KCB - កូឡូស ៣


កូឡូស ៣

រស់នៅជាជីវិតបរិសុទ្ធ

ដូច្នេះ បើ​សិន​ជា​អ្នករាល់គ្នា​ បាន​រស់ឡើង​វិញ ​រួម​ជាមួយ​ព្រះគ្រិស្ដ​មែន ចូរ​ស្វែង​រក​អ្វីៗ​ដែល​នៅ​ស្ថាន​លើ​ ជា​ស្ថាន​ដែល​ព្រះគ្រិស្ដ​គង់​ខាង​ស្តាំ​​នៃ​ព្រះជាម្ចាស់​នោះ​វិញ‍។ ចូរ​គិត​ពី​អ្វីៗ​ដែល​នៅ​ស្ថាន​លើ កុំ​គិត​ពី​អ្វីៗ​ដែល​នៅ​ផែនដី​​ឲ្យសោះ‍។ ​ដ្បិត​អ្នករាល់គ្នា​បាន​ស្លាប់​ហើយ រីឯ​ជីវិត​របស់​អ្នករាល់គ្នា ក៏​បាន​លាក់​ទុក​ជាមួយ​ព្រះគ្រិស្ដ​នៅក្នុង​ព្រះជាម្ចាស់​ដែរ។ ​ពេល​ព្រះគ្រិស្ដ ​ដែល​ជា​ជីវិត​របស់​អ្នករាល់គ្នា​បង្ហាញខ្លួន​ នោះ​អ្នករាល់គ្នា​ក៏​នឹង​បង្ហាញ​ខ្ឡួន​​ជាមួយ​ព្រះអង្គ​ នៅ​ក្នុង​សិរី​រុងរឿង​ដែរ។

​ដូច្នេះ ចូរ​សម្លាប់​អ្វីៗ​ខាង​លោកិយ​ចោល​ទៅ គឺ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ សេចក្តី​ស្មោក​គ្រោក តណ្ហាថោកទាប​ សេចក្ដី​ប៉ង​ប្រាថ្នា​អាក្រក់ និង​សេចក្ដី​លោភ​លន់​ ដែល​ជា​ការ​ថ្វាយបង្គំ​រូប​ព្រះ​ ដ្បិត​ដោយ​ព្រោះ​តែ​ អំពើ​ទាំងនោះ​ហើយ​ បាន​ជា​សេចក្ដី​ក្រោធ​របស់​ព្រះជាម្ចាស់​ធ្លាក់​លើ​ពួក​កូន​ ដែល​មិន​ស្តាប់​បង្គាប់ ហើយ​កាល​ពី​មុន ​​ពេល​អ្នករាល់គ្នា​រស់​នៅ​ក្នុង​ចំណោម​អ្នកទាំង​នោះ​ ក៏​​បាន​ប្រព្រឹត្ត​អំពើ​ទាំងនោះ​​ដែរ​ ប៉ុន្ដែ​ឥឡូវ​នេះ ចូរ​អ្នករាល់គ្នា​លះ​បង់​អំពើ​ទាំងអស់​នោះ​​ចោល​ទៅ​ គឺ​ចិត្ត​​​ក្ដៅ​ក្រហាយ កំហឹង សេចក្ដី​អាក្រក់ ការ​ជេរ​ប្រមាថ និង ​ពាក្យ​មិន​សមរម្យ​​ចេញ​ពី​មាត់​របស់​អ្នករាល់គ្នា​ កុំ​កុហក​គ្នា​ឡើយ ដ្បិត​អ្នករាល់គ្នា​បាន​ដោះ​មនុស្ស​ចាស់​ជាមួយ​នឹង​ការប្រព្រឹត្តិ​របស់​វា​ចោល​ហើយ ១០រួច​អ្នករាល់គ្នា​ក៏​បាន​ពាក់​មនុស្ស​ថ្មី ​ដែល​កំពុង​ផ្លាស់​ប្រែ​ជា​ថ្មី​ខាង​ឯ​ការ​យល់​ដឹង ដើម្បី​ឲ្យត្រូវ​នឹង​រូប​អង្គ​របស់​ព្រះ​​ដែល​បាន​បង្កើត​មនុស្ស​ថ្មី​នោះ ១១​នៅ​សណ្ឋាន​នោះ​លែង​មាន​ជនជាតិ​ក្រេក ឬ​ជនជាតិ​យូដា ពួក​កាត់​ស្បែក ឬ​ពួក​មិន​កាត់​ស្បែក​ ពួក​មនុស្ស​ព្រៃ​​ ឬ​ពួក​ជនជាតិ​ភាគតិច​ បាវ​បម្រើ ឬ​អ្នក​មាន​សេរីភាព​​ទៀត​ហើយ ព្រោះ​ព្រះគ្រិស្ដ​ជា​ទាំងអស់ ហើយ​គង់​នៅ​ក្នុង​អ្វីៗ​ទាំងអស់។​

