KCB - កាឡាទី ៦


កាឡាទី ៦

យើង​ច្រូត​បាន​អ្វី​ដែល​យើង​ព្រោះ​

បងប្អូន​អើយ!​ បើ​​​​អ្នក​ណា​ម្នាក់​​​ធ្វើបាប ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ដែល​ដើរ​តាម​ព្រះ​វិញ្ញាណ​ កែត​ម្រង់​អ្នក​នោះ​​ដោយ​​ចិត្ត​ស្លូត​បូត​ ហើយ​ត្រូវ​ប្រយ័ត្ន​​ខ្លួន​ ក្រែងលោ​​អ្នក​ក៏​ត្រូវ​​ល្បួងដែរ​ ចូរ​​ជួយ​រំលែក​បន្ទុក​​គ្នា​ទៅវិញ​ទៅមក ធ្វើ​ដូច្នេះ​ ទើប​អ្នករាល់គ្នា​សម្រេច​​តាម​ក្រឹត្យវិន័យ​របស់​ព្រះគ្រិស្ដ​ ដ្បិតបើ​អ្នក​ណា​គិត​ថា​ខ្លួន​ជា​អ្វី​​​មួយ​ ប៉ុន្ដែ​មិនមែន​​ជា​អ្វី​សោះ​​ អ្នក​នោះ​បញ្ឆោត​ខ្លួន​ឯង​ហើយ។​

ផ្ទុយ​ទៅ​វិញ ចូរ​ឲ្យម្នាក់ៗ​ពិសោធ​​ការ​ប្រព្រឹត្តិ​​របស់​ខ្លួន​​ចុះ ពេល​នោះ​គេ​នឹង​មាន​អំនួត​ ចំពោះ​​តែ​ខ្លួន​ឯង​ប៉ុណ្ណោះ មិនមែន​ចំពោះ​​​អ្នក​ដទៃ​ទេ ​ដ្បិត​ម្នាក់​ៗ​ត្រូវ​លី​បន្ទុក​របស់​​ខ្លួន។​

​ចូរឲ្យអ្នក ​ដែល​រៀន​ព្រះ​បន្ទូល​​ចែក​រំលែក​របស់​​ល្អ​ៗ​ទាំងអស់​ដល់​អ្នក ​​ដែល​បង្រៀន។

​កុំ​ឲ្យ​ចាញ់​បញ្ឆោត​ឡើយ​ គ្មាន​អ្នក​ណា​​ចំអក​ឲ្យ​ព្រះជាម្ចាស់​បាន​ទេ ដ្បិតអ្នកណា​​​​​ព្រោះ​អ្វី​ អ្នកនោះ​​​នឹង​ច្រូត​បានផល​​នោះ​ឯង។ ដ្បិត​អ្នកដែល​ព្រោះ​ខាង​សាច់​ឈាម​របស់​ខ្លួន អ្នក​នោះ​នឹង​ច្រូត​​បាន​សេចក្ដី​ពុករលួយ ​ពី​​សាច់​ឈាម រីឯ​​អ្នក​ដែល​​ព្រោះ​ខាងព្រះវិញ្ញាណ អ្នក​នោះ​នឹង​ច្រូត​បាន​ជីវិត​អស់កល្ប​ជានិច្ច​ពី​​ព្រះ​វិញ្ញាណ​ ​ចូរ​យើង​កុំ​នឿយ​ណាយ​នឹង​​ប្រព្រឹត្ត​ល្អ​ឡើយ ព្រោះ​បើ​យើង​មិន​ល្វើយ​​ទេ ​​ដល់​វេលា​កំណត់​​ យើង​​នឹង​ច្រូត​បាន​ផល។ ១០ហេតុ​នេះ​ កាលណា​​យើងមាន​ឱកាស​ យើង​ត្រូវ​ប្រព្រឹត្ដ​ល្អ​ចំពោះ​មនុស្ស​ទាំង​អស់​ ជា​ពិសេស​ចំពោះ​បងប្អូន​រួម​ជំនឿ។

