KCB - ២ ថែស្សាឡូនីច ២


២ ថែស្សាឡូនីច ២

ព្រឹត្តិ​ការណ៍ដែលមាន​មុនព្រះ​​អម្ចាស់​​យាងមក

បងប្អូន​អើយ! ចំពោះ​ការ​យាង​មក​របស់​ព្រះយេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង និង​ការ​ដែល​យើង​ត្រូវ​ជួបជុំ​គ្នា​ នៅ​ចំពោះ​មុខ​​របស់ព្រះអង្គ​នោះ យើង​អង្វរ​អ្នករាល់គ្នា​ថា កុំ​ប្រញាប់​ជ្រួល​ច្របល់ ឬ​ស្លន់​ស្លោឡើយ​​ ទោះបីដោយសារវិញ្ញាណ​ណា ពាក្យ​សំដីណា​ ឬ​សំបុត្រណា​​ដែលទំនង​ជា​មក​ពី​យើង​​ក្ដីដែល​ថា ថ្ងៃ​​​របស់​ព្រះអម្ចាស់បាន​មក​ដល់ហើយ។ ​កុំ​ឲ្យអ្នក​ណា​ម្នាក់​ បញ្ឆោត​អ្នករាល់គ្នា​បាន ​ដោយរបៀប​ណា​មួយ​ឡើយ ដ្បិត​ថ្ងៃ​​​នោះ​នឹង​មិនមក​​ដល់​ឡើយ​​ លុះត្រា​​តែ​ការ​បះបោរ​ និង​អាប្រឆាំង​ច្បាប់​ គឺ​កូន​នៃ​សេចក្ដី​វិនាស​លេច​មក​ជា​មុន​សិន ​វា​គឺជា​អ្នក​ប្រឆាំង​ ហើយ​​លើក​តម្កើង​ខ្លួន​ខ្ពស់​ជាង​អ្វី​ៗដែល​គេ​ហៅថា​​ព្រះ ឬ​អ្វីៗ​ដែល​គេ​ថ្វាយបង្គំ​​ផង ដូច្នេះ​ហើយ​បាន​ជា​ វា​អង្គុយ​ក្នុង​ព្រះវិហារ​របស់​ព្រះជាម្ចាស់ ហើយ​តាំង​ខ្លួន​ជា​ព្រះ​ទៀត​ផង។​

តើ​អ្នករាល់គ្នា​មិន​ចាំ​ថា កាល​ខ្ញុំ​នៅ​ជាមួយ​អ្នករាល់គ្នា ខ្ញុំ​​បាន​ប្រាប់​អ្នករាល់គ្នា​អំពី​សេចក្ដី​ទាំង​នេះ​ហើយ​ទេឬ? ហើយ​ឥឡូវ​នេះ អ្នករាល់គ្នា​ស្គាល់​អ្វី​ដែល​ឃាត់វា​ហើយ ដើម្បី​ឲ្យវា​លេច​មក​តាមពេល​កំណត់​របស់​វា។ ​ដ្បិត​អាថ៌​កំបាំង​របស់ការប្រឆាំង​ច្បាប់ ​​កំពុង​ធ្វើ​សកម្មភាព​ស្រាប់​ហើយ ​គ្រាន់​តែ​ឥឡូវ​នេះ​មាន​អ្នក​កំពុង​​ឃាត់វា លុះត្រា​តែ​​អ្នកនោះត្រូវ​ដក​ចេញ​ ទើប​អាប្រឆាំង​ច្បាប់​​នោះលេច​មក ហើយ​ព្រះអម្ចាស់​យេស៊ូ​នឹង​សម្លាប់​វា ​ដោយ​ខ្យល់​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ ទាំង​ធ្វើ​ឲ្យវា​វិនាស ​ដោយ​រស្មី​ នៃ​ការ​យាង​មក​របស់​ព្រះអង្គ ​អាប្រឆាំង​ច្បាប់​នោះ​នឹង​មក​ ដោយសារ​អំណាច​​របស់​អារក្ស​សាតាំង ទាំង​មាន​​ឫទ្ធិ ទី​សំគាល់​ និង​ការ​អស្ចារ្យ​ក្លែង​ក្លាយ​គ្រប់​បែប​យ៉ាង ១០​ព្រមទាំង​ការ​ឆបោក​ដ៏​ទុច្ចរិត​គ្រប់​យ៉ាង ចំពោះអស់​អ្នក​ដែល​ត្រូវ​វិនាស ព្រោះ​ពួកគេ​មិន​ព្រម​ស្រឡាញ់​​​សេចក្ដី​ពិត ដើម្បី​ឲ្យ​បាន​សង្គ្រោះ​ឡើយ។

