កិច្ចការ ៧
លោកស្ទេផាន និយាយនៅចំពោះមុខក្រុមប្រឹក្សាអ្នកដឹកនាំយូដា
៧ពេលនោះ សម្ដេចសង្ឃ សួរថា៖ «តើដូច្នេះមែនឬ?»២លោកស្ទេផានក៏ឆ្លើយថា៖ «បងប្អូន និងឪពុកទាំងឡាយអើយ! សូមស្តាប់ចុះ ព្រះជាម្ចាស់នៃសេចក្ដីរុងរឿង បានបង្ហាញខ្លួនឲ្យលោកអ័បា្រហាំ ជាដូនតារបស់យើងមើលឃើញ កាលនៅស្រុកមេសូប៉ូតាមា មុនពេលគាត់ទៅរស់នៅក្នុងស្រុកខារ៉ាន ៣គឺព្រះអង្គបានមានបន្ទូលទៅគាត់ថា ចូរចាកចេញពីស្រុក និងសាច់ញាតិរបស់អ្នក ហើយទៅស្រុកមួយ ដែលយើងនឹងបង្ហាញដល់អ្នកចុះ។ ៤ដូច្នេះ គាត់ក៏ចាកចេញពីស្រុករបស់ជនជាតិខាល់ដេ ទៅរស់នៅក្នុងស្រុកខារ៉ាន លុះក្រោយពេល ឪពុករបស់លោកអ័ប្រាហាំបានស្លាប់ទៅ ព្រះជាម្ចាស់ ក៏នាំគាត់មករស់នៅលើទឹកដីនេះ ជាទឹកដីដែលយើងកំពុងរស់នៅសព្វថ្ងៃ ៥ហើយព្រះជាម្ចាស់មិនបានប្រទានឲ្យគាត់មានមរតក នៅក្នុងស្រុកនេះទេ សូម្បីតែដីប៉ុនបាតជើង ប៉ុន្ដែ ព្រះអង្គបានសន្យាថា នឹងប្រទានស្រុកនេះដល់គាត់ ព្រមទាំងកូនចៅជំនាន់ក្រោយរបស់គាត់ទុកជាកម្មសិទ្ធិ ទោះបីជាគាត់មិនទាន់មានកូនក៏ដោយ។
៦ព្រះជាម្ចាស់ មានបន្ទូលដូច្នេះថា កូនចៅរបស់គាត់នឹងត្រលប់ជាអ្នកស្នាក់អាស្រ័យនៅក្នុងស្រុកដទៃ អ្នកស្រុកនោះនឹងយកពួកគេធ្វើជាទាសករ ហើយធ្វើបាបពួកគេបួនរយឆ្នាំ ៧ប៉ុន្ដែយើងនឹងដាក់ទោសដល់ជនជាតិ ដែលពួកគេបានបម្រើ ក្នុងនាមជាទាសករនោះ។ ព្រះជាម្ចាស់មានបន្ទូលទៀតថា ក្រោយនោះមក ពួកគេនឹងចាកចេញមកបម្រើយើងនៅកន្លែងនេះ។ ៨ព្រះជាម្ចាស់បានប្រទានការកាត់ស្បែក ដល់លោកអ័ប្រាហាំទុកជាកិច្ចព្រមព្រៀង ដូច្នេះពេលលោកអ័ប្រាហាំ បង្កើតបានលោកអ៊ីសាក គាត់ក៏កាត់ស្បែកឲ្យនៅថ្ងៃទីប្រាំបី ក្រោយមក លោកអ៊ីសាកបង្កើតបានលោកយ៉ាកុប លោកយ៉ាកុបបង្កើតបានបុព្វបុរសទាំងដប់ពីរ ៩ហើយបុព្វបុរសទាំងនោះ បានលក់លោកយ៉ូសែបទៅស្រុកអេស៊ីព្ទ ដោយព្រោះតែសេចក្ដីច្រណែន ប៉ុន្ដែព្រះជាម្ចាស់បានគង់នៅជាមួយលោកយ៉ូសែប ១០ហើយបានរំដោះគាត់ ឲ្យរួចពីសេចក្ដីវេទនាទាំងឡាយ ព្រមទាំងបានប្រទានឲ្យគាត់មានបា្រជ្ញា និងជាទីគាប់ចិត្ដ នៅចំពោះស្ដេចស្រុកអេស៊ីព្ទ។ ដូច្នេះស្តេចក៏តែងតាំងគាត់ ឲ្យធ្វើជាអ្នកគ្រប់គ្រងលើស្រុកអេស៊ីព្ទ និងលើដំណាក់ទាំងមូលរបស់ស្ដេច។
