២ កូរិនថូស ៨
ការលើកទឹកចិត្ដឲ្យមានសប្បុរសធម៌
៨បងប្អូនអើយ! យើងប្រាប់អ្នក រាល់គ្នា ឲ្យដឹងពីព្រះគុណរបស់ព្រះជាម្ចាស់ ដែលបានផ្តល់ឲ្យក្រុមជំនុំទាំងឡាយនៅស្រុកម៉ាសេដូន ២ថា ក្នុងពេលមានការល្បងយ៉ាងខ្លាំង តាមរយៈសេចក្ដីវេទនា ភាពហូរហៀរនៃអំណរ និងភាពក្រតោកយ៉ាករបស់ពួកគេ ក៏បង្ហូរចេញសេចក្ដីសប្បុរសដ៏បរិបូរ ៣ខ្ញុំសូមធ្វើបន្ទាល់ថា ពួកគេស្ម័គ្រចិត្តតាមសមត្ថភាពរបស់ពួកគេ និងហួសពីសមត្ថភាពរបស់ពួកគេទៅទៀត ៤ពួកគេសូមអង្វរយើងយ៉ាងទទូច ដើម្បីអនុគ្រោះឲ្យពួកគេ មានចំណែកនៅក្នុងការឧបត្ថម្ភដល់ពួកបរិសុទ្ធ ៥ហើយហួសពីការស្មានរបស់យើង មុនដំបូងពួកគេបានថ្វាយខ្លួនដល់ព្រះអម្ចាស់ បន្ទាប់មកដល់យើងដែរ តាមបំណងរបស់ព្រះជាម្ចាស់។ ៦ដូច្នេះហើយ យើងក៏ ដាស់តឿនលោកទីតុស ឲ្យបង្ហើយការប្រមូលជំនួយនេះ ដែលគាត់បានចាប់ផ្ដើមធ្វើនៅក្នុងចំណោមអ្នករាល់គ្នាពីមុនហើយ។ ៧ដូចដែលអ្នករាល់គ្នាបានចម្រើនឡើង នៅក្នុងកិច្ចការទាំងឡាយ គឺទាំងនៅក្នុងជំនឿ ពាក្យសំដី ចំណេះដឹង និងសេចក្ដីឧស្សាហ៍ទាំងអស់ ព្រមទាំងសេចក្ដីស្រឡាញ់ ដែលអ្នករាល់គ្នាមានចំពោះយើងជាយ៉ាងណា នោះនៅក្នុងការប្រមូលជំនួយនេះ ចូរឲ្យអ្នករាល់គ្នាចម្រើនឡើងជាយ៉ាងនោះដែរ ៨ខ្ញុំមិនមែននិយាយបែបបង្គាប់ទេ ប៉ុន្ដែដើម្បីពិសោធសេចក្ដីស្រឡាញ់ ដ៏ស្មោះត្រង់របស់អ្នករាល់គ្នា តាមរយៈសេចក្ដី ឧស្សាហ៍របស់អ្នកដទៃវិញ។ ៩ដ្បិតអ្នករាល់គ្នា ស្គាល់ព្រះគុណរបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើងហើយ គឺថា ទោះបីព្រះអង្គជាអ្នកមានក៏ដោយ ក៏ព្រះអង្គបានត្រលប់ជាអ្នកក្រ ដោយព្រោះអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាត្រលប់ជាអ្នកមាន ដោយសារភាពក្ររបស់ព្រះអង្គ។
១០ខ្ញុំសូមផ្ដល់យោបល់នៅក្នុងរឿងនេះចុះ ដោយព្រោះការនេះជាប្រយោជន៍ដល់អ្នករាល់គ្នា ដែលមិនគ្រាន់តែ ចាប់ផ្តើមធ្វើការនេះ តាំងពីឆ្នាំមុនមកទេ ថែមទាំងចង់ធ្វើទៀតផង ១១ដូច្នេះឥឡូវនេះ ចូរបំពេញកិច្ចការនេះចុះ គឺអ្នករាល់គ្នាមានចិត្ដសង្វាតចង់ធ្វើជាយ៉ាងណា ក៏បំពេញជាយ៉ាងនោះចុះ ទៅតាមអ្វីដែលអ្នករាល់គ្នាមាន។ ១២ដ្បិតបើមានចិត្តសង្វាតមែន នោះអាចទទួលយកបានហើយ គឺតាមអ្វីដែលអ្នកនោះមាន មិនមែនតាមអ្វី