KCB - កិច្ចការ ១០


កិច្ចការ ១០

លោក​កូនេលាស​ អញ្ជើញ​លោក ​ពេត្រុស​

១០មានបុរស​ម្នាក់​ នៅក្នុង​ក្រុង​សេសារា​ ឈ្មោះ​កូនេលាស ជា​នាយ​ទាហាន​ នៃ​កង​វរសេនាតូច​​ដែល​ហៅ​ថា ពល​អ៊ីតាលី​ គាត់ និងគ្រួសារ​របស់​គាត់​ទាំងមូល​ជា​អ្នក​គោរពប្រណិប័តន៍​ និង​កោត​ខ្លាចព្រះ​ជាម្ចាស់ គាត់​ដាក់​ទាន​ជាច្រើន​ដល់​ប្រជា​ជន និង​តែងតែ​អធិស្ឋាន​ដល់​ព្រះជាម្ចាស់​ជានិច្ច។​ ថ្ងៃ​មួយ ប្រហែល ម៉ោង​បី​រសៀល​ គាត់បានឃើញ​ទេវតារបស់​ព្រះជាម្ចាស់​ នៅក្នុង​សុបិន​និមិត្ដ​យ៉ាងច្បាស់ ទេវតា​នោះ​បាន​ចូលមក​ជិត​គាត់និយាយ​​ថា​៖ «កូនេលាស​អើយ​!»​​ គាត់​បាន​សម្លឹង​មើល​ទៅ​ទេវតា​នោះទាំង​ភ័យ​ខ្លាច ហើយ​តប​ថា​៖ «ព្រះអម្ចាស់អើយ​! តើ​មាន​ការ​អ្វី​ដែរ​?» ទេវតា​ក៏​និយាយ​មក​គាត់​ថា​៖ «សេចក្ដី​អធិស្ឋាន និង​ការ​ដាក់​ទាន​របស់​អ្នក ​បានឡើងទៅ​ទុកជា​សេចក្ដី​រំឭក ​នៅ​ចំពោះព្រះជាម្ចាស់ហើយ។​ ដូច្នេះ ចូរ​ចាត់​មនុស្ស​ឲ្យ​​ទៅ​ក្រុង​យ៉ុបប៉េ​ ហើយ​អញ្ជើញ​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន​ ដែល​ហៅ​ថា​ពេត្រុស​ឲ្យ​​មក​ ដ្បិត​គាត់​កំពុង​ស្នាក់នៅ​ជាមួយ​អ្នក​សម្លាប់ស្បែក​ម្នាក់ ឈ្មោះ​ស៊ីម៉ូន។​ ផ្ទះ​​របស់​អ្នក​នោះ​នៅ​ក្បែរ​មាត់​សមុទ្រ​ [​គាត់​នឹង​បា្រប់​អ្នក​ពី​ការ​ដែល​អ្នក​ត្រូវ​ធ្វើ​​]»។

កាល​ទេវតា​ ដែល​បាន​និយាយ​មក​លោក​កូនេលាស​ចេញ​ផុត​ទៅ គាត់​ក៏​ហៅ​បាវ​បម្រើ​​ពីរ​នាក់ និង​ទាហាន​ម្នាក់​ ដែល​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ ពី​ក្នុងចំណោម​ ពួក​អ្នក​ចាំបម្រើ​គាត់ឲ្យ​​មក។ ​​ក្រោយ​ពី​បាន​ប្រាប់​ពួកគេ​ អំពី​ហេតុការណ៍ទាំងឡាយ​រួចហើយ គាត់​ក៏​ចាត់​ពួកគេ​ឲ្យ​​ទៅ​ក្រុង​យ៉ុបប៉េ។​

