KCB - ហេព្រើរ ១០


ហេព្រើរ ១០

ព្រះគ្រិស្ដជាតង្វាយតែ​មួយ​ដង​ជា​ការ​ស្រេច​

១០ដ្បិត​គម្ពីរ​វិន័យ​ មាន​តែ​ ស្រមោល ​នៃ​សេចក្ដី​ល្អ​ដែល​ត្រូវ​មក​ប៉ុណ្ណោះ មិន​មែន​ជា​រូប​ពិត​នៃ​សេចក្ដី​នោះ​ទេ ដូច្នេះ​គម្ពីរ​វិន័យ​មិន​អាច​ធ្វើ​ឲ្យពួក​អ្នក​ដែល​ចូល​មក‍​ ដោយ​ថ្វាយ​យញ្ញបូជា​ដដែលៗរៀង​រាល់​ឆ្នាំ​ឥត​ឈប់​ឈរ​នោះ​​ បាន​គ្រប់​លក្ខណ៍​​ឡើយ​​ ហើយ​ប្រសិន​បើ​អាច​មែន នោះពួកអ្នក​បម្រើ​ មុខជា​ឈប់​ថ្វាយ​យញ្ញ​បូជា​ទៀត‍ហើយ ព្រោះ​កាល​ណា​ពួក​គេ​បាន​ស្អាត​​ម្តង​ហើយ ពួកគេ​មុខជា​លែង​មាន​អារម្មណ៍​​ថា​ ខ្លួន​​មាន​បាប​ទៀតហើយ ​ផ្ទុយទៅវិញ​ ​​ការ​ថ្វាយ​យញ្ញបូជា​នោះ​រំឭកពួកគេ ឲ្យ​នឹក​ឃើញ​​​ពី​បាប​ជា​រៀង​រាល់​ឆ្នាំ ​ព្រោះ​ឈាម​គោ​ឈ្មោល និង​ពពែ​ឈ្មោល​ មិន​អាច​ដក​យក​បាប​ចេញ​បាន​​ទេ។

​ហេតុ​នេះ​ហើយនៅ​ពេល​ព្រះ​គ្រិស្ដ​យាង​មក​ក្នុង​ពិភព​លោក​នេះ ព្រះអង្គ​មាន​បន្ទូល​ថា៖ «ព្រះអង្គ​មិន​ចង់​បាន​យញ្ញបូជា និង​តង្វាយ​ឡើយ ប៉ុន្ដែ​ព្រះអង្គ​បាន​រៀបចំ​រូបកាយ​មួយ​សម្រាប់​ខ្ញុំ​ ​ព្រះអង្គ​មិន​សព្វ​ព្រះ​ហឫទ័យ​នឹង​តង្វាយ​ដុត ឬ​តង្វាយ​លោះ​បាប​ឡើយ​ ដូច្នេះ​ហើយ​ បានជា​ខ្ញុំ​ទូល​ថា ឱ​ ព្រះ​ជាម្ចាស់​អើយ!​ មើល ខ្ញុំ​បាន​មក​ដើម្បី​ធ្វើ​តាម​បំណង​របស់​ព្រះអង្គ ស្រប​តាម​សេចក្ដី​ ដែល​បាន​ចែង​ទុក​នៅ​ក្នុង​​កណ្ឌគម្ពីរ​មួយ​អំពី​ខ្ញុំ​​ស្រាប់‍»។​

នៅ​ខាង​លើ​ ព្រះអង្គ​​មាន​បន្ទូល​ថា ព្រះអង្គ​មិន​ចង់​បាន​យញ្ញបូជា តង្វាយ តង្វាយ​ដុត និង​តង្វាយ​លោះ​បាប ហើយ​ក៏​មិន​សព្វ​ព្រះ​ហឫទ័យ​នឹង​តង្វាយ ​ដែល​គេ​ថ្វាយ​តាម​គម្ពីរ​​វិន័យ​ឡើយ​ ​បន្ទាប់​មក ព្រះអង្គ​ក៏​មាន​បន្ទូល​ថា មើល ខ្ញុំ​បាន​មក ​ដើម្បី​ធ្វើ​តាម​បំណង​របស់​ព្រះអង្គ។ ដូច្នេះ​ហើយ​ ព្រះអង្គ​លុបរបៀប​មុន​​ចោល​ដើម្បី​តាំង​របៀប​ថ្មី។ ១០​ដោយ​សារ​បំណង​របស់​ព្រះអង្គ​​​នេះ​ហើយ ​បាន​ជា​យើង​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ តាមរយៈ​​រូប​កាយ​​របស់​ព្រះ​យេស៊ូ​គ្រិស្ដ ដែល​ព្រះអង្គ​ថ្វាយ​តែមួយ​ដង​ជា​ការ​ស្រេច។​