ដែលអ្នកនោះគ្មានទេ ១៣ប៉ុន្ដែ មិនមែនឲ្យអ្នកផ្សេងមានភាព ធូរស្បើយ ហើយឲ្យអ្នករាល់គ្នាមានសេចក្ដីវេទនានោះទេ ផ្ទុយទៅវិញឲ្យស្មើភាពគ្នា ១៤គឺនៅពេលបច្ចុប្បន្ននេះ ឲ្យ ភាពហូរហៀររបស់អ្នករាល់គ្នា ផ្គត់ផ្គង់ដល់ភាពខ្វះខាត របស់អ្នកទាំងនោះ ដើម្បីឲ្យភាពហូរហៀររបស់អ្នកទាំងនោះ អាចនឹងផ្គត់ផ្គង់ដល់ភាពខ្វះខាត របស់អ្នករាល់គ្នាវិញ ដូច្នេះទើបស្មើភាពគ្នា ១៥ដូចមានសេចក្ដីចែងទុកថា៖ «អ្នកដែលប្រមូលបានច្រើន ក៏មិនមានច្រើនណាស់ណា ឯអ្នកដែលប្រមូលបានតិច ក៏មិនខ្វះដែរ»។
លោកទីតុស និងអ្នករួមការងាររបស់គាត់
១៦ប៉ុន្ដែសូមអរព្រះគុណព្រះជាម្ចាស់ដែលព្រះអង្គបានប្រទានឲ្យលោកទីតុសមានសេចក្ដីឧស្សាហ៍នោះ នៅក្នុងចិត្ដ ចំពោះអ្នករាល់គ្នាដែរ ១៧ដ្បិតគាត់បានទទួលពាក្យអង្វររបស់យើង ហើយកាន់ តែមានសេចក្ដីឧស្សាហ៍ថែមទៀត រួចគាត់ ក៏មកឯអ្នករាល់គ្នាដោយស្ម័គ្រចិត្ដ ១៨រីឯយើង ក៏បានចាត់បងប្អូនម្នាក់ ដែលមានការសរសើរពីក្រុមជំនុំទាំងអស់ នៅក្នុងការប្រកាសដំណឹងល្អ ឲ្យមកជាមួយគាត់ដែរ ១៩មិនត្រឹមតែប៉ុណ្ណោះទេ ក្រុមជំនុំទាំងឡាយក៏បានជ្រើសរើសអ្នកនោះ ឲ្យរួមដំណើរជាមួយយើងនៅក្នុងការប្រមូលជំនួយ ដែលយើងកំពុងចាត់ចែង ដើម្បីថ្វាយសិរីរុងរឿងដល់ ព្រះអម្ចាស់ផ្ទាល់ និងដើម្បីបង្ហាញពីចិត្ដសង្វាតរបស់យើងដែរ ២០ព្រមទាំងចៀសវាង កុំឲ្យអ្នកណាម្នាក់រិះគន់យើងបានឡើយចំពោះជំនួយដ៏ច្រើន ដែលយើងកំពុងចាត់ចែង ២១ដ្បិតយើងតាំងចិត្ដធ្វើការល្អ មិនមែនតែនៅចំពោះ ព្រះអម្ចាស់ប៉ុណ្ណោះទេ គឺនៅចំពោះមុខមនុស្សដែរ។ ២២យើងចាត់បងប្អូនម្នាក់ទៀតឲ្យទៅជាមួយពួកគេ ព្រោះយើងបានពិសោធអ្នកនោះជាញឹកញាប់ ហើយឃើញថា គាត់មានសេចក្ដីឧស្សាហ៍នៅក្នុងកិច្ចការជាច្រើន ឥឡូវនេះគាត់កាន់ តែមានសេចក្ដីឧស្សាហ៍ថែមទៀត ដោយការទុកចិត្ដជាខ្លាំង លើអ្នករាល់គ្នា។ ២៣ចំពោះលោកទីតុស គាត់ជាគូកនរបស់ខ្ញុំ និងជាអ្នករួមការងារជាមួយខ្ញុំសម្រាប់អ្នករាល់គ្នា រីឯពួកបងប្អូនរបស់យើងផ្សេងទៀត ពួកគេជាសាវករបស់ក្រុមជំនុំទាំងឡាយ និងជាសិរីរុងរឿងរបស់ព្រះគ្រិស្ដ ២៤ដូច្នេះ ចូរបង្ហាញ ភស្ដុតាងពីសេចក្ដីស្រឡាញ់ របស់អ្នករាល់គ្នា និងមោទនៈភាពរបស់យើងអំពីអ្នករាល់គ្នា ឲ្យពួកគេបានឃើញ នៅចំពោះមុខក្រុមជំនុំទាំងឡាយចុះ។