២ ថែស្សាឡូនីច ១
២ ថែស្សាឡូនីច
ពាក្យជម្រាបសួរពីលោកប៉ូល
១ខ្ញុំប៉ូល ស៊ីលវ៉ាន និងធីម៉ូថេ ជូនចំពោះក្រុមជំនុំ នៅក្រុងថែស្សាឡូនីច ដែលនៅក្នុងព្រះជាម្ចាស់ ជាព្រះវរបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រិស្ដ។ ២សូមព្រះជាម្ចាស់ ជាព្រះវរបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រិស្ដប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់អ្នករាល់គ្នា។
ការលើកទឹកចិត្តនៅពេលមានការបៀតបៀន
៣បងប្អូនអើយ! យើងត្រូវអរព្រះគុណព្រះជាម្ចាស់ជានិច្ច អំពីអ្នករាល់គ្នា ដ្បិតជាការស័ក្ដិសមណាស់ ពីព្រោះជំនឿរបស់អ្នករាល់គ្នា ចម្រើនឡើងយ៉ាងខ្លាំង ហើយសេចក្ដីស្រឡាញ់ ដែលអ្នករាល់គ្នាមានចំពោះគ្នាទៅវិញទៅមក ក៏ចម្រើនឡើងដែរ។ ៤ដូច្នេះហើយ បានជាយើងអួតអំពីអ្នករាល់គ្នា នៅតាមក្រុមជំនុំទាំងឡាយរបស់ព្រះជាម្ចាស់ ដោយព្រោះជំនឿ និងការស៊ូទ្រាំដែលអ្នករាល់គ្នាមាននៅក្នុងការបៀតបៀន និងសេចក្តីវេទនាគ្រប់បែបយ៉ាង។ ៥នោះជាភស្តុតាង អំពីការជំនុំជម្រះ ដ៏សុចរិតរបស់ព្រះជាម្ចាស់ ដើម្បីឲ្យអ្នករាល់គ្នា បានរាប់ជាស័ក្តិសមនឹងនគររបស់ព្រះជាម្ចាស់ ដ្បិតអ្នករាល់គ្នារងទុក្ខដោយព្រោះនគរនោះឯង។
៦ដ្បិតនេះជាសេចក្តីសុចរិតនៅចំពោះព្រះជាម្ចាស់ គឺព្រះអង្គនឹងសងសេចក្ដីវេទនាដល់ពួកអ្នក ដែលធ្វើទុក្ខអ្នករាល់គ្នាវិញ ៧ហើយឲ្យអ្នករាល់គ្នាដែលត្រូវគេធ្វើទុក្ខ បានសម្រាកជាមួយយើង នៅពេលដែលព្រះអម្ចាស់យេស៊ូ លេចមកពីស្ថានសួគ៌ជាមួយពួកទេវតាដ៏មានអំណាចរបស់ព្រះអង្គ ៨នៅក្នុងអណ្តាតភ្លើង ដើម្បីសងសឹកអស់អ្នកមិនស្គាល់ព្រះជាម្ចាស់ និងអស់អ្នកមិនស្តាប់តាមដំណឹងល្អរបស់ព្រះយេស៊ូ ជាព្រះអម្ចាស់របស់យើង។ ៩ពួកគេនឹងទទួលទោសជាសេចក្ដីវិនាសដ៏អស់កល្បជានិច្ច គឺឃ្លាតឆ្ងាយពីព្រះភក្រ្តព្រះអម្ចាស់ និងពីអំណាច ដ៏មានសិរីរុងរឿងរបស់ព្រះអង្គ ១០នៅពេលដែលព្រះអង្គយាងមក ដើម្បីទទួលការលើកតម្កើង នៅក្នុងចំណោមពួកបរិសុទ្ធ និងដើម្បីទទួលការស្ងើចសរសើរនៅក្នុងចំណោមពួកអ្នកជឿទាំងអស់នៅថ្ងៃនោះ ព្រោះអ្នករាល់គ្នាបានជឿសេចក្ដីបន្ទាល់របស់យើងហើយ។
១១ហេតុនេះហើយ បានជាយើងអធិស្ឋានឲ្យអ្នករាល់គ្នាជានិច្ច សូមឲ្យព្រះជាម្ចាស់របស់យើងរាប់អ្នករាល់គ្នាជាស័ក្ដិសមនឹងការត្រាស់ហៅរបស់ព្រះអង្គ ហើយឲ្យព្រះអង្គសម្រេច គ្រប់ទាំងបំណងល្អ និងកិច្ចការដែលធ្វើដោយជំនឿ ដោយអំណាចរបស់ព្រះអង្គ ១២ដើម្បីឲ្យព្រះនាមរបស់ព្រះយេស៊ូ ជាព្រះអម្ចាស់របស់យើង ទទួលការលើកតម្កើងនៅក្នុងចំណោមអ្នករាល់គ្នា ហើយអ្នករាល់គ្នាក៏ទទួលការលើកតម្កើង នៅក្នុងព្រះអង្គដែរ តាមរយៈព្រះគុណរបស់ព្រះជាម្ចាស់របស់យើង និងព្រះអម្ចាស់យេស៊ូគ្រិស្ដ។