កិច្ចការ ២៦
២៦ពេលនោះ ស្ដេចអ័គ្រីប៉ាមានបន្ទូល ទៅលោកប៉ូលថា៖«អ្នកមានសិទ្ធិនិយាយអំពីខ្លួនឯង!»ដូច្នេះ លោកប៉ូលក៏និយាយការពារខ្លួន ទាំងលើកដៃថា៖ ២«ឱស្ដេចអ័គ្រីប៉ាអើយ! ខ្ញុំយល់ឃើញថា ខ្ញុំសំណាងណាស់ថ្ងៃនេះ ដែលខ្ញុំកំពុងត្រៀមឆ្លើយការពារខ្លួននៅចំពោះមុខព្រះអង្គ អំពីសេចក្ដីទាំងឡាយ ដែលពួកជនជាតិយូដាបានចោទប្រកាន់ខ្ញុំ ៣ជាពិសេស ព្រះអង្គដឹងច្បាស់ពីទំនៀមទម្លាប់ និងទំនាស់ទាំងឡាយ ក្នុងចំណោមពួកជនជាតិយូដា ដូច្នេះហើយ សូមព្រះអង្គស្តាប់ខ្ញុំដោយអនុគ្រោះផង ៤គឺយ៉ាងដូច្នេះ ជនជាតិយូដាទាំងអស់បានដឹងអំពីរបៀបរស់នៅរបស់ខ្ញុំតាំងពីជំទង់មកម៉្លេះ គឺតាំងពីដំបូង ដែលខ្ញុំបានរស់នៅក្នុងចំណោមជនជាតិរបស់ខ្ញុំ នៅក្រុងយេរូសាឡិម ៥ហើយដោយព្រោះពួកគេបានស្គាល់ខ្ញុំតាំងពីដើមមក ពួកគេធ្វើបន្ទាល់បាន បើពួកគេចង់ធ្វើ គឺថាខ្ញុំបានរស់នៅស្របទៅតាមគណៈដ៏តឹងរ៉ឹងបំផុតក្នុងសាសនារបស់យើង គឺខាងគណៈផារិស៊ី ៦ប៉ុន្ដែពេលនេះ ខ្ញុំឈរទទួលការជំនុំជម្រះ ដោយសារសេចក្ដីសង្ឃឹមលើព្រះបន្ទូលសន្យា ដែលព្រះជាម្ចាស់បានសន្យា ជាមួយដូនតារបស់យើង។ ៧ព្រះបន្ទូលសន្យានេះហើយ ដែលកុលសម្ព័ន្ធទាំងដប់ពីរ របស់យើងសង្ឃឹមថានឹងទទួលបាន ដោយការខិតខំបម្រើព្រះជាម្ចាស់ទាំងយប់ទាំងថ្ងៃ។ ឱព្រះរាជាអើយ! ពួកជនជាតិយូដាបានចោទប្រកាន់ខ្ញុំ ដោយសារសេចក្ដីសង្ឃឹមនេះហើយ ៨ហេតុអ្វីបានជាអ្នករាល់គ្នាចាត់ទុកការដែលព្រះជាម្ចាស់ ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ជាការមិនគួរឲ្យជឿដូច្នេះ? ៩ខ្ញុំផ្ទាល់ក៏ធ្លាប់គិតថា ត្រូវតែធ្វើកិច្ចការប្រឆាំងជាច្រើន ទាស់នឹងនាមព្រះយេស៊ូអ្នកក្រុងណាសារ៉ែត ១០ខ្ញុំបានធ្វើដូច្នេះនៅក្រុងយេរូសាឡិម ហើយខ្ញុំបានទទួលសិទ្ធិអំណាចពីសម្ដេចសង្ឃ ឲ្យចាប់ពួកបរិសុទ្ធជាច្រើនដាក់គុក ព្រមទាំងយល់ព្រមពេលគេសម្លាប់អ្នកទាំងនោះទៀតផង ១១ខ្ញុំដាក់ទោសពួកគេជាញឹកញាប់ នៅតាមសាលាប្រជុំទាំងឡាយ ខ្ញុំបានបង្ខំពួកគេឲ្យប្រមាថព្រះជាម្ចាស់ ហើយដោយខឹងពួកគេកាន់តែខ្លាំង ខ្ញុំក៏បៀតបៀនពួកគេរហូតដល់ក្រុងដទៃទៀត។ ១២ដូច្នេះហើយ ខ្ញុំបានធ្វើដំណើរទៅក្រុងដាម៉ាស់ដោយមានសិទ្ធិអំណាច និងការអនុញ្ញាតពីពួកសម្ដេចសង្ឃ ១៣ឱព្រះរាជាអើយ! នៅតាមផ្លូវ គឺពេលថ្ងៃត្រង់ ខ្ញុំបានឃើញពន្លឺមួយ ជាពន្លឺដែលភ្លឺជាងដួងអាទិត្យ បានចាំងពីលើមេឃមកព័ទ្ធជុំវិញខ្ញុំ និងពួកអ្នកធ្វើដំណើរជាមួយខ្ញុំ ១៤ហើយពេលយើងទាំងអស់គ្នាដួលទៅលើដី ខ្ញុំបានឮសំឡេងមួយនិយាយមកកាន់ខ្ញុំជាភាសាហេព្រើរថា សុល អើយ សុល! ហេតុអ្វី អ្នកបៀតបៀនយើងដូច្នេះ?ដែលអ្នកធាក់ជន្លួញដូច្នេះ នោះពិបាកដល់អ្នកណាស់ ១៥ខ្ញុំក៏សួរថាព្រះអម្ចាស់អើយ! តើព្រះអង្គជានរណា? រួចព្រះអម្ចាស់បានមានបន្ទូលថា យើងជាយេស៊ូ ដែលអ្នកកំពុងបៀតបៀន ១៦ប៉ុន្ដែចូរក្រោកឈរឡើង ដ្បិតយើងបានបង្ហាញខ្លួនឲ្យអ្នកឃើញនេះ ដើម្បីតែងតាំងអ្នកជាអ្នកបម្រើ និងជាសាក្សីអំពីហេតុការណ៍ ដែលអ្នកបានឃើញយើង ព្រមទាំងហេតុការណ៍ ដែលយើងនឹងបង្ហាញដល់អ្នក ១៧យើងនឹងរំដោះអ្នក ពីប្រជារាស្ដ្រនេះ ព្រមទាំងពីសាសន៍ដទៃ ដែលយើងកំពុងចាត់អ្នកឲ្យទៅ ១៨បំភ្លឺភ្នែករបស់ពួកគេ ឲ្យបែរចេញពីសេចក្ដីងងឹតមកឯពន្លឺ ហើយពីអំណាចរបស់អារក្សសាតាំង មកឯព្រះជាម្ចាស់ ដើម្បីឲ្យពួកគេ ទទួលបានការលើកលែងទោសបាប និងមរតកក្នុងចំណោមអស់អ្នកដែលត្រូវបានញែកជាបរិសុទ្ធ ដោយជំនឿលើយើង។
១៩ឱស្ដេចអ័គ្រីប៉ាអើយ! តាំងពីនោះមក ខ្ញុំមិនល្មើសនឹងសុបិននិមិត្តពីស្ថានសួគ៌នេះទេ ២០គឺមុនដំបូង ខ្ញុំបានប្រកាសប្រាប់ពួកអ្នកក្រុងដាម៉ាស់ និងពួកអ្នកក្រុងយេរូសាឡិមដែរ ព្រមទាំងក្នុងស្រុកយូដាទាំងមូល និងដល់សាសន៍ដទៃ ដើម្បីឲ្យពួកគេប្រែចិត្ត បែរមកឯព្រះជាម្ចាស់ ទាំងប្រព្រឹត្តអំពើដែលស័ក្ដិសមនឹងការប្រែចិត្ត។ ២១ដោយព្រោះសេចក្ដីទាំងនេះហើយ បានជាជនជាតិយូដា ចាប់ខ្ញុំនៅពេលខ្ញុំនៅក្នុងព្រះវិហារ ទាំងព្យាយាមសម្លាប់ខ្ញុំ ២២ប៉ុន្ដែដោយមានជំនួយ ពីព្រះជាម្ចាស់ ទើបខ្ញុំបានឈរធ្វើបន្ទាល់ប្រាប់ ទាំងអ្នកតូច ទាំងអ្នកធំ រហូតដល់ថ្ងៃនេះ ហើយខ្ញុំមិនដែលនិយាយអ្វីឡើយ ក្រៅពីសេចក្ដីដែលពួកអ្នកនាំព្រះបន្ទូល និងលោកម៉ូសេបានថ្លែងទុកថានឹងកើតឡើង ២៣គឺព្រះគ្រិស្ដត្រូវរងទុក្ខវេទនា ហើយដោយសារ ការរស់ពីការសោយទិវង្គតឡើងវិញមុនគេបង្អស់ ព្រះអង្គនឹងប្រកាសប្រាប់ប្រជារាស្ដ្រនេះ ព្រមទាំងសាសន៍ដទៃអំពីពន្លឺនោះ»។
២៤កាលលោកប៉ូលកំពុងនិយាយដើម្បីការពារខ្លួនពីសេចក្ដីទាំងនេះ លោកភេស្ទុសក៏និយាយដោយសំឡេងខ្លាំងៗថា៖ «ប៉ូលអើយ! ឯងឆ្កួតហើយ ឯងរៀនច្រើនពេក បានជាឆ្កួតដូច្នេះ!» ២៥ប៉ុន្ដែលោកប៉ូលឆ្លើយថា៖ «លោកភេស្ទុសជាទីគោរពអើយ! ខ្ញុំមិនឆ្កួតទេ ដ្បិតពាក្យដែលខ្ញុំកំពុងនិយាយ ពិត ហើយត្រឹមត្រូវ ២៦ដ្បិតព្រះរាជាដឹងអំពីហេតុការណ៍ទាំងនេះស្រាប់ហើយ បានជាខ្ញុំទូលដល់ព្រះអង្គ គឺទូលដោយក្លាហានទៀតផង ហើយខ្ញុំជឿថា គ្មានហេតុការណ៍ណាមួយ ក្នុងចំណោមហេតុការណ៍ទាំងនេះលាក់បាំង ពីព្រះរាជាបានឡើយ ព្រោះហេតុការណ៍នេះមិនបានកើតឡើង នៅកន្លៀតណាទេ ២៧ឱស្ដេចអ័គ្រីប៉ាអើយ! តើព្រះអង្គជឿអ្នកនាំព្រះបន្ទូលដែរឬទេ? ខ្ញុំដឹងថាព្រះអង្គជឿ» ២៨ស្ដេចអ័គ្រីប៉ា មានបន្ទូលទៅលោកប៉ូលថា៖ «ឯងកំពុងបញ្ចុះបញ្ចូលយើង ឲ្យត្រលប់ជាគ្រិស្ដបរិស័ទ ក្នុងពេលតែមួយភ្លែតឬ!» ២៩លោកប៉ូលក៏ទូលថា៖ «ទោះបីក្នុងពេលតែមួយភ្លែត ឬក្នុងពេលយូរក៏ដោយក៏ខ្ញុំអធិស្ឋានដល់ព្រះជាម្ចាស់ មិនមែនត្រឹមតែសម្រាប់ព្រះរាជាប៉ុណ្ណោះទេ គឺសម្រាប់អ្នកទាំងអស់ ដែលកំពុងស្តាប់ខ្ញុំនៅថ្ងៃនេះដែរ ដើម្បីឲ្យបានដូចជាខ្ញុំដែរ លើកលែងតែការជាប់ច្រវាក់ទាំងនេះ»។
៣០ពេលនោះ ទាំងសេ្តច ទាំងព្រះនាងបេរេនីស និងលោកអភិបាល ព្រមទាំងពួកអ្នកដែលអង្គុយជាមួយពួកគេ បានក្រោកឡើង ៣១ហើយចេញទៅទាំងនិយាយគ្នាថា៖ «បុរសនេះមិនបានធ្វើអ្វីសមនឹងស្លាប់ ឬការជាប់ច្រវាក់ឡើយ»។៣២ស្ដេចអ័គ្រីប៉ា មានបន្ទូលទៅលោកភេស្ទុសថា៖ «បើបុរសនេះមិនបានប្ដឹងឧទ្ធរណ៍ដល់ព្រះចៅអធិរាជទេ យើងអាចដោះលែងបាន»។