១១គ្រានោះ កើតមានគ្រោះអត់ឃ្លានពាសពេញស្រុកអេស៊ីព្ទ និងស្រុកកាណាន បណ្តាលឲ្យមានសេចក្ដីវេទនាជាខ្លាំង រីឯដូនតារបស់យើងរកអាហារមិនបានសោះ ១២ពេលលោកយ៉ាកុបបានឮថា នៅស្រុកអេស៊ីព្ទមានស្រូវ គាត់ក៏ចាត់ដូនតារបស់យើង ឲ្យទៅជាលើកទីមួយ ១៣នៅលើកទីពីរ លោកយ៉ូសែប បានបង្ហាញខ្លួន ឲ្យបងៗរបស់គាត់ស្គាល់ ហើយស្ដេចស្រុកអេស៊ីព្ទ ក៏បានដឹងអំពីគ្រួសាររបស់លោកយ៉ូសែប ១៤លោកយ៉ូសែបបានចាត់គេឲ្យទៅអញ្ជើញលោកយ៉ាកុបជាឪពុករបស់គាត់ និងសាច់ញាតិទាំងចិតសិបប្រាំនាក់របស់គាត់ឲ្យមក ១៥ដូច្នេះលោកយ៉ាកុបបានចុះទៅឯស្រុកអេស៊ីព្ទ ហើយគាត់ និងដូនតារបស់យើងបានស្លាប់នៅទីនោះ។ ១៦ពួកគេបានយកសពអ្នកទាំងនោះត្រលប់មកក្រុងស៊ីគែមវិញ ហើយបានបញ្ចុះនៅក្នុងផ្នូរ ដែលលោកអ័បា្រហាំបានយកបា្រក់មួយចំនួនទិញពីកូនចៅរបស់លោកហេម័រ នៅក្រុងស៊ីគែម ១៧នៅពេលដែលសេចក្ដីសន្យាដែលព្រះជាម្ចាស់បានសន្យាជាមួយលោកអ័បា្រហាំ ជិតបានសម្រេច នោះប្រជាជនរបស់យើងក៏មានចំនួនច្រើនឡើងៗ នៅក្នុងស្រុកអេស៊ីព្ទ ១៨រហូតដល់ មានស្ដេចមួយអង្គទៀតដែលមិនបានស្គាល់លោកយ៉ូសែប ឡើងគ្រងរាជ្យលើស្រុកអេស៊ីព្ទ។ ១៩ស្ដេចនោះបានប្រើល្បិចអាក្រក់មកលើជនជាតិរបស់យើង ព្រមទាំងបានធ្វើបាបដូនតារបស់យើង ដោយឲ្យបំបរបង់កូនៗរបស់ពួកគេចោល ដើម្បីកុំឲ្យមានជីវិតរស់ ២០គឺពេលនោះហើយ ដែលលោកម៉ូសេបានកើតមក ហើយមានរូបរាងស្រស់ស្អាតនៅចំពោះព្រះជាម្ចាស់ គាត់ត្រូវបានចិញ្ចឹមនៅក្នុងផ្ទះឪពុករបស់គាត់ អស់រយៈពេលបីខែ ២១រួចក៏ត្រូវបំបរបង់ចោលប៉ុន្ដែ បុតី្ររបស់ស្ដេចស្រុកអេស៊ីព្ទ បានយកគាត់មកចិញ្ចឹម ធ្វើជាបុត្ររបស់ព្រះនាង។ ២២លោកម៉ូសេបានទទួលការអប់រំគ្រប់មុខវិជ្ជាទាំងអស់ របស់ជនជាតិអេស៊ីព្ទ ហើយគាត់ពូកែទាំងនៅក្នុងការនិយាយស្ដី និងការប្រព្រឹត្តិ។
២៣នៅពេលគាត់មានអាយុសែសិបឆ្នាំ គាត់មានចិត្ដចង់ទៅសួរសុខទុក្ខ ពួកកូនចៅអ៊ីស្រាអែល ជាបងប្អូនរបស់គាត់។ ២៤ពេលគាត់ ឃើញគេធ្វើបាបបងប្អូនរបស់គាត់ម្នាក់ គាត់ក៏ការពារ ហើយបានសងសឹកជំនួសអ្នក ដែលត្រូវគេធ្វើបាប ដោយវាយសម្លាប់ជនជាតិអេស៊ីព្ទនោះ ២៥ដ្បិតគាត់ស្មានថា បងប្អូនរបស់គាត់មុខជាយល់ថា ព្រះជាម្ចាស់ប្រទានសេចក្ដីសង្គ្រោះដល់ពួកគេ តាមរយៈដៃរបស់គាត់ ប៉ុន្ដែពួកគេមិនបានយល់ដូច្នោះឡើយ។
២៦នៅថ្ងៃបន្ទាប់ គាត់ក៏ប្រទះឃើញពួកគេកំពុងវាយតប់គ្នា ហើយគាត់បានព្យាយាមផ្សះផ្សាពួកគេ ឲ្យត្រូវគ្នាវិញ ដោយនិយាយថា បងប្អូនអើយ! ពួកអ្នកជាបងប្អូននឹងគ្នា ហេតុអ្វីក៏បង្ករបួសស្នាមដល់គ្នាដូច្នេះ?
