KCB - យ៉ាកុប ១


យ៉ាកុប ១

យ៉ាកុប

ពាក្យជម្រាប​សួរពីលោកយ៉ាកុប

ខ្ញុំ​ យ៉ាកុប​ ជា​បាវ​បម្រើ​របស់​ព្រះជាម្ចាស់​ និង​ព្រះអម្ចាស់យេស៊ូ​​គ្រិស្ដ ជូន​ចំពោះ​កុល​សម្ព័ន្ធ​ទាំង​ដប់ពីរ​ដែល​​បែក​ខ្ញែក​គ្នា។​

ការល្បងល និងសេចក្ដីល្បួង​

បងប្អូន​របស់​ខ្ញុំ​អើយ!​ កាលណា​អ្នក​រាល់​គ្នា​​ជួប​សេចក្ដី​ល្បួង​ផ្សេងៗ នោះ​ត្រូវ​ចាត់​ទុក​ថា​ជា​អំណរដ៏ក្រៃលែង​​ ទាំង​ដឹង​ថា ការ​ល្បង​ល​ជំនឿ​របស់​អ្នករាល់គ្នា​បង្កើត​​សេចក្ដី​អត់ធ្មត់​ ហើយ​​ចូរ​ទុក​​ឲ្យសេចក្ដី​អត់ធ្មត់​នោះ ​បង្កើត​​ផល​​គ្រប់​លក្ខណ៍​ចុះ ដើម្បី​ឲ្យអ្នក​រាល់​គ្នា​បានពេញវ័យ​ ហើយ​​​គ្រប់​លក្ខណ៍ឥត​ខ្វះ​អ្វី​ឡើយ​ ប៉ុន្ដែ​នៅ​ក្នុង​ចំណោម​អ្នករាល់គ្នា បើ​មាន​អ្នកណា​ម្នាក់​ខ្វះ​ប្រាជ្ញា ចូរ​ឲ្យអ្នកនោះ​ទូល​សុំ​ព្រះជាម្ចាស់​ ដែលប្រទាន​ឲ្យ មនុស្ស​ទាំងអស់​ដោយ​សប្បុរស​ និង​​​មិន​បន្ទោស​​ចុះ​ នោះ​ព្រះអង្គ​នឹង​ប្រទាន​ឲ្យ មិន​ខាន​ ប៉ុន្ដែ​​អ្នក​នោះ​ត្រូវ​ទូល​សុំ​ដោយ​ជំនឿ​ឥត​​សង្ស័យ​អ្វី​ឡើយ ដ្បិត​អ្នកណា​ដែល​សង្ស័យ អ្នក​នោះ​​ប្រៀប​ដូចជា​រលក​​សមុទ្រ ​ដែល​ត្រូវ​ខ្យល់​បោក​បក់​កម្រើក​ចុះ​​​ឡើង។ ​ចូរ​កុំ​ឲ្យ​អ្នកនោះ​នឹក​ស្មាន​ថា​ ខ្លួន​នឹង​បាន​អ្វី​ពី​ព្រះអម្ចាស់​ឲ្យ សោះ​ ព្រោះ​គេ​ជា​មនុស្ស​មាន​ចិត្ត​ពីរ មិន​នឹងន​​ក្នុង​​ការ​ប្រព្រឹត្ដិ ទាំងស្រុង​របស់ខ្លួនទេ។

​ចូរ​បងប្អូន ​ដែល​​​ក្រីក្រ​​​មាន​មោទន​ភាព​​ឡើង​ ដោយ​ព្រោះ​បាន​ថ្កើង​​ឡើង​ ១០ហើយ​អ្នក​មាន​​ ក៏​មាន​មោទនភាព​ដែរ​​ ដោយ​ព្រោះ​បាន​បន្ទាបចុះ​​ ព្រោះគេនឹង​វិនាស​​ទៅ​ដូចជា​ផ្កា​ស្មៅ។​ ១១​ពេល​​ថ្ងៃ​រះ​ឡើងពេញកំដៅ​ ​ស្មៅ​ក៏​ក្រៀម​ស្វិត​ ហើយ​ផ្កា​ស្មៅ​ក៏​រុះរោយ​ រីឯសម្រស់​​របស់​វា​ក៏បាត់បង់​ដែរ ដូច្នេះអ្នក​មាន​​នឹង​​វិនាស​ទៅជា​យ៉ាង​នោះ​​ដែរ‍ ​​នៅក្នុងដំណើរ​ជីវិត​របស់​​ខ្លួន។

