កិច្ចការ ៨
ការបៀតបៀនធ្វើឲ្យពួកអ្នកជឿ ខ្ចាត់ខ្ចាយ
៨រីឯលោកសុល ក៏បានយល់ស្របសម្លាប់លោកស្ទេផានដែរ។ នៅថ្ងៃនោះ មានការបៀតបៀនជាខ្លាំងមកលើក្រុមជំនុំ នៅក្នុងក្រុងយេរូសាឡិម ហើយអ្នកជឿទាំងអស់ បានខ្ចាត់ខ្ចាយទៅពាសពេញតំបន់នានាក្នុងស្រុកយូដានិងស្រុកសាម៉ារី លើកលែងតែពួកសាវក។ ២ពេលនោះពួកប្រុសៗដែលកោតខ្លាចព្រះជាម្ចាស់ បានយកសពលោកស្ទេផានទៅបញ្ចុះ ហើយយំស្រណោះគាត់យ៉ាងខ្លាំង ៣រីឯលោកសុលបានបំផ្លាញក្រុមជំនុំដោយចូលទៅចាប់អូសពួកអ្នកជឿទាំងប្រុស ទាំងសី្រ នៅតាមផ្ទះយកទៅដាក់គុក។
លោកភីលីពប្រកាសព្រះបន្ទូលនៅស្រុកសាម៉ារី
៤រីឯពួកអ្នកដែលបានខ្ចាត់ខ្ចាយទៅនោះបានធ្វើដំណើរ ពីកន្លែងមួយទៅកន្លែងមួយ ទាំងប្រកាសព្រះបន្ទូលផង។៥ពេលនោះលោកភីលីព បានចុះទៅក្រុងមួយក្នុងស្រុកសាម៉ារី ហើយប្រកាស បា្រប់ពួកគេអំពីព្រះគិ្រស្ដ ៦ពេលបណ្ដាជនបានស្ដាប់ និងបានឃើញទីសំគាល់អស្ចារ្យនានាដែលគាត់បានធ្វើ ពួកគេទាំងអស់គ្នា ក៏យកចិត្ដទុកដាក់ស្ដាប់អ្វី ដែលគាត់បាននិយាយ ៧ដ្បិតពួកវិញ្ញាណអាក្រក់ ដែលបានចូលមនុស្សជាច្រើន ពួកវាបានចេញមក ទាំងស្រែកខ្លាំងៗ ហើយមនុស្សស្លាប់ដៃជើង និងមនុស្សខ្វិនជាច្រើនត្រូវបានប្រោសឲ្យជា ៨ដូច្នេះហើយ ក៏មានអំណរជាខ្លាំងនៅក្នុងក្រុងនោះ។
៩នៅក្នុងក្រុងនោះ មានបុរសម្នាក់ឈ្មោះស៊ីម៉ូន ដែលកាលពីមុនធ្លាប់ប្រើ មន្ដអាគម ធ្វើឲ្យប្រជាជននៅក្នុងស្រុកសាម៉ារីស្ញប់ស្ញែង ព្រមទាំងបានអះអាងថាខ្លួនជាមនុស្សដ៏អស្ចារ្យម្នាក់ ១០មនុស្សទាំងអស់ ចាប់ពីអ្នកតូចដល់អ្នកធំបានយកចិត្ដទុកដាក់ស្ដាប់គាត់ ទាំងនិយាយថា៖ «មនុស្សនេះហើយ ដែលគេហៅថា អំណាចដ៏អស្ចារ្យរបស់ព្រះជាម្ចាស់» ១១ដោយគាត់បានធ្វើឲ្យពួកគេស្ញប់ស្ញែងចំពោះមន្ដអាគមរបស់គាត់យូរមកហើយបានជាពួកគេយកចិត្ដទុកដាក់ស្ដាប់គាត់ដូច្នេះ ១២ប៉ុន្ដែពេលពួកគេជឿដំណឹងល្អដែលលោកភីលីព បានប្រកាសអំពីនគរព្រះជាម្ចាស់ និងអំពីព្រះនាមរបស់ព្រះយេស៊ូគ្រិស្ដ ពួកគេក៏ទទួលពិធីជ្រមុជទឹកទាំងប្រុស ទាំងសី្រ ១៣សូម្បីតែលោកស៊ីម៉ូនផ្ទាល់ក៏បានជឿដែរ ហើយក្រោយពីទទួលពិធីជ្រមុជទឹករួច គាត់ក៏នៅជាមួយ លោកភីលីពតទៅទៀត ហើយគាត់បានស្ញប់ស្ញែងយ៉ាងខ្លាំង ពេលគាត់បានឃើញទីសំគាល់ និងការអស្ចារ្យធំៗដែលកំពុងកើតឡើង។
