KCB - កិច្ចការ ២១


កិច្ចការ ២១

ដំណើរ​របស់​លោក​ប៉ូល​ទៅ​កាន់​ក្រុង ​យេរូសាឡិម​

២១ពេល​យើង​លាពួកគេរួច​ហើយ ក៏ជិះសំពៅតម្រង់ទៅកោះកូស នៅ​ថ្ងៃ​បន្ទាប់ យើង​បាន​មក​ដល់​កោះ​រ៉ូដូស រួច​ក៏​ចេញ​ពី​ទីនោះ​ទៅ​ក្រុង​ប៉ាតារ៉ា​ ហើយ​ពេល​ឃើញ​មាន​សំពៅ​ទៅ​ស្រុក​ភេនីស យើង​ក៏​ជិះ​សំពៅ​នោះ​ទៅ​មុខ​ទៀត។​ ពេល​យើង​ឃើញ​កោះ​គីប្រុស យើង​ក៏​ធ្វើដំណើរ​វាង​ទៅ​ខាងស្តាំ​កោះ​នោះ តម្រង់​ទៅ​ស្រុក​ស៊ីរី ហើយ​ក៏​មក​ដល់​ក្រុង​ទីរ៉ុស ដ្បិត​សំពៅ​ត្រូវ​ទម្លាក់​ទំនិញ​នៅ​ទីនោះ។​ ក្រោយ​ពី​រក​ឃើញ​ពួក​សិស្ស យើង​ក៏​ស្នាក់​នៅ​ទី​នោះ​ប្រាំពីរ​ថ្ងៃ ហើយ​តាមរយៈ​ព្រះ​វិញ្ញាណ ពួកគេ​បាន​ប្រាប់​លោក​ប៉ូល​ មិន​ឲ្យ​​ទៅ​ក្រុង​យេរូសាឡិមទេ​ ប៉ុន្ដែ​កាល​គ្រប់​ប្រាំពីរ​ថ្ងៃ​ហើយ យើង​ក៏​ចេញ​ដំណើរ​ទៅ​មុខ​ទៀត។ ពួកគេ​ និង​ប្រពន្ធ​កូន​របស់​ពួកគេ​ទាំងអស់​បាន​​ជូន​ដំណើរ​យើង​ទៅ​ក្រៅ​ក្រុងហើយ​យើង​បាន​លុត​ជង្គង់​អធិស្ឋាន​ នៅ​មាត់​សមុទ្រ​ បន្ទាប់​មក​ យើង​​បាន​ជម្រាបលា​គ្នា​ទៅវិញ​ទៅមក រួច​យើង​ក៏​ចុះ​សំពៅ‍ទៅ រីឯ​​អ្នក​ទាំងនោះ​បាន​ត្រលប់​ទៅ​ផ្ទះ​របស់​ពួកគេ​វិញ។​

ពេល​យើង​បញ្ចប់​ការ​ធ្វើដំណើរ​តាម​សំពៅ​ពី​ក្រុង​​ទីរ៉ុស យើង​ក៏​មក​ដល់​ក្រុង​ផ្ទលេមេ ហើយ​ក្រោយ​ពី​បាន​ជម្រាប​សួរ​ពួក​បងប្អូន​រួច យើង​ក៏​ស្នាក់នៅ​ជាមួយ​ពួកគេ​មួយ​ថ្ងៃ។​ នៅ​ថ្ងៃ​បន្ទាប់ យើង​ចេញ​ដំណើរ​ទៀត ហើយ​មក​ដល់​ក្រុង​សេសារា​​ រួច​ក៏​ចូល​ទៅ​ស្នាក់នៅ​ក្នុង​ផ្ទះ​របស់​លោក​ភីលីពជា​អ្នក​ប្រកាស​ដំណឹងល្អ​ម្នាក់​ ក្នុងចំណោម​អ្នក​ទាំង​ប្រាំពីរ។​ លោក​ភីលីព​ មាន​កូន​ក្រមុំ​បួន​នាក់ ដែល​​ថ្លែង​ព្រះបន្ទូល‍។​

