KCB - យ៉ូហាន ១១


យ៉ូហាន ១១

ការ​ស្លាប់​របស់​ឡាសារ​

១១មាន​បុរស​ម្នាក់​មាន​ជំងឺគាត់​ឈ្មោះ​ឡាសារ នៅ​ក្រុង​បេថានី ជា​ក្រុង​របស់​នាង​ម៉ារា និង​បងស្រីរបស់​​នាង​ឈ្មោះ​ម៉ាថា​ នាង​ម៉ារា​គឺ​ជា​អ្នក​ដែល​បាន​ចាក់​ប្រេង​ក្រអូប​ លើ​ព្រះអម្ចាស់ ព្រមទាំង​បាន​ជូត​បាទា​ព្រះអង្គ​ដោយ​សក់​របស់​នាង រីឯ​ឡាសារ​ដែល​មាន​ជំងឺ​ ជា​ប្អូន​ប្រុស​របស់​នាង​ ដូច្នេះបងប្អូនស្រី​ទាំង​ពីរ​បាន​ចាត់​ឲ្យ​គេ​ទៅ​ទូល​ព្រះអង្គថា​៖ «ព្រះអម្ចាស់​អើយ! មើល៍ អ្នក​ដែល​ព្រះអង្គ​ស្រឡាញ់​កំពុង​ឈឺ​ហើយ»។​​ ប៉ុន្ដែ​ពេល​​ព្រះ​យេស៊ូ​ឮ​ដូច្នេះ ព្រះអង្គ​មានបន្ទូល​ថា​៖ «ជំងឺ​នេះ​មិន​ដល់​ស្លាប់​ទេ គឺសម្រាប់​ជា​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​វិញ ដើម្បី​ឲ្យព្រះ​រាជ​បុត្រា​របស់ព្រះជាម្ចាស់បាន​តម្កើង​ឡើង​ដោយសារ​ជំងឺ​នេះ»​។​ ព្រះ​យេស៊ូ​ស្រឡាញ់​ឡាសារ នាង​ម៉ាថា និង​ប្អូន​ស្រី​របស់​នាង​ណាស់​ ដូច្នេះ​ពេល​ព្រះអង្គ​ឮ​ថា គាត់​ឈឺ ព្រះអង្គ​ក៏​គង់​នៅ​កន្លែង​ដដែល​នោះ​ពីរ​ថ្ងៃ​ទៀត​ ក្រោយមក​ព្រះអង្គ​មានបន្ទូល​ទៅ​កាន់​ពួក​សិស្ស​ថា​៖ «ចូរ​យើង​ត្រលប់​ទៅ​ស្រុក​យូដា​វិញ»។​ ពួក​សិស្ស​ទូល​ព្រះអង្គ​ថា​៖ «លោក​គ្រូ ពួក​ជនជាតិ​យូដា​ ទើបតែរកគប់លោក​គ្រូ តើ​លោក​គ្រូ​គិត​ទៅ​ទី​នោះ​ទៀត​ឬ?»​ ព្រះ​យេស៊ូ​ឆ្លើយ​ថា​៖ «តើ​នៅពេល​ថ្ងៃ​មិន​មាន​ដប់ពីរ​ម៉ោង​ទេ​ឬ​? បើ​អ្នក​ណា​ដើរ​នៅ​ពេល​ថ្ងៃ នោះ​មិន​ជំពប់​ជើង​ឡើយ ព្រោះ​គេ​ឃើញ​ពន្លឺ​របស់​ពិភព​លោក​នេះ​ ១០ប៉ុន្ដែ ​បើ​អ្នក​ណា​ដើរ​នៅ​ពេល​យប់ អ្នកនោះ​ត្រូវ​ជំពប់​ជើង​ហើយ ព្រោះ​គ្មាន​ពន្លឺ​នៅ​ក្នុង​អ្នកនោះ​ទេ»។​ ១១ក្រោយពី​មាន​បន្ទូល​​សេចក្ដី​ទាំងនេះ​ហើយ ព្រះអង្គ​មានបន្ទូល​ទៅ​ពួកគេ​ទៀត​ថា​៖ «ឡាសារ ជា​មិត្ត​សម្លាញ់​របស់​យើង គាត់​បាន​ដេកលក់​ទៅ​ហើយ ប៉ុន្ដែ ​ខ្ញុំ​នឹង​ទៅ​ដាស់​គាត់» ១២ពេលនោះពួក​សិស្ស​ទូល​ព្រះអង្គ​ថា​៖ «ព្រះអម្ចាស់​អើយ! បើ​គាត់​ដេកលក់ គាត់​នឹង​ជា​វិញ​មិនខាន»។​ ១៣ព្រះ​យេស៊ូ​មាន​បន្ទូល​ អំពី​ការ​ស្លាប់របស់​ឡាសារ ប៉ុន្ដែ​ពួកសិស្ស​ស្មាន​ថា ព្រះអង្គ​កំពុង​មានបន្ទូល​អំពី​ការ​ដេកលក់​ធម្មតា​ ១៤ហេតុនេះ​ហើយ បានជា​ព្រះ​យេស៊ូ​មានបន្ទូល​ទៅ​​ពួកគេ​ត្រង់ៗ​ថា​៖ «ឡាសារ​ស្លាប់​ហើយ​!​ ១៥ហើយ​ដោយព្រោះ​អ្នករាល់គ្នា ខ្ញុំ​ត្រេកអរ​ណាស់ ដែល​ខ្ញុំ​មិន​បាន​នៅ​ទីនោះ ដើម្បី​ឲ្យអ្នករាល់គ្នា​ជឿ ដូច្នេះចូរ​យើង​ទៅ​ឯ​គាត់»។ ​១៦ពេល​នោះ​លោក​ថូម៉ាស ហៅ​ឌីឌីម ក៏​និយាយ​ទៅ​ពួក​សិស្សជា​គូ​កន​របស់​គាត់​ថា​៖ «ចូរ​យើង​ទៅ​ស្លាប់​​ជា​មួយ​​គាត់​ដែរ»។

