KCB - កិច្ចការ ១៤


កិច្ចការ ១៤

១៤នៅ​ក្រុង​អ៊ីកូនាម​ ពួកគាត់​នាំគ្នា ចូល​ទៅ​ក្នុង​សាលាប្រជុំ​​របស់​ជនជាតិ​យូដា ហើយ​និយាយ​ដូច​មុន ធ្វើ​ឲ្យ​​មនុស្ស​ច្រើន​កុះករ​ជឿ មាន​ទាំង​ជនជាតិ​យូដា និង​ជនជាតិ​ក្រេក​​ ប៉ុន្ដែ​ពួក​ជនជាតិ​យូដា​ដែល​មិន​ព្រម​ជឿ​ បាន​ញុះញង់​ពួក​សាសន៍ដទៃឲ្យ​​មាន​គំនិត​អាក្រក់ នឹង​ពួក​បងប្អូន។​ ទោះជា​យ៉ាងណាក្ដី​ ពួកគាត់​បាន​ស្នាក់​នៅ​ទីនោះ​ជាយូរ​ថ្ងៃ​ ទាំង​ប្រកាស​យ៉ាងក្លាហាន ​ដោយ​ពឹង​អាង​លើ​ព្រះអ​ម្ចាស់​ដែល​បាន​​បញ្ជាក់​ អំពី​ព្រះបន្ទូល​នៃ​ព្រះគុណ​របស់​ព្រះអង្គ ដោយ​ប្រទាន​ទីសំគាល់ និង​ការ​អស្ចារ្យផ្សេងៗ​ឲ្យ​កើតឡើង​តាម​រយៈ​ដៃ​របស់​ពួកគាត់។​ ដូច្នេះ​ហើយបណ្ដាជន​នៅ​ក្រុង​នោះ​ បាន​បែក​បាក់​គ្នា អ្នក​ខ្លះ​នៅ​ខាង​ជនជាតិ​យូដា អ្នក​ខ្លះ​ទៀត​នៅ​ខាង​ពួក​សាវក។

កាល​ពួក​ជនជាតិ​យូដា និង​ពួក​សាសន៍ដទៃ ព្រមទាំងពួកមេដឹកនាំរបស់​ពួកគេ​ឃុបឃិតគ្នាចង់​ធ្វើ​បាប និង​គប់​ពួកគាត់​នឹង​ដុំថ្ម​ ពេល​ពួកគាត់​ដឹង‍ ក៏​ភៀស​ខ្លួន​ទៅ​ក្រុង​ដទៃ​ទៀត​ ក្នុង​ស្រុក​លូកៅនាដូចជា​ ក្រុង​លីស្ដ្រា ក្រុង​ឌើបេ និង​តំបន់​ជុំវិញ​ ហើយ​ពួក​គាត់​បាន​ប្រកាស​ដំណឹង​ល្អ​នៅ​ទី​នោះ។​

លោកប៉ូល និង​លោក​បារណាបាសនៅ​ក្រុងលីស្រ្ដា​ និង​ក្រុង​ឌើបេ​

នៅ​ក្រុង​លីស្ដ្រា​មាន​បុរស​ម្នាក់​ពិការ​ជើង​កំពុង​អង្គុយ​ គាត់​ខ្វិន​​​ពី​កំណើត​ មិន​ដែល​​​ដើរ​បាន​ឡើយ។​ ​ពេល​លោក​ប៉ូល​កំពុង​និយាយ បុរស​នោះ​បាន​ស្ដាប់ ហើយលោក​ប៉ូល​ ក៏​សម្លឹង​មើល​គាត់​ពេលឃើញ​ថា​ គាត់​មាន​ជំនឿ​នឹង​​ប្រោស​ឲ្យ​​ជា​បាន​ ១០ក៏​និយាយ​ខ្លាំងៗ​ថា​៖ «ចូរ​ក្រោក​ឈរ​ឡើង​!‍» គាត់​ក៏​ស្ទុះ​ឡើង ហើយ​ដើរ​បាន។

