KCB - កិច្ចការ ២


កិច្ចការ ២

ព្រះវិញ្ញាណបរិសុទ្ធ​យាង​មក

កាល​ដល់​ថ្ងៃ​បុណ្យ​ ថ្ងៃទីហាសិប​ ពួកគេ​ទាំងអស់គ្នា ​កំពុងជួបជុំគ្នានៅកន្លែងតែ​មួយ​ ស្រាប់​តែ​មាន​សំឡេង​មកពី​ស្ថានសួគ៌​ ដូចជាសន្ធឹកខ្យល់យ៉ាងខ្លាំង ពេញនៅក្នុងផ្ទះទាំង​មូល ដែលពួកគេកំពុង​អង្គុយ ហើយពួកគេ​បានឃើញអ្វីមួយ ដូចជាអណ្ដាតភ្លើងដែលបែកចេញពីគ្នា មកសណ្ឋិតលើ​ពួកគេម្នាក់ៗ។ ពួកគេទាំងអស់​គ្នា ក៏​ពេញដោយ​ព្រះវិញ្ញាណបរិសុទ្ធ ហើយ​ចាប់ផ្ដើមនិយាយ​ភាសាផ្សេងៗ តាមដែលព្រះវិញ្ញាណ​ផ្ដល់​ឲ្យ។

នៅពេលនោះ មាន​ជនជាតិយូដាដែលគោរពកោត​ខ្លាចព្រះជា​ម្ចាស់​មក​ពីគ្រប់​ប្រជាជាតិ​​នៅក្រោម​មេឃ​​​ កំពុង​​ស្នាក់​នៅ​ក្នុងក្រុង​យេរូសាឡិម​ កាល​បាន​ឮ​សំឡេង​នេះ នោះ​បណ្តាជនក៏នាំគ្នាមក​មើល ហើយ​ធ្វើឲ្យពួកគេ​ស្រឡាំង​កាំង ព្រោះ​ពួកគេ​ម្នាក់ៗបាន​ឮអ្នក​ទាំងនោះ និយាយភាសារបស់ពួកគេផ្ទាល់។​ ពួកគេនឹកអស្ចារ្យ ទាំង​ស្ងើចសរសើរ ហើយ​សួរ​ថា​៖ «មើល៍ ពួក​អ្នក​ដែល​កំពុង​និយាយ​ទាំងអស់​នេះ តើ​មិន​មែន​ជា​ពួក​អ្នកស្រុកកាលីឡេទេ​ឬ​? ចុះហេតុ​ដូចម្ដេច បានជាយើងឮពួកគេ​និយាយភាសា​កំណើត ​របស់​យើង​រៀងៗខ្លួន​ដូច្នេះ​? គឺមាន​អ្នកស្រុក​ផារថុស​​ អ្នកស្រុក​មេឌី​ អ្នកស្រុក​អេឡាំ​ និង​ពួក​អ្នក​រស់នៅ​ស្រុក​មេសូប៉ូតាមា​ ស្រុក​យូដា​ ស្រុក​កាប៉ាដូគា​ ស្រុក​ប៉ុនតុស និង​ស្រុក​អាស៊ី​ ១០ស្រុក​ពី្រគា ស្រុក​ប៉ាមភីលា ស្រុក​អេស៊ីព្ទ និង​បណ្តា​ស្រុក​ក្នុង​តំបន់លីប៊ី​ ក្បែរតំបន់​គីរេន និងពួកអ្នកក្រុងរ៉ូម​ដែលស្នាក់នៅទីនោះ​១១ព្រម​ទាំង​ជនជាតិ​យូដា ពួក​អ្នកចូលសាសនាយូដា ​អ្នក​ស្រុកក្រេត​ និងអ្នកស្រុកអារ៉ាប់។ យើងឮពួកគេប្រកាស​អំពីការអស្ចារ្យ​របស់ព្រះជាម្ចាស់ ជាភាសា​រ​បស់យើងផ្ទាល់!» ១២បណ្ដាជន​នឹកអស្ចារ្យ ទាំង​គិត​មិនយល់​ទាំងអស់​គ្នា ក៏​សួរ​គ្នា​ថា​៖ «តើ​នេះ​មានន័យ​យ៉ាងដូចម្ដេច?» ១៣ប៉ុន្ដែ​ អ្នក​ខ្លះទៀត​ចំអក​ថា៖ «ពួកនេះ​ផឹក​ស្រា​ទំពាំង​បាយជូរ​ថ្មី​ជ្រុល​ទេ​តើ»។