ព្រះយេស៊ូជា​សេចក្ដី​រស់​ឡើង​វិញ​ និងជា​ជីវិត​

១៧ពេលព្រះយេស៊ូយាង​ទៅ​ដល់​ហើយ ព្រះអង្គ​​​ជ្រាប​ថា ឡាសារ​ត្រូវ​បាន​បញ្ចុះ​នៅក្នុង​ផ្នូរ​បួន​ថ្ងៃ​មក​ហើយ។​ ១៨ក្រុង​បេថានី នៅ​ជិត​ក្រុង​យេរូសា​ឡិម​ មាន​ចម្ងាយ​ ប្រហែល​​បី​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ ១៩ហើយ​មាន​ពួក​ជនជាតិ​យូដា​ជា​ច្រើន​​​បាន​មក​ជួប​នាង​ម៉ាថា និង​ម៉ារា ដើម្បី​ជួយ​រំលែក​ទុក្ខ​ពួក​នាង ដោយ​ព្រោះ​ប្អូន​ប្រុស​​របស់​ពួក​នាង​ ២០កាល​នាង​ម៉ាថា​ឮ​ថា ព្រះ​យេស៊ូ​យាងមក​ដល់​ហើយ នោះ​នាង​ក៏​ចេញ​ទៅ​ទទួល​ព្រះអង្គ ប៉ុន្ដែ​នាង​ម៉ារា​វិញអង្គុយ​នៅ​ក្នុង​ផ្ទះ។​ ២១នាង​ម៉ាថា​ទូល​ព្រះ​យេស៊ូ​ថា​៖ «ព្រះអ​ម្ចាស់​​អើយ! បើ​ព្រះអង្គ​គង់នៅ​ទីនេះ នោះ​ប្អូន​ប្រុស​របស់​ខ្ញុំ​មិន​ស្លាប់​ឡើយ​​ ២២ប៉ុន្ដែ​ខ្ញុំ​ដឹង​ថា ការ​អ្វី​ដែលព្រះអង្គ​សូម​ពី​ព្រះជាម្ចាស់ ព្រះជាម្ចាស់មុខ​ជា​ប្រទាន​ឲ្យ​ព្រះអង្គមិន​ខាន​ សូម្បីតែ​ឥឡូវ​នេះ​​ក៏ដោយ»​ ២៣ព្រះ​យេស៊ូ​មាន​បន្ទូល​​ទៅ​នាង​ថា​៖ «ប្អូន​ប្រុស​របស់​អ្នកនឹង​រស់ឡើងវិញ»២៤នាង​ម៉ាថា​ទូល​ទៅ​ព្រះអង្គ​ថា​៖ «ខ្ញុំ​ដឹង​ហើយ​ថា នៅក្នុង​ការរស់ឡើងវិញ​នៅ​ថ្ងៃ​ចុង​ក្រោយ ប្អូន​​​ប្រុស​របស់ខ្ញុំ​នឹង​រស់​ឡើង​វិញ»​ ២៥ព្រះ​យេស៊ូ​មានបន្ទូល​ទៅ​នាង​ថា​៖ «ខ្ញុំ​ជា​សេចក្ដី​រស់​ឡើង​វិញ ហើយ​ជា​ជីវិត អ្នក​ណា​ជឿ​លើ​ខ្ញុំ ទោះបី​ស្លាប់​ហើយ​ក៏ដោយនឹង​រស់​ឡើង​វិញ​ ២៦ឯ​អស់​អ្នក​ដែល​នៅ​រស់ ហើយ​ជឿ​លើ​ខ្ញុំ អ្នក​នោះ​​នឹង​មិន​ស្លាប់​អស់កល្ប​ជានិច្ច តើ​អ្នកជឿ​សេចក្ដី​នេះ​ទេ​?»​ ២៧នាង​ទូល​ទៅ​ព្រះអង្គ​ថា​៖ «ចាស៎ ព្រះអម្ចាស់ ខ្ញុំ​ជឿ​ថា ព្រះអង្គ​ជា​ព្រះ​គ្រិស្ដ ជា​ព្រះរាជបុត្រា​របស់​ព្រះជាម្ចាស់ ដែល​ត្រូវ​យាងមក​ក្នុង​ពិភព​លោក​នេះ»។