២៧ប៉ុន្ដែ អ្នកដែលកំពុងបង្ករបួសស្នាមដល់ម្នាក់ទៀតបានច្រានគាត់ ទាំងនិយាយថា តើអ្នកណាតែងតាំងអ្នកឲ្យធ្វើជាមេដឹកនាំ និងជាចៅក្រមសម្រាប់យើង? ២៨តើអ្នកចង់សម្លាប់ខ្ញុំ ដូចជាអ្នកបានសម្លាប់ជនជាតិអេស៊ីព្ទម្នាក់កាលពីម្សិលមិញដែរឬ? ២៩ពេលឮសំដីដូច្នេះ លោកម៉ូសេក៏ភៀសខ្លួនទៅស្រុកម៉ាឌាន ហើយរស់នៅជាជនបរទេសនៅស្រុកនោះ គាត់បង្កើតបានកូនប្រុសពីរនាក់។
៣០សែសិបឆ្នាំក្រោយមក មានទេវតាមួយរូបបានបង្ហាញខ្លួនឲ្យគាត់ឃើញនៅទីរហោឋានភ្នំស៊ីណាយ គឺនៅក្នុងអណ្ដាតភ្លើងដែលកំពុងឆេះគុម្ពបន្លា។ ៣១ពេលលោកម៉ូសេ បានឃើញទិដ្ឋភាពដូច្នេះ គាត់ក៏ឆ្ងល់ ហើយនៅពេលគាត់ចូលទៅជិត ដើម្បីពិនិត្យមើលឲ្យច្បាស់ ស្រាប់តែ មានសំឡេងរបស់ព្រះអម្ចាស់មានបន្ទូលថា ៣២យើងជាព្រះនៃដូនតារបស់អ្នក ជាព្រះរបស់អ័បា្រហាំ អ៊ីសាក និងយ៉ាកុប ពេលនោះលោកម៉ូសេភ័យញ័រមិនហ៊ានមើលទេ ៣៣ព្រះអម្ចាស់មានបន្ទូលមកគាត់ទៀតថា ចូរដោះស្បែកជើងរបស់អ្នកចេញ ដ្បិតកន្លែងដែលអ្នកកំពុងឈរនេះជាដីបរិសុទ្ធ ៣៤យើងបានឃើញ បានយល់ពីទុក្ខវេទនារបស់ប្រជារាស្ដ្រយើងនៅស្រុកអេស៊ីព្ទ និងបានឮពីការស្រែកថ្ងូរ របស់ពួកគេហើយ ដូច្នេះហើយបានជាយើងចុះមក ដើម្បីរំដោះពួកគេ ចូរមកឥឡូវនេះយើងនឹងចាត់អ្នកឲ្យទៅស្រុកអេស៊ីព្ទ។៣៥លោកម៉ូសេនេះហើយ ដែលគេបានបដិសេធគាត់ដោយនិយាយថា តើអ្នកណាតែង តាំងអ្នកឲ្យធ្វើជាមេដឹកនាំ និងជាចៅក្រម? ប៉ុន្ដែព្រះជាម្ចាស់បានចាត់លោកម៉ូសេដដែលនេះ ឲ្យទៅធ្វើជាមេដឹកនាំ និងជាអ្នកជួយរំដោះតាមរយៈដៃរបស់ទេវតាដែលបានបង្ហាញខ្លួនឲ្យគាត់ឃើញនៅក្នុងគុម្ពបន្លានោះ។ ៣៦លោកម្នាក់នេះហើយ ដែលបាននាំពួកគេចេញដោយបានធ្វើការអស្ចារ្យ និងទីសំគាល់នានា នៅស្រុកអេស៊ីព្ទ នៅសមុទ្រក្រហម និងនៅទីរហោឋានអស់រយៈពេលសែសិបឆ្នាំ។ ៣៧លោកម៉ូសេនេះហើយ ដែលបាននិយាយទៅកូនចៅអ៊ីស្រាអែលថា ព្រះជាម្ចាស់នឹងតាំងអ្នកនាំព្រះបន្ទូលម្នាក់ ដូចជាខ្ញុំដែរ ពីក្នុងចំណោមបងប្អូនរបស់អ្នករាល់គ្នាសម្រាប់អ្នករាល់គ្នា។ ៣៨លោកម៉ូសេនេះហើយ ដែលបាននៅក្នុងចំណោមពួកអ្នក នៅទីរហោឋានជាមួយដូនតារបស់យើង និងទេវតាដែលបានថ្លែងព្រះបន្ទូលដល់គាត់នៅលើភ្នំស៊ីណាយ ហើយគាត់បានទទួលព្រះបន្ទូលដ៏មានជីវិត មកប្រគល់ឲ្យយើង។
