KCB - ហេព្រើរ ៣


ហេព្រើរ ៣

ព្រះយេស៊ូប្រសើរជាងលោកម៉ូសេ

ដូច្នេះ ឱ ​បង​ប្អូន​ដ៏​បរិសុទ្ធ​ដែល​មាន​ចំណែក​ក្នុង​ការ​ត្រាស់​ហៅពី​​ស្ថាន​សួគ៌ ​របស់​ព្រះ​ជាម្ចាស់​អើយ!​ ចូរ​ពិចារណា​អំពី​ព្រះ​យេស៊ូ​ជា​សាវក និង​ជា​សម្ដេច​សង្ឃ​ ដែល​យើង​បាន​ប្រកាស​ថា​ យើង​ជឿ​​នោះ​ចុះ​ ព្រះអង្គ​ស្មោះ​ត្រង់​ ចំពោះ​ព្រះ​ជាម្ចាស់​ ដែល​បាន​តែង​តាំង​ព្រះអង្គ គឺ​ដូច​ជា​លោក​ម៉ូសេ​ស្មោះ​ត្រង់ នៅក្នុង​ដំណាក់​របស់​ព្រះ​ជាម្ចាស់​ទាំង​មូល​ដែរ។

អ្នក​សង់​ផ្ទះ​ មាន​កិត្តិយស​ប្រសើរ​ជាង​ផ្ទះ​ជា​យ៉ាង​ណា ព្រះ​យេស៊ូ​ក៏​ត្រូវ​រាប់​ជា​ស័ក្ដិសម​នឹង​ទទួល​សិរី​រុងរឿង​ប្រសើរ​ជាង​លោក​ម៉ូសេ​ជា​យ៉ាង​នោះ​ដែរ ​ដ្បិត​ផ្ទះ​ទាំង​ឡាយ​​ សុទ្ធ​តែ​មាន​អ្នក​សង់​ឡើង​ ប៉ុន្ដែ​ព្រះ​ជាម្ចាស់​ទេ​តើ​ ដែល​បាន​បង្កើត​របស់​សព្វ​សារពើ‍។

ដោយ​ឡែក​ លោក​ម៉ូសេ​បាន​ស្មោះ​ត្រង់​ក្នុង​នាម​ជា​អ្នក​បម្រើ​នៅ​ក្នុង​ដំណាក់​របស់​ព្រះ​ជាម្ចាស់​ទាំង​មូល ដើម្បី​ជា​​បន្ទាល់​អំពី​សេចក្ដី​ ដែល​នឹង​ត្រូវ​ប្រកាស​ ប៉ុន្ដែ​ ព្រះគ្រិស្ដ​វិញ​ ស្មោះ​ត្រង់ក្នុង​នាម​ជា​ព្រះ​រាជបុត្រា​​ ដែល​​គ្រប់​គ្រង​លើ​ដំណាក់​របស់​ព្រះ​ជាម្ចាស់‍ ហើយ​យើង​ជា​ដំណាក់​របស់​ព្រះអង្គ ប្រសិន​បើ​យើងរក្សា​ការ​​ជឿជាក់​​ និង​មោទនភាព​របស់​យើងចំពោះ​សេចក្ដី​សង្ឃឹម​​យ៉ាង​ខ្ជាប់​ខ្ជួន​នោះ។​

សេចក្ដីព្រមានទាស់នឹងការមិនជឿ

ដូច្នេះ ដូច​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​មាន​បន្ទូល​ថា៖ «នៅ​ថ្ងៃ​នេះ បើ​អ្នករាល់គ្នា​ឮ​សំឡេង​របស់​ព្រះអង្គចូរ​កុំ​មាន​ចិត្ត​រឹងរូស​ ដូច​ជា​នៅ​​ថ្ងៃ​ដែល​គេ​ល្បងល​ព្រះជាម្ចាស់​ ហើយ​បណ្ដាល​ឲ្យព្រះអង្គ​ក្រោធ​នៅ​ទី​រហោឋាន​នោះឡើយ​ ជា​កន្លែង​ដែល​ដូនតា​របស់​អ្នករាល់គ្នា ​បាន​ល្បងល​យើង ទាំង​សាក​មើល​យើង ហើយ​ក៏​ឃើញ​កិច្ចការ​ដែល​យើង​បាន​ធ្វើ​ ១០អស់​រយៈ​ពេល​សែសិប​ឆ្នាំ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ក្រោធ​ចំពោះ​មនុស្ស​ជំនាន់​នេះ ហើយ​បាន​និយាយ​ថា ចិត្ត​របស់​ពួកគេ​វង្វេង​ជានិច្ច ពួកគេ​មិន​ស្គាល់​ផ្លូវ​របស់​យើង​ឡើយ១១បាន​ជា​យើង​ស្បថ​ដោយ​កំហឹង​របស់​យើង​ថា ពួកគេ​នឹង​មិន​បាន​ចូល ​ក្នុង​ការសម្រាក​របស់​យើង​ឡើយ»។