លោក​ពេត្រុស​ប្រកាស​ព្រះបន្ទូល​​ទៅ​កាន់​បណ្ដាជន​​

១៤ពេលនោះ លោក​ពេត្រុស​ក៏​ក្រោកឈរជាមួយ​ពួក​សាវក​ ទាំងដប់មួយ ហើយបន្លឺ​សំឡេង​ថា​៖ «ឱ បងប្អូន​យូដា និង​បងប្អូន​ទាំងអស់​​ ដែល​រស់​នៅ​ក្រុង​យេរូសាឡិម​​អើយ! សូម​អ្នករាល់គ្នា​យល់​ពី​ហេតុការណ៍​នេះ ហើយ​ផ្ទៀងស្តាប់​ពាក្យ​របស់​ខ្ញុំ​ចុះ ១៥ដ្បិត​អ្នក​ទាំងនេះ​មិនបាន​ស្រវឹង ដូច​ជា​អ្នករាល់គ្នា​ស្មាន​នោះ​ទេ ព្រោះ​ម៉ោង​ប្រាំបួនពឹ្រក​នៅឡើយ​!​ ១៦ប៉ុន្ដែ នេះជាអ្វី​ដែល​លោក​យ៉ូអែល ជាអ្នកនាំ​ព្រះបន្ទូល​​បាន​ថ្លែង​ទុក​ថា ​១៧ព្រះ​ជាម្ចាស់​មានបន្ទូល​ថា​ នៅ​ថ្ងៃ​ចុងក្រោយ យើង​នឹង​ចាក់​វិញ្ញាណ​របស់​យើង​លើ​មនុស្ស​ទាំងអស់ ហើយ​កូន​ប្រុស​កូនសី្រ​របស់​អ្នករាល់គ្នា​នឹង​ថ្លែង​ព្រះបន្ទូល ពួក​យុវជន​របស់​អ្នករាល់គ្នា​នឹង​ឃើញ​និមិត្ដ​ រីឯពួក​ចាស់ៗ​ របស់​អ្នករាល់គ្នា​នឹង​យល់សប្ដិ។​ ១៨នៅ​គ្រា​នោះ យើង​នឹងចាក់វិញ្ញាណរបស់យើង លើ​ពួក​បាវ​បម្រើរបស់យើង ទាំងប្រុស ទាំងសី្រ ហើយ​ពួកគេនឹង​ថ្លែង​ព្រះបន្ទូល​។​ ១៩យើង​នឹង​បង្ហាញ ​ការអស្ចារ្យ​នៅលើមេឃ ព្រមទាំង​ទីសំគាល់​នៅ​ផែនដី​ គឺ​ជា​ឈាម ជា​ភ្លើង និង​កំសួល​ផ្សែង​ ២០ហើយ​ពន្លឺ​ដួង​អាទិត្យ ​​នឹង​ប្រែជា​ងងឹត ឯ​ពន្លឺ​ខែ​នឹង​ប្រែជា​ឈាម មុន​ថ្ងៃ​ដ៏​រុងរឿង​អស្ចារ្យ​របស់​ព្រះអម្ចាស់​មកដល់ ២១ហើយ​នៅពេល​នោះ អស់​អ្នក​ណាដែល​អំពាវ​នាវ​​រក​ព្រះនាម ​របស់​ព្រះអម្ចាស់ នោះ​នឹង​ទទួលបាន​សេចក្ដីសង្គ្រោះ។​