១៤បន្ទាប់មក ពេលពួកសាវកនៅក្នុងក្រុងយេរូសាឡិមបានឮថា ស្រុកសាម៉ារី បានទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេក៏ចាត់លោកពេត្រុស និងលោកយ៉ូហាន ឲ្យទៅឯអ្នកទាំងនោះ ១៥អ្នកទាំងពីរក៏ចុះមក ហើយអធិស្ឋានសម្រាប់ពួកគេ ដើម្បីឲ្យពួកគេបានទទួលព្រះវិញ្ញាណបរិសុទ្ធ ១៦ដ្បិតព្រះវិញ្ញាណមិនទាន់យាងមកសណ្ឋិតលើពួកគេណាម្នាក់នៅឡើយ ពួកគេគ្រាន់តែបានទទួលពិធីជ្រមុជទឹក ក្នុងព្រះនាមរបស់ព្រះអម្ចាស់យេស៊ូប៉ុណ្ណោះ ១៧ដូច្នេះហើយ អ្នកទាំងពីរនោះបានដាក់ដៃលើពួកគេ ហើយពួកគេក៏ទទួលព្រះវិញ្ញាណបរិសុទ្ធ ១៨ពេលលោកស៊ីម៉ូនឃើញថា ព្រះវិញ្ញាណបានសណ្ឋិតតាមរយៈការដាក់ដៃ របស់សាវកទាំងពីរដូច្នេះ គាត់ក៏ជូនបា្រក់ ដល់សាវកទាំងពីរនោះ១៩ទាំងនិយាយថា៖ «សូមឲ្យសិទ្ធិអំណាចនេះដល់ខ្ញុំដែរ ដើម្បីឲ្យអស់អ្នកដែលខ្ញុំដាក់ដៃលើ បានទទួលព្រះវិញ្ញាណបរិសុទ្ធ» ២០ប៉ុន្ដែ លោកពេត្រុសនិយាយទៅគាត់ថា៖ «ចូរឲ្យបា្រក់របស់អ្នកវិនាសជាមួយអ្នកចុះ ព្រោះអ្នកស្មានថា អ្នកអាចយកបា្រក់ទិញអំណោយទាន របស់ព្រះជាម្ចាស់បាន! ២១ដោយសារតែចិត្ដរបស់អ្នក មិនទៀងត្រង់នៅចំពោះព្រះជាម្ចាស់ នោះអ្នកគ្មានចំណែក ឬភាគណាមួយនៅក្នុងកិច្ចការនេះឡើយ។ ២២ដូច្នេះចូរប្រែចិត្ដពីសេចក្ដីអាក្រក់របស់អ្នកនេះចុះ ហើយអធិស្ឋានទៅព្រះជាម្ចាស់ ក្រែងលោព្រះអង្គ នឹងលើកលែងទោសដល់អ្នកចំពោះគំនិតអាក្រក់ នៅក្នុងចិត្ដរបស់អ្នក ២៣ដ្បិតខ្ញុំឃើញថា អ្នកជាប់នៅក្នុងសេចក្ដីជូរល្វីង និងចំណងនៃសេចក្ដីទុច្ចរិត» ២៤ពេលនោះ លោកស៊ីម៉ូនបានឆ្លើយថា៖ «សូមលោកអធិស្ឋានទៅព្រះអម្ចាស់ឲ្យខ្ញុំផង ដើម្បីកុំឲ្យហេតុអាក្រក់ណាមួយដែលលោកបាននិយាយនោះ កើតឡើងចំពោះខ្ញុំឡើយ»។
២៥ពេលអ្នកទាំងពីរនោះ បានធ្វើបន្ទាល់ និងបានប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់រួចហើយ ពួកគេក៏ត្រលប់មកក្រុងយេរូសាឡិមវិញ ទាំងប្រកាសដំណឹងល្អតាមភូមិជាច្រើនរបស់ជនជាតិ សាម៉ារីផង។
លោកភីលីព និងមនុស្សកម្រៀវដែលជាមន្រ្ដីជនជាតិអេធីយ៉ូពី
២៦នៅពេលនោះ ទេវតារបស់ព្រះអម្ចាស់ប្រាប់លោកភីលីពថា៖ «ចូរក្រោកឡើង ហើយធ្វើដំណើរទៅទិសខាងត្បូង តាមផ្លូវ ដែលឡើងពីក្រុងយេរូសាឡិមទៅក្រុងកាសាចុះ»។ ផ្លូវនេះស្ងាត់ណាស់។ ២៧ដូច្នេះ គាត់ក៏ក្រោកឡើង ហើយចេញទៅ។ មានជនជាតិអេធីយ៉ូពីម្នាក់ជាមនុស្សកម្រៀវ ហើយជាមន្រ្តីរាជវាំងរបស់ព្រះនាងកាន់ដេស ដែលជាមហាក្សត្រិយានីរបស់ជនជាតិអេធីយ៉ូពី។គាត់មើលខុសត្រូវលើទ្រព្យសម្បតិ្ដទាំងអស់របស់ព្រះនាង។ គាត់បានមកក្រុងយេរូសាឡិមដើម្បីថ្វាយបង្គំ ២៨ហើយពេលគាត់ កំពុងជិះរទេះសេះរបស់គាត់ត្រលប់ទៅវិញ គាត់ក៏អានបទគម្ពីររបស់លោកអេសាយ ជាអ្នកនាំព្រះបន្ទូល ២៩ព្រះវិញ្ញាណមានបន្ទូលប្រាប់លោកភីលីពថា៖ «ចូរទៅឲ្យកៀករទេះសេះនោះចុះ»។