លោក​ពេត្រុស​មក​ផ្ទះ​របស់​លោក​កូនេលាស

នៅ​ថ្ងៃ​បន្ទាប់ នៅ​ពេល​អ្នក​ទាំងនោះ​ កំពុង​ធ្វើ​ដំណើរ​ទៅ​ជិត​ដល់​ក្រុងនោះ លោក​ពេត្រុស​ក៏​ឡើង​ទៅ​​លើ​ដំបូល​​ផ្ទះដើម្បីអធិស្ឋាន​ នៅ​ម៉ោង​ប្រហែល​ដប់ពីរ​ថ្ងៃត្រង់។​ ១០​គាត់​ក៏​ឃ្លាន​ ហើយចង់​បរិភោគណាស់ ប៉ុន្ដែ​ពេល​ពួកគេកំពុង​រៀបចំ​អាហារ គាត់​ក៏​លង់​នៅ​ក្នុង​សុបិន​និមិត្ដ ១១ឃើញ​មេឃ​បើក​ចំហ មាន​វត្ថុ​ម្យ៉ាង​ ដូច​ជា​កម្រាល​មួយ​ផ្ទាំង​យ៉ាងធំ​ ដែល​ត្រូវបាន​ចង​ជាយ​ជ្រុង​ទាំង​បួន​សម្រូត​ចុះ​មក​ដល់​ដី។​ ១២នៅ​​ក្នុង​កម្រាល​នោះ មាន​សត្វ​ជើង​បួន សត្វ​លូនវារ​នៅ​លើ​ផែនដី និង​សត្វ​ហើរ​លើ​អាកាស​គ្រប់​ប្រភេទ។ ​១៣ពេលនោះ មាន​សំឡេង​មួយ​​ និយាយ​មក​គាត់​ថា​៖ «ពេត្រុស​អើយ! ចូរ​ក្រោក​ឡើង ហើយ​សម្លាប់​យក​ទៅ​បរិភោគ​ចុះ​!»​ ១៤ប៉ុន្ដែ​ លោក​ពេត្រុស​ឆ្លើយ​ថា​៖ «ទេ ព្រះអម្ចាស់​អើយ! ដ្បិត​ខ្ញុំ​មិន​ដែល​បរិភោគ​អ្វី​ដែល​មិន​បរិសុទ្ធ ឬ​មិន​ស្អាត​​ឡើយ» ១៥សំឡេង ​នោះ​បាន​និយាយ​មក​គាត់​ជា​លើក​ទី​ពីរ​​ថា​៖ «អ្វី​ៗ​ដែល​ព្រះជាម្ចាស់​បាន​សំអាត​រួច​ហើយ អ្នក​មិន​ត្រូវ​ថា ​មិន​ស្អាត​​​​ឡើយ» ១៦ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​បី​ដង ហើយ​វត្ថុ​នោះ​ត្រូវ​បាន​លើក​ឡើង​ទៅ​លើ​មេឃ​វិញ​ភ្លាម។​​

១៧ពេល​លោក​ពេត្រុស​ កំពុង​នឹកឆ្ងល់តែ​ម្នាក់ឯងអំពីសុបិននិមិត្ដ​​ ដែល​គាត់​បាន​ឃើញ​ ថាមាន​ន័យ​ដូចម្ដេចនោះ​ស្រាប់​តែ​ពួក​អ្នក​ ដែល​លោក​កូនេលាស​ចាត់​ឲ្យ​មក ​ ដែល​ក្រោយ​ពី​បាន​​សួររក​ផ្ទះ​របស់​លោក​ស៊ីម៉ូនរួច​ហើយ បាន​ឈរ​នៅ​មាត់​ទ្វារ ១៨ដោយ​ស្រែក​​សួរ​ថា តើ​លោក​ស៊ីម៉ូន ដែលហៅ​ថា​ពេត្រុស នៅ​ទី​នេះដែរឬ​ទេ។​ ១៩ពេល​លោកពេត្រុស ​កំពុងគិត​អំពី​សុបិន​និមិត្ដនោះ ​ព្រះ​វិញ្ញាណ ​មានបន្ទូល​មក​គាត់​ថា‍៖ «មើល៍ មាន​បុរស​បី​នាក់កំពុង​សួរ​រក​អ្នក​ ២០ដូច្នេះចូរ​ក្រោក​ឡើង ចុះ​ទៅ​ក្រោម ហើយ​ទៅ​ជាមួយ​ពួកគេ​ចុះ កុំ​រារែក​ឡើយ ព្រោះ​យើង​បាន​ចាត់​ពួកគេ​ឲ្យ​​មក»។

