កិច្ចការ ១៧
លោកប៉ូលប្រកាសព្រះបន្ទូលនៅក្រុង ថែស្សាឡូនីច
១៧ក្រោយមក ពេលពួកគាត់ ធ្វើដំណើរកាត់តាមក្រុងអាំភីប៉ូលី និងក្រុងអ័ប៉ុឡូនា ពួកគាត់ក៏មកដល់ក្រុងថែស្សាឡូនីច ដែលមានសាលាប្រជុំមួយ របស់ជនជាតិយូដានៅទីនោះ។ ២លោកប៉ូលក៏បានទៅជួបពួកជនជាតិយូដាតាមទម្លាប់របស់គាត់ ហើយអស់រយៈពេលបីថ្ងៃសប្ប័ទ គាត់បានជជែកវែកញែកបទគម្ពីរជាមួយពួកគេ ៣ដោយពន្យល់ និងបញ្ជាក់ថា ព្រះគ្រិស្ដត្រូវតែរងទុក្ខ ហើយរស់ពីការសោយទិវង្គតឡើងវិញ រួចគាត់និយាយទៀតថា៖ «ព្រះយេស៊ូដែលខ្ញុំកំពុងប្រកាសបា្រប់អ្នករាល់គ្នានេះហើយ ជាព្រះគ្រិស្ដ»។ ៤ពួកគេខ្លះព្រមជឿ និងបានចូលរួមជាមួយលោកប៉ូល និងលោកស៊ីឡាស ហើយក៏មានពួកជនជាតិក្រេក ដែលកោតខ្លាចព្រះជាម្ចាស់ជាច្រើន និងពួកស្ដ្រីដែលមានមុខមាត់ ក៏មិនតិចដែរ ៥ប៉ុន្ដែ ពួកជនជាតិយូដាបែរជាច្រណែន ហើយនាំពួកមនុស្សពាលខ្លះពីផ្សារមក គឺប្រមូលបានគ្នាមួយក្រុម ទៅបង្កចលាចលនៅក្នុងក្រុង ហើយបានចូលទៅរើកកាយផ្ទះរបស់លោកយ៉ាសុន តាមចាប់លោកប៉ូល និងលោកស៊ីឡាស ដើម្បីនាំទៅប្រគល់ឲ្យមហាជន។ ៦ប៉ុន្ដែពេលគេរកអ្នកទាំងពីរមិនឃើញ គេក៏ចាប់អូសលោកយ៉ាសុន និងបងប្អូនខ្លះទៀតយកទៅប្រគល់ឲ្យពួកអាជ្ញាធរក្រុងដោយស្រែកថា៖ «ពួកអ្នកធ្វើឲ្យផែនដីច្របូកច្របល់បានមកដល់ទីនេះ៧ហើយយ៉ាសុនបានទទួលពួកវា គឺពួកវាទាំងនេះ កំពុងធ្វើអំពើប្រឆាំងនឹងបទបញ្ជារបស់ព្រះចៅអធិរាជ ដោយប្រកាសថាមានស្ដេចមួយអង្គទៀត ឈ្មោះយេស៊ូ!» ៨ពួកជនជាតិយូដាទាំងនោះ បានធ្វើឲ្យបណ្ដាជន និងពួកអាជ្ញាធរក្រុងដែលបានស្ដាប់សេចក្ដីទាំងនេះជ្រួលច្របល់។ ៩ពេលពួកគេ យកប្រាក់ធានាពីលោកយ៉ាសុន និងអ្នកផ្សេងទៀតរួចហើយ ពួកគេក៏ដោះលែងអ្នកទាំងនោះ។
លោកប៉ូល និងលោកស៊ីឡាសនៅក្រុងបេរា
១០រីឯពួកបងប្អូន ក៏បណ្ដោះលោកប៉ូល និងលោកស៊ីឡាសទាំងយប់ទៅក្រុងបេរាភ្លាម ហើយពេលទៅដល់ក្រុងនោះ អ្នកទាំងពីរក៏ចូលទៅក្នុងសាលាប្រជុំរបស់ជនជាតិយូដា ១១ប៉ុន្ដែជនជាតិយូដាទាំងនេះ មានគំនិតបើកចំហជាងពួកជនជាតិយូដានៅក្រុងថែស្សាឡូនីច ដ្បិតពួកគេបានទទួលព្រះបន្ទូល ដោយចិត្ដសង្វាត ទាំងស្រាវជ្រាវបទគម្ពីររាល់ថ្ងៃដើម្បីឲ្យដឹងថា សេចក្ដីទាំងនេះត្រឹមត្រូវ ឬយ៉ាងណា។ ១២ដូច្នេះហើយពួកគេជាច្រើនក៏ជឿ មានទាំងបុរសស្រី្តជនជាតិក្រេក