មិនមែន​ការ​កាត់​ស្បែក​ទេ​ ប៉ុន្ដែ​ជា​មនុស្ស​ថ្មី​

១១​​មើល៍​ ​​ខ្ញុំ​សរសេរ​​អក្សរ​ធំៗ​មក​អ្នករាល់គ្នា​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់​ថា​ ១២​អ្នក​ដែល​ចង់​សម្ញែង​​​​ខ្លួន​ខាង​សាច់​ឈាម អ្នក​ទាំង​នោះ​ បាន​បង្ខំ​​ឲ្យអ្នករាល់គ្នា​កាត់​ស្បែកដើម្បី​កុំ​ឲ្យ​ពួកគេ ​ត្រូវ​បៀត​បៀន​ដោយ​ឈើ​ឆ្កាង ​របស់​ព្រះគ្រិស្ដ​ប៉ុណ្ណោះ ១៣​ដ្បិត​​ពួក​អ្នក​​កាត់​ស្បែក​ ខ្លួន​គេ​ផ្ទាល់​​មិន​កាន់​​​តាម​គម្ពីរ​វិន័យ​ ប៉ុន្តែ​​ពួកគេ​ចង់​ឲ្យ​អ្នក​​រាល់​គ្នា​កាត់​ស្បែក​ដើម្បី​ឲ្យ​ពួក​គេ​​បាន​អួត​ខ្លួន​ ដោយសារ​​សាច់​ឈាម​របស់​អ្នករាល់គ្នា។

១៤រីឯ​​ខ្ញុំវិញ ​សូម​កុំ​ឲ្យ​ខ្ញុំ​​​អួត​អំពី​អ្វី​ឡើយ​​ ក្រៅ​ពី​ឈើ​ឆ្កាង​របស់​ព្រះ​យេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង ហើយ​​​ដោយ​សារ​ឈើ​ឆ្កាង​​​ សម្រាប់​ខ្ញុំ លោកិយ​ត្រូវ​បាន​​ឆ្កាងហើយ រួច​សម្រាប់​​លោកិយ ​ខ្ញុំ​ក៏​ដូច្នោះ​ដែរ ១៥​ដ្បិត​ការ​កាត់​ស្បែក ឬ​មិន​កាត់​ស្បែក មិន​​មែន​ជា​​អ្វី​​ឡើយ​ ​សំខាន់​គឺ​ការ​កើត​ជា​ថ្មី។​

១៦សូម​ឲ្យ​​សេចក្ដី​សុខសាន្ត និង​សេចក្ដី​មេត្តា​ករុណា មាន​ដល់​អស់​អ្នក ​ដែល​រស់នៅ​​តាម​គោលការណ៍​​នេះ ព្រមទាំង ​​​​​​ជន​ជាតិ​​អ៊ីស្រាអែល​របស់​ព្រះជាម្ចាស់។

១៧​ចាប់​ពី​ពេល​នេះ‍​ត​ទៅ កុំ​ឲ្យ​អ្នក​ណា​ម្នាក់​បង្ក​បញ្ហា​​​ឲ្យ​​ខ្ញុំទៀត ដ្បិត​ខ្ញុំ​មាន​ស្លាក​ស្នាម ​​របស់​ព្រះ​យេស៊ូ​​លើ​រូបកាយ​របស់​ខ្ញុំ​ស្រាប់​ហើយ‍។​

១៨បងប្អូន​អើយ! ​សូម​ឲ្យព្រះគុណ​របស់​ព្រះ​យេស៊ូ​គ្រិស្ដ ​ជា​ព្រះអម្ចាស់​របស់​យើង​ ស្ថិត​នៅ​ជា​មួយ​វិញ្ញាណ​របស់​អ្នករាល់គ្នាចុះ​​ អាម៉ែន៕

កាឡាទី ៦