២១លោក​ពេត្រុស ​ក៏​ចុះ​មក​ជួប​អ្នក​ទាំង​នោះ ហើយ​ប្រាប់​ពួកគេ​ថា​៖ «មើល៍ ខ្ញុំ​នេះ​ហើយ​ ដែល​អ្នករាល់គ្នា​កំពុង​ស្វែងរក តើ​អ្នក​រាល់​គ្នា​មក​នេះ​មាន​ការ​អ្វី​?» ​២២ពួកគេ​ឆ្លើយ​ថា​៖ «លោក​​កូនេលាស​ជា​នាយទាហាន ជា​មនុស្ស​សុចរិត ជា​អ្នក​កោតខ្លាច​ព្រះជាម្ចាស់​ និង​មាន​កេរ្ដិ៍ឈ្មោះល្អ នៅក្នុង​ចំណោមជនជាតិយូដា​ទាំង​អស់ គាត់​បាន​ទទួល​ការ​បើកសំដែង​​ពី​ទេវតា​បរិសុទ្ធ​ឲ្យ​​មក​អញ្ជើញ​លោក​ទៅ​ផ្ទះ​របស់​គាត់ ដើម្បី​ស្ដាប់​ព្រះបន្ទូល​ពី​លោក»។​ ២៣ពេលនោះ លោក​ពេត្រុស​​ក៏​អញ្ជើញ​ពួកគេ​ឲ្យ​​ចូល​​ក្នុង​ផ្ទះ និង​បាន​ឲ្យ​​ពួកគេ​សម្រាក។ នៅ​ថ្ងៃ​បន្ទាប់​ គាត់​ក៏​ក្រោក​ឡើង ចេញ​ដំណើរ​ទៅ​ជាមួយ​ពួកគេ ​ទាំង​មាន​បងប្អូន​ខ្លះ​ពី​ក្រុង​យ៉ុបប៉េ​ រួម​ដំណើរ​ទៅ​ជាមួយ​ដែរ‍។​

២៤នៅ​ថ្ងៃ​បន្ទាប់ ពួកគេ​ក៏​ចូល​មក​ដល់​ក្រុង​សេសារា។ រីឯ​​លោក​កូនេលាស​វិញ បាន​រង់ចាំ​ពួកគេ​ ដោយ​បាន​ហៅ​សាច់​ញាតិ និង​មិត្ត​ជិត​ស្និទ្ធ​របស់​គាត់​មក​ជួបជុំ​គ្នា​រួច​ជា​ស្រេច។​ ២៥ពេល​លោក​ពេត្រុស​មក​ដល់ លោក​កូនេលាស​ក៏​ចេញ​មក​ទទួល ទាំងក្រាប​ថ្វាយ​បង្គំនៅ​ទៀបជើងរបស់​គាត់។ ​ ២៦ប៉ុន្ដែ​លោក​ពេត្រុស​ លើក​គាត់​ឡើង​ទាំង​ប្រាប់​ថា​៖​«ចូរ​ក្រោក​ឡើង​! ខ្ញុំ​ក៏​ជា​មនុស្ស​ដែរ»​ ២៧រួច​គាត់ក៏​ចូលទៅក្នុងបណ្ដើរ​ និយាយជាមួយលោក​កូនេលាស​បណ្ដើរ ហើយ​ក៏​ឃើញ​មនុស្ស​ជា​ច្រើន​ បាន​ជួបជុំ​គ្នា​ជា​ស្រេច។

២៨ពេលនោះ​ លោក​ពេត្រុស​ក៏​និយាយ​​ទៅ​ពួកគេ​ថា​៖ «អ្នករាល់គ្នា​ដឹង​ច្បាស់​ហើយ​ថា ក្រឹត្យ​វិន័យ​ហាម​មិន​ឲ្យ​​ជនជាតិ​យូដា​សេពគប់ ឬ​សួរ​សុខ​ទុក្ខ​​សាសន៍ដទៃ ប៉ុន្ដែ​ព្រះជាម្ចាស់​បាន​បង្ហាញ​ខ្ញុំ​ថា មិន​ត្រូវ​ថា​អ្នក​ណា​ម្នាក់​​មិន​បរិសុទ្ធ ឬ​មិន​ស្អាត​​​ឡើយ។ ​២៩ហេតុនេះ​បានជា​ពេល​អ្នករាល់គ្នា​ហៅ​ខ្ញុំ​មក ខ្ញុំ​ក៏​មក​ដោយ​ឥត​ប្រកែក ដូច្នេះខ្ញុំ​សូម​សួរ​អ្នករាល់គ្នា​ថា តើ​អ្នករាល់គ្នា​ហៅ​ខ្ញុំ​មក​នេះ​មាន​ការ​អ្វី​ដែរ‍?» ៣០លោក​កូនេលាស​ ក៏​ប្រាប់​ថា​៖ «កាល​ពី​បួន​ថ្ងៃ​មុន ម៉ោង​ប្រហែល​ថ្មើរនេះ ពេល​ខ្ញុំ​កំពុង​អធិស្ឋាន​ក្នុង​ផ្ទះ​របស់​ខ្ញុំ​ នៅ​ម៉ោង​បី​រសៀល ស្រាប់​តែ​​មាន​បុរស​ម្នាក់​ ស្លៀក​ពាក់​ភ្លឺ​ចិញ្ចាច​ ឈរ​នៅ​ចំពោះ​មុខ​ខ្ញុំ​ ៣១ហើយ​និយាយ​មក​ខ្ញុំ​ថា ​កូនេលាស​អើយ​! ព្រះ​ជាម្ចាស់បាន​ឮ​សេចក្ដី​អធិស្ឋាន​របស់​អ្នក ហើយ​​ក៏​បាន​នឹកចាំ​ ការ​ដាក់ទាន​របស់​អ្នក​ដែរ​ ៣២ដូច្នេះ ចូរ​ចាត់​គេ​ឲ្យ​​ទៅ​ក្រុង​យ៉ុបប៉េ​ ហើយ​អញ្ជើញស៊ីម៉ូន​ ដែល​ហៅ​ថាពេត្រុស​ឲ្យ​​មក ដ្បិត​គាត់​កំពុង​ស្នាក់​នៅ​ផ្ទះ​របស់​ស៊ីម៉ូន​ ជា​អ្នក​សម្លាប់ស្បែក​ដែល​នៅ​ក្បែរ​មាត់សមុទ្រ។ ៣៣ដូច្នេះ ខ្ញុំ​ក៏​ចាត់​គេ​ឲ្យ​​ទៅ​អញ្ជើញ​លោក​ភ្លាម ហើយ​​ជាការ​ប្រសើរ​ណាស់ ​​ដែល​លោក​បាន​អញ្ជើញ​មក។ ឥឡូវ​នេះ យើង​ទាំងអស់​គ្នា​ កំពុង​នៅក្នុង​ព្រះវត្ដមាន​របស់​ព្រះជាម្ចាស់ ដើម្បី​​ស្ដាប់​សេចក្ដី​ទាំងឡាយ​ ដែល​ព្រះ​អម្ចាស់​បាន​បង្គាប់​មក​លោក»។​

