KCB - ២ ពេត្រុស ២


២ ពេត្រុស ២

គ្រោះថ្នាក់​នៃសេចក្ដីបង្រៀន​ខុស​ឆ្គង​

ដូចដែលធ្លាប់​មាន ​អ្នក​នាំ​ព្រះបន្ទូល​ក្លែងក្លាយ​នៅក្នុង​ចំណោម​ប្រជាជន​​ជា​យ៉ាងណា នោះ​ក៏​​នឹងមាន​គ្រូ​ក្លែងក្លាយ​នៅក្នុង​ចំណោម​អ្នករាល់គ្នា​ជាយ៉ាងនោះដែរ ពួកគេនឹង​នាំ​សេចក្ដីបង្រៀន ដែល​នាំ​ឲ្យ​ហិន​វិនាស​ចូល​​មក​ដោយ​សម្ងាត់ ពួកគេ​បដិសេធ​​សូម្បីតែព្រះអម្ចាស់ ​ដែល​បាន​​លោះ​ពួក​គេ ហើយ​ក៏​នាំ​សេចក្ដី​វិនាស​ទាន់​ហន់​​មក​លើ​ខ្លួន​ឯង​​ទៀត​ផង។​ មនុស្ស​ជា​ច្រើន​នឹង​​ដើរ​តាម​ អំពើល្មោភកាម​របស់​ពួកគេ ហើយផ្លូវ​នៃ​សេចក្ដី​​ពិត ​នឹង​ត្រូវ​​ប្រមាថ​​​ ដោយ​ព្រោះតែ​ពួកគេ។​ ​ដោយសារ​សេចក្តី​លោភ​លន់​​របស់​ពួក​គេ នោះ​​ពួកគេ​នឹងកេង​ចំណេញ​ពី​​​អ្នក​រាល់​គ្នា ​​ដោយប្រើ​​ពាក្យ​បោក​បញ្ឆោត​ រីឯ​​សេចក្ដី​ជំនុំ​ជម្រះ​​សម្រាប់​​ពួកគេ​ ដែល​​មាន​យូរ​មក​ហើយ​នោះ​​​​មិន​​នៅ​ស្ងៀម​ឡើយ ហើយ​​​​សេចក្ដី​វិនាស​សម្រាប់​​​ពួកគេ ​ក៏​​មិន​ដេក​លក់​​ដែរ។​

