កិច្ចការ ២៣
២៣លោកប៉ូលក៏សម្លឹងមើលទៅ ក្រុមបឹ្រក្សាកំពូល រួចនិយាយថា៖ «បងប្អូនអើយ! ខ្ញុំបានរស់នៅចំពោះព្រះជាម្ចាស់ រហូតដល់ថ្ងៃនេះដោយមនសិការល្អទាំងអស់» ២ពេលនោះលោកអាណានាស ជាសម្តេចសង្ឃ បានបញ្ជាឲ្យពួកអ្នកឈរក្បែរលោកប៉ូលទះមាត់របស់គាត់ ៣នោះលោកប៉ូល ក៏និយាយទៅសម្តេចសង្ឃថា៖ «នែ៎ កំផែងលាបពណ៌សអើយ! ព្រះជាម្ចាស់នឹងទះអ្នកវិញមិនខាន អ្នកអង្គុយជំនុំជម្រះខ្ញុំតាមក្រឹត្យវិន័យ ប៉ុន្ដែបញ្ជាឲ្យគេទះខ្ញុំ ដោយបំពានគម្ពីរវិន័យយ៉ាងដូច្នេះឬ?» ៤នោះពួកអ្នកឈរក្បែរគាត់បាននិយាយថា៖ «ម្ដេចឯងមើលងាយសម្តេចសង្ឃ របស់ព្រះជាម្ចាស់ដូច្នេះ?» ៥លោកប៉ូលក៏ឆ្លើយថា៖ «បងប្អូនអើយ! ខ្ញុំមិនបានដឹងថា គាត់ជាសម្តេចសង្ឃទេ ដ្បិតមានសេចក្ដីចែងទុកថា អ្នកមិនត្រូវនិយាយអាក្រក់ដាក់អ្នកដឹកនាំប្រជាជនរបស់ខ្លួនឡើយ»។
៦ពេលលោកប៉ូលដឹងថា នៅក្នុងក្រុមបឹ្រក្សាកំពូល មានគណៈសាឌូស៊ី និងគណៈផារិស៊ីដូច្នេះ គាត់ក៏ស្រែកថា៖ «បងប្អូនអើយ! ខ្ញុំជាអ្នកខាងគណៈផារិស៊ី និងជាកូនចៅរបស់អ្នកខាងគណៈផារិស៊ី គេជំនុំជម្រះខ្ញុំនេះទាក់ទងនឹងសេចក្ដីសង្ឃឹម លើការរស់ឡើងវិញរបស់មនុស្សស្លាប់» ៧ពេលគាត់និយាយដូច្នេះហើយ នោះក៏មានការឈ្លោះប្រកែករវាងពួកអ្នកខាងគណៈផារិស៊ី និងពួកអ្នកខាងគណៈសាឌូស៊ី ហើយអង្គប្រជុំបានបែកបាក់គ្នា ៨ដ្បិតពួកអ្នកខាងគណៈសាឌូស៊ី អះអាងថា គ្មានការរស់ឡើងវិញ គ្មានទេវតា ឬវិញ្ញាណអ្វីឡើយ រីឯពួកអ្នកខាងគណៈផារិស៊ីវិញ ទទួលស្គាល់សេចក្ដីទាំងអស់នេះ។ ៩ពេលនោះក៏មានសំឡេងទ្រហឹងអឺងអ័ព្ទ ហើយមានពួកគ្រូវិន័យខាងគណៈផារិស៊ីខ្លះ បានក្រោកតវ៉ាយ៉ាងខ្លាំងថា៖ «យើងឃើញថា បុរសនេះគ្មានកំហុសឡើយ ប៉ុន្ដែប្រហែលជាមានវិញ្ញាណ ឬទេវតាណាមួយនិយាយមកគាត់ទេដឹង?» ១០ពេលមានទំនាស់កាន់តែខ្លាំង មេបញ្ជាការក៏បញ្ជាទាហានឲ្យចុះទៅដណ្ដើមយកលោកប៉ូលពីកណ្ដាលចំណោមពួកគេ នាំទៅក្នុងបន្ទាយវិញ ដោយខ្លាចក្រែងពួកគេ ហែកគាត់ជាចម្រៀក។