ព្រះយេស៊ូកាន់​ទុក្ខ​ឡាសារ​

២៨ពេល​នាង​បាន​ និយាយ​ដូច្នោះ​ហើយ ក៏​ទៅ​ហៅ​​នាង​ម៉ារា ជា​ប្អូន​ស្រី​របស់​នាងដោយ​ស្ងាត់​ៗ​ថា​៖ «លោក​គ្រូ​មកដល់​ហើយ លោកគ្រូ​បាន​ហៅ​ប្អូន»។​ ២៩ពេល​នាង​ម៉ារា​បាន​ឮ​ដូច្នេះ ក៏​ក្រោក​ឡើង​យ៉ាងប្រញាប់ ហើយ​ទៅ​ជួប​ព្រះអង្គ​ ៣០រីឯ​ព្រះ​យេស៊ូ​មិន​ទាន់​យាងចូល​ក្រុង​នៅ​ឡើយ​ទេ​ ព្រះអង្គ​បានគង់​នៅ​ត្រង់​កន្លែង ​ ដែល​នាង​ម៉ាថា​បាន​ជួប​មុន​នេះ។ ៣១ពេល​ពួក​ជន​ជាតិ​​យូដា ដែល​កំពុង​ជួយ​រំលែកទុក្ខ​នាង​ម៉ារា​ នៅ​ក្នុង​ផ្ទះ បាន​ឃើញ​នាង​ម៉ារាក្រោក​ឡើង​យ៉ាង​ប្រញាប់​ចេញ​ទៅ​ដូច្នេះ ពួកគេ​ក៏​ទៅតាម​ដោយ​គិត​ថា នាង​ទៅ​យំ​នៅ​ឯ​ផ្នូរ។​ ៣២ពេល​នាង​ម៉ារា​ ទៅ​ដល់​កន្លែង​ព្រះ​យេស៊ូ​គង់​នៅ ហើយ​ឃើញ​ព្រះអង្គ នាង​ក៏​ក្រាប​ទៀប​បាទា​​ព្រះអង្គ ទាំង​ទូល​ថា​៖ «ព្រះអម្ចាស់​អើយ! បើ​ព្រះអង្គ​បាន​គង់​នៅ​ទីនេះ នោះ​ប្អូន​ប្រុស​របស់​ខ្ញុំ​មិន​ស្លាប់​ទេ»​ ៣៣ពេល​ព្រះ​យេស៊ូ​ឃើញ​នាង​ម៉ារា និង​ពួក​ជន​ជាតិ​យូដា​ដែល​មក​ជាមួយ​នាង​យំ​ដូច្នេះ ព្រះអង្គ​ក៏​រំជួល​ចិត្ដ ហើយ​ច្រួល​ច្របល់​ក្នុង​វិញ្ញាណ​យ៉ាង​ខ្លាំង​ ៣៤ក៏​មានបន្ទូល​សួរ​ថា​៖ «តើ​អ្នករាល់គ្នា​ដាក់​សព​របស់គាត់​នៅ​ឯណា​?» ពួកគេ​ទូល​ព្រះអង្គ​ថា​៖ «ព្រះអម្ចាស់​អើយ! សូម​យាង​ទៅ​​មើល​ចុះ» ៣៥ព្រះ​យេស៊ូ​ក៏​សម្រក់​ទឹកភ្នែក​ ៣៦ដូច្នេះ ពួក​ជន​ជាតិ​យូដា​ក៏​និយាយ​ថា​៖ «មើល៍ គាត់​ស្រឡាញ់​ឡាសារ​ណាស់​!» ៣៧ប៉ុន្ដែ​មាន​អ្នក​ខ្លះ​ក្នុងចំណោម​ពួកគេ និយាយ​ថា​៖ «អ្នក​​​​នេះ​ហើយ ដែល​បាន​ធ្វើ​ឲ្យភ្នែក​របស់​មនុស្ស​ខ្វាក់​ភ្លឺ តើ​គាត់​អាច​ឃាត់​មនុស្សនេះ​មិន​ឲ្យ​ស្លាប់​បាន​ដែរ​ឬទេ​?»