១១សង្ឃ​គ្រប់​ៗរូប​តែងតែ​ឈរ​បំពេញ​មុខ​ងារ​របស់​ខ្លួន​រៀង​រាល់​ថ្ងៃ ហើយ​ថ្វាយ​យញ្ញបូជា​ដដែលៗ​ ម្ដង​ហើយ​ម្ដង​ទៀត ​ដែល​មិន​អាចដក​​យក​​បាប​ចេញ​បាន​ឡើយ​ ១២រី‍ឯ​ព្រះ​គ្រិស្ដ​វិញ បន្ទាប់​ពី​បាន​ថ្វាយ​យញ្ញបូជាតែ​មួយ ដែល​នៅ​អស់កល្ប​​​សម្រាប់​​បាប​រួច​មក ព្រះអង្គ​ក៏​គង់​នៅ​ខាង​ស្តាំ​​ព្រះ​ជាម្ចាស់​ ១៣ទាំង​​រង់​ចាំ​តាំង​ពី​ពេល​នោះ​មក​ រហូត​ដល់​​ព្រះជាម្ចាស់​ ដាក់​ខ្មាំង​សត្រូវ​របស់​ព្រះអង្គ​ជា​កំណល់​បាទា​របស់​ព្រះអង្គ។ ១៤​ដ្បិត​ដោយ​សារ​តង្វាយ​តែ​មួយ​នេះ ព្រះអង្គ​​ធ្វើ​ឲ្យពួក​អ្នក ​ដែល​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ បាន​គ្រប់​លក្ខណ៍​អស់កល្ប​ជានិច្ច។​

១៥រីឯ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ ធ្វើ​បន្ទាល់​ប្រាប់​យើង​អំពី​ការ​នេះ​ដែរ គឺ​​​ក្រោយ​ពី​ព្រះអង្គ​មាន​បន្ទូល​​ថា៖​ ១៦«ព្រះអម្ចាស់​មាន​បន្ទូល​ថា​ នេះ​ជា​កិច្ច​ព្រម​ព្រៀង​ដែល​យើង​នឹង​តាំង​ជាមួយ​ពួកគេ នៅ​ក្រោយ​ថ្ងៃ​ទាំង​នោះ​ គឺ​យើង​នឹង​ដាក់​ក្រឹត្យ​វិន័យ​របស់​យើង ​ក្នុង​ចិត្ដ​របស់​ពួកគេ ទាំង​ចារឹក​​ក្នុង​គំនិត​របស់​ពួកគេ​ផង‍» ១៧ព្រះអង្គ​ក៏មាន​បន្ទូលទៀត​​​ថា៖​​ «​យើង​មិន​នឹក​ចាំ​ពី​បាប និង​សេចក្តី​ទុច្ចរិត​របស់​ពួកគេ​ទៀត​ឡើយ​»។ ១៨​ទីណា​មាន​ការ​លើក​លែង​ទោស​ឲ្យ​រួច​ពី​សេចក្ដី​ទាំង​នេះ​ ទីនោះ​​គ្មាន​​តង្វាយ​សម្រាប់​​បាប​ទៀតឡើយ។

