KCB - កិច្ចការ ១២


កិច្ចការ ១២

គេ​សម្លាប់​លោក​យ៉ាកុប​ និង​ឃុំឃាំង​លោក​ពេត្រុស​

១២នៅ​គ្រា​នោះស្តេច​ហេរ៉ូឌ​​បាន​លូក​ដៃ​ធ្វើបាប​អ្នក​ខ្លះ​ក្នុង​ចំណោម​ពួក​អ្នក​​ នៅ​ក្នុង​ក្រុម​ជំនុំ។​ ស្ដេច​បាន​សម្លាប់​លោក​យ៉ាកុប​ ជាបងរបស់លោកយ៉ូហាន​ដោយ​ដាវ។​ ពេល​ស្ដេច​យល់​ឃើញ​ថា​ ការ​នេះ​ពេញចិត្ដ​ដល់​ជនជាតិ​យូដា ស្តេច​ក៏​ចាប់​​​លោក​ពេត្រុស​ទៀត។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​ក្នុង​ពេល​បុណ្យ​នំបុ័ងឥតមេ។​ ក្រោយ​ពី​ស្ដេច​បាន​ចាប់​លោក​ពេត្រុស​រួចក៏​យក​ទៅ​ដាក់​គុក ហើយ​ប្រគល់​គាត់​ឲ្យ​​ទាហាន​បួន​ក្រុម​យាម គឺ​មួយ​ក្រុម​មាន​គ្នា​បួន​នាក់ ដ្បិត​ស្ដេច​មាន​បំណង​នាំ​គាត់​ទៅ​ដាក់នៅ​ចំពោះ​​មុខ​បណ្តាជន ​ក្រោយ​ពី​បុណ្យ​រំលង​​​ ដូច្នេះ គេ​ក៏​ឃុំ​លោក​ពេត្រុស​ទុក​នៅ​ក្នុង​គុក ប៉ុន្ដែ​ក្រុមជំនុំ​ បាន​​​អធិស្ឋាន​យ៉ាងអស់​ពី​ចិត្ដ​ ដល់​ព្រះ​ជាម្ចាស់​សម្រាប់​គាត់‍។​

ការរួច​ផុត​ពី​គុក​របស់​លោក​ពេត្រុស​

នៅ​យប់​ដែល​ស្តេច​ហេរ៉ូឌ​​ ហៀប​នឹង​នាំ​លោក​ពេត្រុស​ចេញ​មក គឺ​នៅ​ពេល​ដែល​គាត់​កំពុង​ដេក​លក់​នៅ​ចន្លោះ​ទាហាន​ពីរ​នាក់​ ទាំង​មាន​ច្រវាក់​ពីរ​ខ្សែ​ចង​ជាប់​ ហើយ​ពួក​អ្នក​យាម​កំពុង​យាម​នៅ​មាត់​ទ្វារ​គុក ស្រាប់​តែ​ទេវតា​របស់​ព្រះអម្ចាស់​បាន​ចូល​មក​​ជិត ហើយ​ពន្លឺ​បាន​ចែងចាំង ​នៅ​ក្នុង​បន្ទប់ឃុំឃាំង ទេវតា​នោះ​ បាន​អង្រួន​លោក​ពេត្រុស​ពី​ចំហៀង​ឲ្យ​​គាត់​ភ្ញាក់​ឡើង​ដោយ​និយាយ​ថា‍៖ «ចូរ​ក្រោកឡើង​ជា​ប្រញាប់‍!» ពេល​នោះ​ ច្រវាក់​បាន​របូត​ចេញ​ពី​ដៃ​របស់គាត់។​ ទេវតា​នោះ​ប្រាប់​លោក​ពេត្រុស​ថា‍៖ «ចូរ​ក្រវាត់​ចង្កេះ​ ហើយ​ពាក់​ស្បែក​ជើង​ទៅ‍» គាត់​ក៏​ធ្វើ​តាម រួចទេវតា​នោះ​ក៏​ប្រាប់​គាត់​ទៀត​ថា‍៖ «ចូរ​ពាក់​អាវ​ ហើយ​មក​តាម​ខ្ញុំ​ចុះ‍» ដូច្នេះគាត់​ក៏​ចេញ​ទៅ ហើយ​ដើរ​តាម​ទេវតា​នោះ ប៉ុន្ដែ ​គាត់​មិន​បាន​ដឹង​ថា ហេតុការណ៍​ដែល​កំពុង​កើតឡើង​តាមរយៈ​ទេវតា​នេះ​ គឺ​ជា​ការ​ពិត​ទេ ព្រោះ​គាត់​ស្មាន​ថា ​គាត់​ឃើញ​ក្នុង​សុបិននិមិត្ដ។​ ១០ពេល​ឆ្លង​កាត់​កន្លែង​យាម​ទី​មួយ និង​កន្លែង​យាម​ទី​ពីរ​រួច​ហើយ ពួកគេ​ក៏​មក​ដល់​ទ្វារ​ដែក​ឆ្ពោះ​ទៅ​ក្រុង ដែលបានបើកដោយ​ឯកឯងសម្រាប់ពួកគេ។ ​ដូច្នេះពួកគេ​ក៏​ចេញ​ទៅ ហើយ​បន្ដ​ដំណើរ​​តាម​ផ្លូវ​មួយ រីឯ​ទេវតា​ក៏​​ចាក​ចេញ​ពី​គាត់​ភ្លាម​ទៅ។​