៣០នៅពេលរត់ទៅទាន់រទេះសេះនោះ លោកភីលីព ក៏ឮគាត់កំពុងអានបទគម្ពីររបស់លោកអេសាយ ជាអ្នកនាំព្រះបន្ទូល ដូច្នេះលោកភីលីពក៏សួរថា៖ «តើលោកយល់សេចក្ដីដែលលោកកំពុងអាននេះដែរឬទេ?» ៣១គាត់ឆ្លើយថា៖ «តើឲ្យខ្ញុំយល់យ៉ាងដូចម្ដេចបាន បើគ្មានអ្នកណាម្នាក់ណែនាំខ្ញុំផង?» ហើយគាត់ ក៏អញ្ជើញលោកភីលីពឲ្យឡើងជិះរទេះសេះជាមួយគាត់។ ៣២បទគម្ពីរដែលមន្ដ្រីម្នាក់នោះកំពុងអានគឺ លោកត្រូវគេនាំទៅ ដូចជាចៀម ដែលគេយកទៅសម្លាប់ ហើយដូចជាកូនចៀមដែលស្ងាត់ស្ងៀម នៅចំពោះមុខអ្នកកាត់រោម ដូច្នេះហើយបានជាលោក មិនបើកមាត់និយាយសោះ។ ៣៣នៅពេលលោកត្រូវគេបន្ទាបបន្ថោក លោកមិនបានទទួលសេចក្ដីយុត្តិធម៌ទេ។ តើអ្នកណានឹងអាចប្រាប់អំពីពូជពង្សរបស់លោកបាន? ព្រោះគេបានដកយកជីវិតរបស់លោកពីផែនដីនេះបាត់ហើយ។
៣៤មនុស្សកម្រៀវនោះ បានសួរលោកភីលីពថា៖ «ខ្ញុំសូមសួរអ្នកទៅមើល៍ តើអ្នកនាំព្រះបន្ទូលនិយាយយ៉ាងដូច្នេះអំពីអ្នកណា? អំពីខ្លួនគាត់ ឬអំពីអ្នកដទៃ?» ៣៥ដូច្នេះលោកភីលីពក៏បើកមាត់ប្រកាសប្រាប់មន្ដ្រីនោះ អំពីព្រះយេស៊ូ ដោយចាប់ផ្ដើមពីបទគម្ពីរនោះ។
៣៦ពេលអ្នកទាំងពីរ កំពុងធ្វើដំណើរតាមផ្លូវ ពួកគេក៏មកដល់កន្លែងមួយមានទឹក។ មនុស្សកម្រៀវនោះក៏ប្រាប់ថា៖ «មើល៍ នៅទីនេះមានទឹក! តើមានអ្វីរារាំងខ្ញុំមិនឲ្យទទួលពិធីជ្រមុជទឹកបាន?»៣៧[លោកភីលីពតបថា៖ «បើលោកជឿអស់ពីចិត្ដមែន នោះលោកអាចទទួលបាន» មន្ដ្រីនោះក៏ឆ្លើយថា៖ «ខ្ញុំជឿថាព្រះយេស៊ូគិ្រស្ដ ជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់»] ៣៨ពេលនោះគាត់ក៏បញ្ជាឲ្យរទេះសេះឈប់ ហើយពួកគេបានចុះទៅក្នុងទឹកទាំងពីរនាក់ ទាំងលោកភីលីពនិងមនុស្សកម្រៀវ រួចលោកភីលីពក៏ធ្វើពិធីជ្រមុជទឹក ឲ្យមនុស្សកម្រៀវនោះ។ ៣៩ពេលអ្នកទាំងពីរឡើងពីទឹកមកវិញ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់ក៏ឆក់យកលោកភីលីពទៅ ហើយមនុស្សកម្រៀវនោះ មិនឃើញលោកភីលីពទៀតទេ ប៉ុន្ដែគាត់បានបន្ដដំណើរទៅទាំងអរសប្បាយ។ ៤០រីឯលោកភីលីពវិញ គេបានឃើញគាត់នៅឯក្រុងអាសូត ហើយពេលគាត់ធ្វើដំណើរទៅ គាត់ក៏ប្រកាសដំណឹងល្អ ក្នុងក្រុងទាំងអស់រហូតទាល់តែគាត់បានមកដល់ក្រុង សេសារា។