៣៩ដូនតារបស់យើង មិនព្រមស្តាប់បង្គាប់គាត់ទេ ផ្ទុយទៅវិញ ពួកគេបានច្រានគាត់ចោល ហើយក្នុងចិត្ដរបស់ពួកគេនឹកចង់ត្រលប់ទៅស្រុក អេស៊ីព្ទវិញ ៤០ដោយនិយាយទៅលោកអើរ៉ុនថា ចូរឆ្លាក់រូបព្រះឲ្យយើង ជាព្រះដែលនាំមុខយើង ដ្បិតលោកម៉ូសេដែលបាននាំយើងចេញពីស្រុកអេស៊ីព្ទមកនោះ យើងមិនដឹងថា មានអ្វីកើតឡើងដល់គាត់ទេ ៤១នៅពេលនោះ គេក៏ធ្វើរូបកូនគោមួយ ហើយថ្វាយយញ្ញបូជាដល់រូបនោះ ទាំងនាំគ្នាអរសប្បាយនឹងស្នាដៃរបស់ពួកគេ ៤២ដូច្នេះ ព្រះជាម្ចាស់ក៏បែរព្រះភក្រ្តចេញពីពួកគេ ហើយបានប្រគល់ពួកគេឲ្យទៅបម្រើពលបរិវារនៅលើមេឃ ដូចមានសេចក្ដីចែងទុកក្នុងគម្ពីរអ្នកនាំព្រះបន្ទូលថា ឱ ពូជពង្សអ៊ីស្រាអែលអើយ! រយៈពេលសែសិបឆ្នាំ នៅទីរហោឋាននោះ តើអ្នករាល់គ្នាបានយកសត្វតង្វាយ និងយញ្ញបូជា មកថ្វាយដល់យើងដែរឬទេ? ៤៣អ្នករាល់គ្នាបែរជាសែនរោងម៉ូឡុក និងផ្កាយរេមផាន់ជាព្រះរបស់អ្នករាល់គ្នា គឺជារូបព្រះដែលអ្នករាល់គ្នាបានធ្វើសម្រាប់ថ្វាយបង្គំ ដូច្នេះយើងនឹងបញ្ជូនអ្នករាល់គ្នា ទៅឯនាយស្រុកបាប៊ីឡូន។
៤៤ដូនតារបស់យើង មានរោងនៃសេចក្ដីបន្ទាល់នៅទីរហោឋាន គឺដូចដែលព្រះអង្គ បានបង្គាប់លោកម៉ូសេឲ្យធ្វើតាមគំរូដែលគាត់បានឃើញ ៤៥ដូនតារបស់យើងក៏ទទួលរោងនោះតៗគ្នាតាមជំនាន់ ព្រមទាំងបាននាំយកទៅជាមួយលោកយ៉ូស្វេ នៅគ្រាកាន់កាប់ទឹកដីរបស់សាសន៍ដទៃដែលព្រះជាម្ចាស់បានបណ្ដេញ ពួកគេចេញពីមុខដូនតារបស់យើងរហូតដល់ជំនាន់ស្ដេចដាវីឌ ៤៦ដែលបានជាទីគាប់ព្រះហឫទ័យនៅចំពោះព្រះភក្ដ្ររបស់ព្រះជាម្ចាស់ ហើយស្ដេចបានសុំសង់ដំណាក់ សម្រាប់ព្រះនៃពូជពង្សរបស់លោកយ៉ាកុប ៤៧ប៉ុន្ដែជាស្ដេចសាឡូម៉ូនទេតើ ដែលបានសង់ដំណាក់ថ្វាយព្រះជាម្ចាស់ ៤៨ទោះជាយ៉ាងណាក៏ដោយ ព្រះដ៏ខ្ពស់បំផុតមិនគង់នៅក្នុងកន្លែងដែលសង់ឡើងដោយដៃមនុស្សទេដូចដែលអ្នកនាំព្រះបន្ទូលបានថ្លែងទុកថា ៤៩ស្ថានសួគ៌ជាបល្ល័ង្ករបស់យើង ឯផែនដី ជាកំណល់ជើងរបស់យើង។ ព្រះអម្ចាស់បានមានបន្ទូលថា តើអ្នករាល់គ្នានឹងសង់ដំណាក់បែបណាសម្រាប់យើង? តើកន្លែងសម្រាករបស់យើងជាកន្លែងយ៉ាងដូចម្ដេច?៥០តើមិនមែនដៃរបស់យើងទេឬ ដែលបានបង្កើតរបស់ទាំងអស់នេះ?
