KCB - កិច្ចការ ១៦


កិច្ចការ ១៦

ដំណើរបេសកកម្ម​លើក​ទី​ពីរ​​របស់​លោក​ប៉ូល​

១៦លោក​ប៉ូល​ បាន​ទៅ​ដល់​ក្រុងឌើបេ​ និង​ក្រុង​លីស្រ្តា​​ដែរ ហើយ​នៅ​ទី​នោះ មាន​សិស្ស​ម្នាក់​ឈ្មោះ​ធីម៉ូថេ​ ជា​កូន​ប្រុស​របស់​ស្រ្តី​ជនជាតិ​យូដា​ម្នាក់​ជា​អ្នក​ជឿ ប៉ុន្ដែ​ឪពុក​ជា​ជនជាតិ​ក្រេក​ សិស្ស​ម្នាក់​នោះ​មាន​កេរ្ដិ៍​ឈ្មោះ​ល្អ​ក្នុង​ចំណោម​ពួក​បងប្អូននៅ​ក្រុង​លីស្រ្តា និង​ក្រុង​អ៊ីកូនាម លោក​ប៉ូល​ចង់​យក​ធីម៉ូថេ​ ទៅ​ជាមួយ​ដែរ ដូច្នេះ​ ក៏​យក​គាត់​ទៅ​ធ្វើ​ពិធី​កាត់ស្បែកឲ្យ​ ដោយព្រោះតែ​ពួក​ជនជាតិ​យូដា​ដែល​នៅ​កន្លែង​ទាំងនោះ ដ្បិត​ពួកគេ​គ្រប់គ្នា​ដឹង​ថា ​ ឪពុក​គាត់​ជា​ជនជាតិ​ក្រេក។ ​នៅ​ពេល​ពួក​គាត់​ ធ្វើ​ដំណើរ​ឆ្លង​កាត់​ក្រុង​នានា ពួកគាត់​បាន​ប្រគល់សេចក្ដី​បង្គាប់​ដែល​ពួក​សាវក​ និង​ពួក​ចាស់​ទុំ​​នៅ​ក្រុងយេរូសាឡិម​បាន​សម្រេចដើម្បី​ឲ្យ​​ពួកគេ​ធ្វើ​​តាម ដូច្នេះក្រុម​ជំនុំ​ទាំងនោះ​ក៏​មាន​ជំនឿ​រឹងមាំ​ឡើង ហើយ​មាន​គ្នា​កាន់​តែ​ច្រើន​ឡើង​រាល់​ថ្ងៃ។​

ការត្រាស់​ហៅ​ទៅ​ស្រុក​ម៉ាសេដូន​

ដោយ​សារ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ឃាត់​ពួកគាត់​ មិន​ឲ្យ​​ប្រកាស​ព្រះបន្ទូល​នៅ​ស្រុក​អាស៊ី ដូច្នេះ ពួកគាត់​ក៏​ធ្វើ​ដំណើរ​កាត់​តាម​ស្រុក​ព្រីគា​ និង​ស្រុក​កាឡាទី​​ ពេល​មក​ដល់​ស្រុក​មីស៊ា​ ពួកគាត់​ព្យាយាម​ចូល​ទៅ​ស្រុក​ប៊ីធូនា ប៉ុន្តែ​ព្រះ​វិញ្ញាណ​របស់​ព្រះ​យេស៊ូ​មិន​អនុញ្ញាត​ឲ្យ​​ពួកគាត់​ចូល​ទេ​ ដូច្នេះពួកគាត់​ក៏​ធ្វើ​ដំណើរ​កាត់​តាម​ស្រុក​មីស៊ា​​ ចុះ​ទៅ​ក្រុង​ទ្រអាស។ ​