១១ពេល​បណ្តាជនបាន​ឃើញ​អ្វី​ ដែល​លោកប៉ូល​បាន​ធ្វើ ពួកគេ​ក៏​ស្រែក​ជា​ភាសា​លូកៅនា​​ថា​៖ «ពួក​ព្រះ​បាន​ប្រែ​ខ្លួន​ជាមនុស្ស​ចុះ​ មក​រក​យើង​ហើយ​!» ១២ពេលនោះ គេ​ហៅ​លោក​បារណាបាស​ ថា ព្រះ​សេយូស ហើយ​ហៅ​លោក​ប៉ូល​ថាព្រះ​ហ៊ើមេស ព្រោះ​គាត់​ជា​អ្នក​នាំ​មុខ​ក្នុង​ការ​និយាយ។ ១៣បន្ទាប់មកសង្ឃ​​របស់​ព្រះ​សេយូស​ដែល​មាន​វិហារ​នៅ​ចំ​មុខ​ក្រុង​នោះ​ បាន​យក​គោ​ឈ្មោល និង​កម្រងផ្កា​មក‍ឯ​ទ្វារ​ក្រុង ដោយមាន​បំណង​ ថ្វាយ​យញ្ញបូជាជាមួយ​បណ្តាជន។​

១៤ប៉ុន្ដែពេល​​សាវក​​បារណាបាស និង​ សាវក​​​ប៉ូល​បាន​ឮដំណឹង​នេះ ពួកគាត់​ក៏​ហែក​សម្លៀក​បំពាក់​របស់​ខ្លួន ហើយ​រត់​ចូល​ទៅ​ក្នុង​ចំណោម​មហាជន​ ទាំង​ស្រែក​ ១៥ថា‍៖ «បងប្អូន​អើយ! ហេតុអ្វី​បានជា​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នេះ​? ​យើង​ក៏​ជា​មនុស្ស​ធម្មតា​ដូច​អ្នករាល់គ្នា​ដែរ យើង​នាំ​ដំណឹង​ល្អ​មក​ប្រាប់​អ្នករាល់គ្នា​ ដើម្បី​ឲ្យ​​អ្នករាល់គ្នា បែរ​ចេញ​ពី​ការ​ឥត​ប្រ​យោជន៍​ទាំងនេះ​ មក‍ឯ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​វិញ ជា​ព្រះ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ ផែនដី​ សមុទ្រ និង​របស់​សព្វ​សារពើរ​ដែល​នៅ​ក្នុង​​នោះ។​ ១៦កាល​ពី​ជំនាន់​មុន ព្រះអង្គ​បាន​បណ្ដោយ​ឲ្យ ជន​​​ជាតិ​​ទាំងអស់ ទៅ​តាម​ផ្លូវ​របស់​ពួកគេ​រៀងៗខ្លួន​​ ១៧ប៉ុន្ដែ​ព្រះអង្គ​មិន​មែន​មិន​បានឲ្យ​​ទីបន្ទាល់​ អំពី​ព្រះអង្គ​ឡើយ គឺ​ព្រះអង្គ​ផ្ដល់​ព្រះគុណ ​ដោយប្រទានភ្លៀងពីលើ‍មេឃ និង​រដូវ​បង្កើត​ផល ព្រមទាំង​ធ្វើ​ឲ្យ​​ចិត្ដ​របស់​អ្នករាល់គ្នា​ បាន​ស្កប់​ស្កល់​ដោយ​អាហារ និង​អំណរ»។​ ១៨ក្រោយពី​និយាយ​ សេចក្ដី​ទាំងនេះ​រួចហើយ ពួកគាត់​ក៏​បញ្ឈប់​បណ្តាជន​ មិន​ឲ្យ​​​ថ្វាយ​យញ្ញបូជា​ដល់ពួកគាត់​ យ៉ាង​ពិបាក។​

១៩ពេលនោះពួក​ជនជាតិ​យូដា​ ដែល​មក​ពី​ក្រុង​អាន់ទីយ៉ូក​ និង​ក្រុង​អ៊ីកូនាម​​បាន​បញ្ចុះ​បញ្ចូល​បណ្តាជន​ ហើយបាន​​គប់​លោក​ប៉ូល​នឹង​ដុំ​ថ្ម។​ បន្ទាប់​មក ពួកគេ​ ក៏​អូស​គាត់​យក​ចេញ​ទៅ​ក្រៅ​ក្រុង ព្រោះ​ស្មាន​ថា​គាត់​ស្លាប់​ហើយ​ ២០ប៉ុន្ដែ​ពេល​ពួក​សិស្ស​មក​ចោមរោម​គាត់ គាត់​ក៏​ក្រោក​ឡើង ហើយ​ចូល​ទៅ​ក្នុង​ក្រុង​វិញ។ នៅ​ថ្ងៃ​បន្ទាប់ គាត់​ក៏ចេញដំណើរ​ជាមួយលោកបារណាបាស ​ ទៅ​ក្រុង​ឌើបេ។​

