KCB - យ៉ាកុប ៥


យ៉ាកុប ៥

កុំទុកចិត្ដលើខ្លួនឯង និងកុំអួតបំប៉ោង

ចូរ​មក៍​ ឱ ពួក​អ្នកមាន​អើយ! ចូរ​ស្រែក​ទ្រហោ​យំ ​​ចំពោះ​សេចក្ដី​វេទនា ​ដែលនឹង​​ធ្លាក់​​​មក​លើ​អ្នករាល់គ្នា​ចុះ ​ទ្រព្យសម្បត្តិ​​របស់​​អ្នក​រាល់គ្នា​បាន​ពុកផុយ​ ហើយ​សម្លៀក​បំពាក់​របស់​​អ្នករាល់គ្នា​ក៏​ត្រូវ​ខ្មូត​ស៊ី​អស់​ដែរ។ ​មាស​ប្រាក់​​របស់​អ្នករាល់គ្នា​ដុះ​ស្និម ហើយ​ស្និម​នេះ​ ជា​ទីបន្ទាល់​ទាស់​នឹង​អ្នករាល់គ្នា ហើយ​ស៊ី​សាច់​អ្នក​រាល់​គ្នា ​ដូច​ជា​ភ្លើង​ អ្នករាល់គ្នា​បានសន្សំ​ទ្រព្យសម្បត្តិ​ទុកនៅ​គ្រា​ចុង​ក្រោយ​នេះ។​ មើល៍​​ ប្រាក់​ឈ្នួល​ដែល​អ្នករាល់គ្នា​ បាន​លួច​បន្លំ​កម្មករ​​ដែល​បាន​​ច្រូតកាត់ ​នៅ​ក្នុង​ស្រែ​របស់​អ្នករាល់​គ្នា​បាន​ស្រែកឡើង​ ហើយ​​​សម្រែក​របស់​​ពួក​អ្នក​ច្រូត ​បាន‍ឮ​ដល់​ព្រះកាណ៌​របស់​ព្រះអម្ចាស់​ នៃ​ពួក​ពល​បរិវា​​ហើយ។​

អ្នករាល់គ្នា ​បាន​រស់​នៅ​លើ​ផែនដី​នេះ​យ៉ាង​ថ្កុំថ្កើង​រុងរឿង​ តាម​​បំណងស្រើប​ស្រាល ហើយ​អ្នករាល់គ្នា​បាន​​ចម្អែត​ចិត្ត​របស់​ខ្លួន ​ដូច​ជា​នៅ​ថ្ងៃ​សម្លាប់សត្វ។ ​អ្នករាល់គ្នា​បាន​កាត់​​ទោស ហើយ​សម្លាប់​មនុស្ស​​សុចរិត ប៉ុន្ដែ​ពួកគេ​មិន​បាន​ប្រឆាំង​នឹង​អ្នករាល់គ្នា​ទេ។

ការអត់ធ្មត់នៅពេលមានទុក្ខលំបាក

ដូច្នេះ បងប្អូន​អើយ! ចូរ​អត់ធ្មត់​រហូត​ដល់​ថ្ងៃ​ ដែល​ព្រះអម្ចាស់​យាង​មក​ចុះ មើល៍ កសិករ​ទន្ទឹង​រង់ចាំ​ផលផ្លែ​ដ៏​មាន​តម្លៃ​ដែល​កើត​ចេញ​ពី​ដី​​ ដោយអត់ធ្មត់​​ដែរ គឺ​តាំង​ពី​​​ភ្លៀង​ដើម​រដូវ​រហូត​ដល់​​ចុង​រដូវ‍។ រីឯ​អ្នករាល់គ្នា​ក៏​ដូច្នោះ​ដែរ ចូរ​អត់ធ្មត់ ហើយ​ពង្រឹង​ចិត្ត​របស់អ្នកឲ្យមាំមួន​​ឡើង​ ដ្បិត​ព្រះអម្ចាស់​ជិត​យាង​មក​​ហើយ។

​បងប្អូន​អើយ! ចូរ​កុំ​រអ៊ូរទាំ​ទាស់​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ ក្រែងលោ​ត្រូវ​ជាប់​ជំនុំ​ជម្រះ មើល៍ ចៅ​ក្រម​ឈរ​នៅ​មាត់​ទ្វារ​ស្រាប់​ហើយ។

១០​បង​ប្អូន​អើយ!​ ចូរ​យក​ពួក​អ្នក​នាំ​ព្រះបន្ទូល​ ដែល​​​បាន​​ថ្លែង​ព្រះបន្ទូលនៅក្នុង​ព្រះនាម​របស់​ព្រះ​អ​ម្ចាស់​ ទុកជា​គំរូ​អំពីសេចក្ដី​អត់ធ្មត់ និងការរងទុក្ខលំបាក​ចុះ។ ១១មើល៍ យើងរាប់​ពួក​អ្នក​​ដែលបានស៊ូទ្រាំថា ជា​អ្នក​មាន​ពរ។ អ្នករាល់គ្នា​បាន​ឮ​អំពី ​​ការ​ស៊ូទ្រាំ​របស់​លោក​យ៉ូប ហើយ​ឃើញ​​លទ្ធផលចុងក្រោយរបស់គាត់ ដែល​មក​ពី​ព្រះអម្ចាស់ដែរ ដ្បិតព្រះអម្ចាស់​ពេញ​ដោយ​ព្រះហឫ​ទ័យ​​​អាណិត​អាសូរ និងមេត្តាករុណា។

