KCB - កិច្ចការ ១៨


កិច្ចការ ១៨

លោក​ប៉ូល​ជួប​នឹង​លោក​អ័គីឡា ​និង​នាងព្រីស៊ីល​ នៅ​ក្រុង​កូរិនថូស

១៨ក្រោយពី​ ហេតុការណ៍​ទាំងនោះ លោក​ប៉ូល​ក៏​ចាក​ចេញ​ពី​ក្រុងអាថែន​ ទៅ​ក្រុង​កូរិនថូស។ ​នៅ​ក្រុង​នោះ លោក​ប៉ូល​បាន​ជួប​ជនជាតិ​យូដា​ម្នាក់​ឈ្មោះ​អ័គីឡាជា​អ្នក​ស្រុក​ប៉ុនតុស និង​នាង​ពី្រស៊ីល​ជា​ប្រពន្ធ​របស់​គាត់​ដែល​ទើប​មក​ពី​ស្រុក​អ៊ីតាលី ដ្បិត​​ព្រះចៅ​អធិរាជ​ក្លូឌាស​ បាន​បញ្ជា​ឲ្យ​​ជនជាតិ​យូដាទាំងអស់​ចាកចេញ​ពី​ក្រុង​រ៉ូម លោក​ប៉ូល​ក៏​ចូលទៅជួប​ពួកគេ​ ហើយ​ដោយ​ព្រោះ​អ្នក​ទាំងពីរ​ មាន​មុខរបរ​ជា​អ្នក​ធ្វើរោង​ដូច​គាត់ គាត់​ក៏​ស្នាក់នៅ​ធ្វើការ​ជាមួយ​ពួកគេ។​

រៀង​​រាល់​ថ្ងៃសប្ប័ទ លោក​ប៉ូល​បានជជែកវែកញែក​នៅក្នុង​សាលាប្រជុំ​ ទាំង​ពន្យល់​ជនជាតិ​យូដា និង​ជនជាតិ​ក្រេក​ឲ្យ​​មានជំនឿ​ រួច​កាល​លោក​ស៊ីឡាស និង​លោក​ធីម៉ូថេ​ បានចុះ​ពីស្រុកម៉ាសេដូនមក​ដល់​​ហើយ លោក​ប៉ូល ​ក៏​ជាប់​មមាញឹក​ក្នុង​ការ​ប្រកាស​ព្រះបន្ទូល និង​ធ្វើ​បន្ទាល់​ដល់​ជនជាតិ​យូដា​ថា ​ព្រះ​យេស៊ូ​ជា​ព្រះគ្រិស្ដ ប៉ុន្តែ ​ពេល​ពួកគេ​ចេះ​តែ​ប្រឆាំង និង​ជេរ​ប្រមាថ​គាត់ គាត់​ក៏​រលាស់​សម្លៀក​បំពាក់ រួច​និយាយ​ទៅ​ពួកគេ​ថា​៖ «ចូរ​ឲ្យ​​ឈាម​របស់​អ្នករាល់គ្នា​ ធ្លាក់​លើ​ក្បាល​អ្នករាល់គ្នា​ចុះ​! ឯ​ខ្ញុំ​គ្មាន​ទោស​ឡើយ។ ចាប់​ពី​ពេល​នេះ​ទៅ ខ្ញុំ​នឹង​ទៅ‍ឯ​សាសន៍​ដទៃ​វិញ»។

បន្ទាប់​មក គាត់​ក៏​ចាក​ចេញ​ពី​សាលាប្រជុំ រួច​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​បុរស​ម្នាក់​ឈ្មោះ​យូស្ទុស ជា​អ្នក​ថ្វាយ​បង្គំ​ព្រះជាម្ចាស់ ដែល​ផ្ទះ​របស់​គាត់​នៅ​ជាប់​សាលាប្រជុំ​ ​រីឯ​លោកគ្រីសប៉ុសជា​ប្រធាន​សាលាប្រជុំ និង​កុ្រម​គ្រួសារ​ទាំងមូល​បាន​ជឿ​លើព្រះអម្ចាស់ ហើយ​អ្នក​ក្រុង​កូរិនថូស​ជា​ច្រើន​ ដែល​បាន​ស្តាប់​លោក​ប៉ូលបាន​ជឿ និង​បាន​ទទួលពិធី​ជ្រមុជទឹក​ដែរ‍។​

