KCB - យ៉ាកុប ២


យ៉ាកុប ២

ការដាស់តឿនកុំឲ្យ​ប្រកាន់វណ្ណៈ

បងប្អូន​របស់​ខ្ញុំ​អើយ! ​ត្រូវ​មាន​ជំនឿ​លើ​​ព្រះ​យេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​​យើង​​ដែល​ប្រកប​ដោយ​សិរីរុងរឿង ដោយ​​មិន​មាន​សេចក្តី​លំ​អៀង​ឡើយ​​ ដ្បិត​​បើ​មាន​មនុស្ស​ម្នាក់​ចូល​ក្នុង​សាលាប្រជុំ​របស់​អ្នក​រាល់​គ្នា ទាំង​ពាក់​ចិញ្ចៀន​មាស និង​សម្លៀក​បំពាក់​ភ្លឺ​ផ្លេក ហើយ​មាន​អ្នក​ក្រ​ម្នាក់​ស្លៀកពាក់​កខ្វក់​ចូល​មក​ដែរ​ រួច​​អ្នករាល់គ្នា​ក៏​មើល​​ទៅ​អ្នក​ដែល​ស្លៀក​ពាក់​ភ្លឺ​ផ្លេកនោះ​ ទាំង​និយាយ​ថា សូម​​អញ្ជើញ​អង្គុយ​នៅ​កន្លែង​កិត្តិយស​​នេះ​ចុះ ហើយ​និយាយ​ទៅ​កាន់​អ្នក​ក្រ​ថា ចូរ​ឈរ​នៅ​ទីនោះ​ ឬ​និយាយ​ថា ចូរ​អង្គុយនៅ​ក្បែរ​​កំណល់​ជើង​របស់​ខ្ញុំ​នេះ​ចុះ​ ​តើ​នោះ​មិន​បាន​សេចក្ដី​ថា អ្នករាល់គ្នា​រាប់អាន​មនុស្ស​​ដោយ​រើសមុខ ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហើយ​ត្រលប់​ជា​អ្នក​វិនិច្ឆ័យ​គេ​ ដោយ​គំនិត​អាក្រក់​របស់​ខ្លួន​ទេ​ឬ‍?

ចូរ​ស្តាប់​ចុះ បង​ប្អូន​ជា​ទី​ស្រឡាញ់​​របស់​ខ្ញុំ​អើយ! តើ​ព្រះជាម្ចាស់​មិន​បាន​ជ្រើស​រើស​អ្នកក្រ​នៅក្នុង​ពិភព​លោក​នេះ​ ឲ្យធ្វើ​ជា​អ្នក​មាន​ខាង‍​ឯ​ជំនឿ និងជា​អ្នក​​ទទួល​​បាន​នគរ​ ដែល​ព្រះអង្គ​បាន​សន្យា​សម្រាប់​អស់​អ្នក ​ដែល​ស្រឡាញ់​​ព្រះ​អង្គ​ទុកជា​មរតក​ទេ​ឬ‍?​​ ប៉ុន្ដែ​អ្នករាល់គ្នា​បែរ​ជា​ធ្វើ​ឲ្យ​អ្នក​ក្រអាម៉ាស់​ទៅវិញ​ តើ​​មិនមែនពួក​អ្នក​មានទេ​ឬ​ ដែល​សង្កត់​សង្កិន ហើយ​អូស​អ្នករាល់គ្នា​ទៅ​តុលាការ​? តើ​​មិនមែនពួក​អ្នកមាន​ទេឬ​​ដែល​​ប្រមាថ​នាម​ដ៏​ល្អ ដែលគេ​ហៅ​​អ្នករាល់គ្នាតាម​​នាមនោះ?

បើ​​អ្នករាល់គ្នា​ធ្វើ​​តាម​ក្រឹត្យ​វិន័យ ដ៏​ប្រសើរ​ ស្រប​តាម​បទ​គម្ពីរ​ដែល​បាន​ចែង​​ថា ចូរ​ស្រឡាញ់​​អ្នក​ជិតខាង​របស់​ខ្លួន​​ឲ្យ​ដូច​​ខ្លួន​ឯង​នោះ​អ្នករាល់គ្នា​ប្រព្រឹត្ត​បាន​ល្អ​ហើយ​ ប៉ុន្ដែ​បើ​អ្នករាល់គ្នា​មាន​សេចក្តី​លំអៀង​ នោះ​អ្នករាល់គ្នា​ប្រព្រឹត្ត​​បាប ហើយ​ក្រឹត្យវិន័យ​ក៏​បង្ហាញ​ថា​ អ្នករាល់​គ្នា​ជា​អ្នក​​ល្មើស​ក្រឹត្យវិន័យ​ដែរ។