សាសន៍​ដទៃ​បាន​ឮ​ដំណឹង​ល្អ

៣៤លោក​ពេត្រុស​ ចាប់ផ្ដើម​និយាយ​ ថា​៖ «ឥឡូវ​នេះ ខ្ញុំ​យល់​ច្បាស់​ហើយ​ថា ព្រះជាម្ចាស់ ​មិន​មែន​ជា​ព្រះ​ដែល​លំអៀង​ទេ​ ៣៥គឺ​នៅក្នុង​ចំណោមជន​ជាតិ​​ទាំងអស់ អ្នកណា​ក៏ដោយ​ដែល​កោត​ខ្លាចព្រះអង្គ ហើយ​ប្រពឹ្រត្ត​​អំពើ​សុចរិត ព្រះអង្គ​ទទួល​យក​អ្នក​នោះ។ ៣៦អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​ប្រទាន​ដល់កូនចៅ​អ៊ីស្រាអែល​បានប្រកាសប្រាប់​អំពី​ ដំណឹងល្អ​នៃ​សេចក្ដី​សុខសាន្ដ​តាម​រយៈ​​ព្រះ​យេស៊ូ​គិ្រស្ដដែល​ជា​ព្រះអម្ចាស់​លើ​ទាំងអស់ ៣៧គឺ​អំពីហេតុការណ៍​ ដែល​បានកើតឡើង​ពាស​ពេញ​ស្រុក​យូដា​ទាំង​មូល​ ចាប់​តាំង​ពី​ស្រុក​កាលីឡេទៅ គឺ​នៅក្រោយ​ដែល​លោក​យ៉ូហាន​​ បាន​ប្រកាស​អំពី​ពិធី​ជ្រមុជ​ទឹក ៣៨គឺ​អំពី​ព្រះ​យេស៊ូ​ ជា​អ្នកក្រុង​ណាសារ៉ែត​​ ដែលព្រះជាម្ចាស់​បាន​តាំង​ព្រះអង្គ​ឡើង ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ និង​អំណាច ព្រមទាំង​អំពី​របៀប​​ដែល​ព្រះយេស៊ូ​ បាន​យាង​ទៅ​ធ្វើ​ការ​ល្អ និង​បាន​ប្រោស​អស់​អ្នក​ដែល​មាន​អារក្ស​សង្កត់​សង្កិន​ឲ្យ​​បាន​ជា ព្រោះព្រះជា​ម្ចាស់​គង់​ជាមួយ​ព្រះអង្គ។​ ៣៩រីឯ​យើង​ គឺ​ជា​សាក្សីអំពី​ហេតុការណ៍​ទាំង​ឡាយ ដែល​ព្រះយេស៊ូ​បាន​ធ្វើ​ ទាំង​នៅ​ក្នុង​ស្រុក​របស់​ជន​ជាតិ​​​យូដា និង​ក្នុង​ក្រុង​យេរូសាឡិម។​ ពួកគេ​បាន​សម្លាប់​ព្រះអង្គ ដោយ​ព្យួរ​ព្រះអង្គ​នៅ​លើ​ឈើ​ឆ្កាង។​ ៤០ប៉ុន្ដែ​ ព្រះជាម្ចាស់​បាន​ប្រោស​ព្រះអង្គ​​ឲ្យ​​រស់ឡើងវិញ​នៅ​ថ្ងៃ​ទី​បី ព្រមទាំង​ប្រោស​ប្រទាន​ ឲ្យ​​គេ​មើលឃើញ​ព្រះអង្គ​ ៤១មិន​មែន​សម្រាប់​មនុស្ស​គ្រប់គ្នា​ទេ គឺ​សម្រាប់​តែ​ពួក​សាក្សី​ ដែល​ព្រះជាម្ចាស់​ បាន​ជ្រើសរើស​ជាមុន​ប៉ុណ្ណោះ នោះ​គឺ​​យើង​នេះ​ហើយដែល​បាន​បរិភោគ និង​បាន​ផឹក​ជាមួយ​ព្រះអង្គ ក្រោយ​ពេល​ព្រះអង្គ​រស់​ពី​ការ​សោយ​ទិវង្គត​ឡើងវិញ។​

