KCB - អេភេសូរ ៥


អេភេសូរ ៥

រស់នៅក្នុងពន្លឺ

ដូច្នេះ ចូរ​យកតម្រាប់​តាម​ ព្រះជាម្ចាស់​ ដូចជា​កូន​ដ៏​ជា​ទីស្រឡាញ់​ចុះ ហើយ​​រស់នៅ​ក្នុង​សេចក្ដីស្រឡាញ់​​ ដូច​ដែល​ព្រះគ្រិស្ដ​បានស្រឡាញ់​​យើង ហើយ​ប្រគល់​អង្គ​ទ្រង់​សម្រាប់យើង​ទុក​ជា​តង្វាយ និង​យញ្ញបូជា​ ដែលមាន​ក្លិន​ពិដោរដ៏ក្រអូប​ថ្វាយ​ដល់​ព្រះជាម្ចាស់។

​រីឯ អំពើ‍អសីលធម៌​ខាង​ផ្លូវភេទ សេចក្ដី​ស្មោក​​គ្រោក​គ្រប់​បែប​យ៉ាង ឬ​សេចក្តី​លោភលន់ នោះមិនត្រូវឲ្យមានឮនិយាយ ក្នុង​ចំណោម​អ្នករាល់គ្នា​ឡើយ ដើម្បីឲ្យសម​ជា​ពួក​បរិសុទ្ធ ហើយ​រឿងគួរខ្មាស សំដីចម្កួត ឬ​សំដី​កំប្លែងអាសអាភាស​ក៏មិនត្រូវឲ្យមានដែរ ព្រោះ​សេចក្ដី​ទាំងនោះ​មិន​សមរម្យ​ទេ​ ប៉ុន្ដែ ចូរ​មាន​​សំដីអរព្រះគុណ​វិញ។​ ចូរ​អ្នករាល់គ្នា​​ដឹង ​ហើយយល់ការ​នេះ​ចុះ​ថា អស់​អ្នក​ដែលប្រព្រឹត្ត​អំពើ​អសីលធម៌​ខាង​ផ្លូវភេទ​ ឬ​មនុស្ស​ស្មោក​គ្រោក ឬ​មនុស្ស​លោភលន់‍ ដែល​ជា​អ្នក​ថ្វាយ​បង្គំ​រូប​ព្រះ​គ្មាន​មរតក​ នៅ​ក្នុង​នគរ​របស់​ព្រះគ្រិស្ដ និង​ព្រះជាម្ចាស់​ទេ។

កុំឲ្យអ្នកណាម្នាក់​បញ្ឆោតអ្នករាល់គ្នា​​​​ដោយ​​​ពាក្យ​សំដី ​​ឥត​ប្រយោជន៍​ឡើយ ដ្បិត​ដោយ​ព្រោះ​សេចក្ដី​ទាំងនេះ​ ​សេចក្ដី​ក្រោធ​របស់​ព្រះជាម្ចាស់ ​កើត​មាន​ចំពោះ​ពួក​កូន​ៗដែល​មិន​ស្តាប់​បង្គាប់។ ដូច្នេះ ចូរ​កុំ​រួមចំណែក ជាមួយ​ពួកគេ​ឡើយ។ ព្រោះ​កាល​ពី​មុន​ អ្នករាល់គ្នាជាសេចក្ដី​ងងឹត ប៉ុន្ដែ​ឥឡូវ​នេះ អ្នករាល់គ្នា​ជា​ពន្លឺ​នៅ​ក្នុង​ព្រះអម្ចាស់ ដូច្នេះ ចូរ​រស់​នៅ​ឲ្យដូច​ជា​កូន​របស់​ពន្លឺ​ចុះ ​ដ្បិត​ផល​ផ្លែ​របស់​ពន្លឺ​ ​មាន​នៅ​ក្នុង​គ្រប់​ទាំង​សេចក្ដី​ល្អ សេចក្ដី​សុចរិត និង​សេចក្ដី​ពិត ១០​ព្រមទាំង​​ពិនិត្យ​ឲ្យ​ដឹង​នូវ​អ្វី ​ដែល​ព្រះអម្ចាស់​សព្វ​ព្រះហឫទ័យ។​