នៅ​ពេល​យប់ លោក​ប៉ូល​បាន​ឃើញ​សុបិន​និមិត្ដ​​មួយ គឺ​មាន​អ្នក​ស្រុក​ម៉ាសេដូន​​ម្នាក់ ​ឈរ​អង្វរ​គាត់​ថា​៖​«សូម​អញ្ជើញ​មក​ជួយ​យើង​ នៅ​ស្រុក​ម៉ាសេដូន​​​នេះ​ផង​!»​ ១០កាល​គាត់​បាន​ឃើញសុបិន​និមិត្ដ​​នោះ​ហើយ យើង​​ក៏​ប្រញាប់​​ទៅ​ស្រុក​ម៉ា​សេដូន​​ភ្លាម ​ដោយ​យល់​ថា ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​យើង ឲ្យ​​ទៅ​ប្រកាស​ដំណឹង​ល្អ​ប្រាប់​ពួកគេ។​

នាង​លីឌា​អ្នក​ក្រុង​​ភីលីព​ទទួល​ជឿ​ព្រះយេស៊ូ​

១១ដូច្នេះ យើង​ក៏​ចុះ​សំពៅ​ពី​ក្រុង​ទ្រអាស​​តម្រង់​ទៅ‍ឯ​កោះ​សាម៉ូត្រាស។​នៅ​ថ្ងៃ​បន្ទាប់ យើង​បាន​ទៅ​ដល់​ក្រុង​នាប៉ូល​​ ១២យើង​ចេញ​ពី​ក្រុង​នោះ​ទៅ​ក្រុងភីលីព​​ ដែល​ជាក្រុងដ៏​សំខាន់​មួយ​​នៅ​ក្នុង​ស្រុក​ម៉ាសេដូន និង​ជា​ក្រុង​ចំណុះ​របស់​ចក្រភព​រ៉ូម ​ រួច​យើង​បាន​ស្នាក់​នៅ​ក្រុង​នោះ​ជាច្រើន​ថ្ងៃ។

១៣នៅ​ថ្ងៃ​សប្ប័ទ យើង​បាន​ចេញ​ទៅ​ខាង​ក្រៅ​ទ្វារ​ក្រុង​ សំដៅ​ទៅ​មាត់​ទន្លេ​មួយ​ ជា​កន្លែង​ដែល​យើង​គិត​ថា​នឹង​មាន​កន្លែង​អធិស្ឋាន យើង​ក៏​អង្គុយ​ចុះ ហើយនិយាយ​ទៅ​កាន់​ពួកស្រី្ត ​ដែលបាន​មក​ជួប​ជុំ​គ្នា​ ១៤រួច​មាន​ស្រ្តី​ម្នាក់ ​ឈ្មោះ​លីឌា ជា​អ្នក​លក់​ក្រណាត់​ពណ៌​ស្វាយ​នៅ​ក្រុង​ធាទេរ៉ា ហើយ​ជា​អ្នក​ថ្វាយ​បង្គំ​ព្រះជាម្ចាស់‍។ ពេល​គាត់​កំពុង​ស្ដាប់ ព្រះអម្ចាស់​បាន​បើក​ចិត្ត​របស់​គាត់​ឲ្យ​យកចិត្ដទុកដាក់​នឹង​សេចក្ដី​ទាំង​ឡាយ​ដែល​លោក​ប៉ូល​កំពុង​​និយាយ។​

១៥បន្ទាប់ពី​គាត់ និង​ក្រុម​គ្រួសារ​របស់​គាត់​បាន​ទទួលពិធី​ជ្រមុជទឹក​រួច គាត់​ក៏​ទទូច​សុំ​​យើង​ថា​៖ «បើ​ពួក​លោក​យល់​ឃើញ​ថា ខ្ញុំ​ពិត​ជា​ស្មោះ​ត្រង់​ចំពោះ​ព្រះអម្ចាស់​មែន សូម​អញ្ជើញ​ទៅ​ស្នាក់​នៅ​ផ្ទះ​របស់​ខ្ញុំ​!» ហើយ​នាង​បាន​​ទទូច​រហូតដល់​យើង​ព្រម។​