២២ឱ បងប្អូន​អ៊ីស្រាអែលអើយ! សូម​ស្ដាប់​សេចក្ដី​ទាំងនេះ​ចុះ​ថា ព្រះជាម្ចាស់​បាន​បង្ហាញព្រះ​យេស៊ូ ជា​អ្នកក្រុង​ណាសារ៉ែត​​ដល់​អ្នករាល់គ្នា ដោយអំណាច និង​ការអស្ចារ្យ ព្រមទាំងទីសំគាល់នានា ដែលព្រះជាម្ចាស់បានធ្វើ តាមរយៈ​ព្រះយេស៊ូ នៅកណ្ដាល​ចំណោម​អ្នករាល់​គ្នា​ ដូចដែល​អ្នករាល់គ្នាបាន​ដឹង​ស្រាប់។ ២៣ព្រះយេស៊ូនេះហើយ ដែលព្រះជាម្ចាស់​បាន​បញ្ជូន​មក​តាម​គោលបំណង និង​ព្រះតម្រិះ​ជា​មុន​​របស់​ព្រះអង្គ​ ដែល​បាន​កំណត់ទុក ​រីឯ​​អ្នករាល់គ្នាបាន​ឆ្កាង​សម្លាប់​​ព្រះអង្គ ដោយ​ដៃ​របស់​ពួក​មនុស្ស​មិន​គោរព​ក្រឹត្យវិន័យ ២៤ប៉ុន្ដែ​ព្រះជាម្ចាស់​បានប្រោស​ព្រះអង្គ​ ឲ្យ​​រស់​ឡើង​វិញ ដោយ​បំផ្លាញការ​ឈឺចាប់​នៃ​សេចក្ដី​ស្លាប់ព្រោះ​សេចក្ដីស្លាប់​ គ្មាន​អំណាចបង្ខាំងព្រះអង្គទុកបានឡើយ។​ ២៥ស្ដេចដាវីឌ ក៏​បាន​ថ្លែង​អំពី​ព្រះយេស៊ូ​ដែរ​ថា ខ្ញុំឃើញ​ព្រះអ​ម្ចាស់នៅ​មុខ​ខ្ញុំ​ជានិច្ច ព្រោះ​ព្រះអង្គ​គង់​នៅ​ខាង​ស្ដាំ​ខ្ញុំ ដើម្បី​កុំ​ឲ្យ​​ខ្ញុំរង្គើ​ឡើយ២៦ដោយ​ហេតុនេះ​ហើយ បានជាចិត្ដរបស់​ខ្ញុំ​រីករាយ អណ្ដាត​របស់ខ្ញុំ​សរសើរ​តម្កើង ហើយ​លើសនេះ​ទៀត រូបកាយ​របស់​ខ្ញុំ នឹង​រស់នៅក្នុង​សេចក្ដី​សង្ឃឹម​ដែរ ២៧ដ្បិត​ព្រះអង្គ​មិន​បោះបង់​ព្រលឹង​របស់​ខ្ញុំ ឲ្យនៅក្នុង​ស្ថាននរក​ឡើយ ហើយ​ក៏មិនបណ្ដោយ​ឲ្យអ្នកដ៏បរិសុទ្ធ​របស់​ព្រះអង្គ ​ជួប​ការរលួយដែរ។ ២៨ព្រះអង្គ​បាន​បង្ហាញ​ខ្ញុំ ឲ្យ​​ស្គាល់ផ្លូវ​នៃ​ជីវិត ហើយ​បំពេញ​ខ្ញុំដោយសេចក្ដី​អំណរ នៅចំពោះ​ព្រះវត្តមាន​របស់​​ព្រះអង្គ

