KCB - យ៉ូហាន ១២


យ៉ូហាន ១២

ព្រះយេស៊ូទទួល​ប្រេង​តាំង​នៅក្រុង ​​បេថានី​

១២មុន​បុណ្យ​រំលង​​ប្រាំមួយ​ថ្ងៃ ព្រះយេស៊ូបាន​យាង​មក​ក្រុង​បេថានី​ ជា​កន្លែង​ដែល​ឡាសារ​នៅ​ គាត់​ជា​អ្នកដែល​ព្រះយេស៊ូបាន​ប្រោស​ឲ្យ​រស់​ពី​ស្លាប់។​ នៅទី​នោះគេ​រៀប​ចំ​អាហារ​ពេល​ល្ងាចសម្រាប់​ព្រះអង្គ ហើយនាង​ម៉ាថា​កំពុង​បម្រើ​ភ្ញៀវ​ ឯឡាសារ​វិញ​ គាត់​ក៏​ជា​ម្នាក់​នៅ​ក្នុងចំណោមពួក​អ្នកដែល​អង្គុយ​​រួម​តុ​អាហារ​ជាមួយ​ព្រះអង្គ​ដែរ។​ នៅ​ពេលនោះ នាង​ម៉ារា​យក​ប្រេងក្រអូប​​ទេពិ្វរូ​ សុទ្ធ​​ដ៏​មាន​តម្លៃ ចំណុះ​​​ប្រហែល​កន្លះលីត្រ មក​ចាក់​លាប​បាទា​របស់​ព្រះ​យេស៊ូ រួច​ជូត​បាទា​របស់​ព្រះអង្គ​ ដោយ​សក់​របស់​នាង ក្លិន​ប្រេង​ក្រអូប​នោះ​បាន​សាយ​ភាយ​ពេញ​ក្នុង​ផ្ទះ​ ប៉ុន្ដែមាន​សិស្ស​​ម្នាក់​របស់​ព្រះអង្គ​ឈ្មោះ យូដាស​អ៊ីស្កា​រីយ៉ុត ជា​អ្នក​បម្រុង​ក្បត់​ព្រះអង្គ បាន​និយាយ​ថា​៖​ «តើ​ហេតុអ្វី​មិន​លក់​ប្រេង​ក្រអូប​នេះ​ឲ្យបាន​បីរយ​ឌេណារី ហើយ​ចែក​ទាន​​អ្នក​ក្រ​ទៅ​?»​ គាត់​និយាយ​ដូច្នេះ មិន​មែន​ ដោយ​ព្រោះ​គាត់​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ក្រ​ទេ គឺ​គាត់​ជា​ចោរ ជា​អ្នក​កាន់​​ថង់​ប្រាក់ ហើយ​បាន​កេង​យក​របស់​ដែល​ដាក់​នៅក្នុង​នោះ។​ ប៉ុន្ដែ​ព្រះ​យេស៊ូ​មាន​បន្ទូល​​ថា​៖ «ទុក​ឲ្យនាង​ធ្វើ​ចុះ​! ដ្បិត​នាង​ទុក​ប្រេង​ក្រអូប​នេះ សម្រាប់​ថ្ងៃ​បញ្ចុះ​សព​របស់​ខ្ញុំ។​​ ​អ្នករាល់គ្នា មាន​អ្នកក្រនៅ​ជាមួយអ្នករាល់គ្នាជានិច្ច ប៉ុន្ដែ​ខ្ញុំ​មិន​នៅ​ជាមួយ​អ្នករាល់គ្នា​ជានិច្ច​ទេ»​។​ មាន​ពួក​ជន​ជាតិ​យូដា​ច្រើន​កុះករ​បាន​ដឹង​ថា​ ព្រះអង្គ​គង់​នៅ​ទីនោះ ដូច្នេះពួកគេ​នាំគ្នា​មក ប៉ុន្ដែ​មិន​មែន​ដោយ​ព្រោះ​ព្រះ​យេស៊ូ​ប៉ុណ្ណោះ​ទេ គឺ​ពួកគេ​ចង់​ឃើញ​ឡាសារ ​ដែល​ព្រះអង្គបាន​ប្រោស​ឲ្យ​រស់​​ពី​ស្លាប់ឡើង​វិញ​​នោះ​ដែរ។ ១០ពួក​សម្តេច​សង្ឃក៏​ពិគ្រោះ​គ្នា ដើម្បីសម្លាប់​ឡាសារ​ដែរ​ ១១ហើយ​ដោយសារតែ​គាត់ ជនជាតិ​យូដា​ជា​ច្រើន​​ដក​ខ្លួន​ចេញ​ពី​ពួកគេ​ទៅ​ជឿ​លើ​ព្រះ​យេស៊ូ​វិញ។