ព្រះយេស៊ូប្រោស​ឡាសារ​ឲ្យរស់​​ឡើង​វិញ​

៣៨ព្រះ​យេស៊ូ​ក៏​យាង​ទៅ​ដល់​ផ្នូរ ទាំង​រំជួល​ចិត្ដ​ម្ដង​ទៀត។​ ផ្នូរ​នោះ​ជា​រូង​ភ្នំ​ ហើយមាន​ថ្ម​មួយ​បិទ​សន្ធប់​ជាប់​ ៣៩ព្រះ​យេស៊ូ​មានបន្ទូល​ថា​៖ «ចូរ​យក​ថ្ម​នោះ​ចេញ​!» នាង​ម៉ាថា​ជា​បងស្រី​របស់​អ្នក​ស្លាប់បាន​ទូល​ទៅព្រះអង្គ​ថា​៖ «ព្រះ​អម្ចាស់​អើយ! សពនេះ​ធុំក្លិន​ហើយ ព្រោះ​គេ​បាន​ស្លាប់​ បួន​ថ្ងៃ​មក​ហើយ» ៤០ព្រះ​យេស៊ូ​មាន​បន្ទូល​ទៅ​នាង​ថា​៖ ​«តើ​ខ្ញុំ​មិន​បាន​ប្រាប់​អ្នក​​​ទេ​ឬ​ថា បើ​អ្នក​ជឿ នោះ​អ្នក​នឹង​ឃើញ​សិរី​រុងរឿង ​របស់​ព្រះជាម្ចាស់​?» ៤១ដូច្នេះ គេ​ក៏​យក​ថ្ម​​ចេញ ហើយ​ព្រះ​យេស៊ូ​ ងើប​ព្រះនេត្រឡើង ទាំង​​មានបន្ទូល​ថា​៖ «ឱព្រះវរបិតា​អើយ! ខ្ញុំ​​សូម​អរព្រះគុណ​ព្រះអង្គ ដែល​ព្រះអង្គ​ស្តាប់​ខ្ញុំ​​ ៤២ខ្ញុំ​ដឹង​​ថា ព្រះអង្គ​ស្តាប់​ខ្ញុំ​ជានិច្ច ប៉ុន្ដែ​ខ្ញុំ​ទូល​ដូច្នេះ ដោយសារតែ​បណ្តាជន​ដែល​ឈរនៅជុំវិញ គឺ​ដើម្បី​ឲ្យពួកគេ​ជឿ​ថា ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​​​មែន»​ ៤៣ពេល​ព្រះអង្គ​មានបន្ទូល​សេចក្ដី​ទាំងនេះ​ហើយ ក៏​បន្លឺ​សំឡេង​ខ្លាំង​ៗ​ថា​៖ «ឡាសារ​​អើយ​! ចេញ​មក​!» ៤៤អ្នក​ដែល​ស្លាប់​នោះ​​ក៏​ចេញ​មក ទាំង​មាន​សំពត់​ស្នប​រុំ​ជាប់​ដៃ​ជើង និង​កន្សែង​រុំ​មុខ ព្រះ​យេស៊ូ​មានបន្ទូល​ទៅ​ពួកគេ​ថា​៖ «ចូរ​ស្រាយ​គាត់ ហើយ​ឲ្យគាត់​ទៅ​ចុះ»