១១នៅយប់បន្ទាប់ ព្រះអម្ចាស់បានឈរក្បែរគាត់ ទាំងមានបន្ទូលថា៖ «ចូរមានទឹកចិត្ដឡើង ដ្បិតអ្នកបានធ្វើបន្ទាល់អំពីយើង នៅក្រុងយេរូសាឡិមយ៉ាងណា អ្នកត្រូវធ្វើបន្ទាល់នៅក្រុងរ៉ូមយ៉ាងនោះដែរ»។
គម្រោងការសម្លាប់លោកប៉ូល
១២លុះដល់ព្រឹកឡើង ពួកជនជាតិយូដាបានឃុបឃិតគ្នា ទាំងស្បថជាមួយគ្នាថា ពួកគេមិនបរិភោគ និងមិនផឹកជាដាច់ខាត ទាល់តែសម្លាប់លោកប៉ូលបាន ១៣ហើយពួកអ្នកមានផែនការអាក្រក់នេះ មានគ្នាច្រើនជាងសែសិបនាក់ ១៤គឺពួកគេបានចូលទៅប្រាប់ពួកសម្ដេចសង្ឃ និងពួកចាស់ទុំថា៖ «យើងបានជាប់សម្បថជាមួយគ្នាហើយថា យើងមិនបរិភោគជាដាច់ខាត ទាល់តែសម្លាប់ប៉ូលបាន ១៥ដូច្នេះឥឡូវនេះ សូមអស់លោក ជាមួយក្រុមបឹ្រក្សាកំពូល ប្រាប់មេបញ្ជាការនោះឲ្យនាំវាចុះមកជួបអស់លោក ហាក់ដូចជាអស់លោកចង់សាកសួរអំពីរឿងក្ដីរបស់វា ឲ្យបានច្បាស់ថែមទៀត រីឯយើងត្រៀមខ្លួនសម្លាប់វា មុនវាមកដល់» ១៦ប៉ុន្ដែពេលក្មួយប្រុសរបស់លោកប៉ូល បានឮអំពីការពួនស្ទាក់នេះ គាត់ក៏ទៅក្នុងបន្ទាយ ហើយរាយការណ៍ ប្រាប់លោកប៉ូល។ ១៧ពេលនោះ លោកប៉ូលក៏ហៅនាយទាហានម្នាក់មកប្រាប់ថា៖ «សូមនាំយុវជននេះទៅជួបលោកមេបញ្ជាការផងដ្បិត គាត់មានដំណឹងរាយការណ៍ប្រាប់លោក» ១៨ដូច្នេះ នាយទាហានក៏នាំយកយុវជននោះទៅជួបមេបញ្ជាការ ហើយប្រាប់ថា៖ «អ្នកទោសឈ្មោះប៉ូលបានហៅខ្ញុំ ហើយសុំឲ្យនាំយុវជននេះមកជួបលោក ព្រោះគាត់មានដំណឹងប្រាប់លោក»។
១៩មេបញ្ជាការ ក៏ដឹកដៃយុវជននោះទៅដាច់ពីគេរួចសួរថា៖ «តើអ្នកមានដំណឹងអ្វីប្រាប់ខ្ញុំឬ?» ២០គាត់ក៏ប្រាប់ថា៖ «ពួកជនជាតិយូដា បានព្រមព្រៀងគ្នាសុំឲ្យលោក នាំលោកប៉ូលចុះទៅជួបក្រុមបឹ្រក្សាកំពូលនៅថ្ងៃស្អែក ហាក់ដូចជាចង់សាកសួរអំពីរឿងក្តីរបស់គាត់ ឲ្យបានច្បាស់ថែមទៀត ២១ប៉ុន្ដែសូមលោកកុំជឿតាមពួកគេឲ្យសោះ ដ្បិតមានមនុស្សជាងសែសិបនាក់ ក្នុងចំណោមពួកគេកំពុងពួនស្ទាក់ចាំសម្លាប់គាត់ អ្នកទាំងនោះបានស្បថរួមគ្នាថា មិនបរិភោគ និងមិនផឹកជាដាច់ខាត ទាល់តែសម្លាប់លោកប៉ូលបាន ឥឡូវនេះ ពួកគេត្រៀមរួចរាល់អស់ហើយ ចាំតែការយល់ព្រមពីលោកប៉ុណ្ណោះ»។