ព្រះយេស៊ូយាង​ចូល​ក្រុងយេរូសាឡិម

១២នៅ​ថ្ងៃបន្ទាប់ កាល​បណ្តាជន​ច្រើន​កុះករ ដែល​​មក​ចូលរួម​ពិធី​បុណ្យ ​បាន​ឮ​ថា ព្រះ​យេស៊ូ​កំពុង​យាងមក​ក្រុង​យេរូសាឡិម ១៣នោះ​ពួកគេ​ក៏​យក​ធាង​ចាក ចេញ​ទៅ​ទទួលព្រះអង្គ ទាំង​ស្រែក​ថា​៖ «ហូសាណា​ សូម​ថ្វាយ​ព្រះពរ​ដល់​ព្រះអង្គ​ ដែល​យាង​មក​ក្នុង​ព្រះ​នាម​ព្រះអម្ចាស់ ជា​ស្តេច​របស់ជន​ជាតិ​អ៊ីស្រាអែល​!»១៤កាល​ព្រះ​យេស៊ូ​រក​បាន​កូនលា​មួយ​ក្បាល នោះ​ព្រះ​អង្គ​​ក៏​គង់​លើ​ខ្នង​វា ស្រប​តាម​សេចក្ដី​ដែល​បាន​ចែងទុកមក​ថា​ ១៥កុំ​ខ្លាច​អី​ កូន​ស្រី​ក្រុង​ស៊ីយ៉ូន​អើយ! មើល៍ ស្តេច​របស់​អ្នក​យាងមក​ហើយ ព្រះអង្គ​គង់​លើ​ខ្នង​កូន​លា​។​ ១៦មុន​ដំបូង ពួក​សិស្ស​របស់​ព្រះអង្គ​មិន​យល់​សេចក្ដី​ទាំងនេះ​ទេ ប៉ុន្ដែ​កាល​ព្រះ​យេស៊ូ​បាន​តម្កើង​ឡើង នោះ​ទើប​ពួក​គេ​នឹក​ឃើញ​ថា សេចក្ដី​ទាំង​នេះ​​បាន​ចែង​ទុក​​អំពី​ព្រះអង្គ ហើយ​ពួកគេ​ក៏​បាន​​ធ្វើ​កិច្ចការ​ទាំង​នោះ​សម្រាប់​ព្រះអង្គ​ដែរ។​ ១៧រីឯ​បណ្តាជន​ដែល​នៅ​ជាមួយ​ព្រះអង្គ ពួកគេបាន​ធ្វើ​បន្ទាល់​អំពី​ការ ដែល​ព្រះអង្គ​បាន​ហៅ​​ឡាសារ​​ឲ្យចេញ​ពី​ផ្នូរ និង​បាន​ប្រោស​គាត់​​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​ ១៨ដូច្នេះហើយ បានជា​មាន​​បណ្តាជន​ទៅ​ទទួល​ព្រះអង្គ ព្រោះ​ពួកគេ​ឮ​ថា ព្រះអង្គ​បាន​ធ្វើ​ទីសំគាល់​​​អស្ចារ្យ​នោះ។​ ១៩ពេលនោះ ពួក​អ្នកខាង​គណៈផារិស៊ី​​និយាយ​គ្នា​ថា​៖ «ឃើញ​ទេ យើង​មិន​ឈ្នះ​ទេ​ មើល៍ មនុស្ស​ទៅ​តាម​អ្នក​​នោះ​អស់​ហើយ​!»​

