KCB - កិច្ចការ ១៣


កិច្ចការ ១៣

លោក​បារណាបាស​ និង​លោក​សុល​ត្រូវ​បាន​ចាត់​ចេញ​ពីក្រុងអាន់​ទីយ៉ូក​

១៣នៅ​ក្នុង​ក្រុមជំនុំ​ នៅក្រុង​អាន់ទីយ៉ូក​ មាន​​ពួក​អ្នកនាំ​ព្រះបន្ទូល និង​​ពួក​គ្រូបង្រៀន គឺ​មាន​​លោក​បារណាបាស លោក​ស៊ីមាន​ដែល​ហៅ​ថា​នីគើរ លោក​លូគាស​ជា​អ្នក​ក្រុង​គីរេន លោក​សុល​ និង​លោកម៉ាណាអេន​ ជា​បងប្អូន​ចិញ្ចឹម​របស់​ហេរ៉ូឌ​ ជា​ស្ដេចត្រាញ់។ ពេល​អ្នក​ទាំងនោះ​កំពុង​បម្រើ​ព្រះអម្ចាស់​ ទាំងតម​អាហារនោះ ​​ព្រះ​វិញ្ញាណ​បរិសុទ្ធ​​មានបន្ទូល​ថា‍៖ «ចូរ​ញែក​បារណាបាស និង​សុល​ឲ្យ​​ខ្ញុំ ​សម្រាប់​កិច្ចការ​ដែល​ខ្ញុំ​ហៅ​ពួកគេ​ឲ្យ​​ធ្វើ‍» បន្ទាប់ពី​បាន​តម​អាហារ​​អធិស្ឋាន​ និងដាក់​ដៃ​លើ​អ្នក​ទាំង​ពីរ​រួច​ហើយ ​ពួកគេ​ក៏​ចាត់​អ្នក​ទាំង​ពីរ​នោះ​ឲ្យ​​ចេញ​ទៅ។ ​ដូច្នេះពួក​គាត់​ក៏​ចេញទៅ ​តាម​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធចាត់​ឲ្យ​​ទៅ​ ហើយ​ក៏​ចុះទៅ​ក្រុង​សេលើស៊ា រួច​បាន​ចេញ​ពី​ក្រុង​នោះ ​ចុះ​សំពៅ​ទៅ​កោះ​គីប្រុស​ ពេល​ទៅ​ដល់ក្រុង​សាឡាមីន ពួក​គាត់​បាន​ប្រកាស​ព្រះ​បន្ទូល​របស់​ព្រះជាម្ចាស់នៅ​ក្នុង​សាលា​ប្រជុំ​របស់ជនជាតិ​យូដា ព្រមទាំង​មាន​លោក​យ៉ូហាន​ ជា​អ្នក​ជំនួយ​របស់​ពួក​គាត់​ដែរ។​

