២ ធីម៉ូថេ ៣
ការអាក្រក់នៅថ្ងៃចុងក្រោយ
៣ប៉ុន្ដែចូរដឹងការនេះចុះថា នៅថ្ងៃចុងក្រោយបង្អស់ នឹងមានគ្រាលំបាកមកដល់។ ២ដ្បិតនៅគ្រានោះ មនុស្សនឹងស្រឡាញ់តែខ្លួនឯង ស្រឡាញ់លុយ អំនួត ក្អេងក្អាង ប្រមាថមើលងាយ មិនស្តាប់បង្គាប់ឪពុកម្តាយ រមិលគុណ មិនបរិសុទ្ធ ៣គ្មានសេចក្ដីស្រឡាញ់ គ្មានការសម្រុះសម្រួល និយាយមួលបង្កាច់ មិនចេះទប់ចិត្ត សាហាវ ស្អប់ការល្អ ៤មានចិត្តក្បត់ ឆាប់ច្រឡោត មានចិត្តធំ ស្រឡាញ់ការសប្បាយ ជាងស្រឡាញ់ព្រះជាម្ចាស់ ៥មានឫកពា ជាអ្នកគោរពកោតខ្លាចព្រះជាម្ចាស់ ប៉ុន្ដែមិនទទួលស្គាល់អំណាចនៃការគោរពបម្រើ ព្រះជាម្ចាស់ទេ។ ដូច្នេះ ចូរបែរចេញពីមនុស្សទាំងនោះចុះ ៦ដ្បិតពីចំណោមពួកគេទាំងនោះ មានអ្នកខ្លះ បានលបចូលទៅក្នុងផ្ទះនានា ហើយទាក់យកស្រីល្ងង់ខ្លៅ ដែលមានបាបពោរពេញ ជាស្រីដែលបណ្តោយតាមចំណង់តណ្ហាផ្សេងៗ ៧ស្រ្ដីទាំងនោះរៀនរហូត ប៉ុន្ដែនៅតែមិនអាចស្គាល់សេចក្ដីពិតបានឡើយ ៨គឺដូចដែលយ៉ានេស និងយ៉ាមប្រេសបានប្រឆាំងនឹងលោកម៉ូសេជាយ៉ាងណា អ្នកទាំងនោះក៏ប្រឆាំង នឹងសេចក្ដីពិតជាយ៉ាងនោះដែរ គំនិតរបស់ពួកគេខូចអស់ហើយ រីឯជំនឿរបស់ពួកគេគ្មានប្រយោជន៍ឡើយ។ ៩ពួកគេទៅមុខទៀតមិនបានឆ្ងាយឡើយ ដ្បិតមនុស្សទាំងអស់ នឹងឃើញសេចក្ដីល្ងង់ខ្លៅរបស់ពួកគេយ៉ាងច្បាស់ ដូចជាសេចក្ដីល្ងង់ខ្លៅរបស់យ៉ានេស និងយ៉ាមប្រេសដែរ។
លោកប៉ូលណែនាំធីម៉ូថេ
១០រីឯអ្នកវិញ អ្នកបានស្គាល់អំពីសេចក្ដីបង្រៀនរបស់ខ្ញុំ កិរិយាប្រព្រឹត្ដ គោលបំណង ជំនឿ សេចក្ដីអត់ធ្មត់ សេចក្ដីស្រឡាញ់ ការស៊ូទ្រាំ ១១ព្រមទាំងការបៀតបៀន និងការរងទុក្ខលំបាកដែលបានកើតឡើងចំពោះខ្ញុំ នៅក្រុងឤន់ទីយ៉ូក ក្រុងអ៊ីកូនាម និងក្រុងលីស្រ្តា គឺខ្ញុំបានស៊ូទ្រាំនឹងការបៀតបៀនយ៉ាងខ្លាំង ប៉ុន្ដែព្រះអម្ចាស់បានសង្គ្រោះខ្ញុំ ពីសេចក្តីទាំងអស់នោះ ១២ហើយអស់អ្នក ដែលចង់រស់នៅដោយគោរពកោតខ្លាចព្រះជាម្ចាស់ ក្នុងព្រះគ្រិស្ដយេស៊ូ ក៏នឹងត្រូវគេបៀតបៀនដែរ ១៣រីឯមនុស្សអាក្រក់ និងពួកបោកប្រាសវិញ នឹងកាន់តែអាក្រក់ទៅៗ ទាំងបោកបញ្ឆោតគេ ហើយខ្លួនឯងក៏ចាញ់បោកគេដែរ ១៤ប៉ុន្តែអ្នកវិញ ចូរនៅជាប់ក្នុងសេចក្ដីដែលអ្នកបានរៀន និងជឿប្រាកដ ដោយដឹងថា អ្នកបានរៀនពីអ្នកណា ១៥ហើយអ្នកបានស្គាល់បទគម្ពីរបរិសុទ្ធតាំងពីតូច ដែលអាចនាំឲ្យអ្នកមានប្រាជ្ញា ដើម្បីទទួលសេចក្ដីសង្គ្រោះតាមរយៈជំនឿលើ ព្រះគ្រិស្ដយេស៊ូ ១៦ដ្បិតគ្រប់ទាំងបទគម្ពីរ ព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណ មកបណ្ដាលឲ្យសរសេរឡើង ហើយមានប្រយោជន៍សម្រាប់ការបង្រៀន ការរំឮកឲ្យដឹងខ្លួន ការកែតម្រង់ និងការអប់រំអំពីសេចក្ដីសុចរិត ១៧ដើម្បីឲ្យអ្នកសំណព្វរបស់ព្រះជាម្ចាស់បានគ្រប់លក្ខណ៍ ហើយត្រៀមជាស្រេចសម្រាប់ការល្អគ្រប់បែបយ៉ាង។