៣ យ៉ូហាន
៣ យ៉ូហាន
ពាក្យជម្រាបសួរពីលោកយ៉ូហាន
១ខ្ញុំជាចាស់ទុំ ជូនចំពោះលោកកៃយុសជាទីស្រឡាញ់ ដែលខ្ញុំស្រឡាញ់នៅក្នុងសេចក្ដីពិត។ ២ប្អូនជាទីស្រឡាញ់អើយ! ខ្ញុំអធិស្ឋាន សូមឲ្យអ្នកបានចម្រើនឡើង ក្នុងគ្រប់ការទាំងអស់ ហើយឲ្យមានសុខភាពល្អ ដូចជាព្រលឹងរបស់អ្នកបានចម្រើនឡើងដែរ។ ៣ខ្ញុំត្រេកអរខ្លាំងណាស់ ព្រោះមានបងប្អូនមកធ្វើបន្ទាល់អំពីអ្នកថា បាននៅក្នុងសេចក្តីពិត ដូចដែលអ្នកកំពុងប្រព្រឹត្តតាមសេចក្ដីពិតនោះហើយ។ ៤ខ្ញុំគ្មានអំណរណាលើសជាងសេចក្ដីទាំងនេះទេ គឺដោយខ្ញុំបានឮថា កូនៗរបស់ខ្ញុំកំពុងប្រព្រឹត្តតាមសេចក្ដីពិត។
ការគាំពារអ្នកបម្រើព្រះអម្ចាស់
៥ប្អូនជាទីស្រឡាញ់អើយ! អ្វីៗដែលអ្នកបានធ្វើសម្រាប់ពួកបងប្អូន និងសម្រាប់អ្នកក្រៅ គឺអ្នកបានធ្វើដោយស្មោះត្រង់ ៦ហើយពួកគេបានធ្វើបន្ទាល់អំពីសេចក្ដីស្រឡាញ់របស់អ្នកនៅចំពោះមុខក្រុមជំនុំ។ ពេលអ្នកជូនដំណើរពួកគេបន្ដទៀត តាមបែបស័ក្តិសមនឹងព្រះជាម្ចាស់ នោះអ្នកធ្វើល្អហើយ ៧ដ្បិតគេបានចេញទៅ ដោយព្រោះព្រះនាមរបស់ព្រះអង្គ ហើយគេពុំបានទទួលអ្វីពីសាសន៍ដទៃឡើយ។ ៨ដូច្នេះ យើងត្រូវជួយទំនុកបម្រុងមនុស្សបែបនេះ ដើម្បីឲ្យយើងត្រលប់ជាអ្នករួមការងារសម្រាប់សេចក្ដីពិត។
៩ខ្ញុំបានសរសេរសេចក្ដីខ្លះ ជូនក្រុមជំនុំ ប៉ុន្ដែលោកឌីអូត្រេព ដែលចូលចិត្តធ្វើជាអ្នកធំក្នុងចំណោមពួកគេ គាត់មិនទទួលយើងទេ ១០ដូច្នេះ ពេលខ្ញុំមកដល់ ខ្ញុំនឹងរំឭកពីការដែលគាត់ធ្វើ គាត់ចេះតែនិយាយអំពីយើង ដោយពាក្យអាក្រក់ ហើយប៉ុណ្ណឹងមិនស្កប់ចិត្តទេ គាត់ថែមទាំងមិនទទួលបងប្អូន ហើយហាមឃាត់អស់អ្នកដែលចង់ទទួល ទាំងបណ្ដេញពួកគេចេញពីក្រុមជំនុំទៀតផង។
១១ប្អូនជាទីស្រឡាញ់អើយ! ចូរត្រាប់តាមសេចក្ដីល្អ កុំឲ្យត្រាប់តាមសេចក្ដីអាក្រក់ឡើយ អ្នកដែលប្រព្រឹត្តល្អ អ្នកនោះមកពីព្រះជាម្ចាស់ហើយ រីឯអ្នកដែលប្រព្រឹត្តអាក្រក់វិញ អ្នកនោះមិនបានឃើញព្រះជាម្ចាស់ឡើយ។
១២មនុស្សទាំងអស់ ព្រមទាំងសេចក្ដីពិតក៏ធ្វើបន្ទាល់ល្អៗពីលោកដេមេទ្រាស រីឯយើងវិញក៏ធ្វើបន្ទាល់ដែរ ហើយអ្នកក៏ដឹងដែរថា សេចក្ដីបន្ទាល់របស់យើងជាពិត។
សេចក្ដីបញ្ចប់
១៣ខ្ញុំមានសេចក្ដីជាច្រើន ដែលត្រូវសរសេរមកអ្នក ប៉ុន្ដែខ្ញុំមិនចង់សរសេរដោយស្លាបប៉ាកកា និងទឹកខ្មៅនោះទេ ១៤ព្រោះខ្ញុំសង្ឃឹមថា ខ្ញុំនឹងជួបអ្នកឆាប់ៗនេះ ហើយនិយាយដោយផ្ទាល់មាត់។
១៥សូមឲ្យអ្នក បានប្រកបដោយសេចក្ដីសុខសាន្ត។ មិត្ដសម្លាញ់ដែលនៅទីនេះក៏ជម្រាបសួរមកអ្នកដែរ សូមជម្រាបសួរដល់មិត្ដសម្លាញ់ ដែលនៅទីនោះតាមឈ្មោះផង៕