៤២ព្រះអង្គ​បាន​បង្គាប់​​យើង​ឲ្យ​​ប្រកាស​ប្រាប់​មនុស្ស និង​ឲ្យ​​ធ្វើទីបន្ទាល់​ថា គឺ​ព្រះអង្គ​នេះ​ហើយ ដែល​ព្រះជាម្ចាស់​បាន​តែងតាំង​ឲ្យ​​ធ្វើ​ជា​ចៅក្រម​លើ​មនុស្ស​​រស់ និង​មនុស្ស​ស្លាប់​ ៤៣អ្នក​នាំ​ព្រះបន្ទូលទាំងអស់​ បាន​ធ្វើបន្ទាល់​អំពី​ព្រះអង្គ​នេះ​ថា ដោយសារ​ព្រះនាម​របស់​ព្រះអង្គ​ អស់​អ្នក​ដែល​ជឿ​លើ​ព្រះអង្គ​ នឹងទទួល​បាន​ការ​លើកលែង​ទោស​បាប»។​

សាសន៍​ដទៃ​ទទួល​ព្រះវិញ្ញាណបរិសុទ្ធ​

៤៤ពេល​លោក​ពេត្រុស ​កំពុង​និយាយ​អំពី​សេចក្ដី​ទាំងនេះ​នៅឡើយ នោះ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ ក៏​មក​សណ្ឋិត​លើ​អ្នក​ទាំងអស់​ ដែល​កំពុង​ស្ដាប់​ព្រះ​បន្ទូល​ ៤៥ដូច្នេះ អ្នក​ជឿ​ទាំងឡាយ​​​​ក្នុង​ចំណោម​ពួក​អ្នក​កាត់ស្បែក​​​​ ដែល​​មក​ជាមួយ​​លោក​ពេត្រុស​ បានស្ញប់ស្ញែង​ជាខ្លាំង ​ព្រោះព្រះជា​ម្ចាស់​ ក៏​ប្រទាន​ព្រះ​វិញ្ញាណ​បរិសុទ្ធដល់​​សាសន៍​ដទៃដែរ​ ៤៦ដ្បិត​ពួកគេ​បាន​ឮ អ្នក​ទាំងនោះ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​​ ទាំង​លើក​​​តម្កើង​ព្រះជាម្ចាស់។ នោះលោក​ពេត្រុស​និយាយ​ថា​៖​ ៤៧«តើ​មាន​នរណា​អាច​រា​រាំង​អ្នក​ទាំងនេះ​ ដែល​បាន​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដូចជា​យើង មិន​ឲ្យ​​ទទួលពិធី​ជ្រមុជទឹកបាន​?»​​ ៤៨ហើយ​គាត់​​ក៏​បង្គាប់​ពួកគេ​ឲ្យ​​ទទួលពិធី​ជ្រមុជទឹក​​ក្នុង​ព្រះនាម​របស់​ព្រះ​យេស៊ូ​គ្រិស្ដ។​ បន្ទាប់​មក​ ពួកគេ​ក៏​សុំ​ឲ្យ​​គាត់​ស្នាក់​នៅ​​ជា​ច្រើន​​ថ្ងៃទៀត។

កិច្ចការ ១០