអ្នកនឹងយល់នៅពេលក្រោយ» ៨លោកពេត្រុសទូលទៅព្រះអង្គថា៖ «ព្រះអង្គមិនត្រូវលាងជើងរបស់ខ្ញុំទេ!» ព្រះយេស៊ូមានបន្ទូលថា៖ «បើខ្ញុំមិនលាងឲ្យអ្នក នោះអ្នកគ្មានចំណែកជាមួយខ្ញុំឡើយ» ៩នោះលោកស៊ីម៉ូនពេត្រុសទូលទៅព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! សូមកុំលាងត្រឹមតែជើងរបស់ខ្ញុំ គឺសូមលាងទាំងដៃ ទាំងក្បាលផង» ១០ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «អ្នកដែលងូតទឹករួចហើយត្រូវការលាងជើងតែប៉ុណ្ណោះ ដ្បិតខ្លួនទាំងមូលរបស់អ្នកនោះបានស្អាតហើយ រីឯអ្នករាល់គ្នាបានស្អាតហើយដែរ ប៉ុន្ដែមិនមែនទាំងអស់គ្នាទេ» ១១ដ្បិតព្រះអង្គបានស្គាល់អ្នកក្បត់ព្រះអង្គ ហេតុនេះហើយបានជាព្រះអង្គមានបន្ទូលថា៖ «អ្នករាល់គ្នាមិនស្អាតទាំងអស់គ្នាទេ»។
ព្រះយេស៊ូពន្យល់អំពីអត្ថន័យនៃការលាងជើង
១២កាលព្រះអង្គលាងជើងរបស់ពួកគេរួចហើយ ព្រះអង្គក៏ពាក់អាវវែងវិញ រួចយាងទៅអង្គុយនៅតុអាហារវិញ ទាំងមានបន្ទូលទៅពួកគេថា៖ «តើអ្នករាល់គ្នាយល់អំពីអ្វីដែលខ្ញុំបានធ្វើសម្រាប់អ្នក រាល់គ្នាឬទេ? ១៣អ្នករាល់គ្នាហៅខ្ញុំថា លោកគ្រូ និងព្រះអម្ចាស់ នោះអ្នករាល់គ្នាហៅត្រូវហើយ ព្រោះគឺខ្ញុំមែន! ១៤ដូច្នេះ បើខ្ញុំជាព្រះអម្ចាស់ ហើយជាគ្រូបានលាងជើងឲ្យអ្នករាល់គ្នាទៅហើយ នោះអ្នករាល់គ្នា គួរលាងជើងឲ្យគ្នាទៅវិញទៅមកដែរ ១៥ដ្បិតខ្ញុំបានទុកគំរូមួយសម្រាប់អ្នករាល់គ្នាហើយ ដើម្បីឲ្យអ្នករាល់គ្នាធ្វើតាម ដូចដែលខ្ញុំបានធ្វើសម្រាប់អ្នករាល់គ្នាដែរ ១៦ហើយខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា បាវបម្រើមិនដែលធំជាងចៅហ្វាយរបស់ខ្លួនទេ ហើយអ្នកដែលគេចាត់ឲ្យទៅ ក៏មិនដែលធំជាងអ្នក ដែលចាត់ខ្លួនឲ្យទៅដែរ ១៧ដូច្នេះ បើអ្នករាល់គ្នាដឹងសេចក្ដីទាំងនេះ ហើយធ្វើតាម នោះអ្នករាល់គ្នាមានពរហើយ ១៨ខ្ញុំមិនមែននិយាយពីអ្នកទាំងអស់គ្នាទេ ខ្ញុំស្គាល់អស់អ្នកដែលខ្ញុំបានជ្រើសរើស ប៉ុន្ដែ ដើម្បីឲ្យសម្រេចតាមបទគម្ពីរដែលបានចែងថា អ្នកដែលបរិភោគនំប៉័ងរបស់ខ្ញុំ អ្នកនោះបានលើកកែងជើងរបស់ខ្លួន ទាស់នឹងខ្ញុំ។១៩ពេលនេះ ខ្ញុំប្រាប់អ្នករាល់គ្នាឲ្យហើយ មុនការនោះកើតឡើង ដើម្បីនៅពេលការនោះកើតឡើង នោះអ្នករាល់គ្នានឹងជឿថា គឺខ្ញុំមែន ២០ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា អ្នកណាទទួលអ្នកដែលខ្ញុំចាត់ឲ្យទៅ អ្នកនោះទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំ អ្នកនោះក៏ទទួលព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកដែរ»។
ព្រះយេស៊ូប្រាប់ថា យូដាសក្បត់ព្រះអង្គ