៥១ឱ អ្នករាល់គ្នាជាមនុស្សចចេស និងជាអ្នកមានចិត្ដ មានត្រចៀក ហើយមិនកាត់ស្បែកអើយ! អ្នករាល់គ្នាប្រឆាំងព្រះវិញ្ញាណបរិសុទ្ធជានិច្ច ដូចជាដូនតារបស់អ្នករាល់គ្នាដែរ។ ៥២តើមានអ្នកនាំព្រះបន្ទូលណាម្នាក់ ដែលដូនតារបស់អ្នករាល់គ្នាមិនបានបៀតបៀនដែរឬទេ?ពួកគេបានសម្លាប់អស់អ្នក ដែលបានប្រកាសទុកមុន អំពីការយាងមករបស់ព្រះដ៏សុចរិត ហើយឥឡូវនេះអ្នករាល់គ្នាក្លាយទៅជាអ្នកក្បត់ និងជាអ្នកសម្លាប់ព្រះអង្គទៀត ៥៣គឺអ្នករាល់គ្នាហើយជាអ្នកដែលបានទទួលក្រឹត្យវិន័យតាមការរៀបចំរបស់ពួកទេវតា ប៉ុន្ដែអ្នករាល់គ្នាមិនបានធ្វើតាមសោះ»។
គេសម្លាប់លោកស្ទេផានដោយគប់នឹងដុំថ្ម
៥៤ពេលពួកគេឮសេចក្ដីទាំងនេះហើយក៏ខឹងជាខ្លាំងនៅក្នុងចិត្ដ ហើយសង្កៀតធ្មេញដាក់លោកស្ទេផាន។ ៥៥ពេលនោះលោកស្ទេផាន បានពេញដោយព្រះវិញ្ញាណបរិសុទ្ធ ក៏សម្លឹងមើលទៅលើមេឃ ហើយបានឃើញសិរីរុងរឿងរបស់ព្រះជាម្ចាស់ និងព្រះយេស៊ូដែលកំពុងឈរនៅខាងស្ដាំព្រះជាម្ចាស់ ៥៦ដូច្នេះគាត់ក៏និយាយថា៖ «មើល៍ ខ្ញុំឃើញមេឃបើកចំហ ហើយកូនមនុស្សឈរនៅខាងស្ដាំព្រះជាម្ចាស់!» ៥៧ពួកគេក៏សម្រុកមកឯគាត់ ព្រមៗគ្នាទាំងស្រែកដោយសំឡេងខ្លាំងៗ និងខ្ទប់ត្រចៀករបស់ពួកគេផង ៥៨ពេលពួកគេអូសគាត់ចេញទៅដល់ក្រៅក្រុងហើយ ពួកគេក៏គប់គាត់នឹងដុំថ្ម រីឯពួកសាក្សីវិញបានទុកសម្លៀកបំពាក់របស់ពួកគេ នៅទៀបជើងរបស់យុវជនម្នាក់ឈ្មោះសុល។
៥៩នៅពេលពួកគេ កំពុងគប់លោកស្ទេផាននឹងដុំថ្ម គាត់ទូលអង្វរព្រះជាម្ចាស់ថា៖ «ឱព្រះអម្ចាស់យេស៊ូអើយ! សូមទទួលយកវិញ្ញាណរបស់ខ្ញុំចុះ» ៦០រួចគាត់ក៏លុតជង្គង់ចុះ ហើយស្រែកដោយសំឡេងខ្លាំងៗថា៖ «ព្រះអម្ចាស់អើយ! សូមកុំប្រកាន់នឹងពួកគេ ចំពោះបាបនេះអី!» កាលបាននិយាយដូច្នេះហើយ គាត់ក៏ស្លាប់ទៅ។