១០កាល​យើង​កំពុង​ស្នាក់​នៅ​ទី​នោះ​ជា​ច្រើន​ថ្ងៃ នោះ​មាន​អ្នកនាំ​ព្រះបន្ទូលម្នាក់​ឈ្មោះ​អ័ក្កាបុស ​ បាន​ចុះ​ពី​ស្រុក​យូដា​មក​ ១១ពេល​មក​ដល់​យើង​ហើយ គាត់​ក៏​យក​ខ្សែក្រវាត់ ​របស់​លោក​ប៉ូល​មក​​ចង​ជើង​ដៃ​ខ្លួនឯង ហើយ​និយាយ​ថា​៖ «ព្រះ​វិញ្ញាណ​បរិសុទ្ធមានបន្ទូល​ប្រាប់​ដូច្នេះ​ថា ជនជាតិ​យូដា​នៅ​ក្រុង​យេរូសាឡិម​នឹង​ចងម្ចាស់​ខ្សែក្រវាត់​នេះ​យ៉ាងដូច្នេះ​ដែរ ហើយ​ប្រគល់​ទៅ​ក្នុង​ដៃ​របស់​សាសន៍​ដទៃ»។ ១២ពេល​ឮ​ដូច្នេះ ​យើងព្រមទាំង​បងប្អូន​នៅ​ស្រុក​នោះ​បាន​អង្វរ​លោកប៉ូល មិនឲ្យឡើងទៅ​ក្រុងយេរូសាឡិម​ឡើយ​ ១៣ពេល​នោះ​លោក​ប៉ូល​ឆ្លើយ​ថា​៖ «តើ​អ្នក​រាល់​គ្នា​យំ​ធ្វើ​ឲ្យ​​ខ្ញុំ​ខូច​ចិត្ដ​ធ្វើ​អ្វី​?ដ្បិត​ដើម្បី​ព្រះ​នាម​​របស់​ព្រះអម្ចាស់​យេស៊ូ ខ្ញុំ​មិន​ត្រឹម​តែ​សុខ​ចិត្ដ​​ឲ្យ​​គេ​ចង​ប៉ុណ្ណោះ​ទេ គឺ​សុខចិត្ដ​ស្លាប់​នៅ​ក្រុង​យេរូសាឡិម​ទៀតផង‍»​ ១៤ពេល​គាត់​ មិន​ព្រម​ស្ដាប់តាម​ការអង្វរ​របស់យើង យើង​ក៏​ឈប់​អង្វរ​គាត់​ទៀត ហើយ​និយាយ​ថា​៖ «សូម​ឲ្យ​​បំណង​របស់​ព្រះអម្ចាស់​បាន​សម្រេច​ចុះ»។

លោក​ប៉ូល​មក​ដល់​ក្រុង​យេរូសាឡិម

១៥ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក យើង​ក៏​រៀបចំ​ធ្វើដំណើរ​ ទៅ​ក្រុង​យេរូសាឡិម​ ១៦ហើយ​មាន​សិស្ស​ខ្លះ មក​​ពី​ក្រុង​សេសារា​​ បាន​ធ្វើដំណើរ​ទៅ​ជាមួយ​យើង​ដែរ ព្រមទាំង​នាំ​យើង​ទៅ​ស្នាក់នៅ​ផ្ទះ​របស់អ្នកកោះ​គីប្រុសម្នាក់ ឈ្មោះម្ន៉ាសុន ជា​សិស្ស​ដំបូង​ម្នាក់‍។​ ១៧កាល​យើង​មក​ដល់ ​ក្រុង​យេរូសាឡិម​ហើយ ពួក​បងប្អូន​បាន​ស្វាគមន៍​យើង​ យ៉ាងរីក​រាយ។ ១៨​នៅ​ថ្ងៃ​បន្ទាប់លោក​ប៉ូល​បាន​ចូល​ទៅ​ជួប​ លោក​យ៉ាកុប​ជាមួយ​​យើង ​ហើយ​ចាស់​ទុំ​ទាំង​អស់​បាន​មក​ដែរ។ ​