១២​មាន​ពរ​ហើយ​អ្នក​​ណា ​ដែល​ស៊ូ​ទ្រាំ​នឹង​សេចក្ដី​ល្បួង ព្រោះ​​ក្រោយ​ពី​បាន​ឃើញ​ថា​​ ខ្ជាប់ខ្ជួន អ្នក​នោះ​​នឹង​ទទួល​បាន​មកុដ​​នៃ​ជីវិត ​ដែល​ព្រះអង្គ​បាន​សន្យា​​សម្រាប់​​​អស់​អ្នក ​ដែល​ស្រឡាញ់​​ព្រះ​អង្គ។ ១៣កាល​ណា​​ជួប​​សេចក្ដី​ល្បួង កុំ​ឲ្យអ្នកណា​ម្នាក់​និយាយ​​ថា​ ព្រះ​ជាម្ចាស់​ល្បួង​ខ្ញុំ​ឡើយ ដ្បិត​ការ​​​​អាក្រក់​មិន​​​អាច​​ល្បួង​​ព្រះជាម្ចាស់​បាន​ទេ​ ហើយ​ព្រះ​អង្គ​ក៏​មិន​​ល្បួង​អ្នកណា​ដែរ​ ១៤ព្រោះ​​ការ​ដែល​ម្នាក់ៗ​ជួប​​សេចក្ដី​ល្បួង​ គឺ​ដោយ​សារ​ត្រូវ​សេចក្តី​ប៉ង​ប្រាថ្នា​របស់​ខ្លួន​ទាក់​ទាញ និង​​​​លួង​លោម​ប៉ុណ្ណោះ។​ ១៥​ពេល​សេចក្តី​ប៉ង​ប្រាថ្នា​​ចាប់កំណើត​ នោះ​សម្រាល​​មក​បាន​​បាប ហើយពេល​បាប​ពេញ​វ័យ​ឡើង​ នោះក៏​បង្កើត​បាន​សេចក្ដី​ស្លាប់។​

១៦បងប្អូន​ ជាទី​ស្រឡាញ់​​របស់​ខ្ញុំ​អើយ! ចូរ​កុំ​ឲ្យ​​ចាញ់​បញ្ឆោត​ឡើយ​​ ១៧ដ្បិត​គ្រប់​ទាំង​របស់​ល្អ ​និង​គ្រប់​ទាំង​​អំណោយ​ទានដ៏​​គ្រប់​លក្ខណ៍​ សុទ្ធ​តែ​មក​ពី​ស្ថាន​លើ គឺ​មក​ពី​ព្រះវរបិតា​នៃ​ពន្លឺ ដែល​ព្រះអង្គ​មិន​​ប្រែ​ប្រួល សូម្បី​តែ​ស្រមោល​នៃ​ការ​ផ្លាស់​ប្រែ​ ក៏​គ្មាន​ដែរ។ ១៨ព្រះអង្គ​បាន​បង្កើត​យើង ទៅ​តាម​បំណង​របស់​ព្រះអង្គ​​​​ ដោយសារ​​ព្រះ​បន្ទូល​នៃ​​សេចក្ដី​ពិត ដើម្បី​ឲ្យយើង​ត្រលប់​ជា​ផល​ដំបូង​​មួយ​នៅក្នុង​ចំណោម​​អ្វីៗ​ដែល​ព្រះអង្គ​បាន​បង្កើត​​​មក។​

ការស្ដាប់ និងការប្រព្រឹត្ដិតាម

១៩បង​ប្អូន ​ជា​ទី​ស្រឡាញ់​​របស់​ខ្ញុំ​អើយ! ចូរអ្នក​រាល់​គ្នា​ដឹង​​សេចក្ដី​នេះ​ចុះ​ថា ចូរ​ឲ្យគ្រប់​​គ្នា​ឆាប់នឹង​ស្តាប់ យឺតនឹង​​និយាយ ហើយ​កុំ​រហ័ស​ខឹងឡើយ​​ ២០​ដ្បិត​កំហឹង​របស់​មនុស្ស ​មិន​អាច​សម្រេច​​បាន ​​សេចក្ដី​សុចរិត​របស់​ព្រះជាម្ចាស់​​​ទេ។

