កិច្ចការ ១
កិច្ចការ
សេចក្ដីសន្យាអំពីព្រះវិញ្ញាណបរិសុទ្ធ
១ឱលោកថេវភីលអើយ! នៅក្នុងសៀវភៅទីមួយ ខ្ញុំបានសរសេរអំពីកិច្ចការទាំងឡាយ ដែលព្រះយេស៊ូបានចាប់ផ្តើមធ្វើ និងបង្រៀន ២រហូតដល់ថ្ងៃដែលព្រះជាម្ចាស់បានលើកព្រះអង្គឡើងទៅស្ថានសួគ៌វិញ បន្ទាប់ពីព្រះអង្គបានប្រទានសេចក្ដីបង្គាប់តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដល់ពួកសាវក ដែលព្រះអង្គបានជ្រើសរើស។ ៣ក្រោយពីព្រះអង្គ បានរងទុក្ខវេទនារួចហើយ ព្រះអង្គបានបង្ហាញខ្លួន ដល់ពួកសាវក ទាំងនេះដោយប្រទានភស្ដុតាងជាក់ស្ដែងជាច្រើនថា ព្រះអង្គមានព្រះជន្មរស់។ ព្រះអង្គបានបង្ហាញខ្លួន ដល់ពួកគេរយៈពេលសែសិបថ្ងៃ ហើយបានមានបន្ទូលអំពីនគរព្រះជាម្ចាស់។ ៤កាលកំពុងបរិភោគជាមួយគ្នា ព្រះអង្គបានបង្គាប់ពួកគេថា៖ «ចូរកុំចាកចេញពីក្រុងយេរូសាឡិមឡើយ គឺត្រូវរង់ចាំសេចក្ដីសន្យារបស់ព្រះវរបិតា ដូចដែលខ្ញុំបានប្រាប់អ្នករាល់គ្នារួចហើយ ៥ដ្បិតលោកយ៉ូហាន បានធ្វើពិធីជ្រមុជដោយទឹក ប៉ុន្ដែនៅប៉ុន្មានថ្ងែទៀតនេះ អ្នករាល់គ្នានឹងទទួលពិធីជ្រមុជ ដោយព្រះវិញ្ញាណបរិសុទ្ធ»។
ព្រះយេស៊ូយាងឡើងទៅស្ថានសួគ៌វិញ
៦កាលអ្នកទាំងនោះ មកជួបជុំគ្នាហើយពួកគេ ក៏សួរព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! តើព្រះអង្គនឹងស្ដារនគរអ៊ីស្រាអែល ឡើងវិញនៅពេលនេះឬ?» ៧ព្រះអង្គមានបន្ទូល ទៅពួកគេវិញថា៖ «អ្នករាល់គ្នាមិនចាំបាច់ត្រូវដឹង ពីពេលវេលា ឬកាលកំណត់ ដែលព្រះវរបិតាបានកំណត់ទុកដោយសិទ្ធិអំណាចរបស់ព្រះអង្គឡើយ ៨ប៉ុន្ដែ អ្នករាល់គ្នានឹងទទួលអំណាចនៅពេលដែលព្រះវិញ្ញាណបរិសុទ្ធ យាងមកសណ្ឋិតលើអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្វើជាបន្ទាល់របស់ខ្ញុំ នៅក្រុងយេរូសាឡិម និងស្រុកយូដាទាំងមូល និងស្រុកសាម៉ារី រហូតដល់ចុងបំផុតនៃផែនដី»។ ៩កាលព្រះអង្គបានមានបន្ទូល អំពីសេចក្ដីទាំងនេះរួចហើយ នោះព្រះជាម្ចាស់ ក៏លើកព្រះអង្គឡើងទៅ ហើយពេលពួកគេកំពុងសម្លឹងមើល ក៏មានពពកមួយផ្ទាំង មកទទួលព្រះអង្គ ចេញពីភ្នែករបស់ពួកគេ។ ១០ពេលពួកគេកំពុងសម្លឹងមើលមេឃ នៅពេលព្រះអង្គកំពុងយាងទៅនោះស្រាប់តែមានបុរសពីរនាក់ ស្លៀកពាក់ស ឈរនៅក្បែរពួកគេ ១១ហើយនិយាយថា៖ «ពួកអ្នកស្រុកកាលីឡេអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាឈរសម្លឹងមើលមេឃដូច្នេះ? ព្រះយេស៊ូ ដែលព្រះជាម្ចាស់បានលើកឡើងពីចំណោមអ្នករាល់គ្នា ទៅឯស្ថានសួគ៌នេះ ព្រះអង្គនឹងយាងត្រលប់មកវិញ តាមរបៀបដដែល ដូចដែលអ្នករាល់គ្នាបានឃើញព្រះអង្គយាងឡើងទៅស្ថានសួគ៌»។
លោកម៉ាត់ធាសជំនួសយូដាសក្នុងចំណោមពួកសាវក
