KCB - ២ ពេត្រុស ៣


២ ពេត្រុស ៣

ថ្ងៃនៃ​ព្រះអម្ចាស់នឹង​មក​ដល់​

ឥឡូវនេះ បងប្អូន​ជា​ទី​ស្រឡាញ់​អើយ! នេះ​ជា​សំបុត្រ​ទីពីរ​ ដែល​ខ្ញុំ​បាន​​សរសេរ​មក​​អ្នករាល់គ្នា ហើយ​នៅក្នុង​សំបុត្រ​ទាំងពីរ​នេះ ខ្ញុំ​បានរំឭក​​ និង​ដាស់​​​​​​គំនិត​ដ៏​ស្មោះ​ត្រង់​របស់​​​​អ្នករាល់គ្នា​ឲ្យ​ភ្ញាក់​​ឡើង​​​ ដើម្បី​ឲ្យអ្នករាល់គ្នា​នឹក​ចាំ​អំពី​​​សេចក្ដី ​ដែល​ពួក​អ្នក​នាំ​ព្រះបន្ទូល​ដ៏​បរិសុទ្ធ​ បាន​ថ្លែង​ទុក​កាល​ពី​មុន​​ និង​ពី​បញ្ញត្តិ​របស់​ព្រះ​​អម្ចាស់​ជា​ព្រះអង្គ​សង្គ្រោះ​ដែល​ពួក​សាវករបស់អ្នករាល់គ្នា​បាន​​​ប្រាប់។​

មុនដំបូង​ ចូរដឹងអំពី​សេចក្ដី​នេះចុះ​ថា នៅ​គ្រា​ចុង​ក្រោយ​បំផុត​ នឹង​មាន​​មនុស្ស​ចំអក​ ដែល​ដើរ​តាម​សេចក្តី​ប៉ង​ប្រាថ្នា​របស់​គេមក ​ទាំងចំអក​ ដោយ​​​និយាយ​ថា តើ​សេចក្ដី​សន្យា​អំពី​ការ​យាង​មក​​របស់​ព្រះអង្គ​នៅ​ឯណា ដ្បិត​តាំង​ពី​ពួក​ដូនតា​ដេក​លក់​ទៅ នោះ​អ្វីៗ​ទាំងអស់​​នៅតែ​ដដែល តាំង​ពី​ដើម​កំណើត​ផែនដី​មក។​

ព្រោះ​គេ​​​ចង់​បំភ្លេចសេចក្ដី​នេះ ​ថា តាំង​ពី​យូរ​ណាស់​មក​ហើយ នោះមាន​​ផ្ទៃមេឃ​ ហើយ​​ផែនដី​ក៏​ត្រូវ​បាន​បង្កើតឡើង​​​​ឲ្យ​​ផុស​​ចេញ​ពី​ទឹក​ ​និង​នៅ​ក្នុង​ទឹក ដោយសារ​ព្រះបន្ទូល​ របស់​ព្រះជាម្ចាស់​​​​​ បន្ទាប់​មក ​ពិភព​លោក​ត្រូវ​ទឹកនោះ​​ជន់លិច​បំផ្លាញ​​ ហើយ​ដោយសារ​ព្រះ​បន្ទូល​​ដដែល ផ្ទៃ​មេឃ និង​ផែនដី​នាបច្ចុប្បន្ននេះ ត្រូវ​បាន​បម្រុង​ទុក​​សម្រាប់​​ភ្លើង​ ព្រម​ទាំង​ទុក​សម្រាប់​ថ្ងៃ​ជំនុំជម្រះ និង​ថ្ងៃ​នៃ​សេចក្ដី​វិនាស​របស់​មនុស្ស​ដែល​មិនគោរព​​កោត​ខ្លាច​ព្រះជាម្ចាស់។​

បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ! សូម​កុំ​ភ្លេច​សេចក្ដី​មួយនេះ​ឡើយ​ថា នៅ​ចំពោះ​ព្រះអម្ចាស់ មួយ​​ថ្ងៃ​​ដូច​ជា​មួយ​ពាន់​ឆ្នាំ ហើយ​មួយ​ពាន់​ឆ្នាំ​ក៏​​ដូច​ជា​មួយ​ថ្ងៃ​ដែរ។​ ព្រះអម្ចាស់​មិន​យឺត​នឹង​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​ព្រះអង្គ​​ ​ដូចជា​អ្នក​ខ្លះ​​គិត​ថាយឺតនោះ​​ទេ ផ្ទុយទៅវិញ ព្រះអង្គ​មាន​ព្រះ​ហឫទ័យ​អត់ធ្មត់​ចំពោះ​អ្នករាល់គ្នា​ ​មិន​ចង់​ឲ្យ​​​អ្នក​ណា​ម្នាក់​ត្រូវ​វិនាស​ឡើយ គឺ​ចង់​ឲ្យមនុស្ស​ទាំង​អស់​បាន​ប្រែ​ចិត្ត​វិញ។ ១០​ថ្ងៃ​របស់​ព្រះ​អម្ចាស់​នឹង​មក​​ដូចជា​ចោរ​​ នៅ​ថ្ងៃ​នោះ ផ្ទៃ​មេឃ​នឹង​រលាយ​បាត់ទៅ​ ដោយ​សូរ​គ្រាំគ្រេង​ ធាតុ​ទាំងឡាយ​នឹង​ឆេះ​​អស់ ហើយ​ត្រូវ​​បំផ្លាញទៅ​​​​ រីឯ​ផែនដី និង​អ្វីៗ​ដែល​នៅ​ផែនដី​ក៏នឹង​វិនាសអស់​ដែរ។​