១១​ហេតុនេះ​ហើយ ​បាន​ជា​ព្រះជាម្ចាស់​ចាត់​​​ឲ្យ​សេចក្ដី​បោកប្រាស់​ដ៏មាន​អំណាច​​មក​ ដើម្បី​ឲ្យ​ពួកគេ​ជឿ​លើ​​សេចក្ដី​ភូតភរ ១២និង​ ដើម្បី​ឲ្យអស់​អ្នក​ដែល​មិន​ជឿលើ​សេចក្ដី​ពិត ប៉ុន្តែ​​ពេញ​ចិត្ត​នឹង​សេចក្ដី​ទុច្ចរិត​ត្រូវ​ទទួល​ទោស។

អ្នក​ជឿត្រូវឈរឲ្យ​មាំមួន

១៣​ឱ ​បងប្អូន ​ដែល​ព្រះអម្ចាស់ស្រឡាញ់​​អើយ! យើង​ត្រូវ​អរ​ព្រះគុណ​ព្រះជាម្ចាស់​ សម្រាប់​អ្នករាល់គ្នា​ជានិច្ច ព្រោះ​ព្រះជាម្ចាស់ ​បាន​ជ្រើស​រើស​អ្នករាល់គ្នា​ ទុក​ជា​ផល​ដំបូងសម្រាប់​​សេចក្ដី​សង្គ្រោះ ដោយសារ​​ព្រះ​វិញ្ញាណ​​ញែក​អ្នករាល់គ្នា​ជា​បរិសុទ្ធ ហើយ​ដោយសារ​អ្នក​រាល់គ្នាមានជំនឿ​ លើ​សេចក្ដី​ពិត។ ១៤ព្រះអង្គ​បាន​ត្រាស់​ហៅ​ អ្នករាល់គ្នា​សម្រាប់​​សេចក្តី​សង្គ្រោះ​នេះ​ តាមរយៈ​ដំណឹង​ល្អ​របស់​យើង ដើម្បី​ឲ្យអ្នករាល់គ្នា​ទទួល​បាន​សិរី​រុងរឿង ​របស់​ព្រះ​យេស៊ូ​គ្រិស្ដ ជា​ព្រះអម្ចាស់​របស់​​យើង។​

១៥ដូច្នេះ បងប្អូន​អើយ! ចូរ​ឈរ​ឲ្យមាំមួន ហើយ​កាន់​តាមសេចក្ដី​​ដែល​យើង​បាន​បង្រៀន​​អ្នករាល់គ្នា​ចុះ ទោះបី​ដោយ​ពាក្យ​សំដី ឬ​សំបុត្រ​ក្តី។

១៦សូម​ឲ្យ​ព្រះ​យេស៊ូ​គ្រិស្ដ ​ជា​ព្រះអម្ចាស់​របស់​យើង និង​ព្រះជាម្ចាស់​ជា​ព្រះវរបិតា​ ដែលព្រះ​អង្គ​​​ស្រឡាញ់​​យើង ព្រមទាំង​ប្រទាន​សេចក្ដី​កម្សាន្ដ​ចិត្ដ​ ដ៏​អស់កល្ប​ជានិច្ច និង​សេចក្ដី​សង្ឃឹម​ដ៏​ប្រសើរ​តាម​រយៈ​ព្រះគុណ ១៧លើក​ទឹក​ចិត្ត​អ្នករាល់គ្នា ហើយ​ពង្រឹង​​អ្នករាល់គ្នា​ឲ្យមាំមួន​ឡើង​ក្នុង​គ្រប់​កិច្ចការ​ល្អ​ និង​ពាក្យ​សំដីផង។

២ ថែស្សាឡូនីច ២