ព្រះយេស៊ូប្រាប់​អំពីការ​សោយទិវង្គត​​របស់ព្រះអង្គ

២០ក្នុងចំណោម​ពួក​អ្នក ដែល​ឡើង​ទៅថ្វាយបង្គំនៅក្នុង​ពិធី​បុណ្យ​នោះ ក៏​មាន​ជនជាតិ​ក្រេក​ខ្លះដែរ ​២១អ្នក​ទាំង នោះ​បាន​ចូលមកជិត​លោក​ភីលីព ជាអ្នកក្រុង​បេត​សៃ​ដា ក្នុង​ស្រុក​កាលីឡេ ​ហើយ​ពួកគេ​សុំ​គាត់ថា​៖ «លោក! យើង​​ចង់​ឃើញ​ព្រះ​យេស៊ូ» ២២ដូច្នេះ លោក​ភីលីព​បាន​ទៅ​ប្រាប់​លោក​អនទ្រេ ហើយ​លោក​អនទ្រេ និង​លោក​ភីលីព​ក៏​ទៅ​ទូល​ព្រះ​យេស៊ូ។​ ២៣ព្រះ​យេស៊ូ​មានបន្ទូលឆ្លើយ​ទៅ​ពួកគាត់​ថា​៖ «ពេល​​ដែល​កូន​មនុស្ស​​ត្រូវ​តម្កើងឡើង​នោះ បាន​មកដល់​ហើយ​ ២៤ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ជា​ពិត​ប្រាកដ​ថា គ្រាប់​ស្រូវ​ដែល​ធ្លាក់​ចុះ​ទៅ​ដី បើ​មិន​ងាប់​ទេ គ្រាប់នោះ​នៅ​តែ​មួយ​ដដែល ប៉ុន្ដែ​បើ​ងាប់​វិញ នោះ​ទើប​បង្កើត​ផល​បាន​ច្រើន​ ២៥អ្នក​ណា​ដែល​ស្រឡាញ់​ជីវិត​ខ្លួន នោះ​នឹង​បាត់​ជីវិត​ទៅ ប៉ុន្ដែ​ អ្នក​ណា​ដែល​ស្អប់​ជីវិត​ខ្លួន​នៅក្នុង​លោកិយ​​នេះ អ្នក​នោះ​នឹង​រក្សា​ជីវិត​បាន​រហូត​អស់កល្ប​ជានិច្ច​​ ២៦បើ​អ្នក​ណា​បម្រើ​ខ្ញុំ ចូរ​ឲ្យអ្នកនោះ​មកតាម​ខ្ញុំ​ចុះ ខ្ញុំ​នៅ​ទី​ណា អ្នក​បម្រើ​របស់​ខ្ញុំ​ក៏​នៅ​ទី​នោះ​ដែរ ហើយ​បើ​អ្នក​ណា​បម្រើ​ខ្ញុំ នោះ​ព្រះ​វរបិតា​នឹង​លើកមុខ​អ្នកនោះ​ឡើង។​

