KCB - ហេព្រើរ ១២


ហេព្រើរ ១២

ការវាយប្រដៅរបស់ព្រះជាម្ចាស់

១២ដូច្នេះ ដោយសារ​​មាន​ សាក្សី​​ច្រើន​ដូចពពកនៅ​ជុំ​វិញ​យើងទៅហើយ ចូរ​យើង​បោះបង់​បន្ទុក​ទាំងឡាយ​ និង​បាប​ដែលងាយ​នឹង​​រឹតរួប​យើងនោះ​ចោល​ ហើយ​ត្រូវ​រត់​ក្នុង​ទី​ប្រណាំង ​ ដែល​បាន​រៀប​​នៅ​ចំពោះមុខ​យើងដោយ​សេចក្តី​​អត់ធ្មត់ ​ទាំង​សម្លឹង​មើល​ទៅ‍ឯ​ព្រះយេស៊ូ​ ដែល​ជា​អ្នកផ្ដើម និង​ជា​អ្នកបញ្ចប់​ជំនឿ​របស់​យើង។​ ដោយ​​ព្រោះ​តែ​អំណរ​ដែល​បាន​ដាក់​នៅ​ចំពោះមុខ​ព្រះអង្គ ព្រះអង្គ​បាន​ស៊ូទ្រាំនៅ​លើ​ឈើ​ឆ្កាង​ ដោយ​មិនខ្វល់​​នឹង​សេចក្ដី​អាម៉ាស់​​ ហើយក៏​បាន​គង់​នៅ​ខាង​ស្តាំ​បល្ល័ង្ក​របស់​ព្រះជាម្ចាស់។ ​ដូច្នេះ ចូរ​ពិចារណា​អំពី​ព្រះអង្គ​ដែល​បាន​ស៊ូទ្រាំ​នឹង​ការប្រឆាំងរបស់មនុស្ស​បាបទាស់នឹង​ព្រះអង្គ​ចុះ ដើម្បី​កុំ​ឲ្យអ្នករាល់គ្នា​នឿយ​ណាយ និង​បាក់​ទឹកចិត្ត​ឡើយ។ អ្នករាល់គ្នា​មិន​ទាន់​តស៊ូ ក្នុង​ការតយុទ្ធនឹង​​បាប ​រហូត​ដល់​បង្ហូរ​ឈាម​នៅ​ឡើយ​ទេ ប៉ុន្ដែ​ អ្នករាល់គ្នា​​ភ្លេច​ការ​លើក​ទឹក​ចិត្ត​ ដែល​ព្រះអង្គបាន​មាន​បន្ទូល​មកអ្នករាល់គ្នាទុក​ដូចជា​កូន​ថា៖ «កូន​អើយ!​ កុំ​មើល​ងាយ​ការ​វាយ​ប្រដៅ​ ​​របស់​ព្រះអម្ចាស់​ឡើយ ហើយ​កុំ​បាក់​ទឹកចិត្តនៅ​ពេល​​ដែល​ព្រះអង្គ​កែតម្រង់​ដែរ ​ដ្បិត​ព្រះអម្ចាស់​វាយ​ប្រដៅ​​អស់អ្នក​ ដែល​ព្រះអង្គ​ស្រឡាញ់ ហើយ​វាយ​កូន​ទាំង​អស់ដែល​ព្រះអង្គ​ទទួល»។

ចូរ​អ្នករាល់គ្នា​ស៊ូទ្រាំនឹង​ការ​នោះ​ទុក​ជាការ​វាយ​ប្រដៅ​ចុះ ព្រោះ​ព្រះជាម្ចាស់​ប្រព្រឹត្ត​ចំពោះ​អ្នករាល់គ្នា​ដូចជា​កូន ​តើ​មាន​កូន​ឯណា​ដែល​ឪពុក​មិន​វាយ​ប្រដៅ​នោះ​? ប៉ុន្ដែ​ បើ​អ្នករាល់គ្នា​មិន​បាន​ទទួល​ការ​វាយ​ប្រដៅ​ ដែល​កូន​គ្រប់ៗ‍គ្នា​ត្រូវទទួលទេនោះ អ្នករាល់គ្នាជាកូនក្លែងក្លាយ​ មិនមែន​ជា​កូន​ពិត​ប្រាកដ​ទេ។​ ម្យ៉ាង​ទៀត យើង​មាន​ឪពុក​ខាង​សាច់​ឈាម ​ដែល​ជា​អ្នក​វាយ​ប្រដៅយើងហើយ​យើង​នៅតែ​ គោរព​គាត់​ទៀត​ផង ដូច្នេះ តើ​យើងមិន​គួរ​​ចុះចូល​នឹង​ឪពុក​ខាង​វិញ្ញាណ​ ឲ្យកាន់តែ​ខ្លាំង​ទៀត​ទេ‍ឬ ដើម្បី​ឲ្យយើង​មាន​ជីវិត‍?