១៩បន្ទាប់ពី​ជម្រាប​សួរ​អ្នក​ទាំងនោះ​រួច​ហើយ លោក​ប៉ូល​ក៏​រៀបរាប់​ដោយ​លំអិត​អំពី​កិច្ចការ​ទាំងឡាយ​ ដែលព្រះជាម្ចាស់​បាន​ធ្វើ​ក្នុង​ចំណោមសាសន៍ដទៃតាមរយៈ​កិច្ចការ​របស់​គាត់។ ​២០ពេល​ឮ​ដូច្នេះពួកគេ​ក៏​សរសើរ​តម្កើង​ព្រះជាម្ចាស់​​ហើយ​និយាយ​ទៅ​គាត់​ថា​៖ «បង​អើយ! បង​ឃើញ​ស្រាប់​ហើយ‍ថា មាន​មនុស្ស​រាប់​ម៉ឺន​នាក់ ​នៅ​ក្នុង​ចំណោម​ជនជាតិ​យូដា​បាន​ជឿ និង​មាន​ការ​ប្ដូរផ្ដាច់​តាមគម្ពីរ​វិន័យ​ទាំងអស់​គ្នា​ ២១ប៉ុន្ដែ​ ពួកគេ​បាន‍ឮ​ដំណឹង​អំពី​បង​ថា បង​បាន​បង្រៀន​ជនជាតិ​យូដាទាំងអស់​ ដែល​រស់នៅ​ក្នុង​ចំណោម​សាសន៍​ដទៃឲ្យ​​បោះបង់​សេចក្ដី​បង្រៀន​របស់​លោក​ម៉ូសេ គឺ​បង​ប្រាប់​ពួកគេ​មិន​ឲ្យ​​កាត់ស្បែក​កូន​ចៅ ឬ​កាន់​តាម​ទំនៀម​ទម្លាប់​ឡើយ ​២២បើ​ដូច្នេះ​មែន តើ​ធ្វើ​ដូចម្ដេច​ទៅ​? ដ្បិត​ពួកគេ​មុខជា​ឮ​ថា​ បង​បាន​មក​ដល់​ទីនេះ​ហើយ​ ២៣ដូច្នេះសូម​ធ្វើ​តាម​ដែល​យើង​ប្រាប់​បង​ចុះ ដ្បិត​យើងមាន​មនុស្ស​បួននាក់​កំពុង​ជាប់​បំណន់ ២៤គឺ​សូម​បង​នាំ​អ្នក​ទាំងនេះ​ទៅ ហើយ​ធ្វើ​ពិធី​ជម្រះកាយ​ជាមួយ​ពួកគេ ព្រម​ទាំង​ចេញ​ប្រាក់​ឲ្យ​​ពួកគេ​កោរ​សក់​ផង ដើម្បី​ឲ្យ​​គ្រប់គ្នា​ដឹង​ថា ​សេចក្ដី​ដែល​ពួកគេ​បាន​ឮ​អំពី​បង​នោះមិន​ពិត​ទេ គឺ​បង​បាន​រស់នៅដោយ​កាន់តាមគម្ពីរ​វិន័យ​វិញ​​ ២៥រីឯ​​សាសន៍​ដទៃ​ទាំងឡាយ​​ដែល​បាន​ជឿនោះ​ យើង​បាន​សរសេរ​សេចក្ដី​សម្រេច​ របស់​យើង​ផ្ញើ​​ទៅ​ពួកគេ​រួច​ហើយ គឺ​ឲ្យ​​ពួកគេ​ចៀស​វាង​ពី​សំណែន​​ ដែល​បាន​សែន​ដល់​​រូប​ព្រះ ពីឈាម ពីសាច់​សត្វ​ដែល​សម្លាប់​ដោយ​​ច្របាច់​ក និងពី​​អំពើ​អសីលធម៌​ខាង​ផ្លូវភេទ»។​