ដែលមានមុខមាត់ជាច្រើនផងដែរ ១៣ប៉ុន្ដែពេលជនជាតិយូដានៅក្រុងថែស្សាឡូនីច បានដឹងថាលោកប៉ូលបានប្រកាសព្រះបន្ទូល របស់ព្រះជាម្ចាស់នៅក្រុងបេរាដែរ នោះពួកគេក៏មកបំបះបំបោរ និងញុះញង់បណ្តាជននៅក្រុងនោះ ឲ្យជ្រួលច្របល់ទៀត ១៤ដូច្នេះពួកបងប្អូនក៏នាំលោកប៉ូលចេញទៅសមុទ្រភ្លាម រីឯលោកស៊ីឡាស និងលោកធីម៉ូថេស្នាក់នៅទីនោះដដែល។ ១៥ពួកអ្នកជូនដំណើរលោកប៉ូល បានទៅជាមួយលោកប៉ូល រហូតដល់ក្រុងអាថែន ហើយបានត្រលប់មកវិញ ក្រោយពីទទួលពាក្យបណ្ដាំ ឲ្យលោកស៊ីឡាស និងលោកធីម៉ូថេ ទៅតាមលោកប៉ូលជាប្រញាប់។
លោកប៉ូលប្រកាសព្រះបន្ទូលនៅក្រុងអាថែន
១៦នៅពេលលោកប៉ូលកំពុងរង់ចាំអ្នកទាំងពីរនៅក្រុងអាថែន វិញ្ញាណរបស់គាត់ពុះកញ្ជ្រោលជាខ្លាំង ដោយគាត់សង្កេតឃើញមានរូបព្រះពាសពេញក្រុងនោះ ១៧ដូច្នេះ គាត់ជជែកវែកញែកជាមួយជនជាតិយូដា និងពួកអ្នកមកថ្វាយបង្គំនៅក្នុងសាលាប្រជុំ ព្រមទាំងពួកអ្នកដែលគាត់បានជួប នៅក្នុងទីផ្សារជារៀងរាល់ថ្ងៃ ១៨ហើយក៏មានពួកទស្សនវិទូខាងគណៈអេពីគួរ និងខាងគណៈស្ទអ៊ីកខ្លះ បានជជែកដេញដោលជាមួយលោកប៉ូលដែរ គឺមានអ្នកខ្លះសួរថា៖ «តើអ្នកនិយាយប៉ប៉ាច់ប៉ប៉ោចនេះ ចង់និយាយអំពីអ្វី?» អ្នកខ្លះទៀតនិយាយថា៖ «គាត់ប្រហែលជាអ្នកផ្សព្វផ្សាយ អំពីព្រះរបស់ពួកបរទេសហើយ» [ពួកគេពោលដូច្នេះ] ព្រោះគាត់កំពុងប្រកាសអំពីព្រះយេស៊ូ និងការរស់ឡើងវិញរបស់ព្រះអង្គ។
១៩ដូច្នេះ ពួកគេក៏នាំគាត់ទៅជួបនឹងក្រុមប្រឹក្សានៅទួលអើរីយ៉ូស ហើយសួរថា៖ «តើអ្នកអាចបា្រប់យើងឲ្យយល់អំពីសេចក្ដីបង្រៀនថ្មីដែលអ្នកកំពុងប្រកាសនេះបានដែរឬទេ? ២០ដ្បិតយើងបានឮអ្នកនិយាយពីសេចក្ដីប្លែកៗ ដូច្នេះហើយយើងចង់ដឹងថា តើសេចក្តីទាំងនេះមានន័យដូចម្តេច»។ ២១នៅសម័យនោះ អ្នកក្រុងអាថែន និងពួកជនបរទេសទាំងឡាយដែលរស់នៅក្រុងនោះ មិនបានចំណាយពេលធ្វើកិច្ចការអ្វី ក្រៅពីនិទានរឿង ឬស្ដាប់រឿងថ្មីៗឡើយ។
២២ដូច្នេះ លោកប៉ូលក៏ក្រោកឈរនៅកណ្ដាលក្រុមប្រឹក្សា នៅទួលអើរីយ៉ូស ហើយនិយាយថា៖ «ឱបងប្អូនជាអ្នកក្រុងអាថែនអើយ! ខ្ញុំសង្កេតឃើញថា អ្នករាល់គ្នាជឿស៊ប់លើរបស់សព្វសារពើ ២៣ដ្បិតពេលខ្ញុំដើរកាត់ ហើយសងេ្កតមើលគ្រឿង សក្ការបូជាទាំងឡាយរបស់អ្នករាល់គ្នា នោះខ្ញុំឃើញកន្លែងសក្ការមួយ ដែលមានចារឹកអក្សរថា ព្រះដែលមិនស្គាល់។ ដូច្នេះខ្ញុំសូមបា្រប់អ្នករាល់គ្នាអំពីព្រះ ដែលអ្នករាល់គ្នាកំពុងថ្វាយ បង្គំដោយមិនស្គាល់នេះ ២៤ព្រះជាម្ចាស់ដែលបានបង្កើតពិភពលោក និងរបស់សព្វសារពើនៅក្នុងពិភពលោក ព្រះអង្គជាព្រះអម្ចាស់នៃស្ថានសួគ៌ និងផែនដី ព្រះអង្គមិនគង់នៅក្នុងវិហារ ដែលសង់ដោយដៃរបស់មនុស្សឡើយ ២៥ហើយព្រះអង្គក៏មិនត្រូវការដៃរបស់មនុស្ស ឲ្យបម្រើព្រះអង្គ ហាក់បីដូចជាព្រះអង្គខ្វះអ្វីមួយនោះដែរ ព្រោះព្រះអង្គទេតើដែលប្រទានឲ្យមនុស្សទាំងអស់ មានជីវិត មានដង្ហើម និងមានរបស់សព្វសារពើ ២៦ព្រះអង្គបានបង្កើតជនជាតិទាំងឡាយឲ្យរស់នៅពាសពេញលើផែនដីនេះចេញមកពីមនុស្សម្នាក់ ហើយព្រះអង្គបានកំណត់រដូវកាល និងកំណត់ពំ្រដែនឲ្យពួកគេរស់នៅ ២៧ដើម្បីឲ្យពួកគេស្វែងរកព្រះជាម្ចាស់ ហើយបើពួកគេស្វែងរកព្រះអង្គមែននោះ ពួកគេមុខជារកព្រះអង្គឃើញមិនខាន ពីព្រោះតាមពិតព្រះជាម្ចាស់គង់នៅមិនឆ្ងាយពីយើងរាល់គ្នាឡើយ ២៨ហើយយើងរស់នៅមានចលនា និងមានជីវិតជាមនុស្សដោយសារព្រះអង្គ ដូចដែលកវីក្នុងចំណោមអ្នករាល់គ្នាមួយចំនួន បាននិយាយដែរថា ដ្បិតយើង ក៏ជាពូជរបស់ព្រះអង្គដែរ។ ២៩ដូច្នេះ បើយើងជាពូជរបស់ព្រះជាម្ចាស់មែន យើងមិនត្រូវគិតថា ព្រះអង្គមានសណ្ឋានដូចជារូបសំណាក ធ្វើពីមាស បា្រក់ ឬថ្មតាមជំនាញ និងគំនិតរបស់មនុស្សឡើយ ៣០ដ្បិតពីមុនព្រះជាម្ចាស់ បានទតរំលង គ្រាដែលមនុស្សល្ងង់ខ្លៅមែន ប៉ុន្ដែឥឡូវនេះ ព្រះអង្គបង្គាប់មនុស្សទាំងអស់នៅគ្រប់ទីកន្លែង ឲ្យប្រែចិត្ដ ៣១ព្រោះព្រះអង្គបានកំណត់ថ្ងៃមួយ ដែលព្រះអង្គនឹងជំនុំជម្រះ ពិភពលោកដោយយុត្តិធម៌ តាមរយៈមនុស្សម្នាក់ ដែលព្រះអង្គបានតែងតាំង ហើយព្រះជាម្ចាស់បានប្រទានភស្ដុតាងអំពីការនេះដល់មនុស្សទាំងអស់ដោយប្រោសមនុស្សនោះ ឲ្យរស់ពីស្លាប់ឡើងវិញ» ៣២នៅពេលពួកគេ ឮអំពីការរស់ពីស្លាប់ឡើងវិញ អ្នកខ្លះក៏ចំអកឲ្យ ប៉ុន្ដែអ្នកខ្លះទៀតនិយាយថា៖ «យើងចង់ស្ដាប់អ្នកនិយាយ អំពីរឿងនេះម្តងទៀត»។ ៣៣ដូច្នេះហើយ លោកប៉ូលក៏ចាកចេញពីចំណោមពួកគេទៅ ៣៤ប៉ុន្ដែមានអ្នកខ្លះបានជឿ ហើយចូលរួមជាមួយគាត់ នៅក្នុងចំណោមអ្នកទាំងនោះ មានទាំងលោកឌេវនីសជាសមាជិកម្នាក់នៃក្រុមប្រឹក្សា នៅទួលអើរីយ៉ូស និងស្ដ្រីម្នាក់ឈ្មោះដាម៉ារីស ព្រមទាំងអ្នកផ្សេងទៀត ដែលនៅជាមួយអ្នកទាំងនោះ។