១០ដ្បិត​អ្នក​ណា​​ ដែល​កាន់តាម​ក្រឹត្យវិន័យ​ទាំង​អស់ ប៉ុន្ដែ​បាន​​​ធ្វើ​ខុស​​ត្រង់​ចំណុច​ណា​មួយ នោះត្រលប់​ជា​មាន​ទោស ​នៅ​ចំពោះ​ក្រឹត្យ​វិន័យ​ទាំងអស់​ហើយ​ ១១ដ្បិត​​ព្រះជាម្ចាស់​ដែល​មានបន្ទូល​ថា កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ ព្រះអង្គ​ក៏​បាន​មានបន្ទូល​ដែរ​ថា កុំ​សម្លាប់​មនុស្ស។​ ដូច្នេះទោះ​បី​​អ្នក​មិន​បាន​ប្រព្រឹត្ត​អំពើ​ផិតក្បត់​ក៏​ដោយ​ ប៉ុន្ដែ​បាន​សម្លាប់​មនុស្ស នោះ​អ្នក​បាន​ត្រលប់​ជា​អ្នក​ល្មើស​នឹង​ក្រឹត្យ​វិន័យ​ហើយ។​

១២ដូច្នេះ ចូរ​​អ្នករាល់គ្នា​និយាយ ព្រមទាំង​​ប្រព្រឹត្ត​​ឲ្យស័ក្តិសម​ជា ​ពួក​អ្នក​ដែល​ក្រឹត្យ​វិន័យ​​នៃ​សេរីភាព ​រៀប​នឹង​ជំនុំ​ជម្រះ​ចុះ ១៣ដ្បិត​ការ​ជំនុំជម្រះ​​គ្មាន​​សេចក្ដីមេត្តា​ករុណា​ទេ​ ចំពោះ​​​អស់​អ្នក​ដែល​​គ្មាន​សេចក្តី​មេត្តាករុណា​ ប៉ុន្ដែ​​សេចក្ដី​មេត្តា​ករុណា​ នឹង​ឈ្នះ​ការ​ជំនុំ​ជម្រះ។

ជំនឿគ្មានការប្រព្រឹត្ដិ គឺ​គ្មានប្រយោជន៍

១៤ឱ​ បងប្អូនរបស់​ខ្ញុំ​​អើយ! បើ​មាន​អ្នកណា​និយាយ​ថា ​ខ្លួន​​មាន​ជំនឿ ប៉ុន្ដែ​គ្មាន​ការ​ប្រព្រឹត្តិ តើ​មាន​ប្រយោជន៍​អ្វី‍? តើ​ជំនឿ​បែបនេះ​ អាច​សង្គ្រោះ​អ្នក​​នោះ​បាន​ដែរ‍ឬ​ទេ‍?​ ១៥បើ​មាន​បងប្អូន​ប្រុស ឬ​ស្រី​ណា​ម្នាក់​ រស់​នៅ​ដោយ​ខ្វះ​សម្លៀក​បំពាក់ និង​ខ្វះ​អាហារ​បរិភោគ​ប្រចាំ​ថ្ងៃ​ ១៦ហើយ​មាន​ម្នាក់ ​​​ក្នុង​ចំណោម​អ្នករាល់គ្នា​ និយាយ​ទៅ​បងប្អូន​នោះ​ថា សូម​អញ្ជើញ​ទៅ​ឲ្យបាន​សេចក្ដី​សុខ​ សូម​ឲ្យ​បាន​កក់ក្តៅ និង​ឆ្អែត​ចុះ ប៉ុន្ដែ​មិន​បាន​ឲ្យអ្វីៗ ​ដែល​បងប្អូន​នោះ​ត្រូវ​ការ​សម្រាប់​រូបកាយ​ទេ តើ​នោះ​មាន​ប្រយោជន៍​អ្វី​?​