គេ​ចាប់​ខ្លួន​លោក​ប៉ូល​

២៦ពេល​នោះលោក​ប៉ូល​ក៏​នាំ​អ្នក​ទាំង​នោះ​ទៅ ហើយ​នៅ​ថ្ងៃ​បន្ទាប់ គាត់​ក៏​ធ្វើពិធី​ជម្រះកាយ​ជាមួយ​ពួកគេ រួច​បាន​ចូល​ទៅ​ក្នុង​ព្រះវិហារ ដើម្បី​បញ្ជាក់​អំពី​ថ្ងៃ​នៃ​ការបញ្ចប់​ពិធី​ជម្រះកាយ និង​តង្វាយ​ ដែល​ពួកគេ​ម្នាក់ៗ‍ត្រូវ​ថ្វាយ​ ២៧ប៉ុន្ដែ ​កាល​ជិត​គ្រប់​ប្រាំពីរ​ថ្ងៃ​ហើយ មាន​ពួក​ជនជាតិយូដា​​​ មកពីស្រុកអាស៊ី​ បាន​ឃើញ​គាត់​នៅក្នុង​ព្រះ​វិហារ ក៏​ញុះញង់​បណ្ដាជន​ទាំងអស់​ ឲ្យ​​ចាប់​គាត់​ ២៨ដោយ​ស្រែក​ឡើង​ថា​៖ «បង​ប្អូន​អ៊ីស្រាអែលអើយ! មកជួយ​គ្នា​! ម្នាក់​នេះ​ហើយ ដែលបាន​បង្រៀន​មនុស្សទាំងអស់​នៅ​គ្រប់​ទី​កន្លែង​ ឲ្យ​​ទាស់​នឹង​ប្រជា​ជន​របស់​យើងទាស់​នឹង​គម្ពីរ​វិន័យរបស់​យើង​​ ហើយ​ទាស់នឹង​ទី​កន្លែង​នេះ​ ​លើស​ពី​នេះ​ទៀត គាត់​បាន​នាំ​ជនជាតិ​ក្រេក​ ចូល​មក​ក្នុង​ព្រះ​វិហារ ហើយ​ធ្វើ​ឲ្យ​​ទី​បរិសុទ្ធ​នេះ​ ស្មោកគ្រោក​ទៀត» ​២៩ដ្បិតកាលពីមុន ​ពួកគេ​ធ្លាប់​ឃើញលោក​ទ្រភីម​ ជា​អ្នកក្រុង​អេភេសូរ​នៅក្នុង​ក្រុង​​ជាមួយ​លោក​ប៉ូល នោះ​ពួកគេ​ស្មាន​ថា លោកប៉ូលបាន​នាំ​អ្នកនោះ​ចូលក្នុង​ព្រះ​វិហារ‍។​ ៣០ពេល​នោះ មាន​ចលាចល​ពេញ​ក្រុង​ទាំង​មូល មនុស្ស​បាន​រត់​មក​ ចោមរោម​ចាប់​លោក​ប៉ូល​អូស​ចេញ​ពី​ព្រះ​វិហារ ហើយ​បាន​បិទ​ទ្វារ​វិញ​ភ្លាម។​ ៣១ពេល​ដែល​ពួកគេ​រក​សម្លាប់​​គាត់ មេ​បញ្ជាការ​របស់​កងទាហាន​រ៉ូម​បាន‍ដឹង​ដំណឹង​ថា ក្រុង​យេរូសាឡិមទាំង​មូល​កំពុង​ស្ថិត​នៅក្នុង​ចលាចល។​ ៣២ដូច្នេះ គាត់​ក៏​នាំ​ពួក​នាយ​ទាហាន និង​ពលទាហាន ​រត់​​ចុះ​មក‍ឯ​ពួកគេ​ភ្លាម‍។ ពេល​ពួកគេ​ឃើញ​មេ​បញ្ជាការ និង​ពលទាហានក៏​ឈប់​វាយ​លោក​ប៉ូល​ ៣៣ពេល​នោះ មេ​បញ្ជាការ​ក៏​ចូល​មក​ចាប់​លោក​ប៉ូល ​ទាំង​បញ្ជា​ឲ្យ​​គេ​ដាក់​ខ្នោះ​ច្រវាក់​គាត់​ពីរ​ខ្សែ ព្រម​ទាំង​​សួរ​ថា​តើ​គាត់​ជា​នរណា ហើយ​មានរឿង​អ្វី​ខ្លះ​ ៣៤ប៉ុន្ដែ​នៅក្នុង​ចំណោម​បណ្ដាជន មាន​អ្នកខ្លះ​ស្រែក​យ៉ាងនេះ អ្នកខ្លះ​ស្រែក​យ៉ាងនោះ ហើយ​ដោយសារ​ សំឡេង​អឺងកង​ពេក មេ​បញ្ជាការ​មិន​អាច​ដឹង​រឿង​អ្វី​ពិតប្រាកដ​ឡើយ ក៏​បញ្ជា​ឲ្យ​​គេ​នាំ​លោក​ប៉ូល​ទៅ​បន្ទាយ។​ ៣៥ពេល​គាត់​កំពុង​នៅ​លើ​ជណ្ដើរ ហើយ​ដោយ​ព្រោះតែ​អំពើ​ហិង្សា​របស់​បណ្ដាជន​ ពួក​ទាហាន​ក៏​ជ្រោង​គាត់​ឡើង​ ៣៦ដ្បិតមាន​បណ្ដាជន​ច្រើន​កុះករនៅតែ​ដើរតាម​ ទាំង​ស្រែក​ថា​៖ «កំចាត់​វា​ចោល​ទៅ​!»។