១១កុំ​ចូល​រួម​ក្នុង​កិច្ចការ ​នៃ​សេចក្ដី​ងងឹត​ដែល​គ្មាន​ផល​ផ្លែ​នោះ​​ឡើយ ប៉ុន្តែ​ត្រូវ​លាតត្រដាង ​​កិច្ចការ​ទាំងនោះ​វិញ ១២ព្រោះ​កិច្ចការ​ទាំងឡាយ ​ដែល​គេ​បាន​ប្រព្រឹត្ត​ដោយ​សម្ងាត់​នោះ សូម្បីតែ​​និយាយ​ក៏គួរ​ឲ្យ​​ខ្មាស​​ទៅហើយ។ ១៣​ប៉ុន្ដែ​អ្វីៗ​ទាំង​អស់​ នឹង​ត្រូវ​លាត​ត្រដាង​​ឲ្យ​ឃើញ​​​ដោយ​សារ​​ពន្លឺ ១៤ព្រោះ​ជា​ពន្លឺ​ទេតើ​ ដែល​បង្ហាញ​ឲ្យ​ឃើញ​អ្វីៗ​ទាំងអស់។ ដូច្នេះហើយ​បានជា​មាន​សេចក្ដី​ចែង​ទុក​មក​​ថា ចូរ​ក្រោក​ឡើង អ្នក​ដែល​ដេក​លក់​អើយ ចូរ​ក្រោក​ចេញ​ពី​ពួក​មនុស្ស​ស្លាប់មក​ នោះ​ព្រះគ្រិស្ដ​នឹង​ចាំង​ពន្លឺ​មក​លើ​អ្នក។

រស់នៅដោយអំណាចរបស់ ព្រះវិញ្ញាណ

១៥​ដូច្នេះ ចូរ​ប្រយ័ត្ន​ឲ្យមែន​ទែន​អំពី​របៀប​ដែល​អ្នករាល់គ្នា​រស់​នៅ មិន​មែន​ដូចជា​មនុស្ស​គ្មាន​ប្រាជ្ញា​ទេ ប៉ុន្ដែ​ដូចជា​មនុស្ស​មាន​ប្រាជ្ញា​វិញ ១៦​ទាំង​​ចេះ​ប្រើ​​ប្រាស់​ពេល​វេលា​ផង ពី​ព្រោះ​សម័យ​នេះ​អាក្រក់​ណាស់។ ១៧​ដូច្នេះ កុំ​​​ល្ងង់​ឡើយ​​ចូរ​យល់​អំពី​អ្វី​ ដែល​ជា​បំណង​​របស់​ព្រះអម្ចាស់‍។ ១៨​​កុំ​ស្រវឹង​ស្រាដែលនាំ​ឲ្យ​​ប្រព្រឹត្ដ​ផ្ដេសផ្ដាស​ឡើយ​ ប៉ុន្តែ​ចូរ​ឲ្យ​បាន​ពេញ​ដោយ​ព្រះ​វិញ្ញាណ ១៩ហើយ​និយាយ​គ្នា​ទៅវិញ​ទៅមក​ ដោយ​ទំនុក​តម្កើង ទំនុក​បរិសុទ្ធ និង​ចម្រៀង​ខាង​វិញ្ញាណ ព្រមទាំង​ច្រៀង​​ និង​សរសើរ​​​​​ព្រះអម្ចាស់​ ចេញ​ពី​ចិត្ត​របស់​អ្នករាល់គ្នា​ចុះ​ ២០​ហើយអរ​ព្រះគុណ​ព្រះជាម្ចាស់ ​ជា​ព្រះវរបិតា​ជានិច្ច​​ សម្រាប់​គ្រប់​ការ​ទាំងអស់​ ក្នុង​ព្រះនាម​ព្រះ​យេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង

ប្រពន្ធ និងប្ដី

២១​ព្រមទាំង​ចុះចូលនឹង​គ្នា​ទៅវិញ​ទៅមក ​ ដោយ​ការ​កោត​ខ្លាច​​ព្រះគ្រិស្ដ។​ ២២ប្រពន្ធ​រាល់គ្នា​អើយ!​ ចូរ​ចុះចូល​នឹង​ប្តី​របស់​ខ្លួនឲ្យ​ដូច​ជា​ចុះចូល​នឹង​ព្រះអម្ចាស់​​ចុះ ២៣​ដ្បិត​ប្តី​ជា​ក្បាល​របស់​ប្រពន្ធ​ដូចជា​ព្រះគ្រិស្ដ​ ជា​ព្រះសិរ​​របស់​ក្រុម​ជំនុំ​ ហើយ​ព្រះអង្គផ្ទាល់​ក៏ជា​ព្រះអង្គ​សង្គ្រោះ​របស់​រូបកាយ​ដែរ។ ២៤​ដូច្នេះ ក្រុម​ជំនុំ​ចុះចូល​នឹង ​ព្រះគ្រិស្ដ​ជា​យ៉ាងណា ប្រពន្ធ​ក៏​ត្រូវ​ចុះ​ចូល​នឹង​ប្តី ​​ក្នុង​គ្រប់​ការ​ទាំងអស់​ជា​យ៉ាងនោះ​ដែរ។

