កិច្ចការ ១៥
ការប្រជុំរបស់ពួកសាវក នៅក្រុងយេរូសាឡិម
១៥នៅពេលនោះមានអ្នកខ្លះបានចុះ ពីស្រុកយូដាមកបង្រៀនពួកបងប្អូនថា៖ «បើអ្នករាល់គ្នាមិនកាត់ស្បែកតាមទំនៀមទម្លាប់របស់លោកម៉ូសេទេ នោះអ្នករាល់គ្នាមិនអាចទទួលបានសេចក្ដីសង្គ្រោះឡើយ»។
២ដូច្នេះ ក្រោយពីលោកប៉ូល និងលោកបារណាបាសបានប្រកែកជំទាស់នឹងពួកអ្នកទាំងនោះ ព្រមទាំងសួរដេញដោលយ៉ាងខ្លាំងរួចមក ពួកបងប្អូនក៏ចាត់លោកប៉ូល និងលោកបារណាបាស ព្រមទាំងអ្នកខ្លះទៀត ពីក្នុងចំណោមពួកគេ ឲ្យឡើងទៅក្រុងយេរូសាឡិម ដើម្បីជួបពួកសាវក និងពួកចាស់ទុំអំពីរឿងនេះ។ ៣ដូច្នេះ ក្រុមជំនុំបានជូនដំណើរពួកគាត់ រួចពួកគាត់ក៏ធ្វើដំណើរកាត់តាមស្រុកភេនីស និងស្រុកសាម៉ារី ហើយបានរៀបរាប់យ៉ាងលិ្អតល្អន់ អំពីការប្រែចិត្ដជឿរបស់សាសន៍ដទៃ ដូច្នេះ ធ្វើឲ្យបងប្អូនទាំងអស់មានអំណរជាខ្លាំង។
៤ពេលមកដល់ ក្រុងយេរូសាឡិម ក្រុមជំនុំ ពួកសាវក និងពួកចាស់ទុំបានស្វាគមន៍ពួកគាត់ ហើយពួកគាត់ក៏រៀបរាប់ប្រាប់ពីកិច្ចការទាំងឡាយ ដែលព្រះជាម្ចាស់ បានធ្វើតាមរយៈពួកគាត់ ៥នោះមានអ្នកខ្លះ ពីខាងគណៈផារិស៊ី ដែលជឿ បានក្រោកឈរឡើង និយាយថា៖ «ត្រូវតែកាត់ស្បែកឲ្យពួកគេ និងបង្គាប់ពួកគេ ឲ្យកាន់តាមគម្ពីរវិន័យរបស់លោកម៉ូសេ»។
៦បន្ទាប់មក ពួកសាវក និងពួកចាស់ទុំបានជួបជុំគ្នា ដើម្បីពិចារណាអំពីបញ្ហានេះ។ ៧ក្រោយពីបានពិភាក្សាគ្នាយ៉ាងច្រើនមក លោកពេត្រុសបានក្រោកឈរឡើង និយាយទៅពួកគេថា៖ «បងប្អូនអើយ! បងប្អូនដឹងហើយថា តាំងពីគ្រាមុន ព្រះជាម្ចាស់បានជ្រើសរើស នៅក្នុងចំណោមអ្នករាល់គ្នា គឺតាមរយៈមាត់របស់ខ្ញុំ សាសន៍ដទៃបានឮព្រះបន្ទូលនៃដំណឹងល្អ ហើយជឿ ៨រីឯព្រះជាម្ចាស់ ដែលជ្រាបពីចិត្ដរបស់មនុស្ស ព្រះអង្គបានធើ្វទីបន្ទាល់អំពីពួកគេ ដោយប្រទានព្រះវិញ្ញាណបរិសុទ្ធដល់ពួកគេ ដូចដែលបានប្រទានដល់យើងដែរ ៩ព្រះអង្គរាប់យើង និងពួកគេមិនខុសប្លែកគ្នាឡើយ គឺសំអាតចិត្តរបស់ពួកគេដោយសារជំនឿ ១០ឥឡូវនេះ ចុះហេតុអី្វ បានជាអ្នករាល់គ្នាល្បងលព្រះជាម្ចាស់ ដោយដាក់នឹមនៅករបស់ពួកសិស្សដូច្នេះ ដែលសូម្បីតែដូនតារបស់យើង និងខ្លួនយើងផ្ទាល់ ក៏មិនអាចទ្រាំទ្របានផង? ១១យើងជឿថា យើងទទួលបានសេចក្ដីសង្រ្គោះ ដោយសារព្រះគុណរបស់ព្រះអម្ចាស់យេស៊ូ ដូចជាពួកគេដែរ»។