២២ពេលនោះ មេបញ្ជាការក៏ឲ្យយុវជននោះត្រលប់ទៅវិញ ទាំងបង្គាប់ថា៖ «អ្នកមិនត្រូវប្រាប់នរណាម្នាក់ ពីរឿង ដែលអ្នកបានរាយការណ៍ប្រាប់ខ្ញុំនេះឡើយ»។
គេបញ្ជូនលោកប៉ូលទៅក្រុងសេសារា
២៣បន្ទាប់មក គាត់ក៏ហៅនាយទាហានពីរនាក់មក ហើយបង្គាប់ថា៖ «ចូររៀបចំទាហានពីររយនាក់ ពលសេះចិតសិបនាក់ និងពលលំពែងពីររយនាក់ឲ្យហើយ ដើម្បីទៅក្រុងសេសារា នៅវេលាម៉ោងប្រាំបួនយប់នេះ ២៤ហើយត្រូវរៀបចំសត្វដើម្បីឲ្យប៉ូលជិះ ហើយនាំគាត់ទៅឯលោកអភិបាលភេលីចដោយសុវត្ថិភាព» ២៥រួចមេបញ្ជាការ ក៏សរសេរសំបុត្រមួយច្បាប់ មានដូចតទៅនេះ៖ ២៦«ខ្ញុំក្លូឌាសលូស៊ា សូមគោរពជូនចំពោះលោកអភិបាលភេលីច ឲ្យបានជ្រាបថា ២៧បុរសនេះត្រូវជនជាតិយូដាចាប់យកមក ហើយពួកគេបម្រុងសម្លាប់ចោល ប៉ុន្ដែពេលខ្ញុំនាំទាហានចូលទៅរំដោះគាត់ចេញពីពួកគេ នោះទើបដឹងថា គាត់ជាជនជាតិរ៉ូម ២៨ហើយដោយចង់ដឹងពីករណីដែលពួកគេចោទប្រកាន់គាត់នោះ ខ្ញុំក៏នាំគាត់ចុះទៅឯក្រុមបឹ្រក្សាកំពូលរបស់ពួកគេ។ ២៩ពេលនោះខ្ញុំឃើញថា ពួកគេចោទប្រកាន់គាត់អំពីបញ្ហានៃគម្ពីរវិន័យ របស់ពួកគេប៉ុណ្ណោះ ហើយការចោទប្រកាន់ដែលមាននេះ មិនសមទោសស្លាប់ ឬទោសជាប់ច្រវាក់ឡើយ ៣០រួចពេលខ្ញុំដឹងថា ពួកជនជាតិយូដា មានផែនការអាក្រក់ចំពោះបុរសនេះ ខ្ញុំក៏បញ្ជូនគាត់មកលោកភ្លាម ទាំងបង្គាប់ឲ្យពួកអ្នកដើមចោទមកឯលោកដែរ ដើម្បីនិយាយតតាំងជាមួយគាត់អំពីរឿងក្ដីនេះ»។
៣១ដូច្នេះ ពួកទាហានក៏យកលោកប៉ូលនាំទៅក្រុងអាន់ទីប៉ាទ្រីសទាំងយប់ តាមសេចក្ដីដែលបានបញ្ជា។ ៣២នៅថ្ងៃបន្ទាប់ ពួកទាហានបានត្រលប់មកឯបន្ទាយវិញ ដោយទុកឲ្យពលសេះធ្វើដំណើរជាមួយលោកប៉ូល ៣៣កាលចូលដល់ក្រុងសេសារាហើយ ពលសេះក៏ប្រគល់សំបុត្រឲ្យលោកអភិបាល ព្រមទាំងបង្ហាញខ្លួនលោកប៉ូលដល់គាត់ដែរ។៣៤ពេលលោកអភិបាលអានសំបុត្រនោះរួច គាត់ក៏សួរលោកប៉ូលថាមកពីស្រុកណា លុះដឹងថាគាត់មកពីស្រុកគីលីគា ៣៥លោកអភិបាលក៏និយាយថា៖ «ពេលពួកអ្នកដើមចោទរបស់អ្នក មកដល់ដែរ ខ្ញុំនឹងស្ដាប់អ្នកទៀត» បន្ទាប់មក គាត់ក៏បញ្ជាឲ្យការពារលោកប៉ូលនៅក្នុងបន្ទាយរបស់ស្តេចហេរ៉ូឌ។