ផែន​​ការ​សម្លាប់​ព្រះយេស៊ូ

៤៥ពេល​ពួក​ជនជាតិ​យូដា​ ជាច្រើន​ដែល​មក​តាម​នាង​ម៉ារាបាន​ឃើញ​កិច្ចការដែល​ព្រះ​យេស៊ូ​បាន​ធ្វើ ក៏​ជឿ​ព្រះអង្គ​ ៤៦ប៉ុន្ដែ មាន​អ្នក​ខ្លះក្នុងចំណោមពួកគេបាន​ទៅ​ប្រាប់​ពួក​អ្នកខាង​គណៈ​ផារិស៊ី​​ អំពី​កិច្ចការ ​ដែល​ព្រះ​យេស៊ូ​បាន​ធ្វើ។​ ៤៧ពួក​សម្តេចសង្ឃ និង​ពួក​អ្នកខាង​គណៈផារិស៊ី​​ បាន​កោះហៅ​ក្រុមបឹ្រក្សាកំពូល​​មកជួបជុំគ្នា ហើយ​និយាយ​ថា​៖ «តើ​យើង​ត្រូវ​ធ្វើ​យ៉ាងដូច​ម្តេច​? ដ្បិត​អ្នក​នេះ​ បាន​ធ្វើ​ទី​សំគាល់​​​អស្ចារ្យ​ច្រើន​ណាស់។​ ៤៨បើ​យើង​បណ្ដោយ​​​ឲ្យ​គាត់​ធ្វើ​ដូច្នេះ​ទៀត នោះ​មនុស្ស​ទាំងអស់​មុខជា​ជឿ​គាត់​មិនខាន ហើយ​ពួក​ជន​ជាតិ​រ៉ូម​នឹង​មក​យក​ទាំង​កន្លែង និង​ជន​ជាតិ​របស់​​យើង​ផង»។​ ៤៩ប៉ុន្ដែ​ក្នុងចំណោម​ពួកគេមាន​​ម្នាក់​ឈ្មោះ​ កៃផា ដែល​ធ្វើ​ជា​សម្តេចសង្ឃ​នៅ​ក្នុង​ឆ្នាំ​នោះ បាន​និយាយ​ទៅ​ពួកគេ​ថា​៖ «អស់​​​លោក​មិន​ដឹង​អ្វី​សោះ​!​ ៥០ហើយក៏​មិន​បាន​គិត​​ឃើញ​ថា បើ​មាន​មនុស្ស​ណា​ម្នាក់​ស្លាប់​ជំនួស​ប្រជាជន នោះ​ជា​ការ​ប្រសើរ​សម្រាប់​អស់​លោក ហើយ​ជន​ជាតិ​ទាំង​មូល​ក៏​មិន​វិនាស​ដែរ»​ ៥១ប៉ុន្ដែ គាត់​និយាយ​សេចក្ដី​នោះ មិន​មែន​ចេញ​ពី​​គំនិត​របស់​គាត់​ទេ គឺ​គាត់​ជា​សម្តេចសង្ឃ​នៅឆ្នាំ​នោះ បាន​​ជា​​គាត់​ថ្លែង​ព្រះបន្ទូល​ថា