១៧រីឯ​​ជំនឿ​ក៏​ដូច្នោះ​​ដែរ បើ​គ្មាន​ការ​ប្រព្រឹត្តិ​ទេ នោះ​ស្លាប់​ហើយ ១៨ប៉ុន្ដែ​​អ្នក​ខ្លះ​នឹង​និយាយ​ថា អ្នក​​មាន​ជំនឿ រីឯ​ខ្ញុំ​មាន​ការ​ប្រព្រឹត្ត‍ិ។ ដូច្នេះ ចូរ​បង្ហាញ​ខ្ញុំ​អំពី​ជំនឿ​របស់​អ្នក ​ដែល​គ្មាន​ការ​ប្រព្រឹត្តិ​ ហើយ​ខ្ញុំ​នឹង​បង្ហាញ​អ្នក​អំពី​ជំនឿ​របស់​ខ្ញុំ​តាមរយៈ​ការ​ប្រព្រឹត្ត‍ិ​វិញ‍។

១៩អ្នក​ជឿ​ថា​ មាន​ព្រះជាម្ចាស់​តែ​មួយ នោះ​ត្រឹម​ត្រូវ​ហើយ សូម្បី​តែ​អារក្ស​ក៏​ជឿ​ដូច្នេះ​ដែរ ហើយ​វា​ភ័យ​ខ្លាច​ទៀត​ផង។​ ២០​ឱ​ មនុស្ស​ឥត​ប្រាជ្ញា​អើយ! តើ​អ្នក​ចង់​ដឹង​ដែរ‍ឬ​ទេ​ថា ជំនឿ​ដែល​គ្មាន​ការ​ប្រព្រឹត្តិ គឺ​គ្មាន​ប្រយោជន៍​អ្វី​ឡើយ។​

២១​តើ​​លោក​អ័ប្រាហាំ​ ដែល​ជា​ដូនតា​របស់​​យើង មិន​ត្រូវ​​បាន​រាប់​ជា​សុចរិត​ដោយសារ​ការ​ប្រព្រឹត្តិ​​ ​នៅពេល​គាត់​ថ្វាយ​អ៊ីសាក​ ជា​កូន​ប្រុស​របស់​គាត់​នៅ​លើ​កន្លែង​ថ្វាយ​តង្វាយ​ទេ​ឬ?​ ២២អ្នក​ឃើញ​ថា ជំនឿ​​គួប​ផ្សំ​​ជាមួយ​ការ​ប្រព្រឹត្តិ​របស់គាត់ ហើយ​ដោយសារ​ការ​​​ប្រព្រឹត្តិ​របស់​គាត់​ បាន​ធ្វើ​ឲ្យជំនឿ​គ្រប់​លក្ខណ៍​ ២៣និងបាន​​​​សម្រេច​​តាម​បទ​គម្ពីរ​ ដែល​ចែង​ថា លោក​អ័ប្រាហាំ​​បាន​ជឿ​ព្រះជាម្ចាស់ ហើយ​គាត់​ត្រូវ​បាន​​​រាប់​ជា​សុចរិត​ដោយសារ​ជំនឿ​នោះ​ឯង ព្រម​ទាំង​ត្រូវ​បាន​ហៅ​ថា​ ជា​សម្លាញ់​​របស់​ព្រះ​ជាម្ចាស់។​ ២៤​ដូច្នេះ អ្នករាល់គ្នា​ឃើញ​ហើយថា មនុស្ស​ត្រូវ​បាន​រាប់​ជា​សុចរិតមិន​​មែន​ដោយ​សារ​ជំនឿ​ប៉ុណ្ណោះ​ទេ គឺ​ដោយ​សារ​​ការ​ប្រព្រឹត្តិ​ដែរ‍។

២៥រីឯ​​នាង​រ៉ាហាប ជា​ស្រ្តី​ពេស្យា ក៏​ដូច្នោះ​ដែរ តើ​នាង​មិន​ត្រូវ​​បាន​រាប់​ជា​សុចរិត ដោយ​សារ​ការ​ដែល​​នាង​បាន​ប្រព្រឹត្ត​ទេ​ឬ គឺ​ក្នុង​កាល​ដែល​នាង​បាន​ទទួល​ពួក​អ្នកនាំសារ ហើយ​បាន​ឲ្យពួកគេ​ចេញ​តាម​ផ្លូវ​មួយ​ទៀត។​ ២៦​ដូច្នេះ​រូបកាយ​គ្មាន​វិញ្ញាណ ​ស្លាប់​​ជា​​យ៉ាងណា​ នោះ​ជំនឿ​ដែល​គ្មាន​ការ​ប្រព្រឹត្តិ ​​ក៏​ស្លាប់​ជា​យ៉ាងនោះ​ដែរ។

យ៉ាកុប ២