លោក​ប៉ូល និង​លោក​បារណាបាស​ត្រលប់​ទៅ​ក្រុង​អាន់ទីយ៉ូក​ ស្រុក​ស៊ីរីវិញ​

២១ក្រោយពី​ពួកគាត់​ បាន​ប្រកាស​ដំណឹង​ល្អ​នៅ​ក្រុង​នោះ និង​បាន​បង្កើត​សិស្ស​ជា​ច្រើន​រួច​ហើយ ពួកគាត់​ក៏​ត្រលប់​ទៅ​ក្រុង​លីស្ដ្រា​ ក្រុង​អ៊ីកូនាម​ និង​ក្រុង​អាន់ទីយ៉ូក​​វិញ​ ២២ហើយ​ពង្រឹង​ចិត្ដ​របស់​ពួក​សិស្ស និង​​លើកទឹកចិត្ដ​ពួកគេ​ឲ្យ​​ខ្ជាប់ខ្ជួន​នៅ​ក្នុង​ជំនឿ​ ដោយ​និយាយ​ថា‍៖ «យើង​ត្រូវ​ឆ្លង​កាត់​ទុក្ខ​លំបាក​ច្រើន​ណាស់ ដើម្បី​ចូល​ទៅ​ក្នុង​នគរ​ព្រះជាម្ចាស់​បាន»។​ ២៣ពេល​ពួកគាត់ បានតែងតាំងឲ្យមាន​ពួក​ចាស់ទុំ​សម្រាប់​ពួកគេ​នៅ​គ្រប់​ក្រុមជំនុំ ព្រមទាំង​អធិស្ឋាន​ ដោយ​តម​អាហារ​​រួច​ហើយ ពួកគាត់​ក៏​ប្រគល់​ពួកគេ​ដល់​ព្រះអម្ចាស់​ដែល​ពួកគេ​បាន​ជឿ។ ​ ២៤បន្ទាប់មក ពួកគាត់​ក៏​ធ្វើ​ដំណើរ​កាត់​តាម​ស្រុក​ពីស៊ីឌា​​ មក​ដល់​ស្រុក​ប៉ាមភីលា។​ ២៥​​ក្រោយពី​បាន ​ប្រកាស​ព្រះបន្ទូល​នៅ​ក្រុង​ពើកា​​រួច​ហើយ ពួកគាត់​ក៏​ចុះ​ទៅ​ក្រុង​អាតាលា។​

២៦បន្ទាប់មក ពួកគាត់បានចុះ​សំពៅ​ពីទី​នោះ ឆ្ពោះ​ទៅ​ក្រុងអាន់ទីយ៉ូក​​វិញ ជា​កន្លែង​ដែល​គេ​បាន​ប្រគល់​ពួកគាត់​ទៅ​ក្នុងព្រះគុណរបស់​ព្រះជាម្ចាស់​ សម្រាប់​កិច្ចការ ដែល​​ពួកគាត់​ទើប​នឹង​សម្រេច​បាន​នេះ។ ២៧ពេល​ពួកគាត់​មក​ដល់ក៏​ប្រមូល​ក្រុមជំនុំ​មក​ជួបជុំ​គ្នា ហើយ​រៀបរាប់​ប្រាប់​ពួកគេ​ពី​កិច្ចការ​ទាំងឡាយ​ដែល​ព្រះជាម្ចាស់​បាន​ធ្វើ​ជាមួយ​ពួកគាត់និង​ពី​របៀប​ ដែល​ព្រះអង្គ​បើក​ទ្វារ​នៃ​ជំនឿ​ឲ្យសាសន៍​ដទៃ ២៨ហើយ​ពួកគាត់​ក៏​ស្នាក់​នៅ​ជាមួយ​ពួក​សិស្ស​យ៉ាង​យូរ។

កិច្ចការ ១៤