១១បើ​អ្វីៗ​ទាំងនេះ​ នឹង​ត្រូវ​​បំផ្លាញ​បែប​នេះ​ទៅ​ហើយ តើ​អ្នករាល់គ្នា​ត្រូវ​​រស់នៅ​បែប​ណា​​​ ​គឺ​អ្នក​រាល់គ្នាត្រូវមាន​​កិរិយា​​បរិសុទ្ធ និង​​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ ១២ទាំង​ទន្ទឹង​រង់ចាំ​ឲ្យថ្ងៃ​របស់​​ព្រះជា​​ម្ចាស់​ឆាប់​មក​ដល់ ព្រោះ​នៅ​ថ្ងៃ​នោះ ផ្ទៃ​មេឃ​នឹង​ឆេះ​អស់​​ ហើយ​ត្រូវ​​បំផ្លាញទៅ រីឯ​ធាតុ​ទាំង​ឡាយក៏​នឹង​ឆេះរលាយអស់​​ដែរ​ ១៣ប៉ុន្ដែ​យើង​ទន្ទឹង​រង់ចាំ​ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មីតាម​សេចក្ដី​សន្យា​របស់​ព្រះអង្គ ​​ដែលនៅ​ទីនោះ​​​មាន​តែ​សេចក្តី​សុចរិត។​

១៤ដូច្នេះ បងប្អូន​ជា​ទី​ស្រឡាញ់​អើយ! ក្នុង​ពេល​ដែល​អ្នករាល់គ្នា​ទន្ទឹង​រង់​ចាំ​សេចក្ដី​ទាំងនេះ ចូរ​ខ្នះ​ខ្នែង​យ៉ាង​ណា​ឲ្យព្រះ​អង្គ​ទត​ឃើញ​អ្នករាល់គ្នា​​ ឥត​ស្លាកស្នាម ឥត​កន្លែង​បន្ទោស​បាន ទាំង​មាន​សេចក្តី​សុខសាន្ត​ផង​ ១៥ហើយ​ចូរយល់ថា ​សេចក្ដី​អត់ធ្មត់​របស់​ព្រះ​អ​ម្ចាស់​នៃ​យើង​ ជា​សេចក្ដី​សង្គ្រោះ ដូច​ដែល​លោក​ប៉ូល​​ជា​បងប្អូន​ជា​ទី​ស្រឡាញ់​របស់​យើង ​បាន​សរសេរ​​មក​អ្នករាល់គ្នា​តាម​ប្រាជ្ញា​ ដែល​ព្រះ​ជា​ម្ចាស់​បាន​ប្រទាន​ឲ្យ​គាត់​ ១៦ហើយដូចនៅក្នុង​សំបុត្រ​ទាំងឡាយរបស់​​គាត់ គាត់​​បាននិយាយ​​អំពី​សេចក្ដី​​ទាំងនេះ ហើយ​មាន​សេចក្ដី​ខ្លះ​ពិបាក​យល់ ​ដែល​ពួក​ល្ងង់​ខ្លៅ និង​ពួក​​មិន​ខ្ជាប់​ខ្ជួន​​ បាន​បង្វែរ​ន័យ​សំបុត្រទាំងនោះ ដូច​គេ​បង្វែរ​បទ​គម្ពីរ​ផ្សេង​ទៀតដែរ ដែល​នាំឲ្យមានសេចក្ដីវិនាសលើខ្លួនឯង។​

បណ្ដាំ​ចុងក្រោយ​របស់​លោកពេត្រុស​

១៧ដូច្នេះ បងប្អូន​ជា​ទី​ស្រឡាញ់​អើយ! ដោយ​ព្រោះ​​អ្នករាល់គ្នា​បាន​​ដឹង​សេចក្ដី​នេះ​ជា​មុន​រួចហើយ ចូរ​ប្រយ័ត្ន ដើម្បី​កុំ​ឲ្យអ្នករាល់​គ្នា ​​ត្រូវ​សេចក្ដី​ខុសឆ្គង​របស់ពួក​មនុស្ស​អាក្រក់ អូសទាញ ហើយ​បាត់​បង់ ​​សេចក្ដី​ខ្ជាប់​ខ្ជួន​របស់​ខ្លួន​​​នោះ​ឡើយ​ ១៨ផ្ទុយទៅវិញ ចូរ​ឲ្យអ្នករាល់គ្នា​បាន​ចម្រើន​ឡើង​​ខាង​ឯ​ព្រះ​គុណ និង​ខាង‍ឯ​ការ​ស្គាល់​ព្រះ​យេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់ និង​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង។​ សូម​ឲ្យព្រះអង្គ​បាន​ប្រកប​ដោយ​សិរីរុងរឿង​ទាំង​នៅ​ពេលឥឡូវ​នេះ និង​ រហូត​​អស់កល្ប​ជានិច្ច អាម៉ែន៕

២ ពេត្រុស ៣