២៩បងប្អូន​អើយ! ទាក់ទងនឹង​ស្ដេច​ដាវីឌ​ដែល​ជា​បុព្វបុរសរបស់​យើង ខ្ញុំ​អាច​និយាយ​ដោយ​ច្បាស់​លាស់​ ទៅ​បងប្អូន​ថា ស្ដេចដាវីឌ​បាន​ស្លាប់ ហើយ​​គេ​បាន​បញ្ចុះ​​សព​របស់​ស្ដេច​ រីឯ​​ផ្នូរ​របស់​ស្ដេច​​វិញ​ នៅ​​ជាមួយ​យើង​រហូត​មក​ដល់សព្វ​​ថ្ងៃ​នេះ។​ ៣០ដោយ​ព្រោះស្ដេចដាវីឌ​ជា​អ្នកនាំ​ព្រះបន្ទូល ព្រមទាំង​ដឹង​ថា ​ព្រះជាម្ចាស់បានសន្យាជាមួយស្ដេច ដោយស្បថ​ថា នឹង​ឲ្យពូជពង្ស​ខាងសាច់ឈាមម្នាក់របស់​ស្ដេច​ អង្គុយ​លើ​បល្ល័ង្ករបស់ស្ដេច ៣១ដោយ​ស្ដេចដាវីឌ​ដឹង​ជាមុនដូច្នេះ បានជា​ថ្លែង​អំពី​ការ​រស់ឡើងវិញ​របស់​ព្រះគិ្រស្ដ​ថា ព្រះជាម្ចាស់​មិន​ទុក​ព្រះអង្គ​ចោល​ ឲ្យ​​នៅក្នុង​ស្ថាននរក​ឡើយ ឬ​ឲ្យ​​រូបកាយ​របស់​ព្រះអង្គ​ជួប​ការ​រលួយ​ដែរ​ ៣២គឺ​ព្រះ​យេស៊ូ​នេះ​ហើយដែល​ព្រះជាម្ចាស់​បានប្រោស​ឲ្យ​​​រស់ឡើងវិញ ហើយ​យើង​ទាំងអស់​គ្នា​ជា​បន្ទាល់​អំពីការនេះ។ ៣៣ដូច្នេះ ក្រោយពីព្រះជាម្ចាស់បាន​លើក​តម្កើងព្រះយេស៊ូ ឲ្យ​គង់នៅ​ខាង​ស្ដាំព្រះអង្គ ហើយ​ក្រោយពី​បាន​ទទួលសេចក្ដីសន្យាអំពីព្រះវិញ្ញាណបរិសុទ្ធ​ពី​ព្រះវរបិតារួច ព្រះអង្គ​ក៏​ចាក់​ព្រះ​វិញ្ញាណ ដូច​ដែល​​អ្នក​រាល់​គ្នា​បាន​ឃើញ និង​បាន​ឮ​នេះស្រាប់​ហើយ។ ៣៤ទោះបី​ស្ដេច​ដាវីឌ​ មិន​បាន​ឡើង​ទៅស្ថានសួគ៌ក៏ដោយ ក៏​ស្ដេច​បាន​ថ្លែង​ថា ​ព្រះអ​ម្ចាស់​ មានបន្ទូលទៅព្រះអម្ចាស់​របស់ខ្ញុំថា ចូរ​អង្គុយ​នៅ​ខាង​ស្ដាំ​យើង៣៥រហូតដល់​យើង​ ដាក់​ខ្មាំង​សត្រូវ​របស់​អ្នក​ ធ្វើ​ជា​កំណល់​ជើង​របស់​អ្នក​​​

៣៦ដូច្នេះ ចូរ​ឲ្យ​​ពូជពង្ស​អ៊ីស្រាអែល​ទាំងអស់​បាន​ដឹង​ជា​បា្រកដ​ចុះ​ថា ព្រះជាម្ចាស់​បានតាំងព្រះ​យេស៊ូ ដែលអ្នករាល់គ្នាបាន​ឆ្កាង​នេះ ឲ្យ​​ធ្វើជាព្រះអម្ចាស់ និង​ជា​ព្រះគិ្រស្ដ»។​ ៣៧ពេល​ពួកគេ​ស្ដាប់ឮ​ដូច្នេះហើយ ​​ ពួកគេ​ក៏​មាន​សេចក្ដី​ប៉ះពាល់​ចិត្ដ និង​បានសួរ​ទៅ​លោកពេត្រុស ព្រមទាំង​សាវកឯទៀត​ថា​៖ «ឱ​បងប្អូន​អើយ​! តើយើងគួរធ្វើយ៉ាងដូច​ម្ដេច​?» ៣៨លោក​ពេត្រុសឆ្លើយ​ទៅ​ពួកគេ​ថា​៖ «ចូរ​អ្នក​រាល់គ្នា​ប្រែចិត្ដ ហើយ​ទទួលពិធី​ជ្រមុជ​ទឹក ក្នុង​ព្រះនាម​ព្រះ​យេស៊ូ​គិ្រស្ដ​រៀងៗខ្លួន​ចុះ ដើម្បី​ឲ្យ​​អ្នករាល់គ្នា ទទួលបានការលើកលែងទោស​បាប និង​ទទួលបាន​អំណោយទាន​ជាព្រះវិញ្ញាណបរិសុទ្ធ​ ៣៩ព្រោះសេចក្ដី​សន្យានេះ​សម្រាប់​អ្នករាល់គ្នា និង​​កូនចៅ​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​​សម្រាប់​អស់​អ្នក​នៅ​ឆ្ងាយ គឺ​អស់​អ្នក​ដែល​ព្រះអម្ចាស់​ជា​ព្រះ​របស់​យើងបាន​ត្រាស់ហៅ​មកឯព្រះអង្គផ្ទាល់»។​ ៤០លោក​ពេត្រុស​ បាន​ធ្វើបន្ទាល់​ ដោយ​ពាក្យ​សំដី​ជាច្រើន​ទៀត ទាំងដាស់តឿន​ពួកគេដោយ​និយាយ​ថា​៖ «ចូរ​អ្នករាល់គ្នា​សង្គ្រោះខ្លួន​ឲ្យ​រួច​ពី​ជំនាន់​​វៀចវេរ​នេះ​ចុះ»។​

