កិច្ចការ ២៨
លោកប៉ូលនៅលើកោះមេលីត
២៨ពេលបានរួចជីវិតហើយនោះ ទើបយើងដឹងថាកោះនោះឈ្មោះមេលីត ២ហើយពួកអ្នកកោះនោះ បានបង្ហាញចិត្តសប្បុរសដល់យើងរកប្រៀបផ្ទឹមពុំបាន ពួកគេបានបង្កាត់ភ្លើង ទទួលពួកយើងទាំងអស់គ្នា ព្រោះភ្លៀងកំពុងធ្លាក់ ហើយធាតុអាកាសក៏ត្រជាក់។ ៣ប៉ុន្ដែពេលលោកប៉ូលប្រមូលអុសមួយចំនួន មកដាក់លើភ្លើង នោះមានពស់វែកមួយចេញមក ដោយសារកំដៅភ្លើង ហើយចឹកដៃរបស់គាត់ជាប់។ ៤ពេលពួកអ្នកកោះ ឃើញពស់វែកកំពុងព្យួរជាប់ដៃរបស់លោកប៉ូល ពួកគេក៏និយាយគ្នាថា៖ «មនុស្សនេះប្រាកដជាឃាតកហើយ ទើបសេចក្ដីយុត្តិធម៌មិនទុកឲ្យគាត់រស់ ទោះជាគាត់បានរួចជីវិតពីសមុទ្រក៏ដោយ»។ ៥ប៉ុន្ដែលោកប៉ូលបានរលាស់ពស់នោះទៅក្នុងភ្លើង ហើយគ្មានការឈឺចុកចាប់អ្វីឡើយ។ ៦ពួកគេគិតថា គាត់មុខជាហើម ឬដួលស្លាប់ភ្លាមៗមិនខាន ប៉ុន្ដែពេលចាំមើលយ៉ាងយូរ ហើយមិនឃើញមានអ្វីប្លែកកើតឡើងចំពោះគាត់សោះ ពួកគេក៏ដូរគំនិត ហើយនិយាយគ្នាថាគាត់ជាព្រះ។ ៧មានកន្លែងមួយនៅម្ដុំនោះ ជាដីរបស់មេកន្ទ្រាញនៃកោះនោះ ឈ្មោះពូព្លាស គាត់បានស្វាគមន៍យើង យ៉ាងរាក់ទាក់ឲ្យស្នាក់នៅទីនោះបីថ្ងៃ ៨ពេលនោះឪពុកលោកពូព្លាសបានដេកគ្រុន ទាំងមានរោគមួល លោកប៉ូលចូលទៅអធិស្ឋានដាក់ដៃលើគាត់ ប្រោសគាត់ឲ្យជា។ ៩បន្ទាប់ពីហេតុការណ៍នេះបានកើតឡើង អ្នកផ្សេងទៀតនៅលើកោះនោះដែលមានជំងឺ បាននាំគ្នាមករកលោកប៉ូល ហើយក៏បានជាទាំងអស់គ្នាដែរ។ ១០ដូច្នេះ ពួកគេបានគោរពយើងជាខ្លាំង ហើយពេលយើងចេញដំណើរ ពួកគេក៏បានឧបត្ថម្ភអ្វីៗ តាមសេចក្ដីត្រូវការដែរ។
លោកប៉ូលមកដល់ក្រុងរ៉ូម
១១បីខែក្រោយមក យើងក៏ចេញដំណើរតាមសំពៅមួយ មកពីក្រុងអ័លេក្សានទ្រា ដែលមានរូបចម្លាក់កូនភ្លោះព្រះឌីអូស្គូរ ដែលបានចតនៅកោះនោះក្នុងរដូវរងា ១២ហើយពេលសំពៅចតនៅក្រុងស៊ីរ៉ាគូស យើងបានស្នាក់នៅទីនោះបីថ្ងៃ ១៣ចេញពីទីនោះ យើងបានធ្វើដំណើរបត់បែន ហើយក៏មកដល់ក្រុងរេគាម។ មួយថ្ងៃក្រោយមក មានខ្យល់ពីទិសខាងត្បូងមក យើងក៏មកដល់ក្រុងពូទីយ៉ូលីនៅថ្ងៃទីពីរ ១៤រួចយើងបានជួបពួកបងប្អូននៅទីនោះ ពួកគេបានអញ្ជើញ យើងឲ្យស្នាក់នៅអស់ប្រាំពីរថ្ងៃ ហើយដែលយើងបានមកដល់ក្រុងរ៉ូមនោះ គឺយ៉ាងដូច្នេះ ១៥ពេលពួកបងប្អូនទាំងនោះឮដំណឹងអំពីយើង ពួកគេក៏មករហូតដល់ផ្សារអាប់ភាស និងផ្ទះសំណាក់បីខ្នង ដើម្បីជួបយើង ហើយពេលលោកប៉ូលជួបពួកគេ គាត់ក៏អរព្រះគុណព្រះជាម្ចាស់ ទាំងមានទឹកចិត្ដឡើងវិញ។ ១៦ពេលយើងចូលទៅក្នុងក្រុងរ៉ូម គេអនុញ្ញាតឲ្យលោកប៉ូលស្នាក់នៅតែម្នាក់ឯងជាមួយទាហានម្នាក់ដែលនៅយាមគាត់។
លោកប៉ូល ប្រកាសព្រះបន្ទូលនៅក្រុងរ៉ូមនៅក្រោមការយាមកាមរបស់ទាហាន
