KCB - កូឡូស ២


កូឡូស ២

ខ្ញុំ​ចង់​ឲ្យអ្នករាល់គ្នា​ដឹង​ថា​​ ខ្ញុំ​ តយុទ្ធ​ខ្លាំង​យ៉ាង​ណា ​​ដើម្បី​អ្នករាល់គ្នា ​ដើម្បី​ពួក​អ្នក​ក្រុង​ឡៅឌីសេ និង​ដើម្បី​​ពួក​មនុស្ស​ទាំងឡាយ​ដែល​មិន​ទាន់​បាន​ជួប​មុខ​ខ្ញុំ​នៅ​ឡើយ​ គឺ​ឲ្យពួកគេ​​ទទួលបាន​​ការ​កម្សាន្ដចិត្ត​ ​រួបរួម​គ្នា​​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​ ហើយ​​មានការ​យល់ដឹង​យ៉ាង​​ជឿជាក់ និង​យ៉ាងបរិបូរ​ ដើម្បី​ឲ្យ​ពួកគេ​ស្គាល់ ​អាថ៌កំបាំង​របស់​ព្រះជាម្ចាស់​ ដែល​ជា​ព្រះគ្រិស្ដ​ ដ្បិត​កំណប់​នៃ​ប្រាជ្ញា និង​ចំណេះដឹង​ទាំង​ឡាយ​បាន​លាក់​ទុក​នៅ​ក្នុង​ព្រះអង្គ។​

ខ្ញុំ​និយាយ​​ដូច្នេះ ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ម្នាក់​បញ្ឆោត​អ្នករាល់គ្នា ​ដោយ​ពាក្យ​លួងលោមបានឡើយ។ ​ដ្បិត​ទោះបី​ខ្ញុំ​មិន​នៅ​ជាមួយ​អ្នករាល់គ្នា​ ខាង​សាច់​ឈាម​ក្ដី ក៏​ខ្ញុំ​នៅ​ជាមួយ​អ្នករាល់គ្នា​ខាង​វិញ្ញាណ​ដែរ ហើយ​ខ្ញុំ​មាន​អំណរ​ ដែល​ឃើញ​អ្នករាល់គ្នាមាន​សណ្តាប់​ធ្នាប់​ ទាំង​មាន​ជំនឿ​ខ្ជាប់​ខ្ជួន​នៅ​ក្នុង​ព្រះគ្រិស្ដ។​

ការមានសេរីភាពពីក្រឹត្យវិន័យ និងជីវិតថ្មីក្នុង ព្រះគ្រិស្ដ

ដូច្នេះ អ្នករាល់គ្នា​ទទួល​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​ជា​យ៉ាងណា ​ចូរ​រស់​នៅ​ក្នុង​ព្រះអង្គ​ជា​យ៉ាងនោះ​ចុះ ​ហើយ​​ចាក់​ឫស និង​​ស្អាងឡើង​នៅ​ក្នុង​ព្រះអង្គ ព្រមទាំង​មាន​ជំនឿ​មាំមួន ​ដូច​ដែល​អ្នករាល់គ្នា​ បាន​ទទួលការបង្រៀន​​រួច​មក​ហើយ ទាំង​​​អរ​ព្រះគុណ​ឲ្យ​​ច្រើនឡើង។​

ចូរ​ប្រយ័ត្ន ក្រែង​លោ​មាន​អ្នក​ណា​ម្នាក់​ចាប់​អ្នករាល់គ្នា​ជា​ឈ្លើយ​ ដោយ​ប្រើ​ទស្សនវិជ្ជា និង​ពាក្យ​​បញ្ឆោត​ឥតប្រយោជន៍​ដែល​ស្រប​តាម​ទំនៀម​ទម្លាប់​របស់​មនុស្ស និង​គោល​ការណ៍​បឋម​របស់​លោកិយ​នេះ​ ដែល​​មិន​ស្របតាម​ព្រះគ្រិស្ដ​ ដ្បិត​គ្រប់​ទាំង​សេចក្តី​ពោរពេញ​នៃ​លក្ខណៈ ​​​របស់​ព្រះជាម្ចាស់​​ស្ថិតជា​រូបរាង​នៅ​ក្នុងព្រះគ្រិស្ដ ១០ហើយ​អ្នករាល់គ្នា ​ក៏​បាន​ពេញ​​​នៅ​ក្នុង​ព្រះអង្គ​ដែរ ដ្បិត​ព្រះអង្គ​ជា​ព្រះសិរ​លើ​ការ​គ្រប់គ្រង និង​សិទ្ធិ​អំណាច​ទាំងអស់ ១១ហើយ​នៅក្នុង​ព្រះអង្គ អ្នករាល់គ្នា​ក៏​បាន​ទទួល​ការកាត់ស្បែក​​ដែរ គឺ​មិនមែន​ជា​ការ​កាត់​ស្បែក​​ ដោយ​ដៃ​មនុស្ស​ទេ‍ ប៉ុន្តែ​ ​ជា​ការ​កាត់ស្បែក​ ខាង‍ឯ​ព្រះគ្រិស្ដ ដែល​​ជា​ការ​ដោះ​រូបកាយ​ខាង​សាច់ឈាមចេញ។​ ១២អ្នករាល់គ្នា​ត្រូវ​បាន​បញ្ចុះ​ជាមួយ​ព្រះគ្រិស្ដ​ តាមរយៈ​ពិធី​ជ្រមុជ​ទឹក ហើយ​ក៏​បាន​រស់​ឡើង​វិញ​ជាមួយ​ព្រះអង្គ​ដែរ​តាមរយៈ​​ជំនឿ​លើ​អានុភាព​របស់​ព្រះជាម្ចាស់ ​ដែល​បាន​ប្រោស​ព្រះគ្រិស្ដ​ឲ្យរស់​ឡើង​វិញ ១៣​នៅពេលអ្នករាល់គ្នាស្លាប់​នៅ​ក្នុង‍បាប និង​​ការ​មិន​កាត់​ស្បែក​ ​ខាង​សាច់​ឈាម ព្រះអង្គបាន​ប្រោស​អ្នករាល់គ្នា ​ឲ្យមាន​ជីវិត​រួមជាមួយ​ព្រះអង្គ​ ទាំង​​លើក​លែង​ទោស​បាប​ទាំងអស់​របស់​យើង​ផង ១៤ហើយ​ព្រះអង្គ​ បាន​លុប​ចោល​កំណត់​ត្រា​ដែល​ទាស់​​នឹង​យើង គឺ​បញ្ញត្ដិ​ទាំង ឡាយ​​ដែល​​ប្រឆាំងយើង ហើយ​ព្រះអង្គ​បាន​ដក​បញ្ញត្ដិ​ទាំង​នោះ​ចេញ​ ​ដោយ​ដំភ្ជាប់​ទៅនឹង​ឈើឆ្កាង។ ១៥​ព្រះអង្គ​បាន​បំផ្លាញ​អំណាច​នៃ​ការ​គ្រប់គ្រង និង​សិទ្ធិ​អំណាច​​ទាំង​ឡាយ ដោយ​បំបាក់មុខ​​ពួកវា​នៅ​ទី​សាធារណៈ​ ហើយ​​បាន​យក​ឈ្នះ​ពួក​វា​ដោយ​ឈើឆ្កាង។