១០ដ្បិត​ ឪពុក​ខាងសាច់ឈាម​វាយ​ប្រដៅ​យើង​តែ​មួយ​រយៈ​ពេល​ខ្លី​​ប៉ុណ្ណោះ តាម​ដែល​គាត់​យល់​ឃើញ​ថា​ល្អ រីឯ​ឪពុកខាងវិញ្ញាណ​វិញ ព្រះអង្គ​វាយ​ប្រដៅ​យើង​សម្រាប់​ជា​ប្រយោជន៍​ដល់​យើង គឺ​ដើម្បី​ឲ្យយើង​ទទួល​បាន​សេចក្ដី​បរិសុទ្ធ​របស់​ព្រះអង្គ។​ ១១ពេល​មាន​ការ​វាយ​ប្រដៅ​ ពេលនោះ​ ​​ មើល​ទៅ​ដូច​ជា​ព្រួយ​ណាស់​ មិនសប្បាយ​ទេ ប៉ុន្ដែ​ក្រោយ​មក ​ទើប​បង្កើត​ផលជា​សេចក្តីសុខសាន្ត ​និង​សេចក្ដី​សុចរិត​ដល់​អស់​អ្នក​ ដែលបាន​ទទួលការ​ហ្វឹកហ្វឺន ​តាម​របៀប​នោះ។​ ១២ដូច្នេះ ចូរឲ្យដៃដែលរួយ និងជង្គង់ដែលខ្សោយនោះ មាន​កម្លាំង​ឡើង ១៣ហើយ​ចូរ​តម្រង់​ផ្លូវ​ឲ្យ​ត្រង់ ​សម្រាប់​ជើង​របស់​អ្នករាល់គ្នា ដើម្បី​កុំ​ឲ្យអ្នក​ដែល​ពិការ​ជើង​ត្រូវ​បែរ​ចេញ​​​ឡើយ​ ប៉ុន្តែ​ឲ្យបានជាវិញ។​

សេចក្ដីព្រមានអំពីការបដិសេធន៍ ព្រះជាម្ចាស់

១៤ចូរ​ដេញ​តាម​សេចក្ដី​សុខសាន្ត​ និងសេចក្ដី​បរិសុទ្ធ ​ជា​មួយ​មនុស្ស​ទាំងអស់​ចុះ ដ្បិត​បើ​គ្មាន​សេចក្ដី​បរិសុទ្ធ​ទេ នោះ​គ្មាន​អ្នក​ណា​នឹងឃើញ​ព្រះអម្ចាស់​ឡើយ​ ១៥​ចូរ​ប្រយ័ត្ន កុំឲ្យ​មាន​អ្នកណា​ម្នាក់មិន​បាន​ទទួល​ព្រះគុណ ​របស់​ព្រះជាម្ចាស់ឡើយ​ ហើយ​កុំ​ឲ្យ​​​ឫស​នៃភាព​ជូរចត់ពន្លក​ឡើង​ ដែល​​​នាំ​ឲ្យ​មាន​ចលាចល​​ ធ្វើ​ឲ្យមនុស្ស​ជា​ច្រើន​មិនបរិសុទ្ធដោយសារ​សេចក្ដី​ទាំង​នោះ​ ១៦ចូរ​ប្រយ័ត្ន កុំឲ្យ​មាន​អ្នកប្រព្រឹត្ដ​អំពើ​អសីលធម៌​ ខាង​ផ្លូវ​ភេទ ឬ​អ្នក​មិន​កោតខ្លាច​ព្រះជាម្ចាស់​ ដូច​ជា​អេសាវ​ដែលបាន​លក់​សិទ្ធិ​កូន​ច្បង​របស់​ខ្លួន ដោយ​ព្រោះ​​អាហារ​មួយ​ពេល‍នោះ​ឡើយ​ ១៧​ដ្បិត​អ្នករាល់គ្នា​ដឹង​ថា ក្រោយ​មក នៅ​ពេលគាត់ចង់​បាន​ពរ​ទុក​ជា​មរតក នោះ​គាត់​ក៏​ត្រូវ​បាន​បដិសេធវិញ ទោះបី​គាត់​ខំ​ស្វែង​រក​ទាំង​ស្រក់​ទឹក​ភ្នែក​ក៏​ដោយ ក៏​រកឱកាស​ប្រែចិត្តមិនបាន​​ឡើយ។​