លោក​ប៉ូល​ និង​លោក​ស៊ីឡាស​នៅ​ក្នុង​គុក​

១៦ក្រោយមក ពេល​យើង​កំពុង​ចេញ​ទៅ​កន្លែង​អធិស្ឋាន មាន​ក្មេង​ស្រី​បម្រើ​ម្នាក់​ដែល​មាន​វិញ្ញាណ​អារក្ស​ចេះ​ទាយបាន​មក‍ឯ​​យើង។ នាង​​រក​កម្រៃ​​ឲ្យ​ពួកម្ចាស់​នាងបាន​ច្រើន​ណាស់​ ដោយសារ​ការ​ទាយ​នេះ‍។​ ១៧នាង​បាន​តាម​យើង និងលោក​ប៉ូល​​ ទាំង​ស្រែក​ថា​៖ «អ្នកទាំងនេះ​ ជាអ្នក​បម្រើ​របស់​ព្រះ​ដ៏ខ្ពស់បំផុត​ ដែលប្រកាស​ប្រាប់​អ្នករាល់គ្នា​អំពី​ផ្លូវ​នៃ​សេចក្ដី​សង្គ្រោះ»។

១៨នាង​បាន​ធ្វើ​ដូច្នេះ​ជា​ច្រើន​ថ្ងៃ ធ្វើ​ឲ្យ​​លោក​ប៉ូល​ធុញ​ទ្រាន់​ជា​ខ្លាំង ក៏​បែរ​ទៅ​បង្គាប់​វិញ្ញាណ​អាក្រក់នោះ​ថា​៖ «យើង​បង្គាប់​ឯង​ នៅ​ក្នុង​ព្រះនាម​របស់​ព្រះ​យេស៊ូ​​គ្រិស្ដ ចូរ​ចេញ​ពី​នាង​ទៅ‍!» ពេលនោះវា​ក៏​ចេញ​ពី​នាង​ភ្លាម​ ១៩ហើយ​ពេល​ពួក​ម្ចាស់​របស់​នាង​ឃើញ​ថាគ្មាន​សង្ឃឹម​រក​កម្រៃ​​បាន​ទៀត ពួក​គេ​ក៏​ចាប់​លោក​ប៉ូល និង​លោក​ស៊ីឡាស​យក​ទៅ​ដាក់​នៅ​ចំពោះ​មុខ​ពួក​អាជ្ញាធរ​ ក្នុង​ទី​ប្រជុំជន‍។ ២០កាល​នាំ​ពួកគាត់​ ទៅ​ជួប​ពួក​មន្ដ្រី​គ្រប់​គ្រង​​ក្រុង​ហើយ ពួក​គេ​ក៏​ប្រាប់​ថា​៖ «អ្នក​​ទាំង​នេះ​ជា​ជនជាតិ​យូដា ហើយ​ពួកគេ ​កំពុង​បង្ក​ចលាចល​នៅ​ក្នុង​ក្រុង​របស់​យើង​ ២១គឺ​ពួកគេ​កំពុងប្រកាស​អំពីទំនៀមទម្លាប់​ដែល​ច្បាប់មិនអនុញ្ញាតឲ្យ​​យើងជា​ជនជាតិ​រ៉ូម​ទទួល​យក ឬ​ធ្វើ​តាម​ឡើយ‍» ២២ដូច្នេះបណ្ដាជន​ក៏​លើក​គ្នា​ទាស់​នឹង​ពួកគាត់ ហើយ​​ពួក​មន្ដ្រី​គ្រប់​គ្រងក្រុង បានកន្រ្តាក់​ហែកសម្លៀកបំពាក់​ពួកគាត់ រួច​បញ្ជា​ឲ្យ​វាយ​ពួកគាត់​នឹង​រំពាត់​ ២៣ក្រោយពី​វាយ​​ជា​ច្រើន​រំពាត់​មក ពួកគេ​ក៏​យក​ពួកគាត់​ទៅ​ដាក់​គុក​ ទាំង​បញ្ជា​ឲ្យ​​ឆ្មាំ​គុក យាម​ពួកគាត់​យ៉ាង​ប្រុង​ប្រយ័ត្ន។​ ២៤ពេល​ឆ្មាំ​គុក​ទទួល​បញ្ជា​យ៉ាង​ដូច្នោះហើយ គេ​ក៏​យក​ពួកគាត់​ទៅ​ដាក់​ក្នុង​គុក​ដែល​នៅ​ជ្រៅ ព្រមទាំង​ដាក់​ខ្នោះ​ជើង​ជាប់។​