១៦​ដូច្នេះ កុំ​ឲ្យអ្នក​ណា​ម្នាក់​ថ្កោល​ទោស​អ្នករាល់គ្នា​​អំពី​ការ​បរិភោគ​ ការផឹក ឬអំពីពិធី​បុណ្យ ​បុណ្យ​ចូល​ខែ និង​ថ្ងៃ​សប្ប័ទឡើយ ១៧ដ្បិត​ការ​ទាំង​នេះ​គ្រាន់តែ​ជា​ស្រមោល​នៃ​អ្វីៗ​ដែល​ត្រូវ​មក​ប៉ុណ្ណោះ រីឯ​រូប​ពិត​មាន​នៅក្នុង​​​ព្រះគ្រិស្ដ។ ១៨​ចូរ​កុំ​ឲ្យអ្នក​ណា​​ដែល​ចូល​ចិត្ដ​ធ្វើ​ពុត​បន្ទាប​ខ្លួន និង​​ថ្វាយបង្គំ​ទេវតា​មក​​បញ្ឆោតអ្នករាល់គ្នា ឲ្យ​បាត់​​រង្វាន់ឡើយ ពួកគេ​ជា​មនុស្ស​​និយាយ​ស៊ក​សៀត​អំពី​អ្វី​ដែលពួក​គេ​ឃើញ ហើយ​អួត​ឥត​ប្រយោជន៍​ដោយ​គំនិត​ខាង​សាច់​ឈាម​​របស់​ពួកគេ ១៩​ពួកគេ​មិន​នៅ​ជាប់​នឹង​​ព្រះគ្រិស្ដ​ដែល​ជា​ក្បាល​ទេ គឺដោយសារ​​ក្បាល​​ហើយ ទើប​រូបកាយ​ទាំង​មូល​ត្រូវ​បាន​ផ្គត់ផ្គង់​ ​​ហើយ​ភ្ជាប់​គ្នា​ដោយ​សារសន្លាក់​ និងសរសៃ​ទាំង​ឡាយ ទាំង​​ចម្រើន​ឡើង​​​ តាមសេចក្ដី​ចម្រើន​របស់​ព្រះជាម្ចាស់។

២០​បើ​អ្នករាល់គ្នា​ បាន​ស្លាប់​ជាមួយ​ព្រះគ្រិស្ដ​ ហើយ​រួច​ផុត​ពី​គោលការណ៍​បឋម​របស់​លោកិយ​នេះ​មែន ហេតុអ្វី​បាន​ជា​អ្នករាល់គ្នា ហាក់ដូចជា​​រស់នៅ​ក្នុង​លោកិយ ​ដោយចុះ​ចូល​នឹង​បញ្ញត្តិ​ទាំងឡាយដូចជា​ ២១​កុំ​កាន់‍ កុំ​ភ្លក់‍ ឬកុំ​ពាល់​ដូច្នេះ?​ ២២បញ្ញត្តិ​​ទាំងនេះ​សុទ្ឋ​តែ​ជា​បទបញ្ជា និង​សេចក្ដី​បង្រៀន​របស់​មនុស្ស​ ដែល​សាប​សូន្យ​ទៅ​តាម​ការ​ប្រើប្រាស់‍។ ២៣​បញ្ញត្ដិ​ទាំងនោះ​ទំនង​ដូចជា​មាន​ប្រាជ្ញា ​ដោយ​ឲ្យ​ថ្វាយបង្គំ​ស្ម័គ្រ​ចិត្ដ ​បន្ទាប​ខ្លួន និង​លត់ដំ​​រូបកាយ​​ជាដើម ប៉ុន្ដែ ​គ្មាន​តម្លៃ​អាច​តទល់​នឹង​ចំណង់​របស់​សាច់​ឈាម‍​បាន​ឡើយ‍។

កូឡូស ២