នៅ​យប់​មួយ ព្រះអម្ចាស់​មានបន្ទូល​មក​លោក​ប៉ូល​ នៅ​ក្នុង​សុបិននិមិត្ដ​​ថា​៖ «កុំ​ខ្លាច​អី ចូរ​និយាយ​បន្ដ​ទៀត កុំ​នៅ​ស្ងៀម​ឡើយ​ ១០ ដ្បិត​យើង​នៅ​ជាមួយ​អ្នក ហើយ​គ្មាន​អ្នក​ណា​ម្នាក់​អាច​តតាំងធ្វើបាប​អ្នក​បាន​ឡើយ ព្រោះ​មាន​ប្រជារាស្ដ្រ​របស់​យើង​ ជា​ច្រើននៅក្នុង​ក្រុង​នេះ»។​ ១១គាត់​ក៏​ស្នាក់​នៅ​ទីនោះ​អស់​រយៈ​ពេល​មួយ​ឆ្នាំ​កន្លះ ទាំង​បង្រៀន​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ ដល់​ពួកគេ​ ១២ប៉ុន្ដែ​ នៅពេល​លោក​កាលីយ៉ូ​ ធ្វើ​ជា​អភិបាល​នៅ​ស្រុក​អាខៃ ជនជាតិ​យូដា​បាន​បះបោរ​​ព្រមគ្នា​ ប្រឆាំង​លោក​ប៉ូល ហើយ​នាំ​គាត់​ទៅ​សាលាក្តី​ ១៣ដោយ​ចោទ​​ថា​៖ «អ្នក​នេះ​កំពុងបញ្ចុះបញ្ចូលមនុស្ស​ឲ្យ​​ថ្វាយបង្គំ​ព្រះជាម្ចាស់​ ផ្ទុយ​នឹង​ច្បាប់»​ ១៤ប៉ុន្ដែ​ពេល​លោក​ប៉ូល​បម្រុង​និយាយ លោក​កាលីយ៉ូ​បាន​និយាយ​ទៅ​ជនជាតិ​យូដា​ថា​៖ «ឱ​ ជនជាតិ​យូដា​អើយ! បើ​បញ្ហា​នេះ​ជា​បទ​ល្មើស ឬ​បទ​ឧក្រិដ្ឋនោះ សម​ឲ្យ​​ខ្ញុំ​ស្ដាប់​អ្នករាល់គ្នា​ ១៥ប៉ុន្ដែ​ បើ​ជា​ទំនាស់​អំពី​ពាក្យ​សំដី ឬ​ឈ្មោះ ឬ​វិន័យ​របស់​អ្នករាល់គ្នា​វិញ ចូរ​ដោះស្រាយ​ដោយ​ខ្លួន​ឯង​ទៅ ខ្ញុំ​មិន​ចង់​ធ្វើ​ជា​អ្នក​កាត់​ក្តី​រឿង​បែបនេះ​ទេ»។ ១៦បន្ទាប់មក គាត់​ក៏​បណ្តេញ​ពួកគេ​ចេញ​ពី​សាលាក្តី​ ១៧ដូច្នេះពួកគេ​គ្រប់គ្នា​ក៏​ចាប់​លោក​សូស្ថេន ជាប្រធាន​សាលាប្រជុំ ហើយ​វាយ​គាត់​នៅមុខ​សាលាក្តី ប៉ុន្ដែ​លោក​កាលីយ៉ូ​ មិន​ខ្វល់​នឹង​រឿង​នេះ​ឡើយ។​