ពេលពួកគាត់​ធ្វើ​ដំណើរ​ឆ្លងកាត់​កោះ​នោះ​ទាំង​មូល រហូត​ដល់​ក្រុង​ប៉ាផុសពួក​គាត់​បាន​ជួប​គ្រូ​មន្ដ​អាគម​ជា​ជនជាតិ​យូដាម្នាក់​ឈ្មោះ​ បារ​​យេស៊ូ ជា​អ្នក​នាំ​ព្រះបន្ទូលក្លែងក្លាយ​ ដែល​បាន​នៅ​ជាមួយ​លោក​អភិបាល​ម្នាក់​ ឈ្មោះ​ស៊ើរគាស​ប៉ូឡូស​ ជា​មនុស្ស​ដ៏​ឈ្លាសវៃ លោក​អភិបាល​នោះ​បាន​អញ្ជើញ​លោក​បារណាបាស និង​លោក​សុល​ឲ្យ​​មក​ជួប ព្រោះ​គាត់​ចង់​ស្តាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ ប៉ុន្ដែ​គ្រូ​មន្ដអាគម​អេលីម៉ាស់ (ដ្បិត​ឈ្មោះ​របស់​គាត់​ ប្រែ​ថា​ដូច្នេះ​) បាន​ប្រឆាំង​ពួកគាត់ ដោយ​ខិតខំ​បង្វែរ​លោក​អភិបាល​ចេញ​ពី​​ជំនឿ​ ប៉ុន្ដែលោក​សុល​​​ ដែល​ហៅ​ថា​ប៉ូល​​​ គាត់​ពេញ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ហើយ​សម្លឹង​មើល​អ្នក​នោះ​ ១០រួច​​និយាយ​ថា​៖ «នែ​កូន​អារក្សសាតាំង​​ដែល​ពេញ​ដោយ​សេចក្តី​បោក​ប្រាស់​ និង​ល្បិច​កល​​គ្រប់​បែបយ៉ាង និង​ជា​សត្រូវ​នៃ​សេចក្ដី​សុចរិត​ទាំងឡាយ​អើយ! តើ​អ្នក​មិន​ព្រម​ឈប់​បង្វែរ​ផ្លូវ​ទៀង​ត្រង់ ​របស់​ព្រះអម្ចាស់​ទេ​ឬ​? ១១មើល៍ ឥឡូវ​នេះព្រះហស្ដ​​របស់​ព្រះអម្ចាស់​បានទាស់នឹងអ្នក​ ហើយអ្នក​នឹង​ត្រូវ​ខ្វាក់​មួយ​រយៈ​ មើល​មិន​ឃើញ​ពន្លឺ​ថ្ងៃ​ទេ‍»​ ស្រាប់តែ​អ្នក​នោះ​ចាប់ផ្តើម​ព្រិល​ភ្នែក ហើយ​ងងឹត​មើល​លែង​ឃើញ រួច​ដើរ​រាវ​រក​គេ​ឲ្យ​​នាំ​ផ្លូវ​គាត់។​ ១២ក្រោយពី​បាន​ឃើញ​ហេតុការណ៍​នេះ​កើតឡើងលោក​អភិបាល​ ក៏​ជឿ ហើយ​​មាន​សេចក្ដី​អស្ចារ្យ​ចំពោះ​សេចក្ដីបង្រៀន​អំពីព្រះអម្ចាស់។​