១២ពេលនោះមនុស្សគ្រប់គ្នាបានស្ងៀមស្ងាត់ ហើយស្តាប់លោកបារណាបាស និងលោកប៉ូលរៀបរាប់អំពីទីសំគាល់ និងការអស្ចារ្យទាំងឡាយ ដែលព្រះជាម្ចាស់បានធ្វើតាមរយៈពួកគាត់នៅក្នុងចំណោមសាសន៍ដទៃ។ ១៣ក្រោយពីអ្នកទាំងពីរនោះនិយាយចប់ហើយ លោកយ៉ាកុបបានឆ្លើយថា៖ «បងប្អូនអើយ! សូមស្តាប់ខ្ញុំ ១៤លោកស៊ីម៉ូនបានបា្រប់រួចហើយ អំពីរបៀបដែលតាំងពីដំបូងព្រះជាម្ចាស់សព្វព្រះហឫទ័យ ជ្រើសរើសប្រជារាស្រ្ដមួយ ពីក្នុងចំណោមសាសន៍ដទៃសម្រាប់ព្រះនាមរបស់ព្រះអង្គ ១៥រីឯពាក្យសំដីរបស់ពួកអ្នកនាំព្រះបន្ទូលក៏យល់ស្របនឹងការនេះដែរ គឺដូចដែលមានសេចក្ដីចែងទុកថា ១៦ក្រោយហេតុការណ៍ទាំងនេះ យើងនឹងត្រលប់មកវិញ ហើយសង់រោងរបស់ស្ដេចដាវីឌ ដែលបានរលំនោះឡើងវិញ។ យើងនឹងសង់អ្វីៗដែលខូចខាតនៅក្នុងនោះ ហើយលើករោងនោះឡើងវិញ ១៧ដើម្បីឲ្យមនុស្ស ដែលនៅសល់ ស្វែងរកព្រះអម្ចាស់ និងសាសន៍ដទៃទាំងឡាយ ដែលត្រូវបានត្រាស់ហៅ សម្រាប់ឈ្មោះរបស់យើង ១៨ព្រះអម្ចាស់ដែលធ្វើឲ្យគេដឹងអំពីហេតុការណ៍ទាំងនេះ តាំងពីដើមរៀងមក បានមានបន្ទូលយ៉ាងដូច្នេះ។ ១៩ដូច្នេះហើយ ខ្ញុំយល់ឃើញថា យើងមិនត្រូវធ្វើឲ្យពួកអ្នកពីក្នុងចំណោមសាសន៍ដទៃ ដែលបានបែរមកឯព្រះជាម្ចាស់ ពិបាកឡើយ ២០ផ្ទុយទៅវិញ ត្រូវសរសេរប្រាប់ពួកគេឲ្យចៀសវាងពីសំណែនដែលស្មោកគ្រោកដោយសាររូបព្រះ អំពើអសីលធម៌ខាងផ្លូវភេទ សាច់សត្វដែលសម្លាប់ដោយច្របាច់ក និងឈាម ២១ដ្បិតតាំងពីជំនាន់ដើម មានគេប្រកាសអំពីក្រឹត្យវិន័យរបស់លោកម៉ូសេ នៅគ្រប់ក្រុងទាំងអស់ ព្រមទាំងអាននៅក្នុងសាលាប្រជុំ រៀងរាល់ថ្ងៃសប្ប័ទ»។
សំបុត្រសម្រាប់ពួកអ្នកជឿជាសាសន៍ដទៃ
២២ពេលនោះ ពួកសាវក និងពួកចាស់ទុំ ព្រមទាំងក្រុមជំនុំទាំងមូលយល់ឃើញថា ត្រូវជ្រើសរើសមនុស្សពីក្នុងចំណោមពួកគេ ដើម្បីចាត់ឲ្យទៅក្រុងអាន់ទីយ៉ូកជាមួយលោកប៉ូល និងលោកបារណាបាស។ ពួកគេក៏ជ្រើសរើសបានលោកយូដាស ដែលហៅថា បារសាបាស និងលោកស៊ីឡាស ដែលជាអ្នកដឹកនាំ ក្នុងចំណោមពួកបងប្អូន ២៣ហើយពួកគេ បានសរសេរសំបុត្រផ្ញើតាមអ្នកទាំងពីរថា៖ «ពួកសាវក និងចាស់ទុំ ដែលជាបងប្អូន សូមជម្រាបសួរដល់បងប្អូនសាសន៍ដទៃ នៅក្នុងក្រុងអាន់ទីយ៉ូក ស្រុកស៊ីរី និងស្រុកគីលីគា ២៤ពេលយើងឮថា មានអ្នកខ្លះនៅក្នុងចំណោមយើង ដែលយើងមិនបានអនុញ្ញាត ពួកគេបានចេញទៅរំខានអ្នករាល់គ្នាដោយពាក្យសំដី ដែលធ្វើឲ្យចិត្តរបស់អ្នករាល់គ្នាខ្វល់ខ្វាយ ២៥យើងក៏ព្រមព្រៀងគ្នាថា ត្រូវជ្រើសរើសមនុស្ស ហើយចាត់ទៅឯអ្នករាល់គ្នាជាមួយលោកបារណាបាស និងលោកប៉ូលជាទីស្រឡាញ់របស់យើង ២៦ដែលបានប្រគល់ជីវិតរបស់ខ្លួន សម្រាប់ព្រះនាមរបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើង។ ២៧ដូច្នេះហើយ យើងបានចាត់លោកយូដាស និងលោកស៊ីឡាសឲ្យទៅ ដ្បិតអ្នកទាំងពីរនឹងប្រាប់អ្នករាល់គ្នាផ្ទាល់មាត់ អំពីសេចក្ដីដូចគ្នានេះ ២៨ព្រោះព្រះវិញ្ញាណបរិសុទ្ធ ព្រមទាំងយើងយល់ឃើញថា មិនគួរដាក់បន្ទុកបន្ថែមលើបងប្អូនទេ លើកលែងតែសេចក្ដីចាំបាច់ទាំងនេះប៉ុណ្ណោះ ២៩គឺចៀសវាងពីសំណែន ដែលបានសែនដល់រូបព្រះ ពីឈាម ពីសាច់សត្វដែលសម្លាប់ដោយច្របាច់ក និងពីអំពើអសីលធម៌ខាងផ្លូវភេទ។ បើអ្នករាល់គ្នា រក្សាខ្លួនពីសេចក្ដីទាំងនេះបាន នោះអ្នករាល់គ្នាធ្វើបានប្រសើរហើយ សូមជម្រាបលា»។
៣០ដូច្នេះ កាលពួកគេបានចាត់អ្នកទាំងនោះឲ្យចេញទៅហើយ អ្នកទាំងនោះក៏ធ្វើដំណើរចុះទៅក្រុងឤន់ទីយ៉ូក។ ពេលក្រុមជំនុំមកជុំគ្នាហើយ ពួកគេក៏ប្រគល់សំបុត្រនោះឲ្យក្រុមជំនុំ ៣១កាលបានឤនសំបុត្រនោះរួចហើយ ក្រុមជំនុំក៏អរសប្បាយ ចំពោះការលើកទឹកចិត្ដនេះ ៣២រីឯលោកយូដាស និងលោកស៊ីឡាសដែលអ្នកទាំងពីរនេះជាអ្នកនាំព្រះបន្ទូលផងដែរ ក៏បានលើកទឹកចិត្ត ព្រមទាំងបានពង្រឹងពួកបងប្អូន ដោយពាក្យសំដីជាច្រើន។ ៣៣បន្ទាប់ពីពួកគេស្នាក់នៅបានមួយរយៈ ពួកបងប្អូនក៏ចាត់ពួកគេឲ្យទៅឯពួកអ្នក ដែលបានចាត់ពួកគេឲ្យមកនោះវិញ ទាំងជូនពរឲ្យធ្វើដំណើរដោយសុខសាន្ដ ៣៤[ប៉ុន្តែលោកស៊ីឡាសយល់ឃើញថា ត្រូវស្នាក់នៅទីនោះបន្តទៀត។] ៣៥រីឯលោកប៉ូល និងលោកបារណាបាស ក៏ស្នាក់នៅក្នុងក្រុងអាន់ទីយ៉ូក ទាំងបង្រៀន និងប្រកាសអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាមួយអ្នកឯទៀតជាច្រើននាក់ដែរ។
លោកប៉ូល និងលោកបារណាបាស ចែកផ្លូវគ្នា
៣៦ប៉ុន្មានថ្ងៃក្រោយមក លោកប៉ូលបាននិយាយទៅលោកបារណាបាសថា៖ «យើងត្រលប់ទៅសួរសុខទុក្ខពួកបងប្អូននៅតាមក្រុងទាំងឡាយ ដែលយើងបានប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់ មើល៍តើពួកគេយ៉ាងណាទៅហើយ» ៣៧ពេលនោះ លោកបារណាបាសចង់យកលោកយ៉ូហានដែលហៅថា ម៉ាកុសទៅជាមួយដែរ ៣៨ប៉ុន្តែលោកប៉ូលយល់ឃើញថាមិនគួរយកម្នាក់នេះ ទៅជាមួយឡើយ ព្រោះអ្នកនេះ បានដកខ្លួនចេញពីពួកគាត់កាលនៅស្រុកប៉ាមភីលា ហើយមិនបានធ្វើការងារជាមួយពួកគាត់ទេ។ ៣៩ពេលមានការខ្វែងគំនិតគ្នាខ្លាំងដូច្នេះ ពួកគេក៏ចែកផ្លូវគ្នា គឺលោកបារណាបាសបានយកលោកម៉ាកុស ចុះសំពៅជាមួយ ទៅកោះគីប្រុស ៤០រីឯលោកប៉ូលវិញ បានជ្រើសរើសលោកស៊ីឡាស ហើយចេញដំណើរទៅ ដោយមានពួកបងប្អូនផ្ទុកផ្ដាក់គាត់ ទៅក្នុងព្រះគុណរបស់ព្រះអម្ចាស់ ៤១រួចពួកគាត់បានធ្វើដំណើរកាត់តាមស្រុកស៊ីរី និងស្រុកគីលីគា ព្រមទាំងបានពង្រឹងក្រុមជំនុំនានា។