១២​បងប្អូន​អើយ!​ ចូរ​ប្រយ័ត្ន កុំ​ឲ្យ​មាន​អ្នកណា​ម្នាក់​ក្នុង​ចំណោម​អ្នករាល់គ្នាមាន​ចិត្ត​អាក្រក់ និង​ចិត្ត​មិន​ជឿ​ដែល​នាំ​ឲ្យ​បែក​ចេញ​​ពី​ព្រះ​ជាម្ចាស់​ ដ៏​មាន​ព្រះជន្ម​រស់នោះ​ឡើយ​ ១៣ផ្ទុយ​ទៅ​វិញ ចូរ​ដាស់​តឿន​គ្នា​ទៅវិញ​ទៅមក​រៀងរាល់​ថ្ងៃ​ ក្នុង​កាល​ដែល​ហៅ​ថាថ្ងៃ​នេះនៅ​ឡើយ ដើម្បី​កុំ​ឲ្យអ្នក​ណា​ម្នាក់​ក្នុង​ចំណោម​អ្នករាល់គ្នា​មាន​ចិត្ដ​រឹងរូស ​ដោយ​ព្រោះ​ការ​បោក​បញ្ឆោត​របស់​​បាប​ឡើយ​ ១៤ដ្បិត​បើ​យើង​រក្សា​ការ​ជឿជាក់​​ ដែល​យើង​មាន​​ពី​​ដំបូង​យ៉ាង​ខ្ជាប់ខ្ជួន ​រហូត​ដល់​ទី​បញ្ចប់​ នោះ​យើង​នឹង​ត្រលប់​ជា​អ្នក​មាន​ចំណែក​រួម​ជាមួយ​​ព្រះ​គ្រិស្ដ ១៥​ដូច​ដែល​មាន​ចែង​ថា៖ «នៅ​ថ្ងៃ​នេះ បើ​អ្នករាល់គ្នា​ឮ​សំឡេង​របស់​ព្រះអង្គ​ ចូរ​កុំ​មាន​ចិត្ត​រឹងរូស​ ដូច​ជា​នៅ​​គ្រា​ដែល​បណ្ដាល​ឲ្យព្រះអង្គ​ក្រោធ​​នោះឡើយ»។​

១៦តើ​ពួក​អ្នក​ដែល​បាន​ឮ ហើយ​ធ្វើ​ឲ្យព្រះអង្គ​ក្រោធ​នោះ​ជា​អ្នក​ណា‍? តើ​មិន​មែន​ជា​អស់​​អ្នក ​ដែល​លោក​ម៉ូសេ​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទេ​ឬ​? ​១៧តើ​ព្រះអង្គ​​ក្រោធ​ចំពោះ​អ្នកណា​ អស់​រយៈ​ពេល​​សែសិប​ឆ្នាំ​? តើ​មិន​មែន​ចំពោះ​​អស់អ្នក​ដែល​បាន​ប្រព្រឹត្ត​បាប ហើយ​សាក​សព​របស់​គេ ត្រូវចោលនៅទី​រហោឋាន​ទេ​ឬ?​ ១៨តើ​ព្រះអង្គ​បាន​ស្បថ​នឹង​អ្នក​ណា​ថា ​ពួកគេ​នឹង​មិន​បាន​ចូល​ទៅ ​ក្នុង​ការ​សម្រាក​របស់​ព្រះអង្គ‍? តើ​មិន​មែន​នឹង​អស់​​អ្នក ​ដែល​មិន​បានស្ដាប់​បង្គាប់​ទេ‍ឬ​?​ ១៩ដូច្នេះយើង​ឃើញ​ថា ដោយ​សារ​ភាព​គ្មាន​ជំនឿ ពួកគេ​មិន​អាច​ចូល​ក្នុង​ការ​សម្រាក​បាន​ទេ។

ហេព្រើរ ៣