លោកប៉ូល​ប្រកាស​ព្រះបន្ទូល​នៅក្រុង​ អាន់ទីយ៉ូក​ ស្រុក​ពីស៊ីឌា​

១៣លោក​ប៉ូល និង​គូកន​របស់​គាត់​បាន​ចុះ​សំពៅ​ចេញ​ពី​ក្រុង​ប៉ាផុស មក​ដល់​ក្រុង​ពើកា ក្នុង​ស្រុក​ប៉ាមភីលា។ នៅ​ពេល​នោះ លោក​យ៉ូហាន​បាន​ចាក​ចេញ​ពី​ពួក​គាត់ ហើយ​ត្រលប់​ទៅ​ក្រុង​យេរូសាឡិម​វិញ​ ១៤ប៉ុន្ដែ​ពួក​គាត់​បាន​ធ្វើ​ដំណើរ​បន្ដ​ពី​ក្រុង​ពើកា​មក​ដល់​ក្រុង​អាន់ទីយ៉ូក​ ក្នុង​ស្រុក​ពីស៊ីឌា រួច​ពួក​គាត់​បាន​ចូល​ទៅអង្គុយ​ក្នុង​សាលាប្រជុំ​ នៅ​ថ្ងៃសប្ប័ទ។​ ១៥បន្ទាប់ពី​អាន​គម្ពីរ​វិន័យ​​ និង​គម្ពីរ​អ្នកនាំ​ព្រះបន្ទូល រួច​ហើយ ប្រធាន​សាលាប្រជុំ​ បាន​ចាត់​គេ​ឲ្យ​​ប្រាប់​អ្នក​ទាំងពីរ​នោះ​ថា‍៖ «បងប្អូន​អើយ! បើ​បងប្អូន​មានពាក្យអ្វី​លើកទឹកចិត្ដប្រជាជន​ សូម​និយាយ​មក​ចុះ»។​ ១៦ដូច្នេះលោក​ប៉ូល​ក៏​ក្រោក​ឡើង​​ ទាំង​លើកដៃ​ជា​សញ្ញា ហើយ​និយាយ​ថា‍៖ «ឱ​ជនជាតិ​អ៊ីស្រាអែល និង​ពួក​អ្នក​កោតខ្លាច​ព្រះជាម្ចាស់​​​អើយ! សូម​ស្ដាប់​ចុះ​!​១៧ព្រះ​របស់ជន​ជាតិ​អ៊ីស្រាអែល​នេះ បាន​ជ្រើស​រើស​ដូនតា​របស់​យើង ហើយ​បាន​លើក​តម្កើង​ជនជាតិ​នេះ​ នៅ​ពេល​ពួកគេ​ ស្នាក់​នៅ​ស្រុក​អេស៊ីព្ទ​នៅ​ឡើយ រួច​ព្រះអង្គ​ បាន​នាំ​ពួកគេ​ចេញ​ពី​ស្រុក​នោះ​ ដោយ​ព្រះហស្ដ​ដ៏​មាន​អំណាច។​១៨​ព្រះអង្គ​បាន​ទ្រាំទ្រ​ នឹង​ពួកគេ​នៅ​ ទី​រហោឋាន​អស់​រយៈពេល​សែសិប​ឆ្នាំ។ ១៩ហើយ ​ក្រោយពីបានបំផ្លាញជនជាតិទាំង​ប្រាំពីរ​ ក្នុង​ស្រុក​កាណានរួច ​ព្រះអង្គ​ក៏​ប្រគល់ស្រុកនោះ​ ដល់ពួកគេទុកជាមរតក។ ២០ហេតុការណ៍​ទាំងនោះបាន​កើតឡើង ប្រហែល​បួនរយហាសិបឆ្នាំ។ ក្រោយមក ព្រះអង្គ​បានប្រទាន​ពួកចៅហ្វាយ​ដល់​ពួកគេ រហូតដល់ជំនាន់​លោកសាំយូអែល ដែល​ជា​អ្នកនាំ​ព្រះបន្ទូល។ ២១បន្ទាប់មកគេ​បាន​សុំ​ឲ្យ​​មាន​ស្ដេច ដូច្នេះព្រះជាម្ចាស់​ក៏​ប្រទាន​សូល​ ជា​កូន​លោក​គីស​មក​ពី​កុល​សម្ព័ន្ធ​បេនយ៉ាមីន ឲ្យ​​ធ្វើ​ជា​ស្តេច​របស់​ពួកគេ​សែសិប​ឆ្នាំ។​ ២២បន្ទាប់ពី​ព្រះអង្គ​ដក​ស្ដេច​សូល​ចេញ ព្រះអង្គ​បាន​លើក​ដាវីឌ​ឲ្យ​​ធ្វើ​ជា​ស្ដេច​របស់​ពួកគេ ទាំង​មានបន្ទូល​សរសើរ​អំពី​ស្ដេច​ដាវីឌ​ថា‍ ​យើង​រក​បាន​ដាវីឌ​ជា​កូន​របស់​អ៊ីសាយ គឺ​ជា​មនុស្ស​គាប់​ចិត្ដ​យើង​ណាស់ ហើយ​​ធ្វើ​តាម​បំណង​របស់​យើង​ទាំងអស់‍។​

២៣តាមរយៈ​ពូជពង្ស​ស្ដេច​នេះ​ហើយ ដែល​ព្រះអម្ចាស់​ បាន​បញ្ជូន​ព្រះ​យេស៊ូ ​ជា​ព្រះអង្គសង្គ្រោះ​ឲ្យ​​ជនជាតិ​អ៊ីស្រាអែល​តាម​សេចក្ដី​សន្យា។​ ២៤មុន​ពេល​ព្រះអង្គ​យាង​មក លោក​យ៉ូហាន​​បាន​ប្រកាស​ប្រាប់​ប្រជាជន​អ៊ីស្រាអែល​ទាំងអស់​ អំពី​ពិធី​ជ្រមុជ​ទឹក ដែល​ជា​ភស្ដុតាង​បង្ហាញ​ពី​​ការ​ប្រែចិត្ត។​ ២៥កាល​លោក​យ៉ូហាន​​កំពុង​បញ្ចប់​ភារកិច្ច​របស់​គាត់ គាត់​បាន​និយាយ​ថា​​ តើ​បងប្អូន​ស្មាន​ថា​ខ្ញុំ​ជា​នរណា​? ខ្ញុំ​មិន​មែន​ជា​ព្រះអង្គ​នោះ​ទេ ប៉ុន្ដែមើល៍ ព្រះអង្គ​ដែល​យាង​មក​ក្រោយ​ខ្ញុំនោះ​ ខ្ញុំ​មិន​ស័ក្ដិសម​ស្រាយ​ខ្សែ​ស្បែក​ជើង​​របស់​ព្រះអង្គ​ផង‍។​