លោក​ប៉ូល​និយាយ​នៅ​ចំពោះ​មុខបណ្ដាជន​

៣៧ពេល​ពួកទាហាន​ បម្រុង​នាំ​លោក​ប៉ូល​ចូល​ទៅ​ក្នុង​បន្ទាយ លោក​ប៉ូល​ក៏​និយាយ​ទៅ​មេ​បញ្ជាការ​ថា​៖ «សូម​អនុញ្ញាត​ឲ្យ​​ខ្ញុំ​និយាយ​ជាមួយលោក​បន្តិច​បាន​ឬ​ទេ‍?‍» មេ​បញ្ជាការ​ក៏​សួរ​ថា​៖ «អ្នក​ក៏​ចេះ​ភាសា​ក្រេក​ដែរ​ឬ​? ៣៨ដូច្នេះ តើ​អ្នក​មិន​មែន​ជា​ជនជាតិ​អេស៊ីព្ទ ដែល​បាន​បង្កើត​ការបះបោរ​ថ្មីៗ​នេះ ហើយ​នាំ​ឃាតករ​បួន​ពាន់​នាក់​ចូល​ទៅ​ក្នុងទីរហោ ឋានទេ​ឬ​?»​ ៣៩លោក​ប៉ូល​ឆ្លើយ​ថា​៖ «ខ្ញុំ​ជា​ជនជាតិ​យូដា មក​ពី​ក្រុង​តើសុស ស្រុក​គីលីគា មិន​មែន​ជា​ប្រជាជន​មកពី​ក្រុង​តូចតាច​ទេ ដូច្នេះ សូម​លោកអនុញ្ញាត​ ឲ្យ​ខ្ញុំ​និយាយ​ទៅ​កាន់​ប្រជាជន​នេះ​ផង»។​ ៤០ពេល​មេ​បញ្ជាការ​អនុញ្ញាត​ឲ្យ លោក​ប៉ូល​ក៏​ឈរ​លើ​កាំ​ជណ្ដើរ​ ទាំង​លើក​ដៃ​ជា​សញ្ញា​ទៅ​ប្រជាជន នៅ​ពេល​មាន​សភាព​ស្ងាត់​ឈឹង​ហើយ គាត់​ក៏​និយាយ​ជា​ភាសា​ហេព្រើ​រ​ទៅ​ពួកគេ​ថា​៖

កិច្ចការ ២១