២៥​ប្ដី​រាល់គ្នា​អើយ!​ ចូរស្រឡាញ់​​ប្រពន្ធ​​ ឲ្យ​ដូចជា​ព្រះគ្រិស្ដ​ស្រឡាញ់​ក្រុម​ជំនុំ ហើយ​បាន​ប្រគល់​អង្គ​ទ្រង់​សម្រាប់​ក្រុមជំនុំ​ដែរ ២៦ដើម្បី​ឲ្យព្រះអង្គ​ញែក​ក្រុម​ជំនុំ​ជា​បរិសុទ្ធ​ ទាំង​បាន​​សំអាតដោយ​លាង​​​នឹង​ទឹក និង​​​ដោយ​ព្រះបន្ទូល ២៧​ហើយ​ដើម្បី​ឲ្យព្រះអង្គ​បាន​ថ្វាយ​ក្រុម​ជំនុំ ​​ដែល​ប្រកប​ដោយ​សិរី​រុងរឿងនោះដល់​អង្គ​ទ្រង់ ដោយ​​​គ្មាន​ស្លាក​ស្នាម គ្មាន​ជ្រីវ​ជ្រួញ ឬ​អ្វីមួយ​​យ៉ាង​នោះ​ឡើយ គឺ​ឲ្យបាន​បរិសុទ្ធ និង​​ឥត​បន្ទោស​បាន។​ ២៨ដូច្នេះ ​ប្តី​ត្រូវស្រឡាញ់​​ប្រពន្ធ​របស់​ខ្លួន​ ឲ្យដូច​ជាស្រឡាញ់​​រូបកាយ​របស់​ខ្លួន​ដែរ។ អ្នក​ណាស្រឡាញ់​​ប្រពន្ធ​របស់​ខ្លួន អ្នក​នោះ​ក៏ស្រឡាញ់​​ខ្លួន​ឯង​ដែរ​ ២៩ដ្បិត​មិន​ដែល​មាន​អ្នក​ណា​ស្អប់​រូប​កាយ​របស់​ខ្លួន​ឡើយ ផ្ទុយទៅវិញ គេ​ចិញ្ចឹម ហើយ​ថ្នាក់ថ្មម​វា​ដូចជា​ព្រះគ្រិស្ដ​ បាន​ធ្វើ​ចំពោះ​ក្រុម​ជំនុំ​ដែរ​ ៣០ពី​ព្រោះ យើង​ជា​អវយវៈ​នៃ​រូបកាយ​របស់​ព្រះអង្គ‍។​

៣១ដោយ​ហេតុនេះ​​ បាន​ជា​មនុស្ស​ប្រុស​នឹង​ចាក​ចេញ​ពី​ឪពុក​ម្តាយ ​ទៅ​រួមរស់​ជាមួយ​ប្រពន្ធ​របស់​ខ្លួន ហើយ​អ្នក​ទាំងពីរ ​នឹង​ត្រលប់​ជា​សាច់​តែ​មួយ។​ ៣២សេចក្ដី​អាថ៌កំបាំង​នេះ ​ជ្រាល​ជ្រៅ​ណាស់ ប៉ុន្ដែ​ខ្ញុំ​និយាយ​នេះ​សំដៅ​លើ​ព្រះគ្រិស្ដ​​ និង​ក្រុម​ជំនុំ​​ប៉ុណ្ណោះ។ ៣៣​ទោះ​ជា​យ៉ាង​ណា​ក្ដី ចូរ​អ្នករាល់គ្នាស្រឡាញ់​​ប្រពន្ធ​របស់​ខ្លួន​រៀងៗ​ខ្លួន ​ឲ្យ ដូច​ជាស្រឡាញ់​​ខ្លួន​ឯងចុះ ​ហើយ​ប្រពន្ធ​​ត្រូវ​គោរព​ប្ដី។

អេភេសូរ ៥