កិច្ចការ ១១
លោកពេត្រុសពន្យល់អំពីកិច្ចការរបស់គាត់
១១ឯពួកសាវក និងពួកបងប្អូន ដែលរស់នៅពាសពេញស្រុកយូដា បានឮថា សាសន៍ដទៃ ក៏បានទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ ២ដូច្នេះពេលលោកពេត្រុសឡើងទៅក្រុងយេរូសាឡិមវិញ នោះអស់អ្នកក្នុងចំណោមពួកអ្នកកាត់ស្បែក ក៏មកជំទាស់នឹងគាត់ ៣ថា៖ «អ្នកបានទៅជួបពួកអ្នកមិនកាត់ស្បែក ហើយបានបរិភោគជាមួយពួកគេទៀត!» ៤លោកពេត្រុសក៏ចាប់ផ្ដើមពន្យល់ បា្រប់ពួកគេតាមលំដាប់លំដោយថា៖ ៥«កាលខ្ញុំកំពុងអធិស្ឋាននៅក្នុងក្រុងយ៉ុបប៉េ នោះខ្ញុំបានលង់នៅក្នុងសុបិននិមិត្ដ ក៏ឃើញ វត្ថុម្យ៉ាង ដូចជាកម្រាលមួយផ្ទាំងយ៉ាងធំ មានចងជ្រុងទាំងបួន ដែលបានសម្រូតចុះពីលើមេឃមកឯខ្ញុំ ៦ពេលខ្ញុំសម្លឹងសង្កេតមើល ខ្ញុំបានឃើញសត្វជើងបួន សត្វព្រៃ និងសត្វលូនវារនៅលើផែនដី ព្រមទាំងសត្វហើរលើអាកាស។ ៧ពេលនោះ ខ្ញុំបានឮសំឡេងមួយនិយាយមកខ្ញុំថា ពេត្រុសអើយ! ចូរក្រោកឡើងហើយសម្លាប់យកទៅបរិភោគចុះ! ៨ប៉ុន្ដែខ្ញុំបានឆ្លើយថា ទេ ព្រះអម្ចាស់អើយ! ដ្បិតមិនដែលមានអ្វីមិនបរិសុទ្ធ ឬមិនស្អាតចូលក្នុងមាត់របស់ខ្ញុំឡើយ ៩សំឡេងនោះ បានឆ្លើយពីលើមេឃជាលើកទីពីរទៀតថា អ្វីៗដែលព្រះជាម្ចាស់បានសំអាតរួចហើយ អ្នកមិនត្រូវថាមិនស្អាតឡើយ។
១០ហេតុការណ៍នេះ បានកើតឡើងបីដង រួចអ្វីៗទាំងនោះត្រូវបានទាញទៅលើមេឃវិញ ១១ហើយមើល៍ ភ្លាមនោះស្រាប់តែមានបុរសបីនាក់ ដែលត្រូវបានចាត់ពីក្រុងសេសារា ឲ្យមករកខ្ញុំ បានមកដល់ផ្ទះ ដែលយើងកំពុងនៅ ១២ព្រះវិញ្ញាណ ក៏ប្រាប់ខ្ញុំឲ្យទៅជាមួយពួកគេ ដោយឥតរារែក រីឯបងប្អូនទាំងប្រាំមួយនាក់នេះ បានទៅជាមួយខ្ញុំដែរ រួចយើង បានចូលទៅក្នុងផ្ទះរបស់អ្នកនោះ ១៣ហើយគាត់បានរៀបរាប់បា្រប់យើងអំពីហេតុការណ៍ ដែលគាត់បានឃើញទេវតា ឈរនៅក្នុងផ្ទះរបស់គាត់ ទាំងប្រាប់ថា ចូរចាត់មនុស្សឲ្យទៅក្រុងយ៉ុបប៉េ ហើយអញ្ជើញស៊ីម៉ូនដែលហៅថាពេត្រុសឲ្យមក ១៤គាត់នឹងប្រកាសប្រាប់អ្នកអំពីព្រះបន្ទូល ដែលធ្វើឲ្យអ្នក និងពួកអ្នកផ្ទះរបស់អ្នកទាំងអស់ ទទួលបានសេចក្ដីសង្គ្រោះ។
១៥ពេលខ្ញុំចាប់ផ្ដើមនិយាយ ព្រះវិញ្ញាណបរិសុទ្ធ ក៏យាងមកសណ្ឋិតលើពួកគេដូចជាបានសណ្ឋិតលើយើងកាល ពីដំបូងដែរ។ ១៦ពេលនោះខ្ញុំក៏នឹកចាំពីព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលព្រះអង្គមានបន្ទូលថា លោកយ៉ូហានបានធ្វើពិធីជ្រមុជដោយទឹក ប៉ុន្ដែអ្នករាល់គ្នានឹងទទួលពិធីជ្រមុជ ដោយព្រះវិញ្ញាណបរិសុទ្ធវិញ។ ១៧ដូច្នេះបើព្រះជាម្ចាស់ប្រទានអំណោយទានដល់ពួកគេ ដូចដែលបានប្រទានដល់យើងដែលបានជឿលើព្រះអម្ចាស់យេស៊ូគិ្រស្ដដែរនោះ តើខ្ញុំជានរណា ដែលហ៊ានរារាំងព្រះជាម្ចាស់?» ១៨ពេលពួកគេបានឮដូច្នេះ ពួកគេក៏នៅស្ងៀម ហើយសរសើរតម្កើងព្រះជាម្ចាស់ ដោយនិយាយថា៖ «ដូច្នេះ ព្រះជាម្ចាស់ក៏ប្រទានការប្រែចិត្ដដែលនាំទៅឯជីវិតដល់សាសន៍ដទៃដែរ!»។
