២ ថែស្សាឡូនីច ៣
សំណូមពរអធិស្ឋានរបស់លោកប៉ូល
៣នៅទីបញ្ចប់នេះ បងប្អូនអើយ! សូមអធិស្ឋានឲ្យយើងផង ដើម្បីឲ្យព្រះបន្ទូលរបស់ព្រះអម្ចាស់បានប្រកាសចេញទៅ យ៉ាងឆាប់រហ័ស និងទទួលបានការសរសើរ ដូចជានៅក្នុងចំណោមអ្នករាល់គ្នាដែរ ២ហើយឲ្យយើងបានរួចផុតពីមនុស្សពាល និងពីមនុស្សអាក្រក់ ដ្បិតមិនមែនគ្រប់គ្នាសុទ្ធតែមានជំនឿទេ ៣ប៉ុន្ដែព្រះអម្ចាស់ស្មោះត្រង់ ព្រះអង្គនឹងពង្រឹងអ្នករាល់គ្នា ឲ្យមាំមួនឡើង ហើយការពារអ្នករាល់គ្នាពីអារក្សសាតាំងផង។ ៤យើងក៏ជឿជាក់នៅក្នុងព្រះអម្ចាស់ អំពីអ្នករាល់គ្នាដែរថា អ្នករាល់គ្នាកំពុងប្រព្រឹត្ត ហើយនឹងប្រព្រឹត្តតទៀតតាមសេចក្ដី ដែលយើងបានបង្គាប់មកអ្នករាល់គ្នា។ ៥សូមព្រះអម្ចាស់នាំចិត្តអ្នករាល់គ្នា ទៅក្នុងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ និងការស៊ូទ្រាំរបស់ព្រះគ្រិស្ដចុះ។
ការទូន្មានដល់ការរស់នៅគ្មាន សណ្តាប់ធ្នាប់
៦ឥឡូវនេះ បងប្អូនអើយ! យើងបង្គាប់អ្នករាល់គ្នាក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើងថា ចូរចៀសឲ្យផុតពីបងប្អូនណា ដែលរស់នៅគ្មានសណ្ដាប់ធ្នាប់ ហើយមិនស្របតាមសេចក្តីដែលអ្នករាល់គ្នា បានរៀនពីយើង ៧ដ្បិតអ្នករាល់គ្នាដឹងហើយថា ត្រូវយកតម្រាប់តាមយើងរបៀបណា ព្រោះយើងមិនបានរស់នៅដោយគ្មានសណ្ដាប់ធ្នាប់ក្នុងចំណោមអ្នករាល់គ្នាទេ ៨យើងក៏មិនបាន បរិភោគអាហាររបស់អ្នកណាម្នាក់ដោយទទេដែរ គឺយើងធ្វើការនឿយហត់ ហើយលំបាកទាំងយប់ទាំងថ្ងៃ ដើម្បីកុំឲ្យយើងទៅជាបន្ទុកដល់អ្នកណាម្នាក់ ក្នុងចំណោមអ្នករាល់គ្នាឡើយ ៩នេះមិនមែនមានន័យថា យើងគ្មានសិទ្ធិនោះទេ គឺយើងធ្វើជាគំរូ ដើម្បីឲ្យអ្នករាល់គ្នា យកតម្រាប់តាមយើងវិញ ១០ដ្បិតកាលយើងនៅជាមួយអ្នករាល់គ្នា យើងបានបង្គាប់អ្នករាល់គ្នា អំពីការនេះដែរថា បើអ្នកណាមិនចង់ធ្វើការ មិនត្រូវឲ្យអ្នកនោះបរិភោគទេ ១១ព្រោះយើងឮថា មានអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នារស់នៅគ្មានសណ្ដាប់ធ្នាប់ ហើយមិនធ្វើការអ្វីសោះ ប៉ុន្តែចូលចិត្តជ្រៀតជ្រែកកិច្ចការអ្នកដទៃ។
១២ដូច្នេះយើងបង្គាប់ និងដាស់តឿនដល់មនុស្សបែបនោះ ក្នុងព្រះអម្ចាស់យេស៊ូគ្រិស្ដថា សូមឲ្យពួកគេធ្វើការដោយស្ងៀមស្ងាត់ ហើយបរិភោគអាហាររបស់ខ្លួនចុះ។ ១៣ចំពោះអ្នករាល់គ្នាវិញ បងប្អូនអើយ! កុំនឿយណាយនឹងប្រព្រឹត្តល្អឡើយ។ ១៤បើអ្នកណាមិនស្តាប់តាម ពាក្យសំដីរបស់យើងក្នុងសំបុត្រនេះទេ ចូរសំគាល់អ្នកនោះចុះ ហើយកុំឲ្យមានទំនាក់ទំនងជាមួយគេឡើយ ដើម្បីឲ្យគេខ្មាស ១៥ប៉ុន្ដែមិនត្រូវរាប់គេជាសត្រូវឡើយ ផ្ទុយទៅវិញ ត្រូវដាស់តឿនគេដូចជាបងប្អូនវិញ។
ពាក្យជម្រាបសួរចុងក្រោយរបស់ លោកប៉ូល
១៦សូមព្រះអម្ចាស់នៃសេចក្ដីសុខសាន្តប្រទានសេចក្ដីសុខសាន្ត ដល់អ្នករាល់គ្នាគ្រប់ពេលវេលាជានិច្ច។ សូមព្រះអម្ចាស់គង់ជាមួយអ្នករាល់គ្នា។
១៧ខ្ញុំ ប៉ូល សរសេរពាក្យជម្រាបសួរនេះដោយផ្ទាល់ដៃ ហើយជាសំគាល់នៅក្នុងគ្រប់សំបុត្ររបស់ខ្ញុំ ខ្ញុំសរសេរដូច្នេះថា ១៨សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណរបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើង៕