៤១បន្ទាប់មក អស់​អ្នក​ដែល​បាន​ទទួលយក​ពាក្យ​សំដី​របស់​គាត់​ដោយ​អំណរ គេ​បាន​ទទួលពិធី​ជ្រមុជទឹក ហើយ​នៅ​ថ្ងៃ​នោះ មាន​មនុស្ស​ប្រហែល​បីពាន់​នាក់​ត្រូវបាន​បន្ថែម​ទៅក្នុង​ចំណោម​ពួកគេ។ ​៤២អ្នក​ទាំងនេះ​ បាន​នៅជាមួយ​ពួក​សាវកបន្ដ​ទៀត ទាំង​​នៅក្នុង​ការ​បង្រៀនការ​ប្រកបគ្នា ការ​កាច់​នំបុ័ង និង​ការ​អធិស្ឋាន។​

ពួក​អ្នក​ជឿ​ជួប​ជុំគ្នា​

៤៣ពួកគេ​មាន​សេចក្ដីស្ញប់ស្ញែង​ក្នុងចិត្ដ​គ្រប់គ្នា ហើយ​ការ​អស្ចារ្យ និង​ទីសំគាល់អស្ចារ្យជាច្រើន​ បានកើតឡើងតាមរយៈ​ពួក​សាវក។​ ៤៤អស់​អ្នក​ដែល​បាន​ជឿ​បាន​នៅ​ជាមួយ​គ្នា និង​មាន​អ្វីៗ​រួមគ្នា។​ ៤៥ពួកគេ​លក់​ទ្រព្យ​សម្បត្ដិ និង​អ្វីៗ​ជា​របស់​ខ្លួន ព្រមទាំង​ចែក​ទ្រព្យសម្បត្ដិ​ទាំងនោះ​ដល់​គ្រប់គ្នា​តាម​សេចក្ដី​ត្រូវការ​រៀងៗ​ខ្លួន។​ ៤៦ជា​រៀងរាល់​ថ្ងៃពួកគេ​បាន​ជួបជុំគ្នា​ជាបន្ត​ នៅក្នុង​ព្រះ​វិហារ ដោយមាន​​ចិត្ដ​ព្រម​ព្រៀងគ្នា ហើយ​នៅ​តាម​ផ្ទះពួកគេ​ក៏​កាច់​នំបុ័ង បរិភោគ​អាហារ​ជាមួយគ្នា​ដោយ​ចិត្ដ​រីករាយ និង​ស្មោះ​ត្រង់​ ៤៧ទាំង​សរសើរ​តម្កើង​ព្រះជាម្ចាស់​ផង។ ​ប្រជាជន​គ្រប់គ្នា​បាន​ស្រឡាញ់​រាប់អាន​ពួកគេ ហើយ​ព្រះអម្ចាស់​បាន​បន្ថែម​ចំនួន នៃ​អស់​អ្នកដែលបានទទួល​សេចក្ដី​សង្គ្រោះ ទៅ​ក្នុង​ចំណោមពួកគេ​ជារៀងរាល់​ថ្ងៃ។​

កិច្ចការ ២