អេភេសូរ ៤
ការរួបរួមគ្នានៅក្នុងរូបកាយ
៤ដូច្នេះ ខ្ញុំជាអ្នកទោសក្នុង ព្រះអម្ចាស់ សូមដាស់តឿនអ្នករាល់គ្នា ឲ្យរស់នៅស័ក្តិសមនឹងការត្រាស់ហៅ ដែលអ្នករាល់គ្នាបានទទួល ២ដោយការបន្ទាបខ្លួន និងចិត្តស្លូតបូតគ្រប់យ៉ាង ដោយសេចក្តីអត់ធ្មត់ ហើយទ្រាំទ្រគ្នាទៅវិញទៅមក នៅក្នុងសេចក្ដីស្រឡាញ់ ៣ទាំងព្យាយាមរក្សាភាពតែមួយដែលមកពីព្រះវិញ្ញាណ ដោយចំណងនៃសេចក្ដីសុខសាន្ត។ ៤មានរូបកាយតែមួយ ព្រះវិញ្ញាណតែមួយ ដូចដែលអ្នករាល់គ្នា បានទទួលការត្រាស់ហៅមកក្នុងសេចក្ដីសង្ឃឹមតែមួយនោះដែរ ៥មានព្រះអម្ចាស់តែមួយ ជំនឿតែមួយ ពិធីជ្រមុជតែមួយ ៦ព្រះជាម្ចាស់តែមួយ ជាព្រះវរបិតានៃទាំងអស់ដែលខ្ពស់លើទាំងអស់ ហើយធ្វើការតាមរយៈទាំងអស់ ព្រមទាំងគង់នៅក្នុងទាំងអស់ ៧តែម្នាក់ៗបានទទួលព្រះគុណតាមខ្នាតនៃអំណោយទានរបស់ព្រះគ្រិស្ដរៀងៗខ្លួន។
៨ហេតុនេះហើយ បានជាមានសេចក្ដីចែងទុកថា នៅពេលព្រះអង្គយាងឡើងទៅស្ថានដ៏ខ្ពស់ ព្រះអង្គបានចាប់ពួកឈ្លើយយកទៅ ហើយព្រះអង្គបានប្រទានអំណោយទាន ដល់មនុស្ស។ ៩តើពាក្យ យាងឡើងទៅ មានន័យដូចម្តេច? តើព្រះអង្គមិនបានយាងចុះទៅឯស្ថានដែលទាបជាងផែនដី ទេឬអី? ១០ព្រះអង្គដែលបានយាងចុះ ក៏ជាព្រះតែមួយដែរ ដែលបានយាងឡើងទៅខ្ពស់លើអស់ទាំងស្ថានសួគ៌ ដើម្បីឲ្យព្រះអង្គអាចបំពេញគ្រប់ការទាំងអស់បាន។
១១ព្រះអង្គបានប្រទានឲ្យ អ្នកខ្លះធ្វើជាសាវក អ្នកខ្លះជាអ្នកនាំព្រះបន្ទូល អ្នកខ្លះជាអ្នកប្រកាសដំណឹងល្អ អ្នកខ្លះទៀតជាគ្រូគង្វាល និងជាគ្រូបង្រៀន ១២ដើម្បីឲ្យពួកបរិសុទ្ធ បានគ្រប់លក្ខណ៍សម្រាប់កិច្ចការបម្រើ និងការស្អាងរូបកាយរបស់ព្រះគ្រិស្ដ ១៣រហូតទាល់តែយើងទាំងអស់គ្នា មានភាពតែមួយនៅក្នុងជំនឿ និងការស្គាល់ព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ទាំងត្រលប់ជាមនុស្សពេញវ័យ ហើយដល់ខ្នាតកំពស់នៃសេចក្តីពោរពេញរបស់ព្រះគ្រិស្ដ។
១៤ដូច្នេះ យើងមិនត្រូវនៅជាទារកទៀតឡើយ យើងមិនត្រូវឃ្លេងឃ្លោង ហើយរសាត់ចុះឡើង តាមខ្យល់នៃសេចក្ដីបង្រៀនគ្រប់បែបយ៉ាង និងតាមឧបាយកលរបស់មនុស្ស ដែលមានល្បិចប៉ិនប្រសប់ ក្នុងការបោកប្រាស់ ១៥ផ្ទុយទៅវិញ ចូរយើងនិយាយសេចក្ដីពិតនៅក្នុងសេចក្ដីស្រឡាញ់ ហើយចូរចម្រើនឡើង ក្នុងគ្រប់ការទាំងអស់ឲ្យដល់ព្រះអង្គដែលជាព្រះសិរ គឺជាព្រះគ្រិស្ដ ១៦ដែលបានផ្គុំ និងភ្ជាប់រូបកាយទាំងមូលឡើង ដោយសារសន្លាក់ទាំងអស់ដែលទ្រទ្រង់ ស្របទៅតាមកម្រិតសមត្ថភាពរៀងៗខ្លួន របស់ផ្នែកនិមួយៗដែលធ្វើឲ្យរូបកាយចម្រើនឡើង ដើម្បីនឹងស្អាងរូបកាយនោះឡើង នៅក្នុងសេចក្ដីស្រឡាញ់។