២៦ឱ​ បងប្អូន ជាកូន​ចៅពូជពង្ស​របស់​លោក​អ័បា្រហាំ និង​​បងប្អូន​​នៅក្នុងចំណោម​ពួក​អ្នក​កោត​ខ្លាច​ព្រះជាម្ចាស់​​អើយ​! ព្រះអង្គ​បាន​បញ្ជូន​ព្រះ​បន្ទូល​នៃសេចក្ដី​សង្គ្រោះ​នេះ មក​យើង​​ហើយ ​​២៧ដ្បិត​ពួក​អ្នក​រស់នៅ​ក្នុង​ក្រុង​យេរូសាឡិម និង​ពួក​អ្នកដឹកនាំ​របស់ពួកគេ មិន​បាន​ទទួល​ស្គាល់​ព្រះយេស៊ូ និង​ ពាក្យ​របស់​ពួក​អ្នកនាំ​ព្រះបន្ទូល ដែល​បាន​អាន​ រៀង​រាល់​ថ្ងៃ​សប្ប័ទ​​ទេ ពួកគេ​បាន​សម្រេច​សេចក្ដី​ទាំង​នេះ​ដោយ​បាន​ធ្វើ​ទោស​ព្រះយេស៊ូ​ ២៨ហើយ​ទោះបី​ពួកគេ​រក​ហេតុ​សម្លាប់​ព្រះអង្គ​មិន​បាន​ក៏ដោយ ក៏​ពួកគេ​សុំ​លោក​ពីឡាត់​ឲ្យ​​សម្លាប់​ព្រះអង្គ​ដែរ។​

២៩កាល​ពួកគេ បានសម្រេចសេចក្ដី​ទាំងឡាយ​ ដែល​បាន​ចែង​ទុក​អំពី​ព្រះអង្គ​រួច​ហើយ ពួកគេ​ក៏​ដាក់​ព្រះអង្គ​ចុះ​ពី​លើ​ឈើ​ឆ្កាង ហើយ​បញ្ចុះ​នៅ​ក្នុង​ផ្នូរ ៣០ប៉ុន្ដែ​ព្រះជាម្ចាស់ បានប្រោស​ព្រះអង្គ​ឲ្យ​​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​ ៣១ហើយ​ព្រះអង្គបាន​បង្ហាញ​ខ្លួនឲ្យ​ពួកអ្នក​ ដែលបាន​ធ្វើ​ដំណើរ​ជាមួយ​ព្រះអង្គ ​ពី​ស្រុក​កាលីឡេ​​ទៅ‍ឯក្រុង​យេរូសាឡិម​ឃើញ​ជា​ច្រើន​ថ្ងៃ គឺ​អ្នក​ទាំង​នេះ​ហើយជា​សាក្សីរបស់​ព្រះអង្គ​​ ដល់​បណ្តាជន​នៅ​សព្វថ្ងៃ​នេះ។​