លោក​ប៉ូល​ត្រលប់​ទៅ​ក្រុង​អាន់​ទីយ៉ូក​​វិញ​

១៨លោក​ប៉ូល​​ បាន​ស្នាក់​នៅ​ទីនោះ​ជា​ច្រើន​ថ្ងៃ​ទៀត បន្ទាប់​មក​គាត់​ក៏​ជម្រាប​​លា​ពួក​បងប្អូន ​ចុះ​សំពៅ​ទៅ​ស្រុក​​ស៊ីរី​ ជាមួយ​លោក​អ័គីឡា និង​នាង​ព្រីស៊ីល។ លោក​ប៉ូល បាន​កោរ​សក់​នៅ​ក្រុង​កេងគ្រា​​ ព្រោះ​គាត់​ត្រូវ​លា​បំណន់។ ១៩លុះ​មក​ដល់​ក្រុង​អេភេសូរ លោក​ប៉ូលបាន​ទុក​អ្នក​ទាំង​ពីរ​ឲ្យ​​នៅ​ទីនោះ រួច​គាត់​ចូលទៅ​ក្នុង​សាលាប្រជុំ​ដើម្បី​ជជែក​វែកញែក​ជាមួយ​ជនជាតិ​យូដា ​២០ហើយ​ពួកគេ​ ក៏សុំ​ឲ្យ​គាត់​ស្នាក់នៅ​យូរ​បន្តិច ប៉ុន្ដែ​គាត់​មិន​ព្រម​នៅ​ទេ​ ២១ពេល​ជម្រាបលា​ពួកគេ គាត់​បាន​និយាយ​ដូច្នេះ​ថា​៖ «បើ​ព្រះជាម្ចាស់សព្វ​ព្រះហឫទ័យ ខ្ញុំ​នឹង​ត្រលប់​មក‍ឯអ្នករាល់គ្នា​វិញ» រួច​គាត់​ក៏​ចុះ​សំពៅ​ ចាកចេញ​ពី​ក្រុង​អេភេសូរ។​ ២២ពេល​មក​ដល់​ក្រុង​សេសារា​​ គាត់​ក៏​ទៅ​សួរ​សុខទុក្ខ​​ក្រុម​ជំនុំ​​ បន្ទាប់​មកគាត់​ក៏​ចុះ​ទៅ​ក្រុង​អាន់ទីយ៉ូក​ ២៣ហើយ​បន្ទាប់ពី​បាន​ស្នាក់​នៅ​ ក្រុងអាន់ទីយ៉ូក​មួយរយៈ​ពេលគាត់​ក៏​ចាកចេញ​ ហើយ​ធ្វើ​ដំណើរ​កាត់​តាម​ស្រុក​កាឡាទី និង​ស្រុក​ព្រីគា ទាំង​ពង្រឹង​ពួក​សិស្ស​ទាំងអស់​ឲ្យ​​រឹងមាំ។

លោក​អ័ប៉ុឡូសបង្រៀន​​នៅ​ក្រុង​ អេភេសូរ​

២៤នៅ​គ្រានោះ មាន​ជនជាតិ​យូដា​ម្នាក់​ឈ្មោះ​អ័ប៉ូឡូស ជា​អ្នក​ក្រុង​អ័លេក្សានទ្រា ​បាន​មក​ដល់ក្រុង​អេភេសូរ។ គាត់​ជា​មនុស្ស​មាន​វោហារ ហើយ​ចេះ​បទគម្ពីរ​យ៉ាង​ស្ទាត់ ​២៥គាត់​បាន​ទទួលការ​អប់រំតាម​មាគ៌ា​ ​របស់​ព្រះអម្ចាស់ ហើយ​ឆេះឆួល​ខាង​វិញ្ញាណ និង​បង្រៀន​បាន​យ៉ាង​ត្រឹមត្រូវ​ អំពី​សេចកី្ត​ទាំងឡាយ ដែល​ទាក់ទង​នឹង​ព្រះ​យេស៊ូ ទោះបី​ជា​គាត់​ ស្គាល់​ត្រឹមតែ​ពិធីជ្រមុជរបស់​លោកយ៉ូហាន​​ក៏​ដោយ​ ២៦គាត់​ចាប់ផ្តើម ប្រកាស​យ៉ាងមោះមុត​ នៅក្នុង​សាលាប្រជុំ ហើយ​ពេល​លោក​អ័គីឡា និង​នាង​ពី្រស៊ីល​បាន​ឮ​ដូច្នេះ ក៏​នាំ​គាត់​មក ហើយ​ពន្យល់​ប្រាប់​គាត់​ថែម​ទៀត​ យ៉ាង​ច្បាស់​លាស់​អំពី​មាគ៌ា​​របស់​ព្រះជាម្ចាស់។​

២៧កាល​លោក​អ័ប៉ុឡូស​ មាន​បំណង​ឆ្លង​ទៅ​ស្រុក​អាខៃ ពួក​​បងប្អូន​ក៏​លើក​ទឹក​ចិត្ដ​គាត់ ទាំង​សរសេរ​សំបុត្រ​ទៅ​ពួក​សិស្ស​ឲ្យទទួល​​​ស្វាគមន៍​គាត់ ហើយ​ពេល​គាត់​ទៅដល់ គាត់ក៏​ជួយ​យ៉ាង​ច្រើន​ ដល់​អស់​អ្នក​ដែល​បាន​ជឿ​ដោយ សារ​ព្រះគុណ ២៨ដ្បិត​គាត់​ឆ្លើយបំភ្លឺដល់ជនជាតិយូដា ​យ៉ាងមានអំណាច​នៅ​ចំពោះ​​មុខ​មហាជន​ ទាំង​បង្ហាញ​តាម​បទគម្ពីរ​ថា ព្រះ​យេស៊ូ​ជា​ព្រះគ្រិស្ដ។

កិច្ចការ ១៨