KCB - ហេព្រើរ ៥


ហេព្រើរ ៥

សម្ដេច​សង្ឃ​ គ្រប់រូប​ត្រូវបាន​ជ្រើស​រើស​​ពី​ក្នុង​ចំណោម​មនុស្ស​ហើយតែងតាំង ឲ្យធ្វើ​ជា​តំណាង​មនុស្សនៅក្នុង​កិច្ចការ​​ ទាក់​ទង​នឹង​ព្រះ​ជាម្ចាស់ ដើម្បី​ថ្វាយ​តង្វាយ និង​​យញ្ញបូជាសម្រាប់បាប​ ហើយ​សម្ដេច​សង្ឃ​អាច​អត់ឱន​ដល់​មនុស្ស​​ល្ងង់​ខ្លៅ និង​វង្វេងបាន​ ព្រោះ​​គាត់​ផ្ទាល់ ​ក៏​មាន​ភាពទន់ខ្សោយ​​​ដែរ​ ហេតុ​នេះ​ហើយ ​បាន​ជា​គាត់​ត្រូវ​ថ្វាយ​តង្វាយ​សម្រាប់​បាប​របស់​គាត់​​ ដូច​ដែល​​ថ្វាយ​តង្វាយ​ សម្រាប់​បាប​របស់​ប្រជាជន​ដែរ​ គ្មាន​អ្នក​ណា​ម្នាក់​អាច​ទទួល​បាន​កិត្តិយស​នេះ​ ដោយ​ខ្លួន​ឯង​​ទេ មាន​តែ​អស់​អ្នក​ដែល​ព្រះ​ជាម្ចាស់​បាន​ត្រាស់​ហៅ​ដូច​​លោក​អើរ៉ុន​​ប៉ុណ្ណោះ។​

រីឯ​ព្រះគ្រិស្ដ​ក៏​ដូច្នោះ​ដែរ ព្រះអង្គ​មិន​បាន​លើក​តម្កើង​អង្គ​ទ្រង់​ ធ្វើជា​សម្ដេច​​សង្ឃ​ឡើយ គឺ​ព្រះ​ជាម្ចាស់​ទេ​ ដែល​​មាន​បន្ទូល​ទៅ​​ព្រះអង្គ​ថា៖ «ព្រះអង្គ​ជា​បុត្រ​របស់​យើង យើង​បាន​បង្កើត​ព្រះអង្គនៅ​ថ្ងៃ​នេះ»។​ ដូច​នៅ​ក្នុង​បទគម្ពីរ​មួយ​ទៀត​ ព្រះជាម្ចាស់​មាន​បន្ទូល​ដែរ​ថា៖ «ព្រះអង្គ​​ជា​សង្ឃ​ ដូច​លោកម៉ិលគីស្សាដែក​ អស់កល្ប​ជានិច្ច»។

​កាល​​ព្រះ​យេស៊ូ​គង់​ នៅ​ក្នុង​សាច់​ឈាម​នៅ​ឡើយ ព្រះអង្គ​បាន​ថ្វាយការអធិស្ឋាន និង​ការ​ទូល​អង្វរ​ដោយ​សំឡេង​ខ្លាំងៗ ទាំង​ទឹក​ភ្នែក​​ដល់ព្រះ​ជាម្ចាស់​ ដែល​អាច​សង្រ្គោះ​ព្រះអង្គ​ឲ្យ​រួច​​ពី​សេចក្ដី​ស្លាប់បាន​ ហើយ​ដោយ​ព្រោះ​ការគោរព​កោត​ខ្លាច​របស់​ព្រះអង្គ នោះ​ព្រះ​ជាម្ចាស់​ក៏ឆ្លើយ​តប​នឹង​ព្រះអង្គ។​ ទោះ​បី​ព្រះ​យេស៊ូ​ជា​ព្រះ​រាជបុត្រា​ក៏​ដោយ ក៏​ព្រះអង្គ​​រៀន​ស្តាប់​បង្គាប់​តាមរយៈ​អ្វី​ដែល​ព្រះអង្គ​បាន​​រង​ទុក្ខ​វេទនា​​ដែរ។​ បន្ទាប់​ពី​ព្រះអង្គ​គ្រប់​លក្ខណ៍​ហើយ ព្រះអង្គ​ក៏​ត្រលប់​ជា​ប្រភព​នៃ​សេចក្ដី​សង្គ្រោះ​ អស់កល្ប​ជានិច្ច​សម្រាប់​អស់​អ្នក​ដែល​ស្តាប់​បង្គាប់​ព្រះអង្គ​ ១០ហើយ​ព្រះ​ជាម្ចាស់​បាន​ប្រកាស​តែង​តាំង​ព្រះអង្គ​ ជា​សម្ដេច​សង្ឃ​ ដូច​លោក​ម៉ិលគីស្សាដែក។

ការត្រាស់ហៅឲ្យរីកចម្រើនខាងវិញ្ញាណ

១១យើង​មាន​សេចក្ដី​ច្រើន ដែល​ត្រូវ​និយាយ​អំពីការនេះ​ ប៉ុន្តែ​​ពិបាក​ពន្យល់ណាស់​ ព្រោះ​អ្នករាល់គ្នា​ត្រលប់​ជា​ខ្ជិល​​ស្តាប់។​ ១២ដ្បិតមក​ដល់ពេល​​នេះ​ អ្នករាល់គ្នា​គួរតែ​ធ្វើ​ជា​គ្រូ​ហើយ ក៏​ប៉ុន្ដែ​អ្នករាល់គ្នាបែរ​ជា​​ត្រូវ​ការ​ឲ្យគេ​បង្រៀន ​អំពី​គោល​ការណ៍​បឋម​ នៃ​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​ម្ដង​ទៀត គឺ​អ្នករាល់គ្នា​ត្រលប់ជា​អ្នក​ដែល​ត្រូវ​ការ​ទឹក​ដោះ​ ​ទៅ​វិញ​ មិន​មែន​អាហារ​រឹង​​ទេ ១៣ដ្បិត​អ្នកណា​ដែល​ត្រូវការ​​ទឹកដោះ​ អ្នក​នោះ​ល្ងង់​​​ខាង​ឯព្រះ​បន្ទូល​ នៃ​សេចក្ដី​សុចរិត ពីព្រោះ​​អ្នក​នោះ ​នៅជា​ទារក​នៅ​ឡើយ ១៤​រីឯអាហារ​រឹង ​​សម្រាប់​មនុស្ស​ពេញ​វ័យ​ដែល​ធ្លាប់​​បាន​បង្វឹក ​ប្រាជ្ញា​​ញាណ​របស់​ខ្លួន​ ឲ្យ​​ចេះ​វែក​ញែក​ការ​ល្អ និង​ការ​អាក្រក់។

ហេព្រើរ ៥