កិច្ចការ ៦
បុរសប្រាំពីរនាក់ ត្រូវបានជ្រើសរើសឲ្យបម្រើ
៦នៅគ្រានោះ ពេលពួកសិស្សកំពុងកើនចំនួនឡើង នោះពួកជនជាតិយូដាដែលនិយាយភាសាក្រេក បាននិយាយរអ៊ូរទាំចំពោះជនជាតិយូដាដែលនិយាយភាសាហេព្រើរថា ការចែកអាហារប្រចាំថ្ងៃដល់ពួកស្ត្រីមេម៉ាយរបស់ពួកគេមិនបានដិតដល់ទេ។ ២ពេលនោះពួកសាវកទាំងដប់ពីរបានហៅពួកសិស្សទាំងអស់មក ហើយនិយាយថា៖ «មិនស័ក្ដិសមទេ ដែលឲ្យយើងឈប់រវីរវល់នឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅបម្រើតុនោះ ៣ដូច្នេះបងប្អូនអើយ! សូមជ្រើសរើសបុរសប្រាំពីរនាក់ ក្នុងចំណោមអ្នករាល់គ្នាដែលមានកេរ្ដិ៍ឈ្មោះល្អ ពេញដោយព្រះវិញ្ញាណ និងបា្រជ្ញាមក នោះយើងនឹងតែងតាំងអ្នកទាំងនោះឲ្យមើលខុសត្រូវលើមុខងារនេះ ៤រីឯយើងវិញ យើងនឹងបន្ដនៅក្នុងសេចក្ដីអធិស្ឋាន និងការបម្រើព្រះបន្ទូលយ៉ាងខ្ជាប់ខ្ជួន!»
៥អង្គប្រជុំទាំងមូល ពេញចិត្ដនឹងសំណើនេះណាស់ ដូច្នេះពួកគេក៏ជ្រើសរើសលោកស្ទេផាន ជាអ្នកដែលពេញដោយជំនឿ និងព្រះវិញ្ញាណបរិសុទ្ធ លោកភីលីព លោកប្រូខូរ៉ុស លោកនីកាន័រ លោកទីម៉ូន លោកប៉ាមេណា និងលោកនីកូឡាស ជាអ្នកចូលសាសនាយូដា មកពីក្រុងអាន់ទីយ៉ូក។ ៦ពួកគេបាននាំអ្នកទាំងនោះ មកឈរនៅចំពោះមុខពួកសាវក ហើយពួកសាវកក៏អធិស្ឋាន ដោយដាក់ដៃលើអ្នកទាំងនោះ។ ៧ដូច្នេះព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏កាន់តែចម្រើនឡើង ហើយចំនួនសិស្សនៅក្រុងយេរូសាឡិមក៏កើនឡើងយ៉ាងច្រើន ឯពួកសង្ឃជាច្រើនក៏ប្រតិបត្តិតាមជំនឿនេះដែរ។
គេចាប់ខ្លួនលោកស្ទេផាន
៨រីឯលោកស្ទេផាន ជាមនុស្សម្នាក់ពេញដោយព្រះគុណ និងអំណាច គាត់បានធ្វើការអស្ចារ្យ និងទីសំគាល់ធំៗក្នុងចំណោមប្រជាជន ៩នៅពេលនោះ មានមនុស្សខ្លះ មកពីសាលាប្រជុំមួយដែលហៅថាក្រុមសេរីភាព ដែលមានពួកអ្នកក្រុងគីរេន ពួកអ្នកក្រុងអ័លេក្សានទ្រា និង អ្នកខ្លះមកពីស្រុកគីលីគា និងស្រុកអាស៊ី បានសួរដេញដោលលោកស្ទេផាន ១០ប៉ុន្ដែ ពួកគេមិនអាចតទល់នឹងសេចក្ដី ដែលលោកស្ទេផាននិយាយដោយបា្រជ្ញា និងព្រះវិញ្ញាណនោះបានទេ ១១ដូច្នេះពួកគេក៏អូសទាញមនុស្សខ្លះឲ្យនិយាយថា៖ «យើងបានឮអ្នកនេះនិយាយពាក្យប្រមាថដល់លោកម៉ូសេនិងព្រះជាម្ចាស់!»១២ពួកគេបានញុះញង់ប្រជាជន ពួកចាស់ទុំ និងពួកគ្រូវិន័យ ហើយពួកគេក៏នាំគ្នា មកចាប់លោកស្ទេផាន យកទៅដាក់នៅចំពោះមុខក្រុមបឹ្រក្សាកំពូល។ ១៣ពួកគេបានរៀបចំពួកសាក្សីក្លែងក្លាយឲ្យនិយាយថា៖«មនុស្សនេះ ចេះតែនិយាយពាក្យជំទាស់នឹងទីបរិសុទ្ធនេះ ព្រមទាំងគម្ពីរវិន័យឥតឈប់ឈរឡើយ ១៤ដ្បិតយើងបានឮគាត់និយាយថា យេស៊ូជាអ្នកក្រុងណាសារ៉ែតនេះនឹងបំផ្លាញកន្លែងនេះចោល ហើយផ្លាស់ប្តូរទំនៀមទម្លាប់ ដែលលោកម៉ូសេបានប្រគល់ឲ្យយើងទៀតផង»។ ១៥រីឯពួកអ្នក ដែលអង្គុយនៅក្នុងក្រុមបឹ្រក្សាកំពូល បានសម្លឹងមើលលោកស្ទេផានគ្រប់ៗគ្នា ពួកគេបានឃើញមុខរបស់គាត់ដូចជាមុខរបស់ទេវតា។