៣២ដូច្នេះ យើង​កំពុង​ប្រកាស​ប្រាប់​អ្នករាល់គ្នា​អំពី​សេចក្ដី​សន្យា​ ដែល​ព្រះជាម្ចាស់ បានសន្យា​ជាមួយ​ដូនតា​របស់​យើង​នោះ​ ៣៣ថា​ព្រះជាម្ចាស់​បាន​សម្រេច​សេចក្ដីសន្យា​នេះ​ដល់​យើង​​​ ​ជា​កូន​ចៅ​របស់​ពួក​គាត់​​​​ ដោយ​ប្រោស​ព្រះ​យេស៊ូ​ឲ្យ​​រស់​ឡើង​វិញ ដូចមាន​សេចក្ដី​ចែង​ទុក​នៅ​ក្នុង​ទំនុក​តម្កើង​ជំពូក​ទី​ពីរ​ថា ​អ្នក​ជា​កូន​របស់​យើង យើង​បាន​បង្កើត​អ្នក​នៅ​ថ្ងៃនេះ‍ ៣៤ហើយ​ការ​ដែល​ព្រះជាម្ចាស់​ បាន​ប្រោស​ព្រះយេស៊ូ​ឲ្យ​​រស់​ពី​ការ​សោយ​ទិវង្គត​​ឡើង​វិញ​ ដោយ​មិន​ឲ្យ​​ត្រលប់​ទៅ‍ឯ​សេចក្ដី​ពុករលួយទៀតនោះ​ ព្រះអង្គ​បាន​មាន​បន្ទូល​ យ៉ាង​ដូច្នេះ​ថា យើង​នឹង​ប្រទាន​ សេចក្ដី​មេត្ដា​ករុណា​​ស្មោះត្រង់ ដែល​បាន​សន្យា​ជាមួយ​ដាវីឌ​ដល់​អ្នក‍រាល់គ្នា​​៣៥ដូច្នេះ​ហើយព្រះជាម្ចាស់​មានបន្ទូលនៅក្នុង​ទំនុកតម្កើង​​ផ្សេង​ទៀត​ដែរ​ថា​ ព្រះអង្គ​មិន​បណ្ដោយ​ឲ្យ​​អ្នក​បរិសុទ្ធ​របស់​ព្រះអង្គ​ ជួប​សេចក្ដី​ពុករលួយ​ឡើយ‍​។​៣៦ដ្បិត​ស្តេច​ដាវីឌ ពេល​បាន​បម្រើ​នៅក្នុង​ជំនាន់​របស់​ខ្លួន​ តាម​បំណង​របស់​ព្រះជាម្ចាស់​រួច​ហើយ ស្ដេច​ក៏​ស្លាប់​ទៅ ហើយ​​គេ​បានបញ្ចុះ​សពស្ដេច​នៅ​ជាមួយ​ដូន​តា ​រួច​បាន​ជួប​នឹង​សេចក្ដី​ពុក​រលួយ​ ៣៧ប៉ុន្ដែព្រះ​មួយ​អង្គ​ដែល​ព្រះជាម្ចាស់​ បាន​ប្រោស​ឲ្យ​​រស់​ឡើងវិញ​នោះមិន​បាន​ជួប​សេចក្ដី​ពុក​​រលួយ​ទេ។​

៣៨ដូច្នេះបងប្អូន​អើយ! សូម​យល់​អំពី​សេចក្ដី​នេះ​ថា តាមរយៈ​ព្រះយេស៊ូ​ ការ​លើក​លែង​ទោសបាប ត្រូវ​បានប្រកាស​ប្រាប់​អ្នករាល់គ្នា​ ៣៩ហើយ​ដោយ​សារ​ព្រះអង្គ អស់​អ្នកដែលជឿ​ក៏បានរាប់​ជាសុចរិត ពីគ្រប់​ការ​ទាំងអស់ ដែល​តាម​គម្ពីរ​វិន័យ​​ របស់​លោក​ម៉ូសេ អ្នករាល់គ្នាមិនអាច​ត្រូវរាប់ជាសុចរិតបាន​ឡើយ។ ៤០ដូច្នេះ ចូរ​ប្រយ័ត្ន​កុំ​ឲ្យ​​សេចក្ដី​ដែល​បាន​ថ្លែង​ទុក​ តាមរយៈ​ពួក​អ្នកនាំ​ព្រះបន្ទូល​ កើត​មាន​ដល់​អ្នក​រាល់គ្នាឡើយ គឺ​ថា‍ ៤១ឱ ​ពួក​អ្នក​មើល​ងាយ​អើយ! ចូរ​វិនាស​ទាំង​ងឿងឆ្ងល់​ចុះ ដ្បិត​យើង​កំពុង​ធ្វើ​ការ​មួយ​នៅក្នុង​ជំនាន់​អ្នករាល់គ្នា ជា​ការ​ដែល​អ្នករាល់គ្នា​មិន​ជឿឡើយ​ ទោះបីមានអ្នកណា​ប្រកាសបា្រប់អ្នករាល់គ្នា‍ក៏ដោយ‍»។

៤២កាល​លោក​ប៉ូល និង​លោក​បារណាបាស​ចេញ​ពី​សាលា​ប្រជុំ ពួកគេ​បាន​អង្វរពួក​គាត់ឲ្យ​​និយាយ​អំពី​សេចក្ដី​ទាំងនេះ ប្រាប់​ពួក​គេ​នៅ​ថ្ងៃ​សប្ប័ទ​ក្រោយ​ទៀត។ ៤៣នៅ​ពេល​ដែល​គេ​រំសាយ​​ការ​ជួបប្រជុំ​ នោះ​មាន​ពួក​ជនជាតិ​យូដា និង​ពួក​អ្នក​ចូល​សាសនា​យូដា​ជា​ច្រើន ដែល​គោរព​ប្រណិប័តន៍ព្រះជាម្ចាស់បាន​ដើរ​តាម​លោក​ប៉ូល និង​លោក​បារណាបាស អ្នក​ទាំងពីរបាននិយាយ​ដាស់​តឿនពួកគេឲ្យ​​នៅ​ខ្ជាប់ខ្ជួន​ក្នុងព្រះគុណ​របស់ព្រះជាម្ចាស់។​

