ហេព្រើរ ១៣
សេចក្ដីបញ្ចប់
១៣ចូរឲ្យមានសេចក្ដី ស្រឡាញ់ជាបងប្អូនជានិច្ច។ ២កុំភ្លេចទទួលភ្ញៀវដោយរាក់ទាក់ ដ្បិតដោយសារការនេះ មានអ្នកខ្លះបានទទួលពួកទេវតា ឲ្យស្នាក់នៅទាំងមិនដឹងខ្លួនផង។ ៣ចូរនឹកចាំពីអស់អ្នកដែលជាប់ឃុំឃាំង ទុកដូចជាជាប់ឃុំឃាំងជាមួយគេដែរ ហើយចូរនឹកចាំពីអស់អ្នកដែលត្រូវគេធ្វើបាប ទុកដូចជានៅក្នុងរូបកាយនោះដែរ។
៤ចូរឲ្យមនុស្សគ្រប់គ្នា គោរពការរៀបការ ហើយការរួមដំណេកក៏ត្រូវបរិសុទ្ធដែរ ដ្បិតព្រះជាម្ចាស់នឹងជំនុំជម្រះពួកអ្នកប្រព្រឹត្ដអំពើអសីលធម៌ខាងផ្លូវភេទ និងពួកផិតក្បត់។ ៥ចូរកុំរស់នៅដោយការស្រឡាញ់លុយឡើយ ចូរស្កប់ចិត្តនឹងអ្វីដែលមាននៅពេលនេះចុះ ដ្បិតព្រះអង្គមានបន្ទូលថា៖ «យើងមិនចាកចេញពីអ្នក ហើយក៏មិនបោះបង់អ្នកចោលជាដាច់ខាត»។ ៦ហេតុនេះហើយបានជាយើងនិយាយ ដោយចិត្តក្លាហានថា៖ «ព្រះអម្ចាស់ជាអ្នកជួយខ្ញុំ ខ្ញុំមិនខ្លាចអ្វីឡើយ តើមនុស្សធ្វើអ្វីខ្ញុំបាន?»
៧ចូរនឹកចាំពីពួកអ្នកដឹកនាំរបស់អ្នករាល់គ្នា ដែលបាននិយាយប្រាប់អ្នករាល់គ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ចូរសង្កេតមើលលទ្ធផលនៃការប្រព្រឹត្តិរបស់ពួកគេ ហើយត្រាប់តាមជំនឿរបស់ពួកគេចុះ។ ៨ព្រះយេស៊ូគ្រិស្ដនៅតែដដែល ម្សិលមិញ ថ្ងៃនេះ និងរហូតដល់អស់កល្បជានិច្ច។ ៩កុំបណ្តោយតាមសេចក្ដីបង្រៀនផ្សេងៗ និងប្លែកៗឡើយ។ ដ្បិតជាការប្រសើរ ដែលតាំងចិត្ដឲ្យខ្ជាប់ខ្ជួនដោយព្រះគុណ មិនមែនដោយអាហារទេ ព្រោះអ្នកដែលប្រព្រឹត្តបែបនេះ គ្មានប្រយោជន៍អ្វីឡើយ។
១០យើងមានកន្លែងថ្វាយតង្វាយមួយដែលពួកអ្នកបម្រើនៅក្នុងរោង គ្មានសិទ្ធិបរិភោគអ្វីៗ ពីកន្លែងថ្វាយតង្វាយនោះឡើយ ១១ដ្បិតសម្ដេចសង្ឃយកឈាមរបស់សត្វទាំងឡាយ មកក្នុងទីបរិសុទ្ធទុកជាតង្វាយលោះបាប ប៉ុន្ដែសាកសពរបស់ពួកវាវិញ ត្រូវដុតចោលនៅក្រៅជំរំ ១២ហេតុនេះហើយបានជាព្រះយេស៊ូត្រូវរងទុក្ខនៅក្រៅទ្វារក្រុងដែរ ដើម្បីញែកប្រជារាស្ដ្រជាបរិសុទ្ធ ដោយឈាមរបស់ព្រះអង្គ ១៣ដូច្នេះ ចូរឲ្យយើងចេញទៅឯព្រះអង្គនៅក្រៅជំរំ ទាំងផ្ទុកសេចក្ដីត្មះតិះដៀលរបស់ព្រះអង្គចុះ ១៤ដ្បិតនៅផែនដីនេះ យើងគ្មានក្រុងដែលនៅស្ថិតស្ថេរទេ គឺយើងកំពុងស្វែងរកក្រុងដែលនឹងមកដល់។