២១កាលព្រះអង្គមានបន្ទូលអំពីសេចក្ដីទាំងនេះរួចហើយ ព្រះអង្គជ្រួលច្របល់ក្នុងវិញ្ញាណជាខ្លាំង ក៏ធ្វើបន្ទាល់ថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា នៅក្នុងចំណោមអ្នករាល់គ្នា មានម្នាក់នឹងក្បត់ខ្ញុំ»។ ២២ពេលនោះ ពួកសិស្សក៏ងាកមើលគ្នាទៅវិញទៅមក ទាំងមិនដឹងថា ព្រះអង្គមានបន្ទូលអំពីអ្នកណាទេ។ ២៣មានសិស្សម្នាក់ ដែលព្រះយេស៊ូស្រឡាញ់ គាត់កំពុងអង្គុយនៅតុអាហារផ្អែកលើព្រះឱរារបស់ព្រះអង្គ ២៤ដូច្នេះ លោកស៊ីម៉ូនពេត្រុសក៏ធ្វើសញ្ញា ឲ្យអ្នកនោះទូលសួរព្រះអង្គអំពីអ្នក ដែលព្រះអង្គមានបន្ទូលនោះ ២៥អ្នកនោះក៏ទម្រេតលើព្រះឱរា របស់ព្រះយេស៊ូ ហើយសួរថា៖ «ព្រះអម្ចាស់អើយ! តើអ្នកនោះជានរណា?» ២៦ព្រះយេស៊ូឆ្លើយថា៖ «អ្នកនោះជាអ្នកដែលខ្ញុំជ្រលក់ចំណិតនំប៉័ងហុចទៅឲ្យ»។ ដូច្នេះព្រះអង្គក៏ជ្រលក់ចំណិតនំប៉័ង ហើយឲ្យទៅយូដាស ជាកូនរបស់លោកស៊ីម៉ូនអ៊ីស្ការីយ៉ុត។ ២៧ក្រោយពីទទួលចំណិតនំប៉័ងនោះហើយ នោះអារក្សសាតាំងក៏ចូលគាត់ រួចព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «អ្នកចង់ធ្វើអ្វី ចូរប្រញាប់ធ្វើចុះ»។ ២៨ក្នុងចំណោមពួកអ្នកដែលអង្គុយនៅតុ គ្មានអ្នកណាម្នាក់ដឹងថា ហេតុអ្វីបានជាព្រះអង្គមានបន្ទូល ទៅគាត់ដូច្នេះឡើយ ២៩ហើយមានអ្នកខ្លះស្មានថា ដោយព្រោះតែយូដាសកាន់ថង់ប្រាក់ បានជាព្រះយេស៊ូប្រាប់គាត់ឲ្យទៅទិញឥវ៉ាន់ ដែលត្រូវការសម្រាប់ពិធីបុណ្យ ឬឲ្យគាត់ទៅចែកអ្វីដល់ពួកអ្នកក្រ។ ៣០កាលយូដាសបានទទួលចំណិតនំប៉័ងនោះហើយ គាត់ក៏ចេញទៅភ្លាម ពេលនោះយប់ហើយ។
បញ្ញត្ដិថ្មី
៣១ពេលគាត់ចេញផុតទៅ ព្រះយេស៊ូក៏មានបន្ទូលថា៖ «ឥឡូវនេះ កូនមនុស្ស បានតម្កើងឡើងហើយ ឯព្រះជាម្ចាស់ក៏បានតម្កើងឡើង តាមរយៈកូនមនុស្សដែរ ៣២ដូច្នេះ បើព្រះជាម្ចាស់បានតម្កើងឡើង តាមរយៈកូនមនុស្ស នោះព្រះអង្គ ក៏នឹងតម្កើងកូនមនុស្សឡើងតាមរយៈព្រះអង្គដែរ ហើយព្រះអង្គនឹងតម្កើងកូនមនុស្សឡើងឆាប់ៗនេះ។ ៣៣កូនតូចៗអើយ! ខ្ញុំនៅជាមួយអ្នករាល់គ្នាតែបន្តិចទៀតទេ អ្នករាល់គ្នានឹងរកខ្ញុំ ដូចដែលខ្ញុំបានប្រាប់ជនជាតិយូដារួចហើយ ឥឡូវនេះ ខ្ញុំក៏ប្រាប់អ្នករាល់គ្នាដែរថា កន្លែងដែលខ្ញុំទៅ អ្នករាល់គ្នាពុំអាចទៅបានទេ។ ៣៤ខ្ញុំឲ្យបញ្ញត្តិថ្មីមួយដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ចូរស្រឡាញ់គ្នា ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។ ៣៥មនុស្សទាំងអស់នឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្ដីនេះ គឺបើអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក»។
ព្រះយេស៊ូប្រាប់ឲ្យដឹងជាមុនថា លោកពេត្រុសនឹងបដិសេធព្រះអង្គ
៣៦លោកស៊ីម៉ូនពេត្រុស ទូលសួរព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! តើ ព្រះអង្គនឹងយាងទៅណា?» ព្រះយេស៊ូឆ្លើយទៅគាត់ថា៖ «កន្លែងដែលខ្ញុំទៅនោះ អ្នកពុំអាចទៅតាមខ្ញុំបានទេ នៅពេលឥឡូវនេះ ប៉ុន្ដែ នៅពេលក្រោយទើបអ្នកទៅបាន»។ ៣៧លោកពេត្រុសទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! តើហេតុអ្វីបានជាខ្ញុំមិនអាចទៅតាមព្រះអង្គបាននៅពេលឥឡូវនេះ? ខ្ញុំនឹងលះបង់ជីវិតរបស់ខ្ញុំដើម្បីព្រះអង្គ» ៣៨ព្រះយេស៊ូមានបន្ទូលតបថា៖ «តើអ្នកនឹងលះបង់ជីវិតដើម្បីខ្ញុំឬ? ខ្ញុំប្រាប់អ្នកជាពិតប្រាកដថា មុនមាន់រងាវ អ្នកនឹងបដិសេធខ្ញុំបីដង។