១២ដូច្នេះ ដោយព្រោះ​​ព្រះជាម្ចាស់​បាន​រើស​តាំងអ្នករាល់គ្នា ជា​ពួក​បរិសុទ្ធ និង​ជា​ទី​ស្រឡាញ់​‍របស់ព្រះ​អង្គ​ ចូរ​ពាក់​​ចិត្ត​អាណិត​អាសូរ ចិត្ដ​សប្បុរស ចិត្តសុភាព ចិត្តស្លូត​បូត និង​ចិត្ត​អត់ធ្មត់​ចុះ ១៣ចូរ​ទ្រាំទ្រគ្នា ​ទោះបី​​មាន​រឿង​អ្វី​មួយ​ទាស់​នឹង​អ្នក​ណា​ក៏ដោយ ត្រូវ​លើកលែង​ទោស​ឲ្យ​គ្នា​ទៅវិញ​ទៅមក​​ ដ្បិត​​ព្រះអម្ចាស់​ បាន​លើកលែង​ទោស​ឲ្យ​អ្នករាល់គ្នា​ជា​យ៉ាង​ណា អ្នករាល់គ្នា​ក៏​ត្រូវ​ធ្វើ​ដូច្នោះដែរ​ ១៤លើស​ពី​សេចក្ដី​ទាំងអស់​នេះ ចូរពាក់​​​​សេចក្ដី​ស្រឡាញ់​​ដែល​នាំ​ឲ្យ​មាន​ការ​រួបរួមគ្នា​យ៉ាង​​គ្រប់​លក្ខណ៍​​ចុះ។ ១៥​ចូរ​ឲ្យសេចក្ដី​សុខសាន្ត​របស់​ព្រះគ្រិស្ដ​គ្រប់គ្រង​ នៅ​ក្នុង​ចិត្ត​របស់​អ្នករាល់គ្នាដ្បិត​ព្រះជាម្ចាស់ ​បានត្រាស់​​ហៅ​អ្នករាល់គ្នា​​ឲ្យចូលមកក្នុង ​​រូបកាយ​តែ​មួយ​​ ដើម្បី​សេចក្ដី​នោះ​ឯង ហើយ​ចូរ​អរ​ព្រះគុណ​ផង។