លោកប៉ូល​បែរ​ទៅរក​សាសន៍​ដទៃ​វិញ​

៤៤លុះ​ដល់​ថ្ងៃ​សប្ប័ទ​ក្រោយ អ្នក​ក្រុង​ស្ទើរតែ​ទាំងអស់​ បាន​មក​ជួបជុំ​គ្នា ​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ ៤៥ប៉ុន្ដែ​ពេល​ពួក​ជនជាតិ​យូដា ​ឃើញ​មនុស្ស​កុះករ​ដូច្នេះ ពួកគេ​ក៏​ពេញ​ដោយ​សេចក្ដី​ច្រណែន ហើយ​និយាយ​ប្រឆាំង​សេចក្ដី​ទាំងឡាយ​​​​ដែល​លោក​ប៉ូល​បាន​និយាយ ​ទាំង​ប្រមាថ​គាត់​ទៀត​ផង។

៤៦ដូច្នេះលោក​ប៉ូល និងលោក​បារណាបាស ក៏និយាយ​យ៉ាង​ក្លាហាន​​ថា​៖ «យើង​ត្រូវ​តែ​ប្រកាស​ព្រះបន្ទូល​របស់ព្រះជាម្ចាស់​ ប្រាប់​អ្នករាល់គ្នា​មុន​គេ ប៉ុន្ដែ​ដោយសារ​អ្នក​រាល់​គ្នា​បដិសេធ ហើយ​យល់​ឃើញ​ថា​ ខ្លួន​មិនស័ក្ដិសមទទួលយក​ជីវិត​អស់កល្ប​ជានិច្ចដូច្នេះ មើល៍​ យើង​​បែរ​ទៅ​រក​សាសន៍​ដទៃ​វិញ​​ ៤៧ដ្បិត​ព្រះអម្ចាស់​បាន​បង្គាប់យើង​យ៉ាង​ដូច្នេះ​ថា យើង​បាន​តាំង​អ្នក​ជា​ពន្លឺ​ដល់​សាសន៍​ដទៃ ដើម្បី​ឲ្យ​​អ្នក​នាំ​យក​សេចក្ដី​សង្គ្រោះ​ ដល់​ចុង​បំផុត​នៃ​ផែនដី‍»។

៤៨ពេល​សាសន៍ដទៃ​ឮ​សេចក្ដី​នេះ ក៏​ត្រេក​អរ ហើយ​សរសើរ​តម្កើង​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ រីឯ​អស់អ្នក​ដែល​ព្រះជាម្ចាស់បានកំណត់​ ឲ្យ​​មាន​ជីវិត​អស់កល្ប​ក៏​ជឿ​ ៤៩ហើយ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ក៏​ឮ​ពាស​ពេញ​តំបន់​នោះ​ទាំងមូល​ ៥០ប៉ុន្ដែ​ ពួក​ជនជាតិ​យូដា​បាន​ញុះញង់​ពួក​ស្ដី្រ​មាន​មុខមាត់​ ដែល​គោរពប្រណិប័តន៍​ព្រះជាម្ចាស់ និង​ពួក​អ្នកដឹកនាំ​នៅក្នុង​ក្រុង​នោះ ពួកគេ​ក៏​លើក​គ្នា​បៀតបៀន​លោក​ប៉ូល និង​លោក​បារណាបាស ​ហើយ​បណ្ដេញ​ពួកគាត់​ចេញ​ពី​ទឹកដី​របស់​ពួកគេ។​ ៥១ដូច្នេះពួកគាត់​ក៏​រលាស់​ធូលី​ដី​ ចេញ​ពី​ជើង​ទាស់នឹង​ពួកគេ រួច​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​អ៊ីកូនាម​ ៥២រីឯពួក​សិស្ស​បាន​ពេញ​ដោយ​អំណរ និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ។

កិច្ចការ ១៣