KCB - ២ កូរិនថូស ៦


២ កូរិនថូស ៦

ដោយ​យើង​ធ្វើការ​ជាមួយ​ព្រះ ជាម្ចាស់ យើង​សូម​ដាស់​តឿន​អ្នករាល់គ្នា​ដែរ​ថា កុំ​ទទួល​ព្រះគុណ​របស់​ព្រះអង្គ​ ដោយ​ឥត​ប្រយោជន៍​ឡើយ​ ដ្បិត​ព្រះអង្គ​មានបន្ទូល​ថា៖ «យើង​​បាន​​ស្តាប់​អ្នក​នៅ​គ្រា​មាន​សេចក្ដីមេត្ដា ហើយ​យើង​​បាន​ជួយ​អ្នក​នៅ​ថ្ងៃ​នៃ​សេចក្ដី​សង្គ្រោះ‍»។ មើល៍ឥឡូវ​នេះ​ ជា​ពេលនៃ​សេចក្ដីមេត្ដា មើល៍ឥឡូវ​នេះ​ ជា​ថ្ងៃ​នៃ​សេចក្ដី​សង្គ្រោះ។

ការលំបាករបស់លោកប៉ូល

យើង​មិន​ផ្ដល់​សេចក្ដី ដែល​នាំ​ឲ្យ អ្នក​ណា​ម្នាក់​ ជំពប់ដួល​ក្នុង​កិច្ចការ​អ្វី​ឡើយ ដើម្បី​កុំ​ឲ្យមុខងារ​បម្រើ​​នោះ​ ត្រូវ​រិះគន់​ឡើយ ​ផ្ទុយទៅវិញ យើង​បង្ហាញ​ខ្លួន​ជា​អ្នកបម្រើ​របស់​ព្រះជាម្ចាស់​ នៅក្នុង​គ្រប់ការ​ទាំងអស់ ដោយ​​ការ​ស៊ូទ្រាំ​ ជា​ច្រើនក្នុងការ​លំបាក សេចក្ដី​វេទនា សេចក្ដីទុក្ខព្រួយ​ ការ​វាយដំ ការ​ជាប់​ ឃុំឃាំង ភាព​ចលាចល ការ​នឿយហត់ ការ​អត់ងងុយ​ ការ​តមអាហារ​ ដោយ​​ចិត្ត​បរិសុទ្ធ ចំណេះ​ដឹង សេចក្ដី​អត់ធ្មត់ សេចក្ដី​សប្បុរស ព្រះ​វិញ្ញាណ​បរិសុទ្ធ​សេចក្ដី​ស្រឡាញ់ឥត​ពុតត្បុត ​និងដោយ​​ព្រះបន្ទូល​នៃ​សេចក្ដី​ពិត ដោយ​អំណាច​អស្ចារ្យ​របស់​ព្រះជាម្ចាស់ តាម រយៈ​គ្រឿងសឹក​​នៃ​សេចក្ដី​សុចរិត ​ដែល​កាន់​នៅ​ដៃស្តាំ និង​នៅដៃ​ឆ្វេង​ ទាំងមាន​​កិត្តិយស​ ​ឬអាប់យស ទាំងមាន​ការ​បង្អាប់បង្អោន​ ឬ​ការសរសើរ​ ហើយ​ត្រូវគេ​ចាត់ទុក​ជា​​ជន​បោកប្រាស់ ប៉ុន្ដែតាមពិត​ទៀងត្រង់​ទេ​ ជា​អ្នកគ្មាន​គេ​ស្គាល់ ប៉ុន្ដែមាន​គេ​ស្គាល់​ច្បាស់ ជា​អ្នកជិតស្លាប់ ប៉ុន្ដែយើង​នៅរស់ ជា​អ្នកត្រូវ​បាន​ដាក់​ទណ្ឌកម្ម​ ប៉ុន្ដែមិន​ត្រូវ​បាន​សម្លាប់​ឡើយ​ ១០ជា​អ្នកព្រួយចិត្ដ​ ​ប៉ុន្ដែត្រេកអរ​​ជានិច្ច ជា​អ្នកក្រក្សត់ ប៉ុន្ដែធ្វើឲ្យមនុស្ស​ជា​ច្រើនចម្រុងចម្រើន​​ ជា​អ្នកគ្មាន​អ្វី​សោះ ប៉ុន្ដែមាន​សព្វគ្រប់។ ១១បងប្អូន​នៅ​ក្រុង កូរិនថូស​អើយ! យើង​បាន​និយាយ​ដោយ​ស្មោះត្រង់​ទៅ​កាន់​អ្នករាល់គ្នា រីឯ​​ចិត្ត​របស់​យើង ​ក៏​ទូលំទូលាយ​ដែរ​ ១២យើង​មិន​បាន​ បង្ខាំង​អ្នករាល់គ្នា​​ទេប៉ុន្ដែ ចិត្ដ​អ្នករាល់គ្នាបង្ខាំង​អ្នករាល់គ្នា​វិញ។​ ១៣ឥឡូវនេះ​ ខ្ញុំ​និយាយ​ដូចជា​និយាយ​ទៅ​កូនៗ‍របស់​ខ្ញុំថា​ ចូរ​អ្នករាល់គ្នា​មាន​ចិត្ដ​ទូលាយ ​ទុកជា​ការ​តបស្នងដូចគ្នា​ដែរ​ចុះ។​