២៥នៅ​ប្រហែល​ពាក់​កណ្ដាល​អធ្រាត្រកាល​លោក​ប៉ូល និង​លោក​ស៊ីឡាស​កំពុង​អធិស្ឋាន​ ទាំង​ច្រៀង​ចម្រៀង​​សរសើរ​ព្រះជាម្ចាស់ ហើយ​ពួក​អ្នក​ទោស​កំពុង​តែ​ស្ដាប់ពួក​គាត់​​ដែរ​នោះ​ ២៦ស្រាប់​​តែ​មាន​ការ​រញ្ជួយ​ដី​ជា​ខ្លាំង​ បណ្តាល​ឲ្យ​​គ្រឹះ​គុក​រង្គើ ហើយ​ទ្វារ​គុក​ទាំងឡាយ​​ក៏​របើក​ភ្លាម ឯ​ច្រវាក់​ដែល​គេ​ដាក់​អ្នក​ទោស​គ្រប់​គ្នា​បាន​របើក​ឡើង។​

២៧ពេល​ឆ្មាំ​គុក​ភ្ញាក់​ឡើង ឃើញ​ទ្វារ​គុក​ទាំង​ឡាយ​ចំហដូច្នេះ គាត់​ក៏​ហូត​ដាវ​បម្រុង​សម្លាប់​ខ្លួន ដោយ​ស្មាន​ថា​ អ្នក​ទោស​រត់​អស់​ហើយ​ ២៨ប៉ុន្ដែ​លោក​ប៉ូល​បាន​ស្រែក​ខ្លាំងៗ​ថា​៖ «កុំ​ធ្វើ​បាប​ខ្លួន​អី ព្រោះ​យើង​ទាំង​អស់​គ្នា​នៅ​ទី​នេះ​ទេ»​ ២៩ឆ្មាំ​គុក​ក៏​សុំ​ឲ្យ​​គេ​យក​ភ្លើង​មក​ ហើយ​រត់​ចូល​ទៅ​ខាង​ក្នុង រួច​ក្រាប​ចុះ​នៅ​មុខ​លោក​ប៉ូល និង​លោក​ស៊ីឡាស​ទាំង​ភ័យ​ញ័រ‍។ ​៣០ក្រោយពី​នាំ​ពួកគាត់​ចេញ​មក​ដល់​ខាង​ក្រៅ​ហើយ ឆ្មាំ​គុក​នោះ​បាន​សួរ​ថា​៖ «លោក​ម្ចាស់​! តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​ដូចម្ដេច ដើម្បី​បានទទួល​​សេចក្ដី​សង្គ្រោះ​?»​ ៣១ពួកគាត់​ក៏​ឆ្លើយ​​ថា​៖ «ចូរ​ជឿ​ព្រះអម្ចាស់​យេស៊ូ​ចុះ នោះ​អ្នក ​ព្រមទាំង​គ្រួសារ​របស់​អ្នក​នឹង​ទទួល​បាន​សេចក្ដី​សង្គ្រោះ»។ ៣២បន្ទាប់មក ពួកគាត់​ក៏​ប្រកាស​ព្រះបន្ទូល ​របស់ព្រះអម្ចាស់​បា្រប់​ឆ្មាំ​គុក​នោះ ព្រមទាំង​អ្នកទាំង​ឡាយ នៅ​ក្នុង​ផ្ទះ​របស់​គាត់​​ផង។​ ៣៣នៅ​វេលា​យប់​ដដែល​នោះ ក្រោយពេល​​យក​ពួកគាត់​ ទៅ​លាង​របួស​រួច​ហើយ ឆ្មាំ​គុក និង​គ្រួសារ​របស់​គាត់​ទាំង​មូល ​ក៏​ទទួលពិធី​ជ្រមុជទឹកភ្លាម។ ៣៤បន្ទាប់មក ឆ្មាំ​គុក​បាន​នាំ​ពួកគាត់​ចូល​ទៅ​ក្នុង​ផ្ទះ និង​បាន​រៀបចំ​អាហារ​ឲ្យ​​ពួកគាត់ ហើយ​ឆ្មាំ​គុក និង​គ្រួសារ​របស់​គាត់​ទាំងមូល​អរសប្បាយ​ណាស់​ ដោយ​បាន​ជឿ​ព្រះជាម្ចាស់។​