១២បន្ទាប់មក ពួកគេក៏ត្រលប់ពីភ្នំដើមអូលីវទៅក្រុងយេរូសាឡិមវិញ ភ្នំនោះនៅជិតក្រុងយេរូសាឡិម គឺមានចម្ងាយដើរអស់មួយថ្ងៃសប្ប័ទ។ ១៣ពេលចូលដល់ក្នុងក្រុងហើយ ពួកគេក៏ឡើងទៅបន្ទប់ជាន់លើ ជាកន្លែងដែលពួកគេស្នាក់នៅ។ ពួកគេទាំងនោះមាន លោកពេត្រុស លោកយ៉ូហាន លោកយ៉ាកុប លោកអនទ្រេ លោកភីលីព លោកថូម៉ាស លោកបារថូឡូមេ លោកម៉ាថាយ លោកយ៉ាកុប ត្រូវជាកូនរបស់លោកអាល់ផាយ លោកស៊ីម៉ូនជាអ្នកជាតិនិយម និងលោកយូដាសត្រូវជាកូនរបស់លោកយ៉ាកុប។ ១៤ពួកអ្នកទាំងអស់នេះព្រមព្រៀងគ្នា បន្ដអធិស្ឋានជាមួយនាងម៉ារា ត្រូវជាម្ដាយរបស់ព្រះយេស៊ូ និងប្អូនៗរបស់ព្រះអង្គ ព្រមទាំងស្ត្រីឯទៀតៗដែរ។
១៥នៅគ្រានោះ លោកពេត្រុសបានក្រោកឈរឡើងក្នុងចំណោមពួកបងប្អូន (ដែលមានគ្នាចំនួនប្រហែលជាមួយរយម្ភៃនាក់នៅទីនោះ) ហើយនិយាយថា៖ ១៦«បងប្អូនអើយ! បទគម្ពីរដែលព្រះវិញ្ញាណបរិសុទ្ធ បានមានបន្ទូលទុកតាមរយៈមាត់របស់ស្ដេចដាវីឌ អំពីយូដាស ដែលត្រលប់ជាអ្នកនាំគេមកចាប់ព្រះយេស៊ូនោះ ត្រូវតែបានសម្រេច។ ១៧ព្រោះគាត់ ក៏ត្រូវបានរាប់ជាគ្នាយើង ហើយបានទទួលចំណែកនៅក្នុងកិច្ចការ នេះដែរ។
១៨បន្ទាប់មក អ្នកនេះបានយកបា្រក់រង្វាន់នៃអំពើទុច្ចរិតរបស់ខ្លួន ទៅទិញដីស្រែមួយកន្លែង ហើយក៏ដួលផ្កាប់មុខធ្លាយពោះ ចេញពោះវៀនមកក្រៅទាំងអស់ ១៩ហើយពួកអ្នកនៅក្រុងយេរូសាឡិម បានដឹងរឿងនេះគ្រប់គ្នា ដូច្នេះពួកគេក៏ហៅដីនោះ ជាភាសារបស់ពួកគេផ្ទាល់ថា អាកិលដាម៉ា ដែលមានន័យថា «ស្រែឈាម»។ ២០សេចក្ដីនេះ មានចែងទុកក្នុងគម្ពីរទំនុកតម្កើងថា៖ «ចូរឲ្យលំនៅរបស់វា ត្រលប់ជាទីសោះកក្រោះ ហើយកុំឲ្យមានមនុស្សណាម្នាក់រស់នៅទីនោះ» និង «ចូរឲ្យអ្នកផ្សេងទៀត ទទួលយកកិច្ចការរបស់វាចុះ» ២១ដូច្នេះ ត្រូវតែឲ្យម្នាក់ពីអ្នកទាំងនេះ ដែលបាននៅជាមួយយើងគ្រប់ពេលវេលា ក្នុងកាលដែលព្រះអម្ចាស់យេស៊ូ គង់នៅក្នុងចំណោមយើងនៅឡើយ ២២គឺចាប់តាំងពីគ្រាដែលយ៉ូហាន ធ្វើពិធីជ្រមុជទឹក រហូតដល់ថ្ងៃដែលព្រះជាម្ចាស់ បានលើកព្រះអង្គចេញពីយើងទៅ គឺត្រូវឲ្យម្នាក់នោះធ្វើជាសាក្សីជាមួយយើង អំពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គ»។
២៣ដូច្នេះ ពួកគេក៏ជ្រើសរើសមនុស្សពីរនាក់ គឺលោកម៉ាត់ធាស និងលោកយ៉ូសែប ដែលហៅថា បារសាបាស ឬយូស្ទុស។ ២៤បន្ទាប់មក ពួកគេបានអធិស្ឋានថា៖ «ឱព្រះអម្ចាស់អើយ! ព្រះអង្គយល់ចិត្ដមនុស្សគ្រប់គ្នា សូមបង្ហាញឲ្យយើងដឹងថា ព្រះអង្គជ្រើសរើសអ្នកណាម្នាក់ ក្នុងចំណោមអ្នកទាំងពីរនេះ ២៥ដើម្បីទទួលយកកិច្ចការនេះ ព្រមទាំងតួនាទីជាសាវកជំនួសយូដាសដែលបានបែរចេញ ហើយទៅតាមផ្លូវរបស់គាត់»។ ២៦បន្ទាប់មកពួកគេក៏ចាប់ឆ្នោត ហើយចាប់ចំលោកម៉ាត់ធាស ដូច្នេះពួកគេក៏រាប់បញ្ចូល លោកម៉ាត់ធាសជាមួយពួកសាវកទាំងដប់មួយ។