ការត្រាស់ហៅឲ្យ​មានចិត្ដអត់ធ្មត់

១៩ហេតុ​នេះ​​បង​ប្អូន​អើយ!​ យើង​មាន​សេចក្ដី​ក្លាហាន ​ចូល​ក្នុង​ទី​បរិសុទ្ធ​បំផុត ដោយ​សារ​ឈាម​​របស់​ព្រះ​យេស៊ូ​ ២០និង​ដោយ​សារ​​ផ្លូវ​ថ្មី ជាផ្លូវដ៏រស់ដែលព្រះអង្គ​បាន​រៀបចំ​ឲ្យ​​យើង​​ឆ្លង​កាត់​វាំងននដែល​​ជា​រូប​សាច់​របស់​ព្រះអង្គ​ ២១ហើយ​ដោយ​សារ​យើង​មាន​សង្ឃ​មួយ​អង្គ​ដ៏​ធំ​ ដែល​គ្រប់​គ្រង ​លើ​ដំណាក់​របស់​ព្រះជាម្ចាស់​ ២២នោះ​ ចូរឲ្យយើង​ចូលទៅជិតព្រះជាម្ចាស់​ដោយ​ចិត្ត​ស្មោះ​ត្រង់ និង​ជំនឿ​​ជឿជាក់​ ទាំង​មាន​​ចិត្ត​ដែលបាន​​​ប្រោះ​​សំអាត​​ពី​មនសិការ​​អាក្រក់ និងរូបកាយ​ដែល​បាន​​លាង​សំអាត​ដោយ​ទឹក​ដ៏​ស្អាត​ផង។

២៣​ចូរ​ឲ្យយើង​កាន់​ សេចក្ដី​សង្ឃឹម​ដែល​យើង​ប្រកាស​នោះ​យ៉ាង​ខ្ជាប់​ខ្ជួន​ឥត​រង្គើ​ឡើយ ដ្បិត​ព្រះជាម្ចាស់​ដែល​បាន​សន្យា​ ព្រះអង្គ​ស្មោះ​ត្រង់​ ២៤ហើយ​ចូរ​ឲ្យយើង​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​គ្នា ​ទៅវិញ​ទៅមក ដើម្បី​ជួយ​លើក​ទឹកចិត្ដ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់ និង​ការ​ប្រព្រឹត្តិល្អ។​

២៥កុំ​ឲ្យយើង​បោះបង់​ចោល​ការ​ជួបជុំ​គ្នា​ ដូចជា​អ្នក​ខ្លះ​មាន​ទម្លាប់​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ​ ចូរ​ឲ្យ​យើង​លើក​ទឹក​ចិត្ត​គ្នា​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត ដោយ​ឃើញ​ថា ​ថ្ងៃ​របស់​​ព្រះ​អម្ចាស់​មក​ជិត​ដល់​ហើយ​ ២៦ដ្បិត​បន្ទាប់​ពី​យើង​បាន​ទទួល​ចំណេះ​ដឹង​ខាង‍ឯ​សេចក្ដី​ពិត​ហើយ ប៉ុន្ដែ​ នៅ​​តែប្រព្រឹត្ត​បាប​ ដោយ​ចេតនា​ទៀត នោះ​គ្មាន​យញ្ញបូជា​​​ណា ​សម្រាប់​​បាប​ទៀតទេ ២៧មាន​តែ​រង់​ចាំដោយ​ភ័យ​រន្ធត់ចំពោះ​ការ​ជំនុំ​ជម្រះ និង​ភ្លើង​ដ៏​សន្ធោ​​សន្ធៅ​ដែល​ត្រៀម​នឹង​ឆេះ​បំផ្លាញ​ពួក​អ្នក​ប្រឆាំង​ប៉ុណ្ណោះ។