ដ្បិត​បើ​ព្រះជាម្ចាស់​មិន​បាន​អត់​ឱន​ឲ្យ​​ពួក​ទេវតា​ដែល​បាន​ធ្វើ​បាប​ទេ ប៉ុន្តែ​បាន​​ទម្លាក់​ពួកគេ​ ទៅក្នុង​ស្ថាន​នរក ហើយ​បាន​ប្រគល់​ឲ្យ​​​ឃុំ​ទុក ​នៅ​ក្នុង​​​សេចក្ដី​ងងឹត​ដើម្បី​ជំនុំជម្រះ ហើយ​បើ​ព្រះអង្គ​ មិនបានអត់​ឱន​​ឲ្យ​​​ពិភព​លោក​ជំនាន់​​​​មុន​​ នៅពេល​ដែល​ព្រះអង្គ​​​ធ្វើ​ឲ្យមានទឹក​ជំនន់​លិច ​ពិភព​លោករបស់​មនុស្ស​ ដែល​មិន​គោរពកោត​ខ្លាច​ព្រះជាម្ចាស់​ ប៉ុន្ដែ​ព្រះអង្គ​សង្គ្រោះ​លោក​​ណូអេ​ដែល​ជា​អ្នក​ប្រកាស​សេចក្តី​សុចរិត និង​មនុស្ស​ប្រាំពីរ​នាក់​ទៀត​ បើព្រះអង្គ​បាន​កាត់​​ទោស​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា​​ឲ្យវិនាសអន្តរាយ​​ ដោយដុតឲ្យទៅ​ជា​ផេះ ដើម្បី​ទុក​​ជា​គំរូ​ដល់​មនុស្ស​ដែលនឹងរស់នៅ ដោយមិន​គោរពកោត​​​​ខ្លាច​ព្រះ​ជា​ម្ចាស់ ហើយបើ​ព្រះអង្គ​បាន​សង្គ្រោះ​​​លោក​ឡុត​ ជា​មនុស្ស​សុចរិត​ដែល​ព្រួយ​ចិត្ត ដោយ​ព្រោះ​អំពើ​​ល្មោភកាមរបស់​មនុស្ស​ថោកទាប ​(ព្រោះ​មនុស្ស​​សុចរិត​នោះ បាន​រស់នៅ​ក្នុង​​ចំណោម​ពួកគេ ក៏ធ្វើ​ឲ្យព្រលឹង​ដ៏​សុច្ចរិត​​របស់​គាត់ឈឺចាប់ជា​រៀងរាល់​ថ្ងៃ​ ដោយ​​ព្រោះ​បាន​ឮ និង​បាន​​ឃើញ​អំពើ​អាក្រក់​​របស់​ពួកគេ​)​ នោះព្រះ​អម្ចាស់ក៏​​ដឹង​អំពី​របៀប​រំដោះ​​មនុស្ស ​ដែលគោរព​កោត​ខ្លាច​​ព្រះជាម្ចាស់ ​ឲ្យរួច​ពី​សេចក្តី​ល្បួង ហើយ​ឃុំ​​មនុស្ស​ទុច្ចរិត​ ដើម្បី​ដាក់ទោស​នៅ​ថ្ងៃ​ជំនុំ​ជម្រះដែរ​​ ១០ជា​ពិសេសពួក​អ្នក ​​ដែល​ដេញ​តាម​សេចក្តី​ប៉ង​ប្រាថ្នា​ដ៏ស្មោក​គ្រោកខាងសាច់​ឈាម​ ហើយ​មើល​ងាយ​​អំណាច​គ្រប់គ្រង។ ពួក​គេ​​ព្រហើន​ ហើយ​ធ្វើតាមទំនើងចិត្ដ មិន​ញញើត​នឹង​ប្រមាថ​ពួក​អ្នក ​​​ដែលប្រកប​ដោយ​សិរី​រុង​រឿង​​​​ឡើយ​ ១១ទោះ​បី​ពួក​ទេវតាដែល​​មាន​កម្លាំង និង​អំណាច​ធំ​ជាងពួក​​​គេ​ក៏ដោយ ក៏​មិន​ហ៊ាន​ចោទ​​ប្រកាន់​ ប្រមាថ​ពួក​អ្នក​​ទាំងនោះ​នៅ​ចំពោះ​​​ព្រះអម្ចាស់​ដែរ។​

១២ប៉ុន្ដែ​មនុស្ស​ទាំងនេះ​ ដូចជា​សត្វ​តិរច្ឆាន​គ្មាន​​វិចារណ​ញ្ញាណ​ទេ កើត​មក​សម្រាប់​ឲ្យគេ​ចាប់ និង​សម្លាប់​តែ​ប៉ុណ្ណោះ គេ​ប្រមាថ​​​អ្វី​ៗ​ដែល​គេ​មិន​ស្គាល់។ សត្វ​តិរច្ឆាន​​វិនាស​ជា​យ៉ាងណា​ ពួកគេក៏នឹងត្រូវវិនាស ​ជា​យ៉ាង​នោះ​ដែរ ១៣​ហើយ​ទទួល​​បានផល​ពី ​អំពើ​​​ទុច្ចរិត​របស់​ខ្លួន។ ពួកគេ​ចាត់​​ទុក​សេចក្ដី​ស្រើប​ស្រាល​ទាំង​​ថ្ងៃ​ ​​ជាការ​សប្បាយ។ ពួកគេ​ជា​ស្នាម​ប្រឡាក់ ជា​​សេចក្ដី​ស្មោកគ្រោក ហើយពេល​​ពួក​គេ​​ស៊ី​លៀង​​ ជាមួយ​អ្នករាល់គ្នា​ ​ពួកគេ​​សប្បាយ​នៅ​ក្នុង​​ការ​បោក​បញ្ឆោត​របស់​ខ្លួន​​ ១៤ពួកគេ​​​មាន​ភ្នែក​ពេញ​ដោយ​អំពើ​ផិតក្បត់ ហើយ​​មិន​ឈប់​ប្រព្រឹត្ត​​បាប​​ឡើយ ក៏​​​ទាក់​ទាញ​មនុស្ស​ដែល​មិន​ខ្ជាប់​ខ្ជួន​ផង ពួកគេ​មានចិត្ត ដែលត្រូវបាន​បង្វឹក​ឲ្យ​មាន​​សេចក្ដី​​​លោភ ​ជា​កូន​ត្រូវ​បណ្តា​សា។​ ១៥​​ពួកគេបាន​បោះ​បង់​​ផ្លូវ​ត្រង់ ហើយ​វង្វេង​ទៅ​​តាម​ផ្លូវ​របស់​​បាឡាម​ ជា​កូន​របស់​បេអ៊រ​ដែល​ស្រឡាញ់​កម្រៃ​ ​ដែល​បាន​មក​ពី​​​អំពើ​ទុច្ចរិត ១៦ដូច្នេះ​គាត់​បានទទួល​​​ការស្តី​បន្ទោស​​ចំពោះការ​​​បំពាន​​​របស់​ខ្លួន គឺ​សត្វលា​ដែល​មិន​ចេះ​និយាយ ​បាន​និយាយ​ភាសា​មនុស្ស​ រារាំង​ភាព​ចម្កួត​​របស់​អ្នក​នាំ​ព្រះបន្ទូល​​​នោះ។​