១២​​លើស​ពី​នេះ​ទៅ​ទៀត​ បងប្អូន​របស់ខ្ញុំអើយ! កុំ​ស្បថ​ឲ្យ​សោះ​ មិនថាស្បថ​​នឹង​ស្ថានសួគ៌ ឬផែនដី ឬ​សម្បថ​ណា​ផ្សេង​ទៀត​ក្តី ផ្ទុយទៅវិញ​ ចូរ​ឲ្យពាក្យរបស់​អ្នករាល់គ្នា បាទ ​គឺ​បាទ ហើយទេ​ គឺ​ទេចុះ ដើម្បី​កុំ​ឲ្យអ្នករាល់គ្នា​ជាប់​​​ជំនុំ​ជម្រះ​ឡើយ។

អធិស្ឋានដោយជំនឿ

១៣​នៅ​ក្នុង​ចំណោម​អ្នករាល់គ្នា ​មាន​អ្នក​ណា​​​រង​ទុក្ខ​លំបាក​ដែរឬ ចូរ​ឲ្យអ្នកនោះ​អធិស្ឋាន​ចុះ មាន​អ្នកណា​អរ​សប្បាយដែរឬ ចូរ​ឲ្យអ្នក​នោះ​​ច្រៀង​សរសើរ​​​ចុះ ១៤នៅ​ក្នុង​ចំណោម​អ្នករាល់គ្នា ​មាន​អ្នកណា​ឈឺដែរឬ ចូរ​ឲ្យអ្នកនោះ ​ហៅ​ពួក​ចាស់​ទុំ​របស់​ក្រុម​ជំនុំ​មក​អធិស្ឋាន​ ទាំង​លាប​ប្រេង​នៅក្នុង​ព្រះនាម​របស់​ព្រះអម្ចាស់​ចុះ​ ១៥​ការ​​អធិស្ឋានដោយ​​ជំនឿ​នឹង​សង្គ្រោះ​អ្នកឈឺ​ ហើយ​ព្រះអម្ចាស់​នឹងប្រោស​គាត់​ឲ្យ​បាន​ជា​ បើ​គាត់​បាន​ប្រព្រឹត្ត​​បាប គាត់​នឹង​បាន​ទទួល​ការ​លើកលែង​ទោស។

១៦​ដូច្នេះ ចូរ​អ្នករាល់គ្នាសារភាព​​បាប​ដល់​គ្នា​ទៅវិញ​ទៅមក ហើយ​អធិស្ឋាន​ឲ្យគ្នា​ទៅវិញ​ទៅមក ដើម្បី​ឲ្យបានជា​សះ​ស្បើយ​ចុះ ដ្បិត​សេចក្ដី​ទូលអង្វរ​របស់​​មនុស្ស​សុចរិត​ពូកែ​ និង​មាន​ប្រសិទ្ធភាព​ខ្លាំង​ណាស់។ ១៧​លោក​អេលីយ៉ា​ជា​មនុស្ស​ ដែល​មាន​លក្ខណៈ​ដូច​យើង​ គាត់​បាន​អធិស្ឋាន​សុំ ​កុំ​ឲ្យមាន​ភ្លៀង​ធ្លាក់ នោះ​ក៏​គ្មាន​ភ្លៀង​ធ្លាក់​លើ​ផែនដី ​អស់​​​បី​ឆ្នាំ​ប្រាំ​មួយ​ខែ។ ១៨​បន្ទាប់​មក គាត់​​​បាន​អធិស្ឋាន​ម្តង​ទៀត នោះ​មេឃ​ក៏​បង្អុរ​ភ្លៀង ហើយដី​​ក៏បានបង្កើត​ផល​ផ្លែ។

ជួយអ្នកវង្វេងឲ្យ​ត្រលប់​មករកព្រះវិញ

១៩​បងប្អូន​របស់​ខ្ញុំ​អើយ! បើ​មាន​អ្នកណា​ម្នាក់ ​​នៅក្នុង​ចំណោម​អ្នករាល់គ្នា​វង្វេង​ចេញ​ពី​សេចក្ដី​​ពិត ហើយ​មាន​​អ្នកណា​ម្នាក់​បាន​នាំ​គាត់​មក​វិញ​ ២០ចូរ​ឲ្យអ្នកនោះ​ដឹង​ថា អ្នក​ដែល​នាំ​មនុស្ស​បាប​​ចេញ​ពី​ផ្លូវ​ដែល​គេ​បាន​វង្វេង​ គឺ​បាន​សង្គ្រោះ​ព្រលឹង​របស់​គេ​ ឲ្យរួច​ពី​សេចក្ដី​​ស្លាប់ ព្រមទាំង​គ្របបាំង​​បាប​ដ៏​ច្រើនលើស​លុប​​ទៀត​ផង៕

យ៉ាកុប ៥