ក្រុមជំនុំនៅក្រុងអាន់ទីយ៉ូក ប្រទេសស៊ីរី
១៩រីឯពួកអ្នក ដែលបានខ្ចាត់ខ្ចាយដោយសារការបៀតបៀន ដែលបានកើតឡើងដល់លោកស្ទេផាន ពួកគេបានទៅដល់ស្រុកភេនីស កោះគីប្រុស និងក្រុងអាន់ទីយ៉ូក ហើយមិនបានប្រកាសព្រះបន្ទូលដល់អ្នកផ្សេងឡើយ លើកលែងតែជនជាតិយូដាប៉ុណ្ណោះ ២០ប៉ុន្ដែមានអ្នកខ្លះក្នុងចំណោមពួកគេ ជាអ្នកមកពីកោះគីប្រុស និងក្រុងគីរេនដែលបានមកក្រុងអាន់ទីយ៉ូក ហើយនិយាយជាមួយជនជាតិយូដា ដែលនិយាយភាសាក្រេក ទាំងប្រកាសអំពីព្រះអម្ចាស់យេស៊ូដែរ ២១ដូច្នេះ ព្រះហស្ដរបស់ព្រះអម្ចាស់ក៏នៅជាមួយពួកគេ ហើយមនុស្សមួយចំនួនធំបានជឿ ព្រមទាំងបែរមកឯព្រះអម្ចាស់។ ២២ដំណឹងអំពីអ្នកទាំងនោះ បានឮដល់ត្រចៀករបស់ក្រុមជំនុំនៅក្រុងយេរូសាឡិម ដូច្នេះពួកគេក៏ចាត់លោកបារណាបាសឲ្យចេញទៅក្រុងអាន់ទីយ៉ូក។ ២៣ពេលលោកបារណាបាសមកដល់ ហើយបានឃើញព្រះគុណរបស់ព្រះជាម្ចាស់ គាត់ក៏ត្រេកអរ ព្រមទាំងលើកទឹកចិត្តពួកគេគ្រប់គ្នា ឲ្យប្ដេជ្ញាចិត្តនៅជាប់ជាមួយព្រះអម្ចាស់ជានិច្ច។ ២៤ហើយដោយព្រោះតែលោកបារណាបាសជាមនុស្សល្អ និងពេញដោយព្រះវិញ្ញាណបរិសុទ្ធ និងជំនឿដូច្នេះ បណ្ដាជនមួយចំនួនធំបានចូលមកឯព្រះអម្ចាស់បន្ថែមទៀត។
២៥បន្ទាប់មក លោកបារណាបាសក៏ចេញដំណើរទៅក្រុងតើសុស ដើម្បីរកលោកសុល។ ២៦ពេលឃើញលោកសុលហើយ គាត់ក៏នាំមកក្រុងអាន់ទីយ៉ូក ហើយអ្នកទាំងពីរ បានជួបជុំជាមួយក្រុមជំនុំពេញមួយឆ្នាំ និងបានបង្រៀនដល់មនុស្សជាច្រើន។ នៅក្នុងក្រុងអាន់ទីយ៉ូកនេះហើយ ដែលគេហៅពួកសិស្សជាលើកដំបូងថា គ្រិស្ដបរិស័ទ។
២៧នៅគ្រានោះ មានពួកអ្នកនាំព្រះបន្ទូលខ្លះ បានធ្វើដំណើរចុះពីក្រុងយេរូសាឡិមមកក្រុងអាន់ទីយ៉ូក។
២៨ក្នុងចំណោមអ្នកទាំងនោះមានម្នាក់ ឈ្មោះអ័ក្កាបុសបានក្រោកឡើង ហើយប្រកាសដោយព្រះវិញ្ញាណថា នឹងមានអំណត់មួយយ៉ាងធំ កើតនៅលើផែនដីទាំងមូល គ្រោះអត់ឃ្លាននេះក៏កើតឡើងមែន ក្នុងរាជ្យរបស់ព្រះចៅក្លូឌាស។ ២៩ដូច្នេះពួកសិស្សបានសម្រេចចិត្ដ ផ្ញើជំនួយតាមលទ្ធភាពរៀងៗខ្លួន ដល់បងប្អូនដែលរស់នៅក្នុងស្រុកយូដា ៣០ពួកគេក៏ធ្វើដូច្នេះមែន គឺបានផើ្ញតាមរយៈដៃរបស់លោកបារណាបាស និងលោកសុលទៅឲ្យពួកចាស់ទុំ។