១៨អ្នករាល់គ្នា​មិន​បាន​ចូល​មក‍ឯភ្នំ​ដែល​អាច​ប៉ះ​បាន មាន​ភ្លើង​ឆេះ ​មាន​ពពកខ្មួលខ្មាញ់ មានផ្សែង​​ងងឹត មាន​ខ្យល់ព្យុះ ១៩​មាន​ស្នូរ​ត្រែ និង​សំឡេង​​​ព្រះបន្ទូល ដែល​ពួក​អ្នក​ឮ​បាន​អង្វរ​សុំកុំ​ឲ្យព្រះអង្គ​ មាន​បន្ទូល​មក​ពួកគេ​ទៀត ២០​ដ្បិត​ ពួកគេ​មិន​អាច​ស៊ូទ្រាំ​​នឹង​សេចក្ដី​ដែល​បាន​បង្គាប់​មក​ថា សូម្បី​តែ​សត្វ​ដែល​ប៉ះ​ពាល់​ភ្នំ ក៏ត្រូវ​គប់​នឹង​ដុំថ្ម​ដែរ‍។ ២១​ទិដ្ឋភាព​នោះ​ គួរ​ឲ្យភ័យ​ខ្លាច​ណាស់ បាន​ជា​លោក​ម៉ូសេ​និយាយ​ថា ខ្ញុំ​​ញ័រ​រន្ធត់​ណាស់

២២​តែអ្នករាល់គ្នា​ បាន​ចូលមកឯ​​ភ្នំ​ស៊ីយ៉ូន ជា​​ទី​ក្រុង​របស់​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់ ​ជា​ក្រុង​យេរូសាឡិម​នៅ​ស្ថានសួគ៌ ហើយ​មាន​​​ទេវតា​ជាច្រើន​អនេក ២៣មាន​​ក្រុមជំនុំ​របស់​ពួក​កូន​ច្បង​ដែលមាន​ឈ្មោះ​ កត់​ទុក​នៅ​ស្ថានសួគ៌​ជួបជុំ​គ្នា​ មាន​​ព្រះជាម្ចាស់​ ដែលជា​ចៅ​ក្រម​របស់​មនុស្ស​ទាំងអស់ មាន​វិញ្ញាណរបស់​ពួក​អ្នក​សុចរិត​ ដែល​បាន​គ្រប់​លក្ខណ៍​ហើយ ២៤​មាន​​ព្រះ​យេស៊ូ ដែល​ជា​អ្នក​សម្រុះសម្រួល​កិច្ចព្រមព្រៀង​​ថ្មី ហើយមាន​ឈាម​ដែល​បាន​ប្រោះ គឺជា​ឈាម​​ដែល​​បាន​ប្រកាសអំពី​សេចក្ដី​ប្រសើរ​ជាង​ឈាម​របស់​លោក​អេបិល។

២៥​ចូរ​ប្រយ័ត្ន កុំឲ្យអ្នករាល់គ្នា​បដិសេធ​មិនព្រមស្តាប់​តាម​ព្រះអង្គដែល​មាន​បន្ទូល​ឡើយ ដ្បិត​នៅពេលពួក​អ្នក​ដែល​បដិសេធ​មិន​ព្រម​ស្ដាប់​តាម​មនុស្ស​ដែល​​ផ្ដល់ពាក្យទូន្មានមក​ពី​ព្រះ​ជាម្ចាស់នៅ​លើ​ផែនដី​នេះ​ មិន​អាច​គេច​ផុត​ពី​ទោស​យ៉ាង​ហ្នឹង​ទៅ​ហើយ នោះ​យើង​​ដែល​បែរចេញ​ពី​ព្រះជាម្ចាស់​ ដែលមាន​បន្ទូល​ពី​ស្ថានសួគ៌ រឹត​តែ​មិន​អាច​គេច​ផុត​បានទៅ​ទៀត។ ២៦សំឡេង​របស់​ព្រះអង្គ​នៅពេលនោះ បាន​ធ្វើ​ឲ្យផែនដី កក្រើក​ ប៉ុន្ដែ​ឥឡូវ​នេះ ព្រះអង្គ​បាន​សន្យាថា៖​ «យើង​នឹង​ធ្វើ​ឲ្យ​កក្រើក​​ម្តង​ទៀត គឺ​មិន​ត្រឹម​តែ​ផែនដី​ប៉ុណ្ណោះ​ទេ ផ្ទៃ​មេឃ​ក៏​កក្រើក​ដែរ»។​ ២៧ពាក្យ​ថា ម្តង​ទៀត បាន​បញ្ជាក់​ថា អ្វីៗ​ដែល​កក្រើកនឹង​​ត្រូវរើ​ចេញ គឺជា​អ្វីៗដែលត្រូវ​បាន​បង្កើត​មក ដើម្បី​ឲ្យអ្វីៗ​ដែល​មិន​​កក្រើក​នឹង​នៅ​ស្ថិតស្ថេរ។​

២៨ដូច្នេះ ដោយព្រោះយើង​បាន​ទទួល​នគរ​មួយ​ដែល​មិន​​កក្រើក នោះ​យើង​ត្រូវ​ដឹងគុណ ទាំង​បម្រើ​ព្រះជាម្ចាស់​ឲ្យ​សព្វ​ព្រះហឫទ័យព្រះអង្គ ដោយ​ចិត្ត​គោរព​កោតខ្លាច​ ២៩​ដ្បិត​ព្រះជាម្ចាស់របស់យើង​ជា​ភ្លើង​ដែល​ឆេះ​​​បំផ្លាញ។

ហេព្រើរ ១២