៣៥លុះ​ភ្លឺ​ឡើង ពួក​មន្ដ្រី​គ្រប់​គ្រង​ក្រុង​បាន​ចាត់​នគរ​បាល​ឲ្យ​​ទៅ​បា្រប់​ថា​៖ «ចូរ​ដោះ​លែង​អ្នក​ទាំងនោះ​ទៅ»​ ៣៦ដូច្នេះឆ្មាំ​គុក​ក៏​ប្រាប់​លោក​ប៉ូល​អំពី​សេចក្ដី​ទាំងនោះ​ថា​៖ «ពួក​មន្ដ្រី​គ្រប់​គ្រង​ក្រុង​​បាន​ចាត់​គេ​ឲ្យ​​មក​ ដើម្បី​ដោះ​លែង​ពួក​លោក​ហើយ ដូច្នេះឥឡូវ​នេះ​ សូម​អញ្ជើញ​ទៅ​ដោយ​សុខសាន្ដ​ចុះ»។​

៣៧ពេលនោះ​ លោក​ប៉ូល​ក៏​និយាយ​ប្រាប់​ពួកគេ​ថា​៖ «ពួកគេ​បាន​វាយ​យើង​ជា​ជនជាតិ​រ៉ូម​នៅ​ទី​ប្រជុំជន ហើយ​យក​ទៅ​ដាក់​គុក ដោយ​មិន​បាន​កាត់​ទោស​ឡើយ ឥឡូវនេះ​តើ​ពួកគេ​កំពុង​បណ្ដេញ​យើង​ចេញ ​ដោយ​សម្ងាត់​ទៀត​ឬ​? ទេ មិន​បាន​ទេ​! គឺ​អ្នក​ទាំង​នោះ​ត្រូវ​មក​នាំ​យើង​ចេញ​ទៅ​ដោយ​ផ្ទាល់»។​

៣៨ដូច្នេះពួក​នគរ​បាល​ទាំង​នោះ​បាន​ប្រាប់​ពួក​មន្ដ្រី​គ្រប់​គ្រង​ក្រុង​ អំពី​ពាក្យ​សំដី​ទាំងនេះ ហើយ​ពេល‍ឮថា​ ពួកគាត់​ជា​ជនជាតិ​រ៉ូម ពួកគេ​ភ័យខ្លាំង​ណាស់​ ៣៩ដូច្នេះ ពួកគេ​ក៏​មក​សុំ​ទោស​ពួកគាត់ ហើយ​នាំ​ពួកគាត់​ចេញ​ពី​គុក​ ទាំង​អង្វរ​ពួកគាត់​ឲ្យ​​ចេញ​ពី​ក្រុង​នោះ។​ ៤០ពេល​ចេញ​ពី​គុក​មក ពួកគាត់​ក៏​ទៅ​ផ្ទះ​របស់​នាង​លីឌា ហើយ​ពេល​បាន​ជួបពួក​​បងប្អូន ពួក​គាត់​ក៏​លើក​ទឹកចិត្ដ​ពួកគេ រួច​ចាក​ចេញទៅ។

កិច្ចការ ១៦