ព្រះ​យេស៊ូ​ត្រូវ​សោយទិវង្គត​​ជំនួសជន​​ជាតិ​នោះ​ ៥២ហើយ​មិន​ត្រឹមតែ​ជំនួស​ជន​ជាតិ​នោះ​ប៉ុណ្ណោះ​ទេ គឺ​ដើម្បី​ឲ្យព្រះអង្គ​ អាច​ប្រមូលកូន​របស់ព្រះជាម្ចាស់ដែល​ខ្ចាត់​ខ្ចាយទៅ​​មក​រួម​គ្នា​តែ​មួយ​ដែរ។ ៥៣ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក ពួកគេបាន​ពិគ្រោះ​គ្នា​ ដើម្បីសម្លាប់​ព្រះអង្គ ៥៤ដូច្នេះហើយ ព្រះយេស៊ូមិន​យាង​នៅ​ក្នុងចំណោម​ពួក​ជន​ជាតិ​យូដា​ដោយចេញ​មុខ​ទៀតទេ គឺ​ព្រះអង្គចាក​ចេញ​ពី​ទីនោះ ឆ្ពោះ​ទៅ​តំបន់​ក្បែរ​ទី​រហោ​ឋាន ត្រង់​​ក្រុងមួយ ​ឈ្មោះ​អេប្រាអិម​ រួច​ក៏​គង់នៅ​ទីនោះ​ជាមួយ​ពួក​សិស្ស​ ៥៥ពេល​នោះ បុណ្យ​រំលង​របស់​ជនជាតិ​យូដា ក៏​កំពុង​ខិត​ជិត​​មកដល់ ហើយមាន​មនុស្ស​ជាច្រើន​ បាន​ចេញពី​តំបន់​នានា ឡើងទៅក្រុង​យេរូសាឡិម​មុន​ថ្ងៃ​បុណ្យ​រំលង​ ដើម្បី​ធ្វើពិធី​ជម្រះ​កាយ​ឲ្យបាន​បរិសុទ្ធ។​ ៥៦ដូច្នេះពួកគេ​ក៏​តាម​រក​ព្រះ​យេស៊ូ ហើយ​ពេល​ពួកគេ​ឈរ​នៅក្នុង​ព្រះ​វិហារ ក៏​និយាយ​​គ្នា​ថា​៖ «តើ​អ្នក​គិត​ដូច​ម្តេច​? តើ​អ្នកនោះ​មិន​មក​ចូលរួម​បុណ្យ​នេះ​ទេ​ឬ​?»​ ៥៧រីឯពួក​សម្តេចសង្ឃ និង​ពួក​អ្នក​ខាងគណៈផារិស៊ី​បាន​បង្គាប់​ថា បើ​អ្នក​ណា​ដឹង​ថា​ព្រះអង្គ​នៅ​ឯណា ត្រូវតែ​ប្រាប់​ឲ្យពួកគេ​ដឹង ដើម្បី​ពួកគេ​ចាប់​ព្រះអង្គ។

យ៉ូហាន ១១