រស់នៅឲ្យដូចជាកូននៃពន្លឺ
១៧ដូច្នេះហើយ ខ្ញុំនិយាយសេចក្ដីនេះ ទាំងធ្វើបន្ទាល់នៅក្នុងព្រះអម្ចាស់ថា អ្នករាល់គ្នាកុំរស់នៅដូចជាសាសន៍ដទៃដែលរស់នៅតាមគំនិត ឥតប្រយោជន៍របស់ពួកគេទៀតឡើយ ១៨គំនិតរបស់ពួកគេត្រូវបានធ្វើឲ្យងងឹតសូន្យសុង ហើយបានដាច់ចេញពី ព្រះជន្មរបស់ព្រះជាម្ចាស់ដោយសារភាពល្ងង់ខ្លៅដែលមាននៅក្នុងពួកគេ និងដោយសារចិត្ដរឹងរូសរបស់ពួកគេ។
១៩ពួកគេលែងដឹងខុសត្រូវ ហើយបណ្ដោយខ្លួនទៅតាម ការល្មោភកាមដើម្បីប្រព្រឹត្ដ សេចក្តីស្មោកគ្រោកគ្រប់បែបយ៉ាង ដោយមិនចេះស្កប់ស្កល់ឡើយ ២០ប៉ុន្តែ អ្នករាល់គ្នាមិនបានរៀនអំពីព្រះគ្រិស្ដដូច្នោះទេ ២១អ្នករាល់គ្នាពិតជាបានឮអំពីព្រះអង្គ និងបានទទួលការបង្រៀនក្នុងព្រះអង្គ ដែលស្របទៅតាមសេចក្ដីពិត ក្នុងព្រះយេស៊ូហើយ ២២គឺឲ្យអ្នករាល់គ្នា ដោះមនុស្សចាស់ចោល ជាកិរិយាកាលពីមុន ដែលត្រូវបំផ្លាញ ដោយចំណង់តណ្ហាបោកបញ្ឆោត ២៣ហើយឲ្យគំនិត និងវិញ្ញាណរបស់អ្នករាល់គ្នា បានកែជាថ្មីឡើងវិញ ២៤ទាំងពាក់មនុស្សថ្មីដែលត្រូវបានបង្កើតឡើងដូចព្រះជាម្ចាស់ ដែលមានសេចក្ដីសុចរិត និងសេចក្ដីបរិសុទ្ធរបស់សេចក្ដីពិត។
២៥ដូច្នេះកាលបានដោះសេចក្ដីភូតភរចោលហើយ ចូរយើងម្នាក់ៗនិយាយសេចក្ដីពិតទៅកាន់អ្នកជិតខាងរបស់ខ្លួន ដ្បិតយើងជាអវយវៈរបស់គ្នា ទៅវិញទៅមក។ ២៦ចូរខឹងចុះ ប៉ុន្ដែកុំធ្វើបាបឡើយ ចូរកុំឲ្យកំហឹងរបស់អ្នករាល់គ្នា នៅរហូតដល់ថ្ងៃលិច ២៧ក៏កុំឲ្យឱកាសដល់អារក្សសាតាំងឲ្យសោះ។
២៨អ្នកដែលលួច ចូរកុំលួចទៀត ប៉ុន្តែចូរខំធ្វើការយ៉ាងនឿយហត់ចុះ គឺធ្វើកិច្ចការ ដែលមានប្រយោជន៍ដោយដៃរបស់ខ្លួនវិញ ដើម្បីឲ្យមានអ្វីចែកដល់អ្នកដែលខ្វះខាត។ ២៩កុំឲ្យមានពាក្យអាក្រក់ណា ចេញពីមាត់អ្នករាល់គ្នាឡើយ ផ្ទុយទៅវិញ ត្រូវនិយាយពាក្យល្អៗសម្រាប់ការស្អាងចិត្តតាម ដែលត្រូវការដើម្បីផ្តល់ព្រះគុណ ដល់អស់អ្នកដែលស្តាប់។
៣០កុំធ្វើឲ្យ ព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះជាម្ចាស់ ព្រួយព្រះហឫទ័យឡើយ ដ្បិតអ្នករាល់គ្នា ទទួលបានការបោះត្រា ដែលជាព្រះវិញ្ញាណបរិសុទ្ធ សម្រាប់ថ្ងៃនៃសេចក្ដីប្រោសលោះ។
៣១ចូរដកយកអស់ទាំងសេចក្ដីជូរចត់ កំហឹង ចិត្តក្ដៅក្រហាយ ជម្លោះឡូឡា ការជេរប្រមាថ រួមទាំងសេចក្ដីអាក្រក់គ្រប់បែបយ៉ាង ចេញពីអ្នករាល់គ្នាចុះ៣២ចូរមានចិត្តសប្បុរស ចំពោះគ្នាទៅវិញទៅមក និងមានចិត្ដអាណិតអាសូរ ព្រមទាំងលើកលែងទោសឲ្យគ្នា ទៅវិញទៅមក ដូចដែលព្រះជាម្ចាស់បានលើកលែងទោសឲ្យអ្នករាល់គ្នា នៅក្នុងព្រះគ្រិស្ដដែរ។