២៧ឥឡូវនេះ ខ្ញុំ​មាន​ចិត្ត​ជ្រួល​ច្របល់​ណាស់ តើ​ត្រូវ​ឲ្យខ្ញុំ​និយាយ​ដូចម្តេច​? ឱ​ព្រះវរបិតា​អើយ!​ សូម​សង្គ្រោះ​ខ្ញុំពី​ពេល​នេះ​ផង ប៉ុន្ដែ​ដោយព្រោះ​ការ​នេះ​ហើយ បានជា​ខ្ញុំ​មក​ដល់​ពេលកំណត់​​នេះ​ ២៨ឱ​ព្រះវរបិតា​អើយ សូម​តម្កើង​ព្រះនាម​របស់​ព្រះអង្គ​!»​នោះ​ស្រាប់​តែ​មាន​សំឡេង​មួយ​ពី​លើ​មេឃ​មក​ថា​៖ «យើង​បាន​តម្កើងឡើង​ហើយ យើង​នឹង​តម្កើង​ឡើង​ទៀត»។​ ២៩ពេលនោះបណ្តាជន​ដែល​ឈរ​នៅទីនោះ​បាន​ឮ ក៏​និយាយ​ថា៖ «មាន​ផ្គរលាន់​!» អ្នក​ខ្លះទៀត​និយាយ​ថា៖ «មាន​ទេវតា​និយាយ​ជាមួយ​គាត់»​ ៣០ប៉ុន្ដែ​ ព្រះ​យេស៊ូ​មានបន្ទូល​ឆ្លើយ​​ថា​៖ «សំឡេង​នេះ​មក មិន​មែន​ដោយ​ព្រោះ​​ខ្ញុំ​ទេ គឺ​ដោយព្រោះ​អ្នករាល់គ្នាវិញ​៣១ឥឡូវ​​​នេះជា​ពេលជំនុំជម្រះ​​ពិភព​លោក​នេះ ហើយ​​ត្រូវ​បណ្តេញ​ពួក​អ្នកគ្រប់គ្រង​ពិភព​លោក​នេះ​ចេញ​ ៣២រីឯ​ខ្ញុំ​វិញ បើ​ខ្ញុំ​ត្រូវ​បាន​លើកឡើង​ពី​ផែនដី​នេះ នោះ​ខ្ញុំ​នឹង​នាំ​មនុស្ស​ទាំងអស់​ឲ្យ​មក​ឯ​ខ្ញុំ»​។​ ៣៣ព្រះអង្គ​មាន​បន្ទូល​​ដូច្នេះដើម្បី​បង្ហាញ​​ថា​ ការ​ដែល​ព្រះអង្គ​សោយទិវង្គត​​ ជា​ការ​សោយទិវង្គត​​បែបណា។​ ៣៤បណ្តាជន​ទូល​ឆ្លើយ ​ទៅ​ព្រះអង្គ​ថា​៖ «យើង​បាន​ឮ​ពី​គម្ពីរ​​វិន័យ​ ថា ព្រះគ្រិស្ដ​ត្រូវ​គង់​នៅ​អស់កល្ប​ជានិច្ច ចុះ​ហេតុ​ដូចម្តេច​បានជា​អ្នក​និយាយ​ថា កូន​មនុស្ស​​ត្រូវ​លើក​ឡើង​ដូច្នេះ?​ តើ​កូន​មនុស្ស​​​នោះ​ជា​នរណា​?»​ ៣៥ព្រះ​​​យេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា​៖ «ពន្លឺ​នៅ​ក្នុងចំណោម​អ្នករាល់គ្នា​ តែ​មួយ​រយៈពេល​ខ្លី​ទេ ដូច្នេះចូរ​ដើរ​ នៅ​ពេល​ដែល​អ្នករាល់គ្នា​នៅ​មាន​ពន្លឺ​ចុះ ដើម្បី​កុំ​ឲ្យសេចក្ដី​ងងឹត​តាម​អ្នក​រាល់​គ្នា​ទាន់ ឯ​អ្នក​ដែល​​ដើរ​ក្នុង​សេចក្ដី​ងងឹត គេ​មិន​ដឹង​ថា ខ្លួនឯង​កំពុង​ទៅ​ណា​ទេ​។​ ៣៦ចូរ​ជឿ​លើ​​ពន្លឺ​ចុះ ទាន់​អ្នករាល់គ្នា​នៅ​មាន​ពន្លឺ ដើម្បី​ឲ្យអ្នករាល់គ្នា​ ត្រលប់​ជា​កូន​នៃ​ពន្លឺ»។ ​កាល​ព្រះ​យេស៊ូ​​មាន​បន្ទូល ​​អំពី​សេចក្ដី​ទាំងនេះហើយ ព្រះ​អង្គ​ក៏​យាង​ចេញ​ទៅ ហើយ​លាក់​ខ្លួន​ពី​ពួកគេ។

លោកអេសាយ​ថ្លែង​ទុក​អំពីភាព​គ្មាន​ជំនឿ​

៣៧ទោះបី​ព្រះ​យេស៊ូ​បាន​ធ្វើ​ទីសំគាល់​​​អស្ចារ្យ​ជា​ច្រើន​ នៅ​ចំពោះ​មុខ​ពួកគេ​យ៉ាងណា​ក៏ដោយ ក៏​ពួកគេ​នៅតែ​មិន​ជឿលើ​​ព្រះអង្គ​ដែរ​ ៣៨ដូច្នេះក៏​សម្រេច​តាម​ពាក្យ​របស់​លោក​អេសាយ​​ ជាអ្នកនាំ​ព្រះបន្ទូល ដែល​បាន​ថ្លែង​ទុក​មក​ថា​ ព្រះអម្ចាស់​​អើយ​! តើ​អ្នក​ណា​ជឿ​លើ​សេចក្ដី​ដែល​​យើង​បាន​ប្រាប់​? តើ​ព្រះហស្ត​​​របស់​ព្រះអម្ចាស់​បើក​សំដែង​​ឲ្យអ្នកណា​ឃើញ​វិញ​? ៣៩ដូច្នេះ​ហើយពួកគេមិន​អាច​ជឿ​បាន​ឡើយ ព្រោះលោក​​​អេសាយ​បាន​ថ្លែង​ទុក​ទៀត ​ថា​ ៤០ព្រះអង្គ​បាន​ធ្វើ​ឲ្យភ្នែក​របស់​ពួកគេ​ខ្វាក់ ហើយ​ឲ្យ​ចិត្ត​របស់​ពួកគេ​រឹង ដើម្បី​កុំ​ឲ្យពួកគេ​មើលឃើញ​ដោយ​ភ្នែក ហើយ​យល់​នៅក្នុង​ចិត្ដ ​រួច​ប្រែចិត្ត នោះ​យើងនឹង​ប្រោស​ពួកគេ​ឲ្យ​ជា​៤១លោក​អេសាយ​និយាយអំពី​សេចក្ដី​ទាំង​នេះ ព្រោះ​គាត់​បាន​ឃើញ​សិរី​រុងរឿង​របស់​ព្រះ​អង្គ ហើយ​គាត់​ក៏​ថ្លែង​ទុក​អំពី​ព្រះអង្គ។​ ៤២ទោះ​​​ជា​យ៉ាងណាក្ដី ក៏​មាន​ច្រើន​នាក់​ក្នុង​ចំណោម​ពួក​មេ​ដឹក​នាំ​ជឿលើ​ព្រះអង្គ​ដែរ ប៉ុន្ដែ ដោយ​​សារតែ​ពួក​អ្នកខាង​គណៈផារិស៊ី​ ពួកគេ​មិន​ប្រកាស​ជំនឿ​របស់​ខ្លួន​ទេ ក្រែង​លោ​ត្រូវ​បណ្ដេញ​ចេញ​ពី​សាលាប្រជុំ​ ៤៣ព្រោះ​ពួកគេ​ចូលចិត្ត​ការ​សរសើរ​របស់​មនុស្ស​​ ជាង​ការ​សរសើរ​​របស់ព្រះជាម្ចាស់។