១៦ចូរ​ឲ្យព្រះបន្ទូល ​របស់​ព្រះគ្រិស្ដ​ស្ថិត​​នៅ​ក្នុង​អ្នករាល់គ្នា​ជា​បរិបូរ​ ហើយបង្រៀន​ និង​​ទូន្មាន​គ្នាដោយ​ប្រាជ្ញា​គ្រប់​បែប​យ៉ាង‍ ទាំង​ច្រៀង​ទំនុក​តម្កើង ទំនុក​បរិសុទ្ធ ព្រមទាំង​ចម្រៀង​ខាង​វិញ្ញាណ​ថ្វាយ​ព្រះជាម្ចាស់ ​ដោយ​​អរ​ព្រះគុណ​ព្រះអង្គ​នៅក្នុង​​ចិត្ត​​ចុះ‍។ ១៧​ការ​អ្វី​ក៏ដោយ​ដែល​អ្នករាល់គ្នា​ធ្វើ មិន​ថា​ពាក្យសំដី ឬ​ការ​ប្រព្រឹត្ដិ​ក្ដី​ ចូរ​ធ្វើ​ការ​ទាំង​អស់ ​នៅក្នុង​ព្រះនាម​​ព្រះអម្ចាស់​យេស៊ូចុះ​ ទាំង​អរ​ព្រះគុណ​ព្រះជាម្ចាស់​ ជា​ព្រះវរបិតា​តាមរយៈ​ព្រះអង្គ។

សេចក្ដីណែនាំដល់គ្រួសារគ្រិស្ដ បរិស័ទ

១៨​ប្រពន្ធ​រាល់គ្នា​អើយ! ចូរ​ចុះចូល​នឹង​ប្តី​របស់​ខ្លួន​​ចុះ​ ដោយ​ព្រោះ​​ជា​ការសមរម្យ​នៅ​ក្នុង​ព្រះអម្ចាស់។ ១៩​ប្តី​រាល់គ្នា​អើយ! ចូរ​ស្រឡាញ់​​ប្រពន្ធ​របស់​ខ្លួន​ចុះ កុំ​​មួម៉ៅ​ដាក់​​នាង​ឡើយ។

២០ក្មេង​រាល់គ្នា​អើយ! ចូរ​ស្តាប់​បង្គាប់​ឪពុក​​ម្តាយ ​នៅក្នុង​​ការ​ទាំងអស់ ដ្បិត​នេះ​ជា​ការ​ ដែល​ព្រះអម្ចាស់​សព្វ​ព្រះហឫទ័យ។ ២១ឪពុក​រាល់គ្នា​អើយ! ចូរកុំ​រករឿង​ធ្វើឲ្យកូន​របស់ខ្លួន​ខឹង​ឡើយ ក្រែង​លោ​វា​ខូចចិត្ត។

២២បាវបម្រើ​រាល់គ្នា​អើយ! ចូរ​ស្តាប់​បង្គាប់​ចៅ​ហ្វាយ​ខាង​សាច់​ឈាម ​នៅក្នុង​​ការ​ទាំងអស់​ចុះ មិន​មែន​បម្រើ​តែក្នុង​ការ​ដែល​គេ​​មើល​ឃើញ​​ ដូចជា​​ចង់​ផ្គាប់​ចិត្ត​មនុស្ស​ឡើយ គឺ​ត្រូវ​ធ្វើ​ដោយ​ចិត្ត​ស្មោះ​ត្រង់ ទាំង​កោត​ខ្លាច​ព្រះអម្ចាស់ ២៣ហើយ​ការ​អ្វី​ក៏ដោយ ​ដែល​អ្នករាល់គ្នា​ធ្វើ ចូរ​ធ្វើ​ឲ្យអស់​ពី​ចិត្ត​ចុះ ដូច​ជា​បម្រើ​​ព្រះអម្ចាស់ ​មិន​មែនដូចជា​បម្រើ​​មនុស្ស​ទេ ២៤ដោយ​ដឹង​ថា អ្នករាល់គ្នា​នឹង​ទទួល​បាន​មរតក​ ជា​រង្វាន់​ពី​ព្រះអម្ចាស់ ដ្បិត​អ្នករាល់គ្នា​​បម្រើ​ព្រះគ្រិស្ដ​ ជា​ព្រះអម្ចាស់។​ ២៥អ្នក​ណា​ធ្វើ​​ខុស អ្នក​នោះ​នឹង​ទទួល​ផល​តាម​ដែល​​ធ្វើ​​ខុស​ ហើយ​ព្រះអង្គ​ មិន​មាន​សេចក្តី​លំអៀង​ឡើយ។​

កូឡូស ៣