២៨​អ្នក​ដែល​​បដិសេធ​​គម្ពីរ​​វិន័យ​របស់​លោក​ម៉ូសេ ​ដោយ​​មានបន្ទាល់​របស់​សាក្សី​​ពីរ ឬ​បី​នាក់​ ​អ្នក​នោះ​ត្រូវ​ស្លាប់​ដោយ​ឥតប្រណី​ឡើយ​ ២៩​ចុះ​ទម្រាំ​អ្នក​ដែល​ជាន់​ឈ្លី​ព្រះ​រាជបុត្រា​របស់​ព្រះ​ជាម្ចាស់ ហើយ​​ចាត់​ទុក​ឈាម​នៃ​កិច្ច​ព្រម​ព្រៀង​ ដែល​បាន​ញែក​ខ្លួន​គេ​ជា​បរិសុទ្ធ​ជា​របស់​មិន​ស្អាត ព្រមទាំង​មើល​ងាយ​ព្រះ​វិញ្ញាណ​នៃ​ព្រះគុណ​វិញ តើ​អ្នករាល់គ្នា​គិត​ថា គេ​សម​នឹង​ទទួល​ទោស​ធ្ងន់ធ្ងរ​យ៉ាង​ណា​ទៅ​? ៣០ដ្បិត​យើង​ស្គាល់​ព្រះអង្គ​ ដែល​បាន​មាន​បន្ទូល​ថា៖ «ការ​សង​សឹក​ស្រេច​លើ​យើង យើង​នឹង​តប​ស្នង​ពួកគេ​វិញ‍»។ ព្រះអង្គ​មាន​បន្ទូល​ទៀតថា៖ «ព្រះ​អម្ចាស់​នឹង​ជំនុំ​ជម្រះ​រាស្រ្ត​របស់​ព្រះអង្គ»។​ ៣១ការ​ធ្លាក់​ក្នុង​ព្រះហស្ដ​របស់​ព្រះ​ជាម្ចាស់ ដ៏​មាន​ព្រះ​ជន្ម​រស់ ជា​ការ​គួរ​ឲ្យ​ភ័យ​ខ្លាច​ណាស់‍។​​​ ៣២ដូច្នេះ ចូរ​នឹក​ចាំ​ពី​គ្រា​មុន គឺ ​ក្រោយ​ពី​អ្នករាល់គ្នា​បានទទួល​ពន្លឺ​ ពេល​នោះ ​អ្នករាល់គ្នាបាន​ស៊ូទ្រាំ​នឹង​ការ​តយុទ្ធ​យ៉ាង​ខ្លាំង​នៅក្នុង​ការ​រង​ទុក្ខ​លំបាក​​​ ៣៣ពេល​ខ្លះ ​អ្នករាល់គ្នា​​ត្រូវ​គេ​ប្រមាថ​មើល​ងាយ ព្រមទាំង​ត្រូវ​​គេ​ធ្វើ​បាប ​នៅ​ទី​ប្រជុំជន ហើយ​ពេល​ខ្លះ​ទៀត អ្នករាល់គ្នាបាន​រួម​ចំណែក​ជាមួយ​អស់អ្នក​ ដែល​រង​អំពើ​ដូច្នោះ​ដែរ​ ៣៤ព្រោះ​អ្នករាល់គ្នា​មាន​ចិត្ដ​អាណិត​អាសូរអស់​អ្នក ​ដែល​ជាប់​ឃុំឃាំង​ ហើយ​សុខ​ចិត្ត​ឲ្យគេ​រឹប​អូស​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន ​ដោយ​អំណរ ដោយ​ដឹង​ថា​ខ្លួន​មាន​ទ្រព្យ​សម្បត្តិ​ ដ៏​ប្រសើរ​ជាង​នោះ ហើយ​នៅ​ស្ថិត​ស្ថេររហូត។ ៣៥ដូច្នេះចូរ​អ្នក​រាល់គ្នា​កុំ​បោះ​បង់​ការជឿជាក់​ ដែល​មាន​រង្វាន់​​ធំ​នេះឡើយ​ ៣៦ដ្បិត​អ្នករាល់គ្នា​ត្រូវ​មាន​ការ​​អត់ធ្មត់ ដើម្បី​ក្រោយ​ពី​ធ្វើ​តាម​បំណង ​របស់​ព្រះជាម្ចាស់​រួចហើយ អ្នក​រាល់គ្នានឹងទទួល​បាន​អ្វីៗ ​តាម​​សេចក្ដី​​សន្យា​ ៣៧ព្រោះ​​នៅ​តែ​បន្តិច​ទៀត​ប៉ុណ្ណោះ ព្រះអង្គ​ដែល​ត្រូវ​យាង​មក​នឹង​យាង​មក​ដល់ ព្រះអង្គ​មិន​បង្អែ​បង្អង់​ឡើយ‍ ៣៨ប៉ុន្ដែ​មនុស្ស​សុចរិត​របស់​យើង​ នឹង​រស់​នៅ​ដោយ​សារ​ជំនឿ ហើយបើ​គេ​ដកខ្លួន​ថយ​ នោះ​យើង​មិន​ពេញ​ចិត្ត​នឹង​គេ​ឡើយ​

៣៩យើង​មិន​មែន​ជា​អ្នក​ដែលដក​ខ្លួន​​ថយ​ដែល​នាំ​ឲ្យ​វិនាស​ឡើយ ផ្ទុយ​ទៅ​វិញ ​យើង​ជា​អ្នក​ដែល​មាន​ជំនឿ​ដែល​នាំ​ឲ្យ​​​​បាន​ជីវិត។

ហេព្រើរ ១០