២១​ដូច្នេះ ចូរ​បោះ​បង់​សេចក្ដី​ស្មោក​គ្រោក​​គ្រប់​បែបយ៉ាង និង​សេចក្ដី​អាក្រក់​ទាំង​ឡាយ​ចោល ហើយ​ទទួល​យក​ព្រះបន្ទូល​ ដែល​បាន​ដាំ​នៅ​ក្នុង​ចិត្ត​របស់​អ្នករាល់គ្នាដោយ​ចិត្ត​ស្លូត​បូត ដ្បិត​ព្រះបន្ទូល​អាច​ជួយ​សង្គ្រោះ​ព្រលឹង​​របស់​អ្នករាល់គ្នា​បាន។

២២​ចូរធ្វើ​ជា​អ្នក​​ប្រព្រឹត្ត​តាម​ព្រះ​បន្ទូល​​ កុំ​ឲ្យ​គ្រាន់​​តែ​ស្តាប់ ដោយ​​បញ្ឆោត​ខ្លួន​ឯង​នោះ​ឡើយ​ ២៣ដ្បិត​បើ​អ្នក​ណា​ស្តាប់​ព្រះ​បន្ទូល​ហើយ ប៉ុន្ដែ​មិន​ប្រព្រឹត្ត​តាម អ្នក​នោះ​ប្រៀប​ដូចជា​មនុស្ស​ម្នាក់ ​ដែល​ឆ្លុះ​កញ្ចក់​មើល​មុខ​ខ្លួន​ឯង ២៤ពេល​មើល​រួច​ហើយ ក៏​ចេញ​ទៅ ភ្លាម​នោះក៏​ភ្លេច​ថា ​ខ្លួន​មានមុខ​យ៉ាង​ណា​​ ២៥​ប៉ុន្ដែ​អ្នកណា​ដែល​ពិនិត្យ​មើល​​ក្រឹត្យ​វិន័យ​ដ៏​គ្រប់​លក្ខណ៍ ជា​ក្រឹត្យ​វិន័យ​នៃ​សេរី​ភាព ហើយ​នៅ​ខ្ជាប់ខ្ជួន​ ទាំង​មិន​ភ្លេច​​​សេចក្ដី​ដែល​ខ្លួន​បាន‍ឮ ផ្ទុយ​ទៅវិញ​ ប្រព្រឹត្ដ​តាម​ អ្នក​នោះ​នឹង​មាន​ពរ​នៅ​ក្នុង​កិច្ចការ​ដែល​ខ្លួន​ធ្វើ។

២៦បើ​អ្នកណា​គិត​ថា​ ខ្លួន​ជា​អ្នក​កាន់​សាសនា តែ​​មិន​ចេះ​ទប់​អណ្តាត​របស់​ខ្លួន​ អ្នក​នោះ​​បញ្ឆោត​​ចិត្ត​ខ្លួន​ឯង​ហើយ រីឯ​​​សាសនា​ដែល​អ្នកនោះ​កាន់​ ក៏​គ្មាន​ប្រយោជន៍​ដែរ។​ ២៧រីឯ​សាសនា​បរិសុទ្ធ ហើយ​ឥត​សៅហ្មង ​នៅ​ចំពោះ​​ព្រះជាម្ចាស់​ដ៏​ជា​ព្រះវរបិតា​នោះ គឺ​ថា ​ត្រូវ​​សួរសុខទុក្ខ​​ក្មេង​កំព្រា និង​ស្រ្តី​មេម៉ាយ​ដែល​មានសេចក្តី​វេទនា​​ ហើយ​រក្សា​ខ្លួន​មិន​​ឲ្យ​សៅហ្មង​​ ​ដោយសារ​លោកិយ​នេះ​ឡើយ។

យ៉ាកុប ១