សេចក្ដីសង្ខេប​អំពីបេសកកម្ម​របស់ ព្រះយេស៊ូ

៤៤ព្រះ​យេស៊ូ​បន្លឺ​សំឡេង​ឡើង​ថា​៖ «អ្នក​ណា​ដែល​ជឿ​លើ​ខ្ញុំ អ្នកនោះ​មិន​មែន​ជឿ​លើ​ខ្ញុំ​ទេ គឺ​ជឿលើ​​ព្រះ​មួយអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ៤៥ហើយ​​អ្នក​ណា​ដែល​ឃើញ​ខ្ញុំ អ្នកនោះ​ក៏​ឃើញ​ព្រះ​មួយ​អង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ដែរ​ ៤៦ខ្ញុំ​ជា​ពន្លឺ​មួយ​ ដែល​មក​ក្នុង​ពិភព​លោក​នេះ ដើម្បី​ឲ្យអស់​អ្នក​ដែល​ជឿ​លើ​ខ្ញុំ មិន​នៅ​ក្នុង​សេចក្ដី​ងងឹត​ទៀត​​ឡើយ​ ៤៧បើ​អ្នក​ណា​ឮ​ពាក្យ​របស់​ខ្ញុំ ប៉ុន្ដែ​មិន​ធ្វើ​តាមនោះ​ខ្ញុំ​ក៏​មិន​ដាក់​ទោស​គេ​ដែរ ដ្បិត​ខ្ញុំ​មិនមែន​មក​ដាក់​ទោស​មនុស្ស​លោក​ឡើយ គឺ​មក​សង្គ្រោះ​មនុស្ស​លោក​វិញ​ ៤៨អ្នក​ណា​ដែលបដិសេធ​​ខ្ញុំ ហើយ​មិន​ទទួល​ពាក្យ​របស់​ខ្ញុំ អ្នក​នោះ​​មាន​ចៅ​ក្រម​ដាក់​ទោស​គេហើយ គឺជា​ពាក្យ​ដែល​ខ្ញុំ​បាន​និយាយ​នោះឯង ដែល​នឹង​ដាក់ទោស​គេ​នៅ​ថ្ងៃ​ចុងក្រោយ​ ៤៩ព្រោះ​​ខ្ញុំ​មិន​បាន​និយាយ​ដោយ​ខ្លួនខ្ញុំ​ទេ ផ្ទុយ​ទៅ​វិញ ព្រះ​វរបិតា​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក បាន​បង្គាប់​ខ្ញុំ​អំពី​អ្វីដែល​ខ្ញុំ​ត្រូវ​និយាយ និង​អ្វី​ដែល​ខ្ញុំ​ត្រូវ​ប្រាប់​ ៥០ហើយ​ខ្ញុំ​ដឹង​ថា សេចក្ដី​បង្គាប់​របស់​ព្រះអង្គ​ ជា​ជីវិត​អស់កល្ប​ជានិច្ច ដូច្នេះអ្វី​ដែល​ខ្ញុំ​ប្រាប់​ គឺ​ខ្ញុំ​ប្រាប់​តាមតែ​ព្រះ​វរបិតា​បាន​ប្រាប់​ខ្ញុំ​ប៉ុណ្ណោះ»​

យ៉ូហាន ១២