១១ពេល​លោក​ពេត្រុស​ដឹង​ខ្លួន​ គាត់ក៏​និយាយ​ថា‍៖ «ឥឡូវនេះ ខ្ញុំ​ដឹង​បា្រកដ​ថា​ ព្រះអម្ចាស់​បាន​ចាត់​ទេវតា​របស់​ព្រះអង្គ​ឲ្យ​​មក ហើយ​រំដោះ​ខ្ញុំ​ពី​ដៃ​របស់​ស្តេច​ហេរ៉ូឌ​ និង​ពី​ការ​ប៉ុនប៉ង​ទាំងឡាយ​​របស់ជនជាតិ​យូដា»។​

១២ក្រោយ​ពី​យល់​ ហេតុ​ការណ៍​នេះ​ហើយ គាត់​ក៏​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​របស់​នាង​ម៉ារា​ ជា​ម្ដាយ​របស់​លោក​យ៉ូហាន​ដែល​ហៅ​ថា​ ម៉ាកុស ជា​កន្លែង​ដែល​មាន​មនុស្ស​ជា​ច្រើន​​កំពុង​ជួបជុំ​គ្នា​អធិស្ឋាន។​ ១៣ពេល​​លោក​ពេត្រុស​ គោះ​ទ្វារ​នៅ​ច្រក​ចូល ក៏​មាន​ស្ដ្រី​បម្រើ​ម្នាក់​ឈ្មោះ​រ៉ូដា​បាន​ចូល​ទៅ​ជិត​ដើម្បី​ស្ដាប់​​ ១៤ក្រោយ​ពី​​ស្គាល់​ថា​ជា​សំឡេង​របស់​លោក​ពេត្រុស ​នាង​ត្រេក​អរ​ណាស់​ នាង​មិន​បាន​បើក​ទ្វារ​ទេ​ បែរជា​​រត់​ទៅ​ក្នុង​បា្រប់​គេ​ថា ​លោក​ពេត្រុស​កំពុង​ឈរ​នៅ​មាត់​ទ្វារ។​

១៥ពួកគេ​ប្រាប់​នាង​ថា‍៖ «អ្នក​រវើរវាយ​ហើយ‍!‍» ប៉ុន្ដែ​នាង​នៅតែ​អះអាង​បែប​ដូច្នេះ‍។ ពួកគេ​ក៏​ប្រាប់​នាង​ទៀត​ថា៖ «នោះ​ជា​ទេវតា​របស់​គាត់​ទេ‍» ១៦រីឯ​​​លោក​ពេត្រុស​នៅតែបន្ដ​គោះ​ទ្វារ​ ដូច្នេះពួកគេ​ក៏​បើក​ទ្វារ ហើយ​កាល​បាន​ឃើញ​គាត់ ពួកគេ​ងឿងឆ្ងល់​ណាស់។​ ១៧ក្រោយពី​បាន​ធ្វើ​សញ្ញា​ដៃ​ឲ្យ​​ពួកគេ​នៅ​ស្ងៀម​រួច​ហើយ គាត់​ក៏​រៀបរាប់​បា្រប់​ពួកគេ​ពីរបៀប​ដែល​ព្រះអ​ម្ចាស់បាន​នាំ​គាត់​ចេញ​ពី​គុក ហើយគាត់​បាន​ប្រាប់​ទៀត​ថា‍៖ «សូមយកដំណឹងនេះ​ ទៅ​ប្រាប់​លោកយ៉ាកុប​ និង​ពួក​បងប្អូន​ឲ្យ​​ដឹង​ផង‍»។ បន្ទាប់មក​ គាត់​ក៏​ចាក​ចេញ​​ទៅ​កន្លែង​មួយ​ផ្សេង​ទៀត។​