១៧បីថ្ងៃក្រោយមក លោកប៉ូលបានហៅពួកអ្នកសំខាន់ៗ ដែលជាជនជាតិយូដាមកប្រជុំ។ ពេលពួកគេមកជួបជុំគ្នាហើយ គាត់ក៏និយាយទៅពួកគេថា៖ «បងប្អូនអើយ! ខ្ញុំមិនបានធ្វើអ្វីប្រឆាំងជនជាតិ ឬទំនៀមទម្លាប់របស់ដូនតាយើងនេះទេ ប៉ុន្ដែពួកគេបានបញ្ជូនខ្ញុំមកក្នុងដៃរបស់ជនជាតិរ៉ូម ទុកដូចជាអ្នកទោសពីក្រុងយេរូសាឡិម។ ១៨រីឯពួកជនជាតិរ៉ូម ពេលបានសាកសួរខ្ញុំរួចហើយ ក៏ចង់ដោះលែងខ្ញុំ ព្រោះខ្ញុំគ្មានទោសសមនឹងស្លាប់ទេ ១៩ប៉ុន្ដែពួកជនជាតិយូដាបានជំទាស់ ដូច្នេះខ្ញុំក៏បង្ខំចិត្ដប្ដឹងឧទ្ធរណ៍ដល់ព្រះចៅអធិរាជ រីឯខ្ញុំផ្ទាល់ មិនមានអ្វីចោទប្រកាន់ជនជាតិឯងទេ ២០ដោយសារមូលហេតុនេះហើយ បានជាខ្ញុំអញ្ជើញបងប្អូនមក ដើម្បីជួប និងពិភាក្សាគ្នា ព្រោះខ្ញុំជាប់ច្រវាក់នេះ ដោយសារតែសេចក្ដីសង្ឃឹម របស់ជនជាតិអ៊ីស្រាអែល» ២១ពួកគេក៏ប្រាប់គាត់ថា៖ «យើងមិនបានទទួលសំបុត្រស្ដីអំពីអ្នក ពីស្រុកយូដាទេ ហើយក៏គ្មានបងប្អូនណាម្នាក់ មកបា្រប់យើង ឬនិយាយអ្វីអាក្រក់ពីអ្នកដែរ ២២ដូច្នេះយើងចង់ស្តាប់ ចេញពីអ្នកផ្ទាល់អំពីអ្វីដែលអ្នកគិត ដ្បិតយើងដឹងថា គេនិយាយប្រឆាំងគណៈនេះ គ្រប់ទីកន្លែង» ២៣ពេលដល់ថ្ងៃណាត់ជួបលោកប៉ូល ពួកគេជាច្រើនបានមកជួបគាត់នៅផ្ទះសំណាក់ គាត់បានពន្យល់ដល់អ្នកទាំងនោះ ដោយធ្វើបន្ទាល់ប្រាប់អំពីនគរព្រះជាម្ចាស់ តាំងពីពឹ្រករហូតដល់ល្ងាច ហើយបានពន្យល់ប្រាប់ពួកគេ អំពីព្រះយេស៊ូ ចាប់ពីគម្ពីរវិន័យរបស់លោកម៉ូសេ រហូតដល់គម្ពីរអ្នកនាំព្រះបន្ទូល។ ២៤អ្នកខ្លះក៏ជឿសេចក្ដី ដែលលោកប៉ូលបាននិយាយ ប៉ុន្ដែអ្នកខ្លះទៀតមិនជឿទេ ២៥ដូច្នេះ ពេលពួកគេកំពុងរំសាយ ទាំងខ្វែងគំនិតគ្នា លោកប៉ូលក៏និយាយមួយម៉ាត់ថា៖ «ព្រះវិញ្ញាណបរិសុទ្ធ បានថ្លែងមកកាន់ដូនតារបស់អ្នករាល់គ្នា តាមរយៈលោកអេសាយ ជាអ្នកនាំព្រះបន្ទូលនោះត្រូវណាស់ថា ២៦ចូរទៅបា្រប់ប្រជាជននេះថា អ្នករាល់គ្នាឮដោយត្រចៀកមែន ប៉ុន្ដែមិនយល់ឡើយ ហើយអ្នករាល់គ្នាឃើញដោយភ្នែកមែន ប៉ុន្ដែមិនស្គាល់ឡើយ ២៧ដ្បិតចិត្ដប្រជាជននេះបានត្រលប់ជាស្ពឹក ត្រចៀកធ្ងន់ពិបាកស្តាប់ ហើយគេក៏បិទភ្នែក បើមិនដូច្នោះទេ គេ មុខជាមើលឃើញនឹងភ្នែក ស្ដាប់ឮនឹងត្រចៀក យល់នៅក្នុងចិត្ត រួចប្រែចិត្ដ ហើយយើងនឹងប្រោសគេឲ្យជា។២៨ដូច្នេះ ចូរឲ្យអ្នករាល់គ្នាដឹងចុះថា សេចក្ដីសង្គ្រោះ របស់ព្រះជាម្ចាស់នេះបានបញ្ជូនទៅឯសាសន៍ដទៃហើយ នោះពួកគេនឹងស្ដាប់មិនខាន»២៩[ពេលលោកប៉ូលនិយាយសេចក្ដីនេះរួច ពួកជនជាតិយូដាក៏ចេញទៅ ទាំងជជែកគ្នាយ៉ាងខ្លាំង]។ ៣០លោកប៉ូលបានស្នាក់នៅក្នុងផ្ទះជួលរបស់គាត់ពេញពីរឆ្នាំ ហើយគាត់បានស្វាគមន៍ពួកអ្នកទាំងឡាយ ដែលមកជួបគាត់ ៣១ទាំងប្រកាសអំពីនគរព្រះជាម្ចាស់ និងបង្រៀនពីសេចក្ដីទាំងឡាយ អំពីព្រះអម្ចាស់យេស៊ូគ្រិស្ដ ដោយការបើកចំហ គ្មានការរាំងរាទាំងអស់៕