១៧មនុស្ស​​ទាំងនេះ​ ជា​ប្រភព​ទឹក​រីងស្ងួត ជា​ពពក​ដែល​ព្យុះ​បាន​​​បក់​ផាត់ ហើយ​សេចក្តី​ងងឹតសូន្យ​សុង ​​ត្រូវបាន​បម្រុង​ទុក​សម្រាប់​​ពួកគេហើយ​ ១៨ដ្បិត​ពួក​គេ​និយាយ​ ពាក្យ​អួត​អាង​​ឥត​ប្រយោជន៍ ហើយទាក់​ទាញ​​អស់​អ្នក​ដែល​ទើប​តែ​រួចចេញ​ពី ​ពួក​អ្នក​រស់​នៅ​​ក្នុង​​សេចក្ដី​វង្វេង ដោយសេចក្តី​ប៉ង​ប្រាថ្នា​ខាង​​សាច់ឈាម និងការ​ល្មោភ​កាម​ ១៩ទាំង​សន្យា​ឲ្យអ្នក​ទាំង​នោះ ​មាន​សេរីភាព ប៉ុន្ដែ​ខ្លួនពួក​​​គេ​ផ្ទាល់​ជា​ទាសករនៃ​​​សេចក្ដី​ពុករលួយ ដ្បិត​អ្នកណា​ដែល​ត្រូវគេ​បង្រ្កាប​បាន អ្នកនោះ​នឹង​ត្រលប់​​ជា​ទាសករ​របស់​អ្នក​ ដែល​បង្រ្កាប​ខ្លួន​នោះ​ហើយ។​ ២០ដ្បិត​បើ​ពួកគេ​បាន​រួច​ពី​សេចក្ដី​ស្មោក​គ្រោក​​របស់​លោកិយ​ដោយ​ការ​ស្គាល់ព្រះ​​​​យេស៊ូ​​គ្រិស្ដ ​​ជាព្រះអម្ចាស់ និង​ជា​ព្រះអង្គ​សង្រ្គោះរបស់​យើង ប៉ុន្ដែ​បែរ​ជាទៅ​ជាប់​ជំពាក់​នឹង ​សេចក្ដី​ទាំង​នោះ​​ម្តងទៀត​ ហើយ​ឲ្យសេចក្ដី​ទាំងនោះ​បង្រ្កាប​ពួក​គេ​បាន​ នោះ​ស្ថានភាព​ចុងក្រោយ​សម្រាប់​ពួកគេ នឹង​ត្រលប់ជា​អាក្រក់​ជាង​មុន​ទៅ​ទៀត។​ ២១ដ្បិត​សម្រាប់​ពួក​គេ​ បើមិន​បាន​ស្គាល់​ផ្លូវ​នៃ​សេចក្ដី​សុចរិត នោះ​ប្រសើរ​ជាង​ស្គាល់ ហើយ​បែរ​​ចេញ​ពី​បញ្ញត្តិ​បរិសុទ្ធ​ ដែល​បាន​ប្រគល់​ឲ្យ​​​ពួកគេ។​​ ២២ការ​ដែល​​កើត​ឡើង​ចំពោះ​ពួក​គេ គឺ​ដូច​សុភាសិត​ពិត​​មួយ​ពោល​​ថា ឆ្កែ​បាន​ត្រលប់​ទៅ​រក​កម្អួត​របស់​វា រីឯ​មេ​ជ្រូក​ដែល​លាង​ស្អាត​ហើយ បាន​ទៅ​​ននៀល​ក្នុង​ភក់​វិញ‍

២ ពេត្រុស ២