១៨លុះ​ភ្លឺ​ឡើង មាន​ការ​ជ្រួល​ច្របល់​ជាខ្លាំង​នៅក្នុង​ចំណោម​ពួក​ទាហាន ​អំពី​ការ​បាត់​ខ្លួន​របស់​លោក​​ពេត្រុស‍ ១៩​កាល​​ស្តេច​ហេរ៉ូឌ​​ តាម​រក​លោកពេត្រុស​មិន​ឃើញ ស្ដេច​ក៏​សួរ​ចម្លើយ​ពួក​អ្នក​យាម រួច​បញ្ជា​ឲ្យ​​គេ​យក​ពួក​អ្នកយាម​ទៅ​សម្លាប់​ចោល បន្ទាប់មក​ស្ដេច​ក៏​ចាក​ចេញ​ពី​ស្រុក​យូដា​​ ទៅ​ក្រុង​សេសារា​ ហើយ​​ស្នាក់​នៅ​ទី​នោះ។​

ការ​ស្លាប់​របស់ស្ដេច​ហេរ៉ូឌ​អ័គ្រីប៉ា​

២០នៅ​គ្រា​នោះ ស្តេច​ហេរ៉ូឌ​​ខឹង​នឹង​​ប្រជាជន​ក្រុង​ទីរ៉ុស និង​ប្រជាជន​ក្រុង​ស៊ីដូន​យ៉ាង​ខ្លាំង ដូច្នេះអ្នក​ទាំង​នោះបាន​ព្រមព្រៀង​គ្នា​​មក​ជួប​ស្ដេច ក្រោយ​ពី​​បាន​បញ្ចុះបញ្ចូល​លោក​ប្លាសតុស ​ជា​មន្ដី្រ​រក្សា​ដំណាក់​​ស្ដេច‍រួច​មក។ ពួកគេ​បាន​សុំ​ឲ្យ​​មាន​សន្ដិភាព ពីព្រោះ​ស្រុក​របស់​ពួកគេ​ទទួល​ស្បៀង​អាហារ​ពី​ស្រុក​របស់​ស្ដេច។ ​២១កាល​ដល់​ថ្ងៃ​កំណត់​ហើយស្តេច​ហេរ៉ូឌ​​ ក៏​ស្លៀក​សម្លៀក​បំពាក់​ស្ដេច​អង្គុយ​លើ​បល្ល័ង្ក ហើយ​ប្រកាស​ទៅ​ពួកគេ ២២ពេល​នោះ​បណ្ដាជនក៏​ស្រែកឡើង​ថា‍៖ «នេះ​ជា​​សំឡេង​របស់​ព្រះជាម្ចាស់​ មិនមែន​​មនុស្ស​ឡើយ‍!‍»​ ២៣រំពេច​នោះ ទេវតា​របស់​ព្រះអម្ចាស់​ ក៏​​វាយ​ប្រហារ​ស្ដេច គឺ​ស្ដេច​ត្រូវ​ដង្កូវ​​ចោះ​​ស្លាប់ ព្រោះ​មិន​បាន​ថ្វាយ​សិរីរុងរឿង​ ដល់​ព្រះជាម្ចាស់​

២៤រីឯ​​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ ក៏​រីកសុះសាយ​ច្រើន​ឡើង។

២៥លោក​បារណាបាស និង​លោក​សុល ក្រោយពី​បាន​បំពេញ​កិច្ចការ​របស់​ខ្លួន​ចប់​​ហើយ ពួក​គាត់ក៏​ត្រលប់​ទៅ​ក្រុង​យេរូសាឡិម​​វិញ​ ទាំង​យក​លោក​យ៉ូហានដែល​ហៅ​ថា​ ម៉ាកុស​ទៅ​​ជាមួយ​ផង។

កិច្ចការ ១២