១៥ដូច្នេះ តាមរយៈព្រះអង្គ ចូរឲ្យយើងថ្វាយការសរសើរជាយញ្ញបូជាដល់ព្រះជាម្ចាស់ជានិច្ច គឺជាផលពីបបូរមាត់ ដែលប្រកាសអំពីព្រះនាមរបស់ព្រះអង្គ។ ១៦កុំភ្លេចប្រព្រឹត្តល្អ និងបរិច្ចាកជួយគ្នាឡើយ ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងយញ្ញបូជាបែបនេះណាស់។
១៧ចូរស្តាប់បង្គាប់ពួកអ្នកដឹកនាំរបស់អ្នករាល់គ្នា ហើយចុះចូលនឹងអ្នកទាំងនោះចុះ ដ្បិតពួកគេមើលថែព្រលឹងរបស់អ្នករាល់គ្នា ក្នុងនាមជាអ្នកដែលត្រូវរាយរាប់ប្រាប់ព្រះជាម្ចាស់។ ចូរអ្នករាល់គ្នាស្តាប់បង្គាប់ពួកគេដើម្បីឲ្យពួកគេបំពេញមុខងារនេះដោយអំណរ មិនមែនដោយថ្ងូរឡើយ បើមិនដូច្នោះទេ គ្មានប្រយោជន៍ សម្រាប់អ្នករាល់គ្នាឡើយ។ ១៨សូមអធិស្ឋានសម្រាប់យើងផង ដ្បិតយើងជឿជាក់ថា យើងមានមនសិការល្អ ហើយចង់ប្រព្រឹត្តត្រឹមត្រូវ ក្នុងគ្រប់ការទាំងអស់។ ១៩ជាពិសេស ខ្ញុំអង្វរអ្នករាល់គ្នាឲ្យធ្វើការនេះ ដើម្បីឲ្យខ្ញុំបានវិលត្រលប់មកឯអ្នករាល់គ្នា កាន់តែឆាប់។ ២០សូមឲ្យព្រះជាម្ចាស់នៃសេចក្ដីសុខសាន្តដែលបានប្រោសព្រះយេស៊ូជាព្រះអម្ចាស់របស់យើង និងជាអ្នកគង្វាលចៀមដ៏ឧត្ដម ឲ្យរស់ពីការសោយទិវង្គតឡើងវិញនោះ ២១ប្រោសអ្នករាល់គ្នាឲ្យបានគ្រប់លក្ខណ៍ ក្នុងការល្អគ្រប់យ៉ាងដោយសារឈាមនៃកិច្ចព្រមព្រៀង ដ៏អស់កល្បជានិច្ច ដើម្បីឲ្យអ្នករាល់គ្នាធ្វើតាមបំណងរបស់ព្រះអង្គ ដោយព្រះអង្គធ្វើការដែលសព្វព្រះហឫទ័យព្រះអង្គនៅក្នុងយើង តាមរយៈព្រះយេស៊ូគ្រិស្ត។ សូមឲ្យព្រះអង្គ បានប្រកបដោយសិរីរុងរឿងអស់កល្បជានិច្ច! អាម៉ែន!
២២ប៉ុន្ដែបងប្អូនអើយ! ខ្ញុំសូមអង្វរអ្នករាល់គ្នា ឲ្យស៊ូទ្រាំស្ដាប់ពាក្យដាស់តឿននេះចុះ ដ្បិតខ្ញុំបានសរសេរមកអ្នករាល់គ្នាដោយសង្ខេបប៉ុណ្ណោះ។
២៣សូមជ្រាបថា គេបានដោះលែងធីម៉ូថេ ជាបងប្អូនរបស់យើងហើយ បើគាត់មកដល់ឆាប់ៗនេះ ខ្ញុំនឹងមកជួបអ្នករាល់គ្នាជាមួយនឹងគាត់ដែរ។ ២៤សូមជម្រាបសួរ ដល់ពួកអ្នកដឹកនាំរបស់អ្នករាល់គ្នា ព្រមទាំងពួកបរិសុទ្ធទាំងអស់ផង។ ពួកអ្នកដែលមកពីស្រុកអ៊ីតាលីក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ ២៥សូមឲ្យអ្នករាល់គ្នា បានប្រកបដោយព្រះគុណ៕