មិន​ត្រូវ​ទឹម​នឹម​ស្រៀក​ជាមួយ ​អ្នក​មិន​ជឿ​ឡើយ

១៤មិន​ត្រូវ​ទឹម​នឹម​ស្រៀក​ជាមួយ​អ្នក​មិន​ជឿ​ឡើយ ដ្បិត​តើ​សេចក្ដី​សុចរិត និង​សេចក្ដី​ទុច្ចរិតប្រកប​គ្នា​​​យ៉ាង​ដូចម្ដេច​បាន​? តើ​ពន្លឺ​លាយឡំ​នឹង​សេចក្ដី​ងងឹត​យ៉ាង​ដូចម្ដេច​បាន​?​ ១៥តើ​ព្រះគ្រិស្ដ និង​អារក្ស​បេលាល​​​ ស្រុះស្រួល​​គ្នា​យ៉ាង​ដូចម្ដេច​បាន​? តើ​អ្នក​ជឿ​មាន​ចំណែក​ជាមួយ​អ្នក​មិន​ជឿ​ យ៉ាង​ដូចម្ដេច‍បាន​?​ ១៦តើ​ព្រះវិហារ​របស់​ព្រះជាម្ចាស់ និង​រូប​ព្រះ​រួមគ្នា​យ៉ាង​ដូចម្ដេច​បាន​? ដ្បិត​យើង​ជា​ព្រះវិហារ​របស់​ព្រះជាម្ចាស់​ ដ៏​មាន​ព្រះជន្ម​រស់ ដូច​ដែល​ព្រះជាម្ចាស់​បាន​មានបន្ទូល​ថា៖ «យើង​នឹង​គង់នៅ​ក្នុង​ចំណោមពួកគេ ហើយ​នឹង​ដើរ​ជាមួយ​ពួកគេ យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​ពួកគេ ហើយ​ពួកគេ​ នឹង​ធ្វើ​ជា​ប្រជារាស្ដ្រ​របស់​យើង» ១៧ដូច្នេះហើយ ព្រះអម្ចាស់មានបន្ទូលថា​៖​ «ចូរ​ចាកចេញ​ពី​ក្នុងចំណោម​ពួកគេ ព្រមទាំង​ញែក​ខ្លួន​ចេញ​ផង រួច​កុំ​ពាល់​របស់​មិនស្អាតឡើយ នោះ​យើង​នឹង​ទទួល​អ្នករាល់គ្នា ១៨យើង​នឹង​ធ្វើ​ជា​ឪពុក​របស់​អ្នករាល់គ្នា ហើយ​អ្នករាល់គ្នា​នឹង​ធ្វើ​ជា​កូន​ប្រុស​កូន​ស្រី​របស់​យើង គឺ​ព្រះអម្ចាស់​ដ៏​មាន​ព្រះចេស្តា​ លើអ្វីៗទាំងអស់